គណបក្ស​មិន​ជាប់ឆ្នោត​ខ្លះ​បង្ហាញ​ជំហរ​មិន​ពេញចិត្ត​រឿង​តួនាទី​ក្នុង​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់

ដោយ មាន ឫទ្ធិ
2023.08.01
RFA

គណបក្ស​មិន​ជាប់ឆ្នោត​ខ្លះ​បង្ហាញ​ជំហរ​មិន​ពេញចិត្ត​រឿង​តួនាទី​ក្នុង​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់

កិច្ចប្រជុំប្រចាំខែ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) កាល​ពី​ថ្ងៃ​ទី៣០ ខែកក្កដា ឆ្នាំ២០២០។ រូប៖ ហ្វេសប៊ុកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់


ក្រោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ពី​ការ​រក្សាទុក​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​មក គណបក្ស​មួយ​ចំនួន​ដែល​មិន​ជាប់ឆ្នោត​សភា​តំណាងរាស្ត្រ បង្ហាញ​ជំហរ​ខុសៗ គ្នា ដោយ​បក្ស​ខ្លះ​សាទរ​ក្នុង​ការចូលរួម ខ្លះ​មិន​ពេញចិត្ត និង​ខ្លះ​ទៀត​បង្ហាញ​ភាព​ស្ទាក់ស្ទើរ។ អ្នក​សិក្សា​ផ្នែក​ច្បាប់ មើល​ឃើញ​ថា ការប្រកាស​របស់​លោក ហ៊ុន សែន ជា​យុទ្ធសាស្ត្រ​ប៉ះប៉ូវ​គណបក្ស​ដែល​ចាញ់​ឆ្នោត និង​ដើម្បី​លុបបំបាត់​សំឡេង​រិះគន់​លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ថ្មី។

លទ្ធផល​បឋម​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ២០២៣ នេះ បង្ហាញ​ថា មាន​គណបក្ស​តែ ២ប៉ុណ្ណោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​យូរ​ជាង​គេ និង​គណបក្ស​រាជា​និយម​ ហ៊្វុនស៊ិនប៉ិច (FUNCINPEC) ដែល​ទទួល​បាន​អាសនៈ​សភា​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ។ ទោះបីជា​មាន​លទ្ធផល​បែប​នេះ​ក្ដី ក៏​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​មិន​ឱ្យ​គណបក្ស​ដែល​មិន​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា ខាតបង់​ថវិកា​ឃោសនា និង​ពេល​វេលា​ទទេៗ នោះ​ឡើយ ដោយ​លោក​បាន​ប្រកាស​ពី​ការ​រក្សា​ទុក​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ដើម្បី​ធ្វើ​ជា​រង្វាន់​លួងចិត្ត និង​ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ។

ទោះជា​យ៉ាង​ណា​ក្ដី គណបក្ស​មួយ​ចំនួន នៅតែ​រក្សា​គោលជំហរ មិន​ទទួល​យក​តួនាទី​ក្នុង​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​នេះ​ទេ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សេក សុជាតិ ឱ្យ​ដឹង​ថា ការ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ថ្មី​នេះ មិនមែន​ជា​ជម្រើស​របស់ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នោះ​ឡើយ។ លោក​បន្ត​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មាន​គោលការណ៍​គិតគូរ​ពី​ប្រយោជន៍​ជាតិ​ជាធំ ជា​ជាង​ការ​ចូលរួម ដើម្បី​ទទួល​បាន​តំណែង​តួនាទី​នៅ​ក្នុង​ស្ថាប័ន ដែល​មិន​ឯករាជ្យ និង​គ្មាន​សមត្ថភាព​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​សង្គម។

“សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ក៏​ដូច​ជា​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ហ្នឹង យើង​យល់​ថា ការ​ចូល​ទៅ​ (ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់) ហ្នឹង រយៈ​កាល ៥ឆ្នាំ​កន្លង​មក​ហើយ​ហ្នឹង យើង​អត់​ទាន់​ឃើញ​របាយការណ៍​រីក​ចម្រើន​អី​យ៉ាង​ម៉េច។ អ៊ីចឹង​យើង​គិត​ថា ការ​ចូល​ទៅ​ក៏​មិនទាន់​មាន​ប្រសិទ្ធ​ភាព​អី​ខ្លាំង​ខ្លា​អី​ច្រើន​សម្រាប់​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល។ ស្ដាប់​មើល​ទៅ​យើង​អត់​ឃើញ​មាន​របាយការណ៍​រីក​ចម្រើន​ទេ​សម្រាប់​គណបក្ស​ដែល​គាត់​បាន​ចូល​មួយ​អាណត្តិ​កន្លងមក»។

ចំណែក​ឯ ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ លោក ក្រវ៉ាញ ដារ៉ន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៣១ កក្កដា ​ថា លោក​មិន​ទទួល​យក​តួនាទី​ក្នុង​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​នេះ​ទេ ដែល​លោក​អះអាង​ថា ជា​តំណែង​ខុសច្បាប់ និង​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពលរដ្ឋ​នោះ​ទេ។ លោក​មើល​ឃើញ​ថា តួនាទី​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​នេះ គឺជា​ឧបករណ៍​បម្រើ​នយោបាយ​ឱ្យ​គណបក្ស​កាន់​អំណាច ដែល​បេក្ខភាព​គណបក្ស​នយោបាយ​ទាំង​នោះ ចាំតែ​ស្រែក​បន្ទរ​គាំទ្រ​សេចក្ដី​សម្រេច​របស់​គណបក្ស​កាន់​អំណាច និង​វាយប្រហារ​ទៅលើ​គណបក្ស​ប្រឆាំង​ណា ដែល​មាន​​ទស្សនៈ​ផ្ទុយ​ពី​រដ្ឋាភិបាល។ លោក ក្រវ៉ាញ ដារ៉ន ចាត់ទុក​អ្នក​ដែល​ទទួលយក​តួនាទី​ក្នុង​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ គឺជា​អ្នក​នយោបាយ​អាត្មានិយម ក្បត់​ឆន្ទៈ​ពលរដ្ឋ ដែល​ធ្វើ​នយោបាយ​បម្រើ​ជន​ផ្ដាច់ការ ដើម្បី​លាភសក្ការៈ។

លោក ក្រវ៉ាញ ដារ៉ន៖ «គេ​សរសេរ​សំបុត្រ​ពី​ទីស្ដីការ​នាយករដ្ឋមន្ត្រី និង គ.ជ.ប ហ្នឹង ៥​កៅអី មក​ឱ្យ​ខ្ញុំ ខ្ញុំ​សរសេរ​បដិសេធ​ទៅ​វិញ។ កុំ​ធ្វើ​ក្លែងក្លាយ កុំ​លួច​កៅអី​គេ​ហើយ យក​កៅអី​ហ្នឹង​មក​ឱ្យ​ខ្ញុំ ខ្ញុំ​មិន​ទទួល​របស់​ជា​ចោរ ខ្ញុំ​មិនមែន​ធ្វើ​ដើម្បី​សម្លាប់​ជាតិ​ឯង​ឡើយ»។

រីឯ ប្រធាន​គណបក្ស​ខ្មែរ​អភិរក្សនិយម លោក រៀល ខេមរិន្ទ្រ វិញ បាន​បង្ហាញ​ពី​ភាព​ស្ទាក់ស្ទើរ ក្នុង​ការ​សម្រេច​ចិត្ត​ទទួលយក​តំណែង​ក្នុង​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ នេះ។ លោក រៀល ខេមរិន្ទ្រ បញ្ជាក់​ថា លោក​នឹង​ពិភាក្សា​ជាមួយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ របស់​គណបក្ស​ដើម្បី​សម្រេច​រឿង​នេះ ហើយ​លោក​នឹង​គោរព​តាម​ការ​សម្រេច​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស។

