០៨ កញ្ញា ២០២៣
ហ៊ុល រស្មី
វីអូអេខ្មែរ

ភ្នំពេញ — ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនបានស្នើសុំជួបពិភាក្សាជាមួយរដ្ឋមន្ត្រីមហាផ្ទៃ លោក ស សុខា ទាក់ទងនឹងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ ដើម្បីបានចូលរួមការបោះឆ្នោតនៅពេលខាងមុខ។
ក្នុងលិខិតមួយច្បាប់ដាក់ជូនក្រសួងមហាផ្ទៃដែលវីអូអេទទួលបាននាពេលថ្មីៗនេះ គណបក្សភ្លើងទៀនពន្យល់ថា គណបក្សបានបាត់ច្បាប់ដើមនៃប្រកាសលេខ ១៩៣ ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ ១៩៩៨ របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ ជាហេតុធ្វើឱ្យ គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត មិនឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោត ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នាអាណត្តិបន្តបន្ទាប់ខាងមុខ ប្រសិនបើគណបក្សនេះមិនមានឯកសារដើមបញ្ជាក់ការចុះបញ្ជីនៅក្រសួងមហាផ្ទៃ។
លិខិតដែលចុះហត្ថលេខាដោយប្រធានស្តីទីគណបក្សភ្លើងទៀន លោក សុក ហាច លើកឡើងថា៖ «ដោយហេតុនេះថ្នាក់ដឹកនាំគណបក្សភ្លើងទៀនមានបំណងជួប…រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជួយផ្តល់ដំណោះស្រាយពាក់ព័ន្ធឯសារលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដើម្បីគណបក្សភ្លើងទៀនយកមកប្រើប្រាស់ក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោត ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាបន្តបន្ទាប់នៅពេលខាងមុខ»។
គណបក្សភ្លើងទៀនដែលជាគណបក្សជំទាស់ធំមួយក្នុងប្រទេសកម្ពុជា ត្រូវបានស្ថានប័នជាតិរៀបចំការបោះឆ្នោតផាត់ចេញពីការបោះឆ្នោតជាតិខែកក្កដាកន្លងទៅ ដោយសារគ្មានឯកសារដើមបញ្ជាក់ពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ សម្រាប់ចូលរួមប្រកួតប្រជែងការបោះឆ្នោត។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីម សួរភិរិទ្ធ បញ្ជាក់ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា គណបក្សមានបំណងចូលរួមការបោះឆ្នោតនៅពេលខាងមុខ ដើម្បីរួមចំណែកទ្រទ្រង់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
លោកថ្លែងថា៖ «ដោយសារក្រសួងមហាផ្ទៃបានបញ្ជាក់យើងរួចហើយ តាមលិខិតបញ្ជាក់ ០៤៣ថា យើងជាគណបក្សដែលបានចុះបញ្ជីស្របច្បាប់។ អ៊ីចឹងយើងបង្កើតគណបក្ស ជាទូទៅគណបក្សណាក៏ដោយចង់ចូលរួមការបោះឆ្នោត»។
លោកបន្ថែមថា៖ «អ៊ីចឹងបើយើងចូលរួមអត់បានដោយសារកង្វះអាហ្នឹង មហាផ្ទៃដែលជាក្រសួងអាណាព្យាបាលលើគណបក្សនយោបាយ ត្រូវតែចូលរួមគិតគូរដោះស្រាយ រកវិធីដែលអាចឱ្យគណបក្សនោះចូលរួមប្រកួតប្រជែង ពីព្រោះនៅក្នុងសង្គមប្រជាធិបតេយ្យ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការចូលរួមពីគ្រប់ភាគីនយោបាយដែលពាក់ព័ន្ធទាំងអស់ គឺជារឿងសំខាន់ជាពិសេស គឺគណបក្សនយោបាយណាដែលមានការគាំទ្រពីប្រជាពលរដ្ឋ»។
បើតាមលោក គីម សួរភិរិទ្ធ គណបក្សភ្លើងទៀនមានភាពស្របច្បាប់ត្រឹមត្រូវ ព្រោះគណបក្សជំទាស់មួយនេះនៅតែមានលទ្ធភាពបន្តសកម្មភាពរបស់ខ្លួនក្នុងប្រទេស ហើយបើសិនជារដ្ឋាភិបាលយល់ថា គណបក្សនេះគ្មានភាពស្របច្បាប់ ក្រសួងមហាផ្ទៃអាចប្រកាសបដិសេធគណបក្សនេះចោល។
វីអូអេមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានទេនៅថ្ងៃសុក្រនេះ។
អ្នកវិភាគនយោបាយ លោក សេង សារី ប្រាប់វីអូអេថា ក្រសួងមហាផ្ទៃក្រោមការដឹកនាំរបស់លោក ស សុខា នឹងមិនផ្តល់លិខិតបញ្ជាក់នៃការចុះបញ្ជីគណបក្សភ្លើងទៀននៅក្រសួងនោះទេ ព្រោះលោក ស សុខា មិនអាចអារកាត់រឿងនេះតែឯងបានទេ ហើយគណបក្សកាន់អំណាចក៏មិនចង់ឃើញមានវត្តមានគណបក្សនេះលើឆាកនយោបាយកម្ពុជាផងដែរ។
លោកថ្លែងថា៖ «លោក ស សុខា មិនមានសិទ្ធិអីនៅក្នុងការសម្រេចរឿងនេះទេ។ រឿងនេះ ខ្ញុំមើលទៅពួកគាត់នឹងសួរទៅមនុស្សជំនាស់ចាស់របស់ខ្លួន ហើយយើងដឹងហើយថា រដ្ឋាភិបាលថ្មី គណរដ្ឋមន្ត្រីថ្មីនេះគឺធ្វើកិច្ចការងារទាំងអស់ហ្នឹងមិនមែនដោយគំនិតខ្លួនឯងទេ។ ពួកគាត់គ្រាន់តែជាអាយ៉ងនៃអ្នកនយោបាយជំនាន់ចាស់របស់គណបក្សប្រជាជនតែប៉ុណ្ណោះ»។
លោកបន្ថែមថា ក្រសួងមហាផ្ទៃនឹងមិនអើពើនឹងការចេញលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនេះទេ ហើយគណបក្សជំទាស់មួយនេះនឹងលែងដំណើរការដោយខ្លួនឯង ