ដោយ ឡេង ម៉ាលី
2023.08.20
RFA

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន។ រូប៖ គេហទំព័រCPP
លោក ហង់ ជួនណារ៉ុន ដែលបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អស់រយៈពេលពីរអាណត្តិមកនេះ នឹងបន្តកាន់តំណែងនេះ នៅក្នុងរដ្ឋាភិបាលថ្មីដែលដឹកនាំដោយកូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត។ តើលោក ហង់ ជួនណារ៉ុន ជានរណា ហើយលោកបានធ្វើអ្វីខ្លះ ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជានាពេលកន្លងមក ហើយថាតើការផ្ទេរអំណាចតពូជរបស់លោក ហ៊ុន សែន នៅពេលនេះ អាចជះឥទ្ធិពលអាក្រក់ដល់វិស័យអប់រំដែរឬទេ?
ក្រោយក្លាយជារដ្ឋមន្ត្រីភ្លាម កាលពី១០ឆ្នាំមុន លោក ហង់ ជួនណារ៉ុន បានប្រកាសធ្វើកំណែទម្រង់លើកកម្ពស់គុណភាពអប់រំ ដែលលោកអះអាងថា ដើម្បីឱ្យកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ ឆ្លើយតបទៅនឹងកំណើនការងារដែលទាមទារជំនាញ និងអាចប្រកួតប្រជែងទីផ្សារការងារជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ានបាន។ ប៉ុន្តែមកដល់ពេលនេះ វិស័យអប់រំកម្ពុជា ត្រូវបានគេមើលឃើញថា ហាក់មានការវិវត្តតិចតួច ដោយសារតែកម្ពុជានៅតែនាំចូលកម្មករជំនាញ ស្របពេលយុវជនជាច្រើន បន្តនាំគ្នាចេញទៅក្រៅប្រទេស ដើម្បីស្វែងរកការងារធ្វើដោយប្រើកម្លាំងបាយ។
លោក ហង់ ជួនណារ៉ុន ជាបញ្ញវន្តម្នាក់ដែលបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិកាលពីឆ្នាំ១៩៩១ ពីសាកលវិទ្យាល័យនៅសហភាពសូវៀត ដែលបច្ចុប្បន្ន ស្ថិតនៅទីក្រុង កៀវ ប្រទេសអ៊ុយក្រែន។ ក្រោយពីបញ្ចប់ការសិក្សា លោកធ្លាប់ធ្វើជាអ្នកបកប្រែភាសាអង់គ្លេស ជាមន្ត្រីស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនយោបាយនៅស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងបានចូលបម្រើការងារជាមន្ត្រីស៊ីវិលនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក ហង់ ជួនណារ៉ុន បានកើតនៅក្នុងឆ្នាំ១៩៦២ ក្នុងទីក្រុងភ្នំពេញ មានឪពុកឈ្មោះ ហង់ ជួន ជាសាស្ត្រាចារ្យនៅសាលាវិចិត្រសិល្ប និងជាឧបការីរដ្ឋមន្ត្រីក្រសួងអប់រំអំឡុងទសវត្សទី៨០ និងមានម្ដាយឈ្មោះ ម៉ែន សាអ៊ុន ជាស្ត្រីមេផ្ទះ។ លោក ហង់ ជួនណារ៉ុន បានរៀបការក្នុងឆ្នាំ១៩៩០ ជាមួយលោកស្រី ប៉ែន វិមល ជាកូនស្រីអតីតរដ្ឋមន្ត្រីក្រសួងអប់រំ លោក ប៉ែន ណាវុឍ និងមានកូនប្រុសស្រីចំនួន២នាក់។
