កម្ពុជា-នយោបាយ
04/08/2023 – 13:06
ដោយ៖ ញឹម សុផល
RFI
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃទី០៤ ខែសីហានេះ បានបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាកុំពុងតែមានឯកភាពផ្ទៃក្នុងរឹងមាំ និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋឲ្យដឹកនាំប្រទេសជាបន្តទៀត។ ការលើកឡើងរបស់លោក ស ខេង ដូច្នេះ គឺដើម្បីជម្រះព័ត៌មាន និងការវិភាគនានាដែលត្រូវបានលើកឡើងអំឡុងពេលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ថាគណបក្សប្រជាជនមានការបែកបាក់ផ្ទៃក្នុងធ្ងន់ធ្ងរ។

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាប់ដៃ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី © Sar Kheng
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក ថាគណបក្សប្រជាជនកម្ពុជានៅតែរក្សាបានការឯកភាពផ្ទៃក្នុងដ៏រឹងមាំ និងមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដ៏ច្រើនលើសលប់ ដើម្បីបន្តដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍។ ការបញ្ជាក់របស់លោក ស ខេង ហើយត្រូវបានផ្សព្វផ្សាយបន្តតាមរយៈតេឡេក្រាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច្នេះ ក៏ព្រោះតែមានក្រុមអ្នកនយោបាយ និងអ្នកវិភាគដែលមាននិន្នាការប្រឆាំង បានលើកឡើងជាបន្តបន្ទាប់ជុំវិញការបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ ក្នុងរង្វង់គណបក្សប្រជាជនកម្ពុជា។
លោក ស ខេង បានរៀបរាប់ថាជ័យជម្នះនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានសំឡេងឆ្នោត ៨២,៣០% នៃអត្រាអ្នកបានទៅបោះឆ្នោត ៨៤,៥៩% បានស្តែងឲ្យឃើញនូវកម្លាំងសាមគ្គីជាប្រពៃណីដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងការបន្តគាំទ្រយ៉ាងទូលំទូលាយពីសំណាក់ប្រជាពលរដ្ឋ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រីចោទសួរថាប្រសិនបើមានការបែកបាក់ដូចការគិតស្មានមែននោះ ម្លេះសមគណបក្សប្រជាជន មិនមានភាពរឹងមាំ និងមិនទទួលបានការគាំទ្រពីសំណាក់ប្រជាជនកាន់តែច្រើនជាលំដាប់ ពីអាណត្តិមួយ ទៅអាណត្តិមួយនោះទេ។
លោក ស ខេង ចាត់ទុកការលើកឡើងរបស់អ្នកនយោបាយ និងអ្នកវិភាគដែលមាននិន្នាការប្រឆាំងថាជាឧបាយកលបំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់គណបក្សប្រជាជន ដែលបញ្ហានេះបានកើតឡើងតាំងពីអតីតកាល ពោលគឺកើតឡើងតាំងពីគណបក្សនយោបាយខ្លះពុំទាន់បានចាប់កំណើតផង រហូតដល់មានគណបក្សខ្លះបានត្រូវរលំរលាយបែកបាក់ខ្ចាត់ខ្ចាយ ក៏ពួកគេនៅតែធ្វើនយោបាយដ៏ឆោតល្ងង់ មានឧបាយកលទុច្ចរិត។
អនុប្រធានគណបក្សកាន់អំណាចរូបនេះបញ្ជាក់ជំហរដ៏មុតមាំរបស់លោកថា លោកតែងតែគោរព និងគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាត និងសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសតាំងលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិនេះ និងអាណត្តិបន្តបន្ទាប់ ហើយចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត លោក ស ខេង ថាលោកក៏គោរពតាមការសម្រេចរបស់គណបក្សផងដែរ៕
ពេលនេះសម្ថេចកំពុងតែយកបង់ស្អិត ( bandages) មកបិតដំបៅខ្ទុសហើយ។