ដោយ ទីន ហ្សាការីយ៉ា
2023.08.01
RFA

(រូបឯកសារតំណាង) កម្មករកម្មការិនីជិះឡានប្រជ្រៀតគ្នាត្រឡប់ទៅផ្ទះវិញ ក្រោយចប់ការងារនៅរោងចក្រតាមបណ្ដោយផ្លូវ វេង ស្រេង រាជធានីភ្នំពេញ ក្នុងឆ្នាំ២០២១។ រូបពីពលរដ្ឋ
ក្រុមកម្មកររោងចក្រ ទទូចឱ្យនាយករដ្ឋមន្ត្រីថ្មីគិតគូរពីទុក្ខលំបាករបស់កម្មករជាធំជាជាងចុះជួបកម្មករ និងប្រើសារនយោបាយស្អំចិត្តពួកគាត់តែនៅមុនពេលបោះឆ្នោត។ ការលើកឡើងនេះគឺបន្ទាប់ពីរោងចក្រមួយចំនួនបានព្យួរការងារ និងបិទទ្វារជាបន្តបន្ទាប់ដែលធ្វើឱ្យកម្មករជួបការលំបាកផ្នែកជីវភាព។
ក្រុមកម្មករមួយចំនួនត្អូញត្អែរអំពីបញ្ហាខ្វះខាតជីវភាព ខណៈលោក ហ៊ុន សែន នៅតែលូកដៃលើការងារអនាគតនាយករដ្ឋមន្ត្រីថ្មី ដែលនឹងបង្កើតឡើងនៅពេលខាងមុខនោះ។ ពួកគាត់បារម្ភថា កម្មករនៅតាមបណ្ដារោងចក្រនឹងបន្តបាត់បង់ការងារបន្ថែមទៀតដោយសារតែបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប។
ប្រធានសហជីពសេរីកម្មករប្រចាំរោងចក្រ ខេនស្ព័តស៊ូ ខេត្តកំពង់ឆ្នាំង លោក កាន សុខវី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១ សីហា ថា នៅក្នុងរោងចក្រដែលលោកកំពុងធ្វើការថៅកែចាប់ផ្ដើមព្យួរការងារកម្មករ ២ពាន់នាក់បន្ថែមដោយសារគ្មានការបញ្ជាទិញ និងកម្មករមួយចំនួនទៀតធ្វើការទទួលបានប្រាក់ខែតែ ៥០ភាគរយប៉ុណ្ណោះ។ លោកបន្តថាប្រសិនបើ លោក ហ៊ុន ម៉ាណែត ដឹកនាំប្រទេសធ្វើឱ្យមានការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរទៀតនោះអ្នកដែលរងគ្រោះខ្លាំងគឺ ពលរដ្ឋ ជាពិសេសកម្មករដែលធ្វើការតាមរោងចក្រ។
លោក កាន សុខវី៖ «ការរំពឹងរបស់ខ្ញុំ ខ្ញុំចង់បញ្ជាក់ពីការពិត ទី១ ខ្ញុំចង់និយាយថា ប្រសិនបើថ្នាក់ដឹកនាំនៅតែដឹកនាំបែបហ្នឹងពួកខ្ញុំដែលជាកម្មករដែលជាប្រជាជនក្រីក្រគឺនៅតែមានការប៉ះពាល់នៅតែមានហានិភ័យរហូត មានតែអ្នកដែលត្រូវដៃត្រូវជើងគ្នាទេ តែចំពោះខ្ញុំដែលជាកម្មករ កម្មការិនី នៅតែប៉ុណ្ណឹងគ្មានការរីកចម្រើនទេ»។
ស្រដៀងគ្នានេះដែរកម្មកររោងចក្រស្តារឡៃថ៍ នៅខេត្តកណ្ដាល លោកស្រី សាយ តាំងអ៊ីម រៀបរាប់ថា បច្ចុប្បន្នលោកស្រីមានជីវភាពខ្វះខាតដោយសារតែប្រាក់ខែតិចតួចមិនអាចទ្រទ្រង់ជីវភាពគ្រួសារបានគ្រប់គ្រាន់ ហើយការងារនៅក្នុងរោងចក្រកម្មករបាត់បង់ប្រាក់អត្ថប្រយោជន៍ការងារ ជាពិសេសប្រាក់អតីតភាពការងារពុំទទួលបាននោះទេដោយក្រសួងការងារបានបង្វែរប្រាក់អត្ថប្រយោជន៍ទៅជាថ្ងៃឈប់សម្រាកវិញ។ លោកស្រីបន្តថា ប្រាក់អតីតភាពការងារដែលលោកស្រីទទួលបានគឺចន្លោះពី ១៥០ដុល្លារ ដល់ ១៦០ដុល្លារ ក្នុងមួយឆ្នាំប៉ុន្តែក្នុងពេលនេះប្រាក់អត្ថប្រយោជន៍ទាំងអស់គឺត្រូវកាត់ចោលដោយសាររោងចក្រខ្វះវត្ថុធាតុដើមសម្រាប់ផលិត និងមិនអាចនាំចេញទៅលក់នៅក្រៅបាន។