ដោយសារធ្លាប់ជាអ្នកសរសេរសុន្ទរកថាពីខ្មែរទៅអង់គ្លេសឱ្យលោក ហ៊ុន សែន និងដើរហែហមតាមលោក ហ៊ុន សែន ចូលរួមកិច្ចប្រជុំនៅក្រៅប្រទេស លោក ហង់ ជួនណារ៉ុន ក៏ទទួលបានឱកាសតែងតាំងជារដ្ឋមន្ត្រីក្រសួងអប់រំកាលពីឆ្នាំ២០១៣ ជំនួសឱ្យលោក អ៊ឹម សិទ្ធី។ ក្រោយពីទទួលបានតំណែងកំពូលនេះ លោកបានដឹកនាំការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ ដោយចាប់ផ្ដើមរឹតបន្តឹងការប្រឡងរបស់សិស្សថ្នាក់ទី១២ ការអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មីនៅតាមសាលារៀនមួយចំនួន និងកម្មវិធីមួយចំនួនទៀត ដើម្បីផ្លាស់ប្ដូរផ្នត់គំនិតនិស្សិត ឱ្យផ្ដោតលើការសិក្សាពីជំនាញបច្ចេកទេសវិញ ដូចជាជំនាញអគ្គិសនីនិងគ្រឿងអេឡិចត្រូនិក ជាដើម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍរបស់ប្រទេស។
ការធ្វើកំណែទម្រង់អប់រំនេះ ក៏បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ត្រូវបង្កើនថវិកាលើប្រព័ន្ធអប់រំជាបន្តបន្ទាប់ ជាក់ស្ដែង កាលពីឆ្នាំ២០១៤ កម្ពុជាបានចំណាយលើប្រព័ន្ធអប់រំត្រឹមតែ៣៤៣លានដុល្លារ ប៉ុន្តែមកដល់ឆ្នាំ២០១៩ ថវិកាសម្រាប់ចាយលើកប្រព័ន្ធអប់រំ បានហក់ឡើងដល់៩១៥លានដុល្លារ។ នេះបើតាមទិន្នន័យពីបណ្ដាញផ្សព្វផ្សាយពីសាកលវិទ្យាល័យជាសកលមួយដែលឈ្មោះថា យូនីវើស៊ីធី វើលដ៍ ញូវ (University World News)។
ទោះជាយ៉ាងណាក៏ដោយ និស្សិតកម្ពុជានៅឧត្ដមសិក្សា ចាប់អារម្មណ៍រៀនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វករ និងគណិតវិទ្យា នៅតែមានចំនួនទាប ខណៈតម្រូវការទីផ្សារការងារពាក់ព័ន្ធនឹងមុខជំនាញទាំងនេះ បន្តកើនឡើង នេះបើតាម សន្ទស្សន៍ការប្រកួតប្រជែងទេពកោសល្យជាសកលឆ្នាំ២០២០ (Global Talant Competitiveness Index) ដែលបង្ហាញថា កម្ពុជាស្ថិតនៅលេខរៀងទី១១៥ ក្នុងចំណោមប្រទេស១៣២ ដែលជាចំណាត់ថ្នាក់ទាបបំផុតមួយ ក្នុងការងាយស្រួលស្វែងរកកម្មករជំនាញ។
លើសពីនេះ ចំណាត់ថ្នាក់ប្រទេសដែលផ្ដល់ការអប់រំល្អបំផុតប្រចាំឆ្នាំ២០២២ ដែលចេញផ្សាយដោយ សារព័ត៌មានសហរដ្ឋអាមេរិក US News បង្ហាញថា ក្នុងចំណោម៨៥ប្រទេស កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី៧៣ ជាតួលេខទាបជាងប្រទេសជិតខាង ដូចជាប្រទេសថៃ និងវៀតណាម។ ប្រទេសវៀតណាមស្ថិតនៅចំណាត់ថ្នាក់លេខ៦២ និងប្រទេសថៃស្ថិតនៅចំណាត់ថ្នាក់លេខ៤៨។ ការផ្ដល់ចំណាត់ថ្នាក់នេះ ផ្អែកទៅតាមការស្ទង់មតិជាសកលមួយលើមនុស្សជាង១ម៉ឺន ៧ពាន់នាក់ ស្ដីពីប្រព័ន្ធអប់រំសាធារណៈ ដែលត្រូវបានអភិវឌ្ឍ និងការផ្ដល់ការអប់រំប្រកបដោយគុណភាព។
ការកែលំអប្រព័ន្ធអប់រំនៅកម្ពុជា បន្តញាំញីដោយបញ្ហាជាច្រើន ជាពិសេសបញ្ហាដ៏ធំ គឺអំពើពុករលួយ។ កម្ពុជាបន្តជាប់ចំណាត់ថ្នាក់ជាប្រទេសប្រព្រឹត្តអំពើពុករលួយខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឬអាស៊ាន និងជាប់ចំណាត់ថ្នាក់លេខរៀងទី១៦២ ក្នុងចំណោម១៨០ប្រទេស នៃ សន្ទស្សន៍តាមដានអំពើពុករលួយប្រចាំឆ្នាំ២០២២ របស់អង្គការតម្លាភាពអន្តរជាតិ។
កន្លងមក លោក ហង់ ជួនណារ៉ុន ធ្លាប់ចេញមុខច្រានចោលការលើកឡើងរបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលចាត់ទុកប្រព័ន្ធអប់រំនៅកម្ពុជាថា អន់បំផុត ហើយនិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ មិនអាចរកការងារបានធ្វើ។
ទោះបីជាមានការច្រានចោលបែបនេះ ក៏សព្វថ្ងៃ គេសង្កេតឃើញថា កូនរបស់ក្រុមមន្ត្រី ក្រុមឧកញ៉ា និងអ្នកមានជីវភាពធូរធារកាន់តែច្រើនឡើង សុខចិត្តបញ្ជូនកូនចៅទៅរៀនតាមសាលាឯកជន ដែលពួកគេយល់ថា អាចផ្ដល់ការអប់រំប្រកបដោយគុណភាពខ្ពស់ ជាងការបណ្ដោយឱ្យកូនទៅរៀនតាមសាលារដ្ឋ។
លោក ហង់ ជួនណារ៉ុន ក៏ទទួលបានរិះគន់ខ្លាំងដែរ ក្រោយពីលោកប្រកាសមិនអនុញ្ញាតឱ្យសិស្សនិស្សិត ជជែកគ្នារឿងនយោបាយនៅក្នុងថ្នាក់រៀន ប៉ុន្តែលោក ហង់ ជួនណារ៉ុន បែរមិនហាមឃាត់សកម្មជននិងមន្ត្រីគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា ចុះទៅអូសទាញ និងគំរាមកំហែងគ្រប់រូបភាព ដើម្បីឱ្យក្រុមគ្រូបង្រៀន និងសិស្ស ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាឡើយ។
លោក ហង់ ជួនណារ៉ុន៖ «រឿងនេះ ចែងនៅក្នុងច្បាប់ ហើយមិនមែនតែកម្ពុជាទេ ដែលមានច្បាប់ហ្នឹង ខ្ញុំចង់និយាយថាអ៊ីចឹង។ ប្រទេសផ្សេងទៀត ក៏មានច្បាប់ដូចគ្នាដែរ គឺការញែករវាងសាលានិងសាសនា គឺអត់ឱ្យចូលគ្នាទេ ការញែករវាងសាលានិងនយោបាយ មិនឱ្យយកនយោបាយប្រឡូកប្រឡាក់នៅក្នុងសាលាទេ»។
ស្របពេលលោក ហង់ ជួនណារ៉ុន ហាមសិស្សនិយាយរឿងនយោបាយ ប៉ុន្តែលោកអនុញ្ញាតឱ្យគណបក្សកាន់អំណាចអាចធ្វើសកម្មភាពឃោសនាដោយសេរីនៅតាមសាលារៀន។ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ថែមទាំងបណ្ដេញគ្រូបង្រៀនមួយចំនួន ចេញពីក្របខ័ណ្ឌមន្ត្រីរាជការទាំងអយុត្តិធម៌ ដោយសារតែពួកគាត់មានជំហរឯករាជ្យ និងខ្លះមានទំនោរទៅខាងគណបក្សប្រឆាំង។ ក្នុងនោះ មានការបណ្ដេញគ្រូបង្រៀនខាងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យយ៉ាងហោចណាស់១៣នាក់ចេញពីក្របខ័ណ្ឌ និងចុងក្រោយនេះ ក៏មានការបណ្ដេញគ្រូបង្រៀនជាមន្ត្រីគណបក្សភ្លើងទៀនម្នាក់នៅខេត្តបន្ទាយមានជ័យ។
