លោក ហ៊ុន សែន ជម្រុញឲ្យបន្តកំណែទម្រង់តុលាការ និងលើកទឹកចិត្តឲ្យបណ្តុះបណ្តាលធនធានមនុស្សផ្នែកយុត្តិធម៌បន្ថែម

កម្ពុជា-សង្គម
06/06/2023 – 08:08
ដោយ៖ ញឹម សុផល
RFI

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជានាព្រឹកថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថាកិច្ចការតុលាការសព្វថ្ងៃនេះត្រូវធ្វើការកែទម្រង់បន្តទៀតគឺជាការល្អ ដោយកំណែរទម្រង់ប្រព័ន្ធយុត្តិធម៌ និងតុលាការនេះ គឺជាចក្ខុវិស័យរបស់លោកចាប់តាំងពីអាណត្តិទី៣មក។ លោកថាកំណែទម្រង់ ៩៩%«រស់» មិនកែទម្រង់«៩៩»ស្លាប់។ តាមរយៈកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងតុលាការនេះ លោកនាយករដ្ឋមន្ត្រី ក៏បានអនុញ្ញាតឲ្យមានការបង្កើតសាលាឧទ្ធរណ៍តាមភូមិភាគចំនួន៣បន្ថែមទៀត ដែលអាចជួយសម្រួលដល់ការកកស្ទះសំណុំរឿងនៅសាលាឧទ្ធរណ៍ភ្នំពេញ។ ក្រៅពីនេះ លោក ហ៊ុន សែន ក៏បានលើកទឹកចិត្ត និងជម្រុញឲ្យមានការបណ្តុះបណ្តាលធនធានមនុស្សវិស័យយុត្តិធម៌ ក៏ប៉ុន្តែលោកមិនភ្លេចទេ ក្នុងការលើកទឹកចិត្តឲ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជា។ © FB/SPM


សូមស្តាប់ប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០២ មកទល់បច្ចុប្បន្នបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជាបានបណ្តុះបណ្តាលធមធានមនុស្សជាចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងសាការី សរុបចំនួន ១៩៤៣រូប ក្នុងនារី ៤៤៥រូប និងមានជនពិការ៣រូបផងដែរ។ នេះបើតាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ។ បច្ចុប្បន្នសិស្សវិជ្ជាជីវៈទាំងអស់ រួមមានចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងសាការី ដែលកំពុងសិក្សានៅបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជាមានចំនួនសរុប ២៧០រូប ក្នុងនោះនារី៨៧រូប។ សូមបញ្ជាក់ដែរថា បញ្ហាប្រព័ន្ធយុត្តិធម៌កម្ពុជាត្រូវគេមើលឃើញថា តែងរងនូវការរិះគន់ពីសំណាក់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួន ជាពិសេសពាក់ព័ន្ធនឹងវិវាទផ្នែកនយោបាយ។ ក៏ប៉ុន្តែរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន តែងអះអាងថាគឺជាការអនុវត្តន៍ច្បាប់ និងនីតិរដ្ឋរបស់កម្ពុជា៕

What Next?

Recent Articles