ដោយ ថា ថៃ
2023.08.21
RFA

ព្រះមហាក្សត្រ ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី យាងជាអធិបតីក្នុងសម័យប្រជុំដំបូង នៃរដ្ឋសភា នីតិកាលទី៧ នៅថ្ងៃទី២១ សីហា ២០២៣។ រូប៖ តេឡេក្រាមលោក ហ៊ុន សែន
ព្រះមហាក្សត្រខ្មែរចេញព្រះរាជសារអំពាវនាវឱ្យរដ្ឋសភា និងរដ្ឋាភិបាលអាណត្តិទី៧ ដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយបង្រួបបង្រួមផ្សះផ្សាជាតិ និងប្រកាន់ភ្ជាប់នូវព្រហ្មវិហារធម៌ ៤យ៉ាងរបស់សាសនាព្រះពុទ្ធ។ ព្រះរាជសារអំពាវនាវនេះធ្វើឡើងក្នុងពេលព្រះអង្គធ្វើជាព្រះរាជប្រធានកិច្ចប្រជុំរដ្ឋសភាអាណត្តិថ្មីនេះ លើកដំបូងនៅព្រឹកថ្ងៃទី២១ សីហា។ មន្ត្រីបក្សប្រឆាំងនិងអ្នកវិភាគលើកឡើងថា ការអំពាវនាវរបស់ព្រះមហាក្សត្រនេះដោយសារព្រះអង្គមើលឃើញពីការបែកបាក់របស់អ្នកនយោបាយខ្មែរ ដែលនឹងធ្វើឱ្យអន្តរាយដល់ប្រទេសជាតិ។
ព្រះមហាក្សត្រ ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី មានព្រះរាជបន្ទូលនៅក្នុងពេលធ្វើជាប្រធាន នៃសម័យប្រជុំសភាលើកដំបូង ដោយរំពឹងថា រដ្ឋាភិបាលអាណត្តិថ្មីនឹងទទួលបានការទុកចិត្តពីរដ្ឋសភា ដើម្បីអភិវឌ្ឍន៍ និងពង្រឹងប្រព័ន្ធការពារសង្គមដែលមានវិសាលភាពគ្របដណ្ដប់លើពលរដ្ឋគ្រប់រូប។ ព្រះអង្គបន្តថា ប្រការនេះដើម្បីធានាអត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការលើកកម្ពស់សីលធម៌សម្រាប់ភាពសុខដុមនៃសង្គមជាតិ។ ព្រះអង្គមានព្រះរាជបន្ទូលទៀតថា ដើម្បីសម្រេចភារកិច្ចនេះ កម្ពុជាត្រូវមានឯកភាព និងសាមគ្គីភាពខ្ពស់ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ។
សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី៖ «និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤ គឺមេត្តា ករុណា មុទិតា និងឧបេក្ខា ។ នៅក្នុងឱកាសដ៏ឧត្ដុង្គឧត្ដមនេះខ្ញុំសូមប្រសិទ្ធពរ សូមរដ្ឋសភានីតិកាលទី៧ មានដំណើរការល្អ និងអនុវត្តតួនាទីរបស់ខ្លួន ប្រកបដោយមនសិការទទួលខុសត្រូវ ដើម្បីទទួលបានជោគជ័យថ្មីៗថែមទៀត ជាឧត្ដមប្រយោជន៍រួមជូនជាតិមាតុភូមិ»។
ព្រះអង្គមានព្រះរាជបន្ទូលបែបនេះ នៅចំពោះមុខលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អតីតប្រធានរដ្ឋសភាលោក ហេង សំរិន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងសមាជិកសភាគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច សរុប ១២៥រូប ក្នុងសម្លៀកបំពាក់អាវកុតពណ៌សសំពត់ចងក្បិនពណ៌ស្លាទុំ នៅក្នុងរដ្ឋសភានៅព្រឹកថ្ងៃទី២១ សីហា។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន មានប្រសាសន៍ថា ការដែលព្រះមហាក្សត្រមានព្រះបន្ទូលបែបនេះ គឺដើម្បីណែនាំដល់រដ្ឋាភិបាលថ្មី និងសមាជិកសភាអាណត្តិទី៧ដែលកើតចេញពីការបោះឆ្នោតបង្គ្រប់កិច្ចនេះ ឱ្យងាកមកដើរតាមគន្លងប្រជាធិបតេយ្យឡើងវិញ ដើម្បីផលប្រយោជន៍រួមរបស់សង្គមជាតិ។ បន្ថែមពីនេះលោកថា ព្រះមហាក្សត្រក៏ទំនងមិនពេញចិត្តនឹងការដឹកនាំរបស់រដ្ឋាភិបាលឯកបក្សកន្លងទៅដែរ ដែលតែងធ្វើទុក្ខបុកម្នេញមកលើអ្នកដែលមានមតិផ្ទុយ និងក្រុមគណបក្សប្រឆាំង។
លោក អ៊ុំ សំអាន៖ «លោកដូចថាមានការឈឺចាប់ចំពោះភាពអយុត្តិធម៌នៅក្នុងសង្គមចំពោះប្រជាពលរដ្ឋ។ អ៊ីចឹងបានលោកដាស់តឿនឱ្យតំណាងរាស្ត្រហ្នឹងចេះឈឺឆ្អាល ឬមានព្រហ្មវិហារធម៌ចំពោះប្រជាពលរដ្ឋ។ បញ្ហាទី២លោកឃើញថា វិបត្តិនយោបាយនៅកម្ពុជាហ្នឹងកាន់តែធ្ងន់ធ្ងរទៅ ហើយរៀបចំការបោះឆ្នោតក្លែងក្លាយវា ២ដងហើយ ឆ្នាំ២០១៨ម្ដងឥឡូវ២០២៣ម្ដងទៀត។ អ៊ីចឹងលោកយល់ថា ប្រជាធិបតេយ្យនឹងការគោរពសិទ្ធិមនុស្សនឹងគឺកាន់តែដុនដាបនៅកម្ពុជា»។