គ្រូបង្រៀននៅវិទ្យាល័យសិរីសោភ័ណលោក ស៊ិន វត្ថា ដែលត្រូវបានក្រសួងអប់រំ លុបឈ្មោះចេញពីក្របខ័ណ្ឌកាលពីខែមិថុនា ដោយសារលោកជាប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តបន្ទាយមានជ័យ បានលើកឡើងថា ការហាមឃាត់សិស្សនិងគ្រូមិនឱ្យនិយាយរឿងនយោបាយ កំពុងធ្វើឱ្យសិស្សមិនបានដឹងពីបញ្ហាកើតមាននៅក្នុងសង្គមរបស់ខ្លួន និងកំពុងធ្វើឱ្យក្រុមគ្រូបង្រៀន ពិបាកបែងចែក ថាតើបញ្ហាសង្គមអ្វីខ្លះ ដែលក្រសួងអប់រំចាត់ទុកជារឿងនយោបាយ មិនឱ្យនិយាយបង្រៀនសិស្សនោះ។

លោក ស៊ិន វត្ថា៖«បក្សកាន់អំណាចគឺគេសម្រុកបាន(សមាជិក)៩០ ទៅ៩៩ភាគរយហើយ ដូចជាឱ្យគ្រូមានប័ណ្ណសមាជិក អាយ.ឌី របស់គណបក្សនយោបាយហ្នឹង។ ហើយការរើសអើង អ្នកឯងមាននិន្នាការទៅបក្សនេះបក្សនោះ គឺមាន។ ប៉ុន្តែគ្រូអត់ឱ្យនិយាយរឿងនយោបាយទេ ប៉ុន្តែគ្រូចូលជាសមាជិកដោយស្វ័យប្រវត្តិ។ គ្រូខ្លះរហូតដល់មិនយល់និយាយនយោបាយបែបណា។ យើងនិយាយពន្យល់(សិស្ស)ពីសង្គម មិនមែននិយាយឈ្មោះបក្សនយោបាយ ឈ្មោះសម្ដេច ឬឈ្មោះឯកឧត្ដមណាទេ»។
លោក ស៊ិន វត្ថា បន្តថា ថ្វីត្បិតមិនទាន់ទទួលបានលទ្ធផលល្អប្រសើរ លើការធ្វើកំណែទម្រង់លើកកម្ពស់ជីវភាពគ្រូបង្រៀន ដើម្បីកុំឱ្យពួកគាត់ប្រព្រឹត្តអំពើពុករលួយលួចបើកបង្រៀនយកលុយសិស្ស និងការលុបបំបាត់ការរើសអើងគ្រូបង្រៀនដោយសារហេតុផលនយោបាយ ប៉ុន្តែលោកទទួលស្គាល់ថា ចាប់តាំងពីលោក ហង់ ជួនណារ៉ុន ធ្វើកំណែទម្រង់រឹតបន្តឹងលុបបំបាត់ការលួចចម្លងក្នុងពេលប្រឡងបាក់ឌុបតាំងពីឆ្នាំ២០១៤មក បានធ្វើឱ្យកូនសិស្សហាក់ប្រឹងប្រែងរៀនសូត្រ ដែលធ្វើឱ្យប្រព័ន្ធអប់រំនៅពេលនេះមានតម្លៃជាងមុន។
ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាលោក ហង់ ជួនណារ៉ុន និងអ្នកនាំពាក្យក្រសួងអប់រំលោក រស់ សុវាចា បានទេនៅថ្ងៃទី១៩ សីហា។
ទោះជាយ៉ាងណាក៏ដោយ អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៥ លោក រ៉ុន ឈុន កត់សម្គាល់ថា លោក ហង់ ជួនណារ៉ុន បានគាបសង្កត់កាន់តែខ្លាំង មិនឱ្យគ្រូបង្រៀនប្រើប្រាស់សិទ្ធិស្របច្បាប់របស់ខ្លួន ជាងកាលក្រសួងអប់រំ ស្ថិតក្រោមការដឹកនាំដោយរដ្ឋមន្ត្រីចាស់លោក អ៊ឹម សិទ្ធី ទៅទៀត។

លោក រ៉ុន ឈុន៖«បើយើងមើលអាណត្តិរបស់លោក(អតីតរដ្ឋមន្ត្រីក្រសួងអប់រំ) អ៊ឹម សិទ្ធី គាត់មិនងាយនឹងបញ្ឈប់គ្រូចេញពីក្របខ័ណ្ឌនោះទេ។ ប៉ុន្តែក្នុងអាណត្តិដែលលោក ជួនណារ៉ុន គ្រប់គ្រងមកនេះ គ្រូបង្រៀនជាច្រើននាក់តាំងពីជំនាន់ខ្ញុំ១៣នាក់ ហើយដល់ថ្មីៗនេះ ក៏មានការបញ្ឈប់ក្របខ័ណ្ឌ ដោយពុំមានកំហុសឆ្គងអ្វីទាំងអស់ ដោយសារតែឥទ្ធិពលនយោបាយ។ អ៊ីចឹង! យើងឃើញថា វាអត់មានអ្វីដែលល្អប្រសើរសម្រាប់គ្រូបង្រៀនទេ កាន់តែមានការរឹតបន្តឹងលើសិទ្ធិគ្រូបង្រៀនថែមទៀត»។
