ព្រះមហាក្សត្រ​កោះហៅ​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ចូល​ប្រជុំ​សភា​លើក​ដំបូង​ថ្ងៃ​ទី២១ ខែសីហា

ដោយ សុជីវី
2023.08.08
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ព្រះមហាក្សត្រ​កោះហៅ​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ចូល​ប្រជុំ​សភា​លើក​ដំបូង​ថ្ងៃ​ទី២១ ខែសីហា

ព្រះមហាក្សត្រ​ព្រះ​បាទ​សម្ដេច នរោត្តម សីហមុនី រូប៖ ហ្វេសប៊ុករដ្ឋសភា


ព្រះមហាក្សត្រ​ព្រះ​បាទ​សម្ដេច នរោត្តម សីហមុនី កោះហៅ​បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​ទាំង​១២៥រូប ត្រូវ​ចូល​ប្រជុំ​សភា​លើក​ដំបូង​នៅ​ថ្ងៃ​ទី២១ ខែ​សីហា​ខាង​មុខ។ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា បេក្ខជន​ជាប់​ឆ្នោត​របស់​គណបក្ស​ទាំង ១២០រូប បាន​ត្រៀម​ខ្លួន​រួច​ហើយ ក្នុង​ការ​ចូលរួម​កិច្ចប្រជុំ​ដ៏​មាន​សារ​សំខាន់​នោះ។

ព្រះមហាក្សត្រ​ចេញ​ព្រះរាជសារ​ត្រាស់​បង្គាប់​ឱ្យ​បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​ ទាំង ១២៥រូប មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ១២០រូប និង​មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចំនួន ៥រូប ដើម្បី​ចូលរួម​ក្នុង​សម័យ​ប្រជុំ​ដំបូង​នៃ​រដ្ឋសភា​អាណត្តិ​ទី៧ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២១ ខែ​សីហា នៅ​វិមាន​រដ្ឋសភា ក្រុង​ភ្នំពេញ។ ព្រះរាជសារ​នេះ​ចុះ​កាល​ពី​ថ្ងៃ​ទី៥ ខែ​សីហា តែ​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី៨ ខែ​សីហា។

ទាក់ទង​ព្រះរាជសារ​ត្រាស់​បង្គាប់​របស់​ព្រះមហាក្សត្រ​ពេលនេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម ពី​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​ទេ​នៅ​ថ្ងៃ​ទី០៨ ខែ​សីហា។

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​របស់​គណបក្ស​កាន់​អំណាច​ត្រៀមខ្លួន​ និង​ឯកសណ្ឋាន​រួច​ហើយ ដើម្បី​ចូល​ប្រជុំ​សភា​តាម​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ។ លោក សុខ ឥសាន ឱ្យ​ដឹង​ទៀត​ថា តាម​នីតិវិធី ថ្ងៃ​ប្រជុំ​ដំបូង​ នៅ​ថ្ងៃ​ទី២១ សីហា ខាង​មុខ​នេះ​ចាប់​ផ្ដើម​ការ​ដោយ​ការ​​មាន​ព្រះបន្ទូល​ពី​​ព្រះមហាក្សត្រ ក្រោយ​មក​​ព្រឹទ្ធបុរស​ម្នាក់​ក្នុង​ចំណោម​បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​ទាំង ១២៥រូប​នោះ ដឹក​នាំ​អង្គ​ប្រជុំ និង​ការ​ប្រកាស​សុពលភាព​សមាជិក​សភា​ជាប់​ឆ្នោត​សម្រាប់​អាណត្តិ​ថ្មី។

លោក​បន្ត​ថា ក្រោយ​មក​ទៀត រដ្ឋសភា​រៀបចំ​បោះឆ្នោត​ ជ្រើសតាំង​ប្រធាន​រដ្ឋសភា អនុប្រធាន​ទី១ និង​អនុប្រធាន​ទី២​ នៃ​រដ្ឋសភា និង​ការ​បង្កើត​គណៈកម្មការ​ជំនាញ​ទាំង ១០នៃ​រដ្ឋសភា។ លោក​បន្ត​ទៀត នៅ​ល្ងាច​ថ្ងៃ​ទី២១ សីហា ​សមាជិក​សភា​ទាំង ១២៥រូប នឹង​នាំ​គ្នា​ទៅ​ស្បថ​នៅ​ក្នុង​ព្រះបរមរាជវាំង។

លោក សុខ ឥសាន៖«គេ​ត្រៀម​ពី​ចម្ងាយ​រួច​ហើយ ខោអាវ​ក៏​កាត់​ហើយ ផាមួង​ហួល​ក៏​ហើយ​អស់​ហើយ ថ្ងៃ​ទី២១ ខែសីហា មិន​មែន​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​តែ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ឈ្នះ​ឆ្នោត​ទេ តែ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​របស់​ព្រះរាជាណាចក្រ​ទាំង​មូល​តែម្ដង​បាទ»