ទាក់ទងនឹងបញ្ហានេះអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីថា ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រនេះជាសារដាស់ទៀនទូទៅដល់ពលរដ្ឋគ្រប់មជ្ឈដ្ឋាន គឺពុំមែនសំដៅលើរដ្ឋាភិបាល ឬរដ្ឋសភាអាណត្តិថ្មីនោះទេ។ ទោះយ៉ាងណាលោកថា ការបង្រួបបង្រួមជាតិបានអាស្រ័យលើអកប្បកិរិយារបស់ក្រុមគណបក្សប្រឆាំង។
លោក សុខ ឥសាន៖«ពីព្រោះគណបក្សប្រជាជនហើយដែលជាអ្នកលើកនូវនយោបាយបង្រួបបង្រួមជាតិតាំងពីទសវត្សឆ្នាំ១៩៨០មកម៉្លេះ ។ ក៏ប៉ុន្តែដោយសារមហិច្ឆតារបស់ពួកគណបក្សប្រឆាំងដែលតែងតែលើកឡើងថា ខ្លួនឯងជាអ្នកប្រជាធិបតេយ្យ ក៏ប៉ុន្តែខ្លួនឯងប្រព្រឹត្តអំពើអនាធិបតេយ្យជារៀងរហូត»។
បើទោះបីជាអ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ ខំប្រឹងនិយាយការពាររដ្ឋាភិបាលយ៉ាងណាក៏ដោយ ក៏ប៉ុន្តែហាក់ខុសស្រឡះពីការពិត។ កាលពីឆ្នាំ២០១៧តុលាការក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិចោល ដែលអ្នកវិភាគមើលឃើញថា ដោយសារ លោក ហ៊ុន សែន ព្រួយបារម្ភខ្លាចចាញ់ឆ្នោត។ កន្លងទៅប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក៏តែងរកច្រកវិលចូលស្រុកវិញម្ដងហើយម្ដងទៀត ដើម្បីដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា ប៉ុន្តែត្រូវបានលោក ហ៊ុន សែន រារាំង។ បន្ថែមពីនេះ ក្រុមមេដឹកនាំបក្សប្រឆាំងក៏តែងអំពាវនាវសុំឱ្យមានការសម្របសម្រួលនយោបាយដែរ ក៏ប៉ុន្តែត្រូវបានលោក ហ៊ុន សែន ច្រានចោល។
ជុំវិញរឿងនេះអ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា ការដែលលោក ហ៊ុន សែនធ្វើបែបនេះ ដើម្បីងាយស្រួលផ្ទេរអំណាចតពូជរបស់លោក។ ចំណែកការអំពាវនាវរបស់ព្រះមហាក្សត្រវិញ លោក គឹម សុខ មើលឃើញថា ដោយសារ ព្រះអង្គព្រួយបារម្ភពីហានិភ័យនៃទណ្ឌកម្មពីសហគមន៍អន្តរជាតិនៅពេលខាងមុខ ដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋក្រីក្រ។
លោក គឹម សុខ៖ «រដ្ឋាភិបាលនិងរដ្ឋសភាខុសច្បាប់នេះប្រឈមធំណាស់នឹងប្រតិកម្មរបស់សហគមន៍អន្តរជាតិប្រតិកម្មរបស់ពលរដ្ឋដែលនឹងតវ៉ាទូទាំងពិភពលោក។ ហើយប្រឈមទៅនឹងវិបត្តិទាំងសេដ្ឋកិច្ច និងវិបត្តិសង្គម ភាពក្រីក្រការអត់ការងារធ្វើក៏នឹងកើតឡើង។ វិបត្តិទាំងអស់នេះធ្វើឱ្យប្រទេសខ្មែរយើងខ្សោយ ព្រះអង្គដឹងអ៊ីចឹងហើយបានជាព្រះអង្គអំពាវនាវ ហើយសមត្ថកិច្ចរបស់ព្រះអង្គអត់មានអ្វីក្រៅពីការអំពាវនាវទេ»។
ក្រោយពេលព្រះមហាក្សត្រផ្ដល់ព្រះរាជឱវាទក្នុងអំឡុងបើកសម័យប្រជុំលើកដំបូងនៃរដ្ឋសភាអាណត្តិទី៧នេះហើយ ព្រះអង្គក៏បានថតរូបជាមួយសមាជិកសភាទាំង១២៥រូបនៅមុខរដ្ឋសភាជាតិផងដែរ។
លទ្ធផលការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដែលគ្មានគណបក្សប្រឆាំងចូលរួមប្រកួតប្រជែងកាលពីថ្ងៃទី២៣ កក្កដា កន្លងទៅ បង្ហាញថា គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ទទួលបាន១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិច របស់ព្រះអង្គម្ចាស់ នរោត្ដមចក្រាវុធ ទទួលបាន៥អាសនៈ។ទោះជាយ៉ាងណា សហគមន៍ជាតិនិងអន្តរជាតិ ចាត់ទុកថា ជាការបោះឆ្នោតក្លែងក្លាយ ខ្វះភាពស្របច្បាប់ និងគ្មានយុត្តិធម៌ត្រឹមត្រូវ ដោយសារផាត់ចោលគណបក្សភ្លើងទៀន ហើយគ្រាន់តែល្បែងនយោបាយឆ្ពិនភ្នែករបស់លោក ហ៊ុន សែន ដើម្បីផ្ទេរអំណាចតពូជដែលស្តែងឲ្យឃើញស្រាប់៕
ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
the king will have no country to call this is my king dump