លោក រ៉ុន ឈុន បន្តថា លើសពីនេះ លោក ហង់ ជួនណារ៉ុន ក៏មិនបានកែប្រែប្រព័ន្ធអប់រំឱ្យបានល្អប្រសើរនោះដែរ ពីព្រោះក្រុមអ្នកមានៗ កាន់តែច្រើនឡើងនាំគ្នាបញ្ជូនកូនចៅ ទៅរៀនតាមសាលាឯកជន និងទៅរៀននៅក្រៅប្រទេស។ លោកបន្ថែមថា ប្រព័ន្ធអប់រំស្ថិតក្រោមការដឹកនាំរបស់លោក ហង់ ជួនណារ៉ុន ក៏កំពុងដើរប្រាសចាកពីច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់អប់រំជាតិ ដែលចែងថា កុមារនិងយុវជនកម្ពុជាគ្រប់រូប មិនថាអ្នកមានឬអ្នកក្រឡើយ ត្រូវទទួលបានការអប់រំស្មើៗគ្នា ប៉ុន្តែលោកថា បច្ចុប្បន្ន កម្ពុជាហាក់មិនបានដើរលើប្រព័ន្ធអប់រំណាមួយឱ្យពិតប្រាកដឡើយ ក្រោយពីមានការបែងចែកប្រព័ន្ធអប់រំជាផ្សេងៗគ្នា ដូចជាសាលាជំនាន់ថ្មីសាលាគោលដៅ និងប្រព័ន្ធអប់រំចាស់។
លោក រ៉ុន ឈុន៖ «ជាបីប្រព័ន្ធ ហើយប្រព័ន្ធគេហៅសាលាជំនាន់ថ្មី មានការផ្គត់ផ្គង់សម្ភារៈសិក្សាសម្បូរបែប វាប្រសើរជាងសាលាគោលដៅ ហើយសាលាគោលដៅ វាប្រសើរជាងសាលាចាស់ដែលមិនទាន់ធ្វើការកំណែទម្រង់។ សំនួរសួរថា តើកូនចៅប្រជាពលរដ្ឋ ដែលទន់ខ្សោយនោះ មានឱកាសនឹងរៀនទទួលបានដូចនៅក្នុងសាលាជំនាន់ថ្មីពេលណាទៅ។ អ៊ីចឹង! យើងមើលឃើញថា កូនចៅប្រជាពលរដ្ឋ អត់មានអ្វីដូចមានចែងនៅក្នុងច្បាប់ថា ទទួលបានការអប់រំស្មើគ្នា»។
លោក រ៉ុន ឈុន ដែលខ្លួនលោកផ្ទាល់ត្រូវលោក ហង់ ជួនណារ៉ុន ដកឈ្មោះចេញពីក្របខ័ណ្ឌគ្រូបង្រៀនដោយសារលោកគាំទ្របក្សប្រឆាំងនោះ បន្តថា ក្រសួងអប់រំបន្តស្ថិតក្រោមការដឹកនាំរបស់លោក ហង់ ជួនណារ៉ុន នឹងមិនអាចធ្វើឱ្យគុណភាពអប់រំនៅកម្ពុជាល្អប្រសើរឡើយ គឺនៅតែប្រឈមស្ថានភាពដូចនៅពេលបច្ចុប្បន្ននេះ។
លើសពីនេះ ការលើកបន្តុបក្រុមសាច់ញាតិ និងកូនក្មួយ ឱ្យកាន់តំណែងខ្ពស់ៗ ក្នុងក្រសួងស្ថាប័នជំនួសពីឪពុក នៅក្នុងរដ្ឋាភិបាលថ្មី តាមការរៀបចំចាត់ចែងផ្ដាច់មុខរបស់លោក ហ៊ុន សែន ដើម្បីឱ្យកម្ពុជាបន្តដឹកនាំតពូជរាប់ជំនាន់ទៅមុខទៀត ក៏ត្រូវបានគេមើលឃើញថា កំពុងធ្វើឱ្យប៉ះពាល់កាន់តែខ្លាំងដល់វិស័យអប់រំដែរ។ ការរៀបចំដឹកនាំតពូជនៅកម្ពុជានេះ នឹងធ្វើឱ្យកូនចៅពលរដ្ឋក្រីក្រនិងកសិករ កាន់តែបាក់ទឹកចិត្ត ក្នុងការសិក្សា ពីព្រោះពួកគេនឹងយល់ថា ទោះជាខំប្រឹងរៀនសូត្របានខ្ពង់ខ្ពស់ ក៏ពិបាកនឹងទទួលបានឱកាសអាចឡើងធ្វើមន្ត្រីកាន់តំណែងសំខាន់ៗ នោះឡើយ ប្រសិនបើពួកគេគ្មានខ្សែគ្មានខ្នង ដែលឪពុកម្ដាយជាថ្នាក់ដឹកនាំនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
YES…let start to put Vietnamese language to all young Cambodian