បើ​តាម​បញ្ជី​របស់ គ.ជ.ប បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ ​ជា​ព្រឹទ្ធបុរស ដែល​មាន​អាយុ​ច្រើន​ជាង​គឺ​លោក ហេង សំរិន លោក​មាន​អាយុ ៨៩ឆ្នាំ។ ទោះ​យ៉ាងណា លោក សុខ ឥសាន បញ្ជាក់​ថា លោក ហេង សំរិន មិន​ឈរ​ឈ្មោះ​ជា​ប្រធាន​រដ្ឋសភា ទៀត​ទេ ព្រោះ​លោក ហេង សំរិន បាន​ប្រកាស​ក្នុង​សន្និបាត​របស់​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា រួចហើយ​ថា លោក​មិន​បន្ត​ធ្វើ​ជា​ប្រធាន​រដ្ឋសភា​ទៀត​ទេ សម្រាប់​អាណត្តិ​ថ្មី​នេះ។ ទោះ​យ៉ាង​ណា លោក សុខ ឥសាន ​មិន​ទាន់​បញ្ជាក់​ថា ឥស្សរជន​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា រូប​ណា នឹង​ឡើង​អង្គុយ​កៅអី​ប្រធាន​រដ្ឋសភា ជំនួស​លោក ហេង សំរិន នៅ​ឡើយ​ទេ។

ដោយឡែក​ចំពោះ​ការ​បោះឆ្នោត​របស់​រដ្ឋសភា ដើម្បី​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ដល់​គណៈរដ្ឋមន្ត្រី​ថ្មី ដែល​រដ្ឋាភិបាល​នេះ​ គ្រោង​ដឹកនាំ​ដោយ​កូនប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត នឹង​ត្រូវ​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែ​សីហា ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ គណៈរដ្ឋមន្ត្រី​ថ្មី ដែល​ទទួល​បាន​ការបោះឆ្នោត​គាំទ្រ​ពី​រដ្ឋសភា ​នឹង​នាំ​គ្នា​ទៅ​ស្បថ​នៅ​ក្នុង​ព្រះបរមរាជវាំង​។ កាល​ពី​ថ្ងៃ​ទី៧ ខែ​សីហា ព្រះមហាក្សត្រ​ បាន​ត្រាស់​បង្គាប់​ឱ្យ​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី មាន​ភារកិច្ច​រៀបចំ​សមាសភាព​រាជរដ្ឋាភិបាល​ថ្មី ដើម្បី​សុំ​សេចក្ដី​អនុម័ត​ទុក​ចិត្ត​ពី​រដ្ឋសភា។

ទាក់ទង​រឿង​នេះ អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស ដែល​ធ្វើការ​ទាក់ទង​ការបោះឆ្នោត សង្កេតឃើញ​ថា ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ពេល​នេះ គឺ​ជា​នីតិវិធី​​ ដើម្បី​ឱ្យ​បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​ ​ទទួល​​បាន​សុពលភាព​ជា​សមាជិក​រដ្ឋសភា ជា​ផ្លូវការ​។ លោក​កត់​សម្គាល់ ការ​អនុវត្ត​ច្បាប់​ថ្មី​​នៅ​ពេល​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ ពិបាក​តាម​ដាន​សភាព​ការណ៍​ជាតិ​ ឬ​ការ​ជ្រើសរើស​អ្នក​ដឹកនាំ​របស់​​ស្ថាប័ន​កំពូលៗ​របស់​ជាតិ​ ត្បិតអី​​បើ​ទោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់ រួច​រាល់​ហើយ​ក្ដី​ តែ​បេក្ខជន​ប្រធាន​រដ្ឋសភា និង​អនុប្រធាន​ទី១ និង​អនុប្រធាន​ទី២ រដ្ឋសភា មិន​ទាន់​ត្រូវ​បាន​បង្ហាញ​នៅឡើយ។

លោក កន សាវាង្ស៖ «សម្រាប់​ខ្ញុំ​តាមដាន​ដែរ ហើយ​មាន​លក្ខណៈ​ខុស​ពី​មុន​បន្តិច​បាទ ខ្ញុំ​ពិបាក​ក្នុង​ការ​យល់​​ដែរ និយាយ​ឱ្យ​មែនទែន​ទៅ​ដោយសារ​ច្បាប់​នេះ​ថ្មី​ការ​កែប្រែ​ថ្មី​ អ៊ីចឹង​ទាំង​បទ​ពិសោធន៍​ទាំង​ការ​បកស្រាយ​​ទាំង​ការ​អនុវត្ត​ជាក់ស្ដែង​នេះ​ស្ថិត​ក្នុង​ការ​តាមដាន​ទាំង​គ្នា​បាទ»

