ដោយ មាន ឫទ្ធិ
2023.08.21
RFA

ក្រុមតំណាងរាស្ត្រ ១២៥រូប ក្នុងសម័យប្រជុំដំបូងរបស់រដ្ឋសភានីតិកាលថ្មី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុករដ្ឋសភា
អ្នកតាមដានស្ថានភាពនយោបាយ និងមន្ត្រីបក្សប្រឆាំង ចាត់ទុកការបើកសម័យប្រជុំដំបូងរបស់រដ្ឋសភានីតិកាលថ្មីថា ជាសម័យប្រជុំមួយគ្មានតម្លៃ ដោយសារធ្វើឡើង ដើម្បីបង្គ្រប់កិច្ចតាមការចង់បានរបស់លោក ហ៊ុន សែន។ ពួកគេព្រមានថា នៅក្រោយពីមានការប្រកាសពីសុពលភាពរដ្ឋសភានិងរដ្ឋាភិបាលថ្មីរួច ទណ្ឌកម្មបន្ថែមពីសហគមន៍អន្តរជាតិ ក៏នឹងធ្លាក់មកលើកម្ពុជាដែរ ដើម្បីឆ្លើយតបទៅនឹងការបោះឆ្នោតខុសច្បាប់។
ក្រុមតំណាងរាស្ត្រ ១២៥រូប ដែលកើតចេញពីការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ដែលសហគមន៍អន្តរជាតិលោកសេរីនាំគ្នាប្រតិកម្មថា ជាការបោះឆ្នោតខុសច្បាប់ និងមិនស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ បានចូលរួមក្នុងពិធីបើកសម័យប្រជុំដំបូងរដ្ឋសភាក្នុងអាណត្តិថ្មី ស្ថិតក្រោមវត្តមានព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី។
អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស មើលឃើញថា វាជារឿងធម្មតា ពីព្រោះតាមផ្លូវច្បាប់ រដ្ឋសភាត្រូវបើកសម័យប្រជុំដំបូងរបស់ខ្លួន ដោយមានវត្តមានយាងចូលរួមធ្វើជាអធិបតីពីព្រះមហាក្សត្រ។ ប៉ុន្តែលោកថា តើរដ្ឋសភាបើកដំណើរការស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យឬអត់ គឺអាស្រ័យលើការវាយតម្លៃពីការបោះឆ្នោតប៉ុណ្ណោះ។
លោក កន សាវាង្ស៖ «ហើយទាក់ទងនឹងដំណើរការបោះឆ្នោត តើវាឆ្លើយតបទៅនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដែរឬទេ? ហើយបើយើងនិយាយពីគោលការណ៍នៃសភាហ្នឹង ដំណើរការហ្នឹង វាឆ្លើយតបទេ? អ៊ីចឹង! អ្វីដែលខ្ញុំចង់និយាយហ្នឹង គឺវានៅត្រង់ថា ដំណើរការ វាទៅតាមដំណាក់កាលវា ប៉ុន្តែដំណាក់កាលមួយៗ វាអាស្រ័យទៅលើការវាយតម្លៃថា តើវាស្របតាមគោលការណ៍ប៉ុណ្ណា អាហ្នឹងវាអាស្រ័យលើការវាយតម្លៃ ហើយសកម្មភាពដែលបានធ្វើ»។
ការលើកឡើងរបស់មន្រ្តីសង្គមស៊ីវិលនេះ ធ្វើឡើងស្របពេលគេមើលឃើញថា ក្បាលម៉ាស៊ីនដឹកនាំស្ថាប័នកំពូលទាំងបីរបស់ជាតិ ដូចជាព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាល នៅក្នុងអាណត្តិថ្មីនេះ គឺធ្វើឡើងតាមការចាត់ចែងរបស់លោក ហ៊ុន សែន តែម្នាក់ឯងប៉ុណ្ណោះ និងគ្មានការឯកភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាឡើយ។ បន្ទាប់ពីផ្ទេរតំណែងនាយករដ្ឋមន្ត្រីឱ្យកូនប្រុសគឺលោក ហ៊ុន ម៉ាណែត លោក ហ៊ុន សែន ក៏បានប្រកាសតែងតាំងខ្លួនលោក ត្រៀមឡើងធ្វើជាប្រធានព្រឹទ្ធសភា បន្ទាប់មកក៏ប្រកាសឱ្យលោកស្រី ឃួន សុដារី ជាមនុស្សជំនិតឡើងធ្វើជាប្រធានរដ្ឋសភា។
ជាមួយគ្នានេះ ការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ត្រូវអង្គការសហប្រជាជាតិ និងក្រុមប្រទេសលោកសេរី រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអូស្ត្រាលីជាដើម ចាត់ទុកថា ជាការបោះឆ្នោតខុសច្បាប់ ដោយសារធ្វើឡើងមិនស្របតាមស្តង់ដារលទ្ធិប្រជាធិបតេយ្យ។ ការចាត់ទុកនេះ ដោយសារនៅមុនការបោះឆ្នោត រដ្ឋាភិបាលលោក ហ៊ុន សែន បានរារាំងគណបក្សប្រឆាំងមិនឱ្យចូលរួមការបោះឆ្នោត រួមទាំងការធ្វើទុក្ខបុកម្នេញគ្រប់រូបភាពលើសកម្មជន និងមន្ត្រីគណបក្សប្រឆាំង សង្គមស៊ីវិល និងស្ថាប័នសារព័ត៌មានឯករាជ្យ។