លោក រៀល ខេមរិន្ទ្រ៖ «ចំពោះ​បញ្ហា​នេះ ដោយសារតែ​ខ្ញុំ​មិនដែល​បាន​ប្រឡូក នៅ​ក្នុង​ក្រុម​ឧត្ដមក្រុមប្រឹក្សា ពិគ្រោះ និង​ផ្ដល់​យោបល់ ខ្ញុំ​អត់​ដែល​បាន​ចូល។ អ៊ីចឹង ខ្ញុំ​ក៏​អត់​ដឹង​ដែរ​ថា ការងារ​ហ្នឹង វា​មាន​ប្រយោជន៍អ្វី​ខ្លះ។ ប៉ុន្តែ​បើ​តាមដែល​ខ្ញុំ​ដឹង ដូចជា មានការ​ជួយ​ពន្យល់ ជួយ​សម្រប​សម្រួល ឬក៏​ជួយ​ដោះ​ស្រាយ​បញ្ហា​ន​មួយ​ចំនួន​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ដែរ»។

ចំណែក​ឯ គណបក្ស​នគរ​ប្រជាធិបតេយ្យ ដែល​ជា​គណបក្ស គ្មាន​ឈ្មោះ​ក្នុង​បញ្ជី គ.ជ.ប នោះ គណបក្ស​នេះ រីករាយ​ទទួលយក តំណែង​ក្នុង​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ប្រសិនបើ​រដ្ឋាភិបាល​អាណត្តិ​ថ្មី អនុ​ញាតិ។

អនុប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ លោក ហួត សុខដុម ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម ​(Telegram) ​ថា មូលហេតុ​ដែល​គណបក្ស​នគរ​ប្រជាធិបតេយ្យ​បង្ហាញ​ពី​គោលជំហរ​ចូលរួម​ក្នុង​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ នេះ គឺ​ដើម្បី​មានឱកាស​បម្រើ​ប្រជាពលរដ្ឋ តាមរយៈ​ការ​ផ្ដល់​នូវ​ព័ត៌មាន​ពិត អំពី​ភាព​មិន​ប្រក្រតី​ពី​ភាព​អសកម្ម​និង​ពី​អំពើពុករលួយ​ ​របស់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​មួយ​ចំនួន ដែល​បាន​ឃុបឃិត គ្នា​ធ្វើ​ឱ្យ​ខូចខាត​ដល់​ផល​ប្រយោជន៍ជាតិ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ការចូលរួម​ថែរក្សា​ការពារ​សន្តិភាព។

ទោះជា​បែបនេះ​ក្ដី អតីតប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ គឺអ្នកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា ដែល​ទទួល​បាន​តួនាទី​ជា​សមាជិក​នៃ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ កាលពី​ឆ្នាំ២០១៨ នោះ អ្នកស្រី​ត្រូវ​បាន​រដ្ឋាភិបាល​បញ្ចប់​តួនាទី​នៅ​ក្នុង​ឧត្ដមក្រុមប្រឹក្សា​នេះ​ក្រោយ​ពី​លោក​​​មានការ​ពាក់ព័ន្ធ​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ កាលពី​ឆ្នាំ២០១៩។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន ដើម្បី​សុំ​ការ​បកស្រាយ​បន្ថែម​បានទេ នៅ​ថ្ងៃ​ទី៣១ កក្កដា។

ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក ហ៊ុន សែន កាលពី​ឆ្នាំ២០១៨ ក្រោយ​ព្រឹត្តិការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៦ ដ៏​ចម្រូងចម្រាស។ កាលនោះ ប្រធាន អនុប្រធាន និង​តំណាង​ផ្សេងទៀត​នៃ​គណបក្ស​ចំនួន១៤ ដែល​មិនបាន​កៅអី​ក្នុង​រដ្ឋសភា បាន​ស្ម័គ្រចិត្ត​ចូល​ជា​សមាជិក​នៃ​ឧត្ដមក្រុមប្រឹក្សា​នេះ និង​ក្លាយ​ជា​ឯកឧត្ដម លោកជំទាវ តាម​ការតែងតាំង​ដោយ​អនុក្រឹត្យ មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី។