លោកស្រី សាយ តាំងអ៊ីម៖ «ខ្ញុំសំណូមពរត្រឹមថាឱ្យមានការងារឱ្យប្រជាជនហ្នឹងធ្វើឱ្យច្រើនៗពីព្រោះប្រជាជនពួកគាត់ពិបាករឿងលុយកាក់ហ្នឹងច្រើនណាជំពាក់គេណាទំនិញក៏ឡើងថ្លៃ ទំនិញឡើងថ្លៃអត់ចុះទាល់ពេលអ៊ីចឹងពិបាក ពិបាកគ្រប់តែកន្លែង»។
របាយការណ៍សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបង្ហាញថា គិតត្រឹមដើមឆ្នាំ២០២៣ នេះ មានរោងចក្រចំនួន១០ បានបិទទ្វារ រោងចក្រចំនួន២០ បានព្យួរការងារកម្មករ ហើយរោងចក្រប្រមាណ ៦០ផ្សេងទៀត បានកាត់បន្ថយកម្មករ។ បញ្ហានេះកំពុងប៉ះពាល់ដល់កម្មករប្រមាណ ៣ម៉ឺន ២ពាន់នាក់ រីឯកម្មករជាច្រើនទៀតបានបាត់បង់ការងារធ្វើទាំងស្រុងតែម្ដង ។
កម្មកររោងចក្រ សិន តៃ នៅរាជធានីភ្នំពេញ លោកស្រី ម៉ិច សៀង ហៃ ថ្លែងថា លោកស្រីចង់ឃើញរដ្ឋាភិបាលថ្មីបង្កើនការងារឱ្យកម្មករធ្វើកាន់តែច្រើន ពីព្រោះលោកស្រីមិនដឹងរំពឹងអ្វីក្រៅពីការងាររោងចក្រនោះទេ បើត្រឡប់ទៅធ្វើស្រែចម្ការវិញក៏គ្មានទីផ្សារលក់កសិផលដែរ។ លោកស្រីស្នើឱ្យនាយករដ្ឋមន្ត្រីថ្មី គឺ លោក ហ៊ុន ម៉ាណែត យកចិត្តទុកដាក់ចំពោះកម្មករ ពីព្រោះកម្មករស្ទើរតែ៩០ភាគរយហើយ ដែលជំពាក់ធនាគារ និងប្រឈមនឹងការរឹបអូសទ្រព្យសម្បត្តិថែមទៀតផង។
លោកស្រី ម៉ិច សៀងហៃ៖ «តែអ្វីខ្ញុំជាប្រជាពលរដ្ឋអ្វីដែលខ្ញុំបារម្ភគឺខ្ញុំបារម្ភត្រង់ថា អ្នកឡើងដឹកនាំគ្រប់គ្រងប្រទេសអាហ្នឹងធ្វើម៉េចបើគាត់មានសមត្ថភាពក្នុងការធ្វើប៉ុន្តែការដឹកនាំរបស់គាត់មែនថា ឧទាហរណ៍ថាគាត់ឡើងកាន់ដំណែងហើយធ្វើឱ្យប្រជាជនមានការលំបាកវេទនាខ្វះខាតអីក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូបក៏មិនចូលរួមត្រេកអរដែរ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ និងអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) លោក ខេន លូ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១ សីហា។
ទោះបីជាបែបនេះក្ដី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា លោកមិនទាន់ដឹងពីគោលនយោបាយរបស់រដ្ឋាភិបាលថ្មីនៅឡើយទេ។ លោក សុខ ឥសាន អះអាងថាមូលហេតុដែលធ្វើឱ្យកម្មករអត់ការងារធ្វើ និងរោងចក្របិទទ្វារជាបន្តបន្ទាប់គឺដោយសារតែមានវិបត្តិជំងឺកូវីដ១៩ និងសង្គ្រាមរវាងរុស្ស៊ី (Russia) និងអ៊ុយក្រែន (Ukraine) ទៅវិញ។
លោក សុខ ឥសាន៖ «ដោយសារបញ្ហាឥទ្ធិពលសង្គ្រាមអ៊ុយក្រែន និងរុស្សីហ្នឹងបានវាមានឥទ្ធិពលមក ហើយវាមិនមែនឥទ្ធិពលហ្នឹងធ្លាក់មកលើតែកម្ពុជាទេវាធ្លាក់លើគ្រប់ប្រទេសទាំងអស់ប្រទេសធំៗ ហ្នឹងធ្ងន់ធ្ងរជាងកម្ពុជាទៀតដូច្នេះហើយយើងកុំអាលប៉ាន់ស្មានមើលតែមួយចំណុចហើយវាយតម្លៃមិនល្អចំពោះសភាពការណ៍កម្ពុជាក៏អត់បានដែល ការធ្លាក់ចុះសេដ្ឋកិច្ច ការប៉ះពាល់សេដ្ឋកិច្ចហ្នឹងវាមិនទើបតែមានឥឡូវទេ គឺមានតាំងពី ២០២០ ២០២១ ២០២២ហ្នឹងហើយ »។