អ្នកនាំពាក្យគណបក្សភ្លើងទៀនលោក គីមសួរ ភីរិទ្ធ មិនចាប់អារម្មណ៍ពីដំណើរការបើកសម័យប្រជុំដំបូងរបស់រដ្ឋសភានេះដែរ ពីព្រោះលោកថា ការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ធ្វើឡើងមិនស្របតាមមូលដ្ឋានគ្រឹះ នៃរបបលទ្ធិប្រជាធិបតេយ្យឡើយ ដោយសារគណបក្សភ្លើងទៀនជាគណបក្សប្រឆាំងអាចប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច មិនអាចចូលរួមការបោះឆ្នោត។
លោក គីមសួរ ភីរិទ្ធ៖ «រដ្ឋាភិបាលមួយដែលវាល្អត្រឹមត្រូវ ហើយអបអរសាទរពីប្រជាពលរដ្ឋ លុះណាតែវាកើតចេញពីការបោះឆ្នោត។ តម្លៃនៃការបោះឆ្នោត វាធ្វើឱ្យតម្លៃនៃការបង្កើតរដ្ឋាភិបាល បង្កើតស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ក៏មានតម្លៃខ្ពស់តាមហ្នឹងដែរ»។
ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានទេ នៅថ្ងៃទី២១ សីហា។
អ្នកវិភាគនយោបាយលោក គឹម សុខ មើលឃើញថា ការបើកសម័យប្រជុំដំបូងរបស់រដ្ឋសភានៅពេលនេះ ធ្វើឡើងតាមការបង្ខំរបស់លោក ហ៊ុន សែន ប៉ុណ្ណោះ ក្នុងនោះ រាប់តាំងពីលោក ហ៊ុន សែន បានបង្ខំឱ្យគណបក្សប្រជាជនកម្ពុជា ទទួលស្គាល់កូនប្រុសជាបេក្ខភាពនាយករដ្ឋមន្ត្រី បង្ខំឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រៀបចំការបោះឆ្នោតបែបបង្គ្រប់កិច្ច និងចុងក្រោយបង្ខំព្រះមហាក្សត្រឱ្យយាងធ្វើរាជាធិបតីបើកសម័យប្រជុំដំបូងរដ្ឋសភា ដើម្បីឱ្យជួយលើកមុខលើកមាត់ការផ្ទេរអំណាចខុសច្បាប់របស់លោក។
លោក គឹម សុខ៖ «បង្ខំឱ្យចេញលទ្ធផលបោះឆ្នោតតាមពេលវេលាដែលគាត់ (ហ៊ុន សែន) ចង់បានរួចមក គាត់រៀបចំឱ្យមានការប្រជុំសភា តាមដែលគាត់ចង់បាន បង្ខំព្រះមហាក្សត្រឱ្យធ្វើជាអធិបតី ជួយលើកមុខលើកមាត់អំណាចនៃក្រុមគ្រួសាររបស់គាត់ ដែលខុសច្បាប់ និងតំណែងខុសច្បាប់របស់កូនគាត់ បង្ខំបង្កើតរដ្ឋាភិបាលទាំងប្រញាប់ប្រញាល់ គឺបង្ខំមែនទែន»។
អ្នកវិភាគរូបនេះបន្តថា រដ្ឋសភាអាណត្តិទី៧ នេះ គ្រាន់តែមានរូបភាពពហុបក្ស ដោយសារមានសមាជិក ៥រូប មកពីគណបក្សហ៊្វុនស៊ិនប៉ិច ប៉ុន្តែខ្លឹមសារ នៅតែជារដ្ឋសភាឯកបក្សដដែល។ លោកបន្ថែមថា នៅក្រោយពីរដ្ឋសភាថ្មីនិងរដ្ឋាភិបាលថ្មីដំណើរការ សហគមន៍អន្តរជាតិ ក៏នឹងចាប់ផ្ដើមទណ្ឌកម្មបន្ថែមទៀតដែរ បន្ទាប់ពីសហរដ្ឋអាមេរិកបានចាប់ផ្ដើមដាក់ទណ្ឌកម្មជាជំហានខ្លះរួចហើយ កាលពីពេលថ្មីៗ នេះ ដូចជា រឹតបន្តឹងទិដ្ឋាការ ឬវីសាមិនឱ្យមន្ត្រីកម្ពុជាមួយចំនួនជាន់ទឹកដីអាមេរិក និងការផ្អាកផ្ដល់ជំនួយអភិវឌ្ឍក្នុងមួយឆ្នាំ ១៨លានដុល្លារជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
as I used to say HUN SEN always walking naked ,but I’m wonder why all Cambodian can not see what happen ???????????????? in the future I can tell if Cambodia still in the world map that will be every strange