ក្នុង​ដំណើរ​ការ​នៃ​ការ​ផ្ទេរ​តំណែង​នាយករដ្ឋមន្ត្រី ពី​លោក ហ៊ុន សែន ទៅ​លោក ហ៊ុន ម៉ាណែត ពេល​នេះ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​កែ​រដ្ឋធម្មនុញ្ញ ដោយ​ការ​តែងតាំង​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ឈ្នះ​ឆ្នោត មិន​ចាំបាច់​ឆ្លងកាត់​ ការ​ផ្ដល់​ទំនុក​ចិត្ត​ពី​រដ្ឋសភា​ដូច​មុន​ទៀត គឺ​គណបក្ស​ឈ្នះ​ឆ្នោត​មាន​សិទ្ធិ​ស្នើ​ឈ្មោះ​បេក្ខជន​នាយករដ្ឋមន្ត្រី ទៅ​ព្រះមហាក្សត្រ មុន​កិច្ច​ប្រជុំ​ដំបូង​របស់​រដ្ឋសភា​ ចំណែក​រដ្ឋសភា គឺ​ត្រឹម​បោះឆ្នោត​ផ្ដល់​ទំនុក​ចិត្ត​តាម​ក្រោយ​ប៉ុណ្ណោះ។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ យល់​ថា ព្រះរាជសារ របស់​ព្រះមហាក្សត្រ គឺ​ព្រះអង្គ​​​ត្រូវ​ធ្វើ​តាម​សំណើ​របស់​លោក ហ៊ុន សែន ជា​អ្នក​រៀបចំ​ចាត់ចែង​ស្នើ​ទៅ​ព្រះអង្គ។ អ្នក​វិភាគ រូប​នេះ​​យល់​ថា បើ​ទោះ​ជា​ពេល​នេះ ដំណើរការ​ផ្ទេរតំណែង ទៅ​ឱ្យ​លោក ហ៊ុន ម៉ាណែត កំពុង​ដំណើរ​ការ​គ្មាន​ការ​រំខាន​ក្ដី ប៉ុន្តែ ពេល​ខាង​មុខ​នេះ រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ក៏​ត្រូវ​ប្រឈម​នឹង​វិបត្តិ​សង្គម និង​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​ផង​ដែរ។

លោក គឹម សុខ៖ «ទាំង​វិបត្តិ​នយោបាយ វិបត្តិ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ វិបត្តិ​​អត់​ការងារ​របស់​​ប្រជាពលរដ្ឋ វិបត្តិ​នៃ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​វិបត្តិ​សុខាភិបាល វិបត្តិ​​អប់រំ ពីព្រោះ​រដ្ឋ​ក៏​មាន​វិបត្តិ​​ហិរញ្ញវត្ថុ​គឺ អត់​លុយ​ដោយសារ​តែ​អ្នក​វិនិយោគ​ចូល​ប្រទេស​កម្ពុជា ក៏​កាន់តែ​ខើច ហើយ​អ្នក​កំពុង​​ក៏​នឹង​ដើរ​ចេញ​ដូច្នេះ​គំនរ​វិបត្តិ​​ច្រើន​ណាស់​ធ្លាក់​ដល់​វិបត្តិ​​សង្គម​តែម្ដង»

គិត​មក​ដល់​ពេល​នេះ ក្រុម​ប្រទេស​លោកសេរី​មិន​ទាន់​ចេញ​សារ​អបអរ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ឈ្នះ​ឆ្នោត​ដោយ​គ្មាន​គូ​ប្រកួតប្រជែង​គឺ​គណបក្ស​ភ្លើង​ទៀន ចូលរួម​នៅឡើយ​ទេ ផ្ទុយ​ទៅ​វិញ សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ប្រកាស​ថា ពួកគេ​នឹង​មាន​វិធានការ​លើ​រដ្ឋាភិបាល​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "ព្រះមហាក្សត្រ​កោះហៅ​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ចូល​ប្រជុំ​សភា​លើក​ដំបូង​ថ្ងៃ​ទី២១ ខែសីហា"

  1. Anonymous says:

    shame on you your majesty ,you really the king dump of KAMPOUCHEA . for me I rather being a dishwasher instate of being a dump king

  2. Anonymous says:

    SIHAKMONEY is not the king of Cambodia instated he is only KING GARUE that all . who is the real king right now >>> HAS…HAS…HA…… HUN NAL call HUN SEN next name CHHOUP SAMLAP is the real king right now … after all HUN SEN is the GOD KING in this KINGDUMP of CAMBODIA