ទោះបីជាយ៉ាងនេះក្ដី ប្រធានសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា អ្នកស្រី ទូច សេរី មានប្រសាសន៍ថា អ្នកស្រីព្រួយបារម្ភការបិទរោងចក្រ និងព្យួរការងារកម្មករជាបន្តបន្ទាប់នេះអាចធ្វើឱ្យកម្មករមួយចំនួនប្រឈមនឹងបញ្ហាជីវភាពជំពាក់បំណុលធនាគារវ័ណ្ឌក និងកម្មករមួយចំនួនត្រូវថៅកែបញ្ចប់កិច្ចសន្យាការងារ ។ អ្នកស្រីអះអាងថា មកទល់ពេលនេះមានកម្មករច្រើនជាង ៥ពាន់នាក់កំពុងអត់ការងារធ្វើ និងម្ចាស់រោងចក្រមិនគិតគូរថ្លៃសំណងក្រោយរោងចក្រក្ស័យធន។
អ្នកស្រី ទូច សេរី៖ «អំពាវនាវមួយដែលដើម្បីឱ្យរដ្ឋាភិបាលថ្មីហ្នឹងដើម្បីគាត់ជួយរិះរកការងារឱ្យកម្មករធ្វើហើយធ្វើម៉េចឱ្យសិទ្ធិសេរីភាពសហជីពហ្នឹងកាន់តែប្រសើរជាងមុន។ ទី២ ខ្ញុំចង់និយាយថាសិទ្ធិសេរីភាពនៅក្នុងស្រុកយើងហ្នឹងយើងឃើញជាក់ស្ដែងហើយជួនកាលយើងទើបតែបង្កើតសហជីពបានហើយក្នុងរោងចក្រក៏អាចបញ្ឈប់ថ្នាក់ដឹកនាំអ៊ីចឹងហើយកន្លែងហ្នឹងខ្ញុំសំណូមដល់រដ្ឋាភិបាលថ្មីជួយស្វែងយល់ហើយជួយដោះស្រាយពីបញ្ហាហ្នឹងកុំឱ្យមានការរើសអើងកម្មករ»។
ទោះជាមានការលើកឡើងពីក្រុមអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និង GSP របស់សហរដ្ឋអាមេរិក ជាមូលហេតុចម្បងនៃការបិទទ្វាររោងចក្រ និងអាចបណ្ដាលឱ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះក៏ដោយ ក៏លោក ហ៊ុន សែន នៅតែអះអាងថា លោកមិនត្រូវការជំនួយដែលបង្គាប់បញ្ជាឱ្យលោកធ្វើនេះធ្វើនោះឡើយ។ កាលពីខែមីនា ឆ្នាំ២០១៩ លោក ហ៊ុន សែន ធ្លាប់បានការលើកឡើងថា កម្ពុជា «អាចរស់បាន» ទោះជាគ្មានប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏ដោយ ។ ជាងនេះទៅទៀតក្រោយការបោះឆ្នោតរួចសហរដ្ឋអាមេរិកបានប្រកាសដាក់ចេញវិធានការជាជំហានលើការរឹតត្បិតទិដ្ឋាការ ឬវីសាលើមន្ត្រីកម្ពុជា ដែលពាក់ព័ន្ធនឹងការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្ស ហើយផ្អាកការផ្ដល់ជំនួយមួយចំនួនដល់កម្ពុជាដែរគឺចំនួន ១៨លានដុល្លារក្នុងឆ្នាំ២០២៣ នេះ ដើម្បីឆ្លើយតបទៅនឹងការបោះឆ្នោតក្លែងក្លាយនេះ។ ដោយឡែក សហភាពអឺរ៉ុប ក៏បានព្រមានពីការដកប្រព័ន្ធអនុគ្រោះពន្ធ EBA បន្ថែមទៀតពីកម្ពុជា ។
ក្រុមកម្មករជំរុញឱ្យរដ្ឋាភិបាលថ្មីអនុវត្តច្បាប់ឱ្យមានតម្លាភាព ចៀសវាងរដ្ឋាភិបាលថ្មីរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្ដាប្រទេសប្រជាធិបតេយ្យបន្ថែមទៀតដែលធ្វើឱ្យពលរដ្ឋ និងកម្មករប្រឈមនឹងបញ្ហាលំបាកផ្នែកជីវភាព ជាពិសេសគ្មានលុយសងជំពាក់បំណុលធនាគារ ហើយកម្មករមួយចំនួនបង្ខំចិត្តធ្វើចំណាកស្រុកការងារធ្វើជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
sorry every one it wont happen as what you though . I think it can be worse than what every one think