ទាក់ទងនឹងរឿងនេះ អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត លើកឡើង​ថា សមិទ្ធផល​ដែល​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ សម្រេច​បាន​នា​រយៈពេល​កន្លងមក​នេះ គឺ​មិន​សមាមាត្រ ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ និង​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ឡើយ។ លោក​យល់ឃើញ​ថា លោក ហ៊ុន សែន នៅ​បន្ត​រក្សា​ក្រុមប្រឹក្សា​នេះ​ក្រោម​ហេតុផល​ចំនួន​បី ទី​មួយ​គឺ​ប្រយោជន៍​នយោបាយ ជាង​ប្រយោជន៍សាធារណៈ។ ទីពីរ គឺ​ដើម្បី​ស្អំ​ចិត្ត​គណបក្ស​ដែល​មិន​ទទួល​បាន​អាសនៈ​ក្នុង​សភា ដើម្បី​ឱ្យ​ពួក​គេ​ចុះញ៉ម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ហេតុផល​ទី៣ ដើម្បី​កាត់​បន្ថយ​សំឡេង​រិះគន់​លើ​រដ្ឋាភិបាល​ថ្មី ដឹកនាំ​ដោយ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត។

លោក វ៉ន ចាន់ឡូត៖ «ខ្ញុំ​គិត​ថា​ប្រសិនបើ​រាជរដ្ឋាភិបាល ចង់​ទាញ​យក​ការ​គាំទ្រ​ពិតប្រាកដ​មែន​ទី​មួយ​ការ​ចំណាយ​ណា​ដែល​ឥតប្រយោជន៍ វា​ជា​ការ​ចំណាយ​ខ្ជះខ្ជាយ​គួរតែ​លុបបំបាត់​ចោល មិន​គួរ​ចំណាយ​ទេ។ ទីពីរ ការ​ចំណាយ​ទាំងនោះ​បើ​អាច​គួរតែ​យក​មក​ប៉ះប៉ូវ ឬក៏​បន្ថែមបន្ថយ​ទៅ​នឹង​អ្នក​ដែល​មានសមត្ថកិច្ច មាន​តួនាទី​ពិតប្រាកដ​នៅ​ក្នុង​ការ​បម្រើ​រាស្ត្រ»។

ក្នុងចំណោម​គណបក្ស​នយោបាយ​ចំនួន១៩ ដែល​បាន​ចូលរួម​ការបោះឆ្នោត​កាល​ឆ្នាំ២០១៨ មាន​គណបក្ស​ចំនួន៣ ដែល​មិន​ចូលរួម​នៅ​ក្នុង​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​របស់​លោក ហ៊ុន សែន នេះ។ គណបក្ស​ទាំងនោះ រួមមាន​គណបក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ (LDP) ​គណបក្ស​ខ្មែរ​ឈប់​ក្រ និង​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន​ (GDP)។

មន្ត្រី​គណបក្សប្រឆាំង ដែល​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​កាន់អំណាច​រិះគន់​ថា ក្រុម​គណបក្ស​នយោបាយ​ណា ដែល​ចូលរួម​ជា​សមាជិក​ឧត្ដមក្រុមប្រឹក្សា និង​ផ្ដល់​យោបល់​នេះ គឺជា​ក្រុម​ល្មោភ​អំណាច ខណៈ​រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​ខ្ជះខ្ជាយ​ថវិកាជាតិ ដើម្បី​បង្កើត​ឆាក​ល្ខោន​ឱ្យ​ល្អមើល​តែប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "គណបក្ស​មិន​ជាប់ឆ្នោត​ខ្លះ​បង្ហាញ​ជំហរ​មិន​ពេញចិត្ត​រឿង​តួនាទី​ក្នុង​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់"

  1. Hun Sen and his CPP leaders will not take anyone’s advice or ideas. If the opposition leaders accept this role, each and everyone of you would just be theirs’ puppet.

  2. Anonymous says:

    after all Cambodia that I know will have no night time at all . do you know why??? there are too many stars general in this nation . the country with small population of 17 million people if you talking about the political party is twite as the country population of 900 million . after all my question is what do you think every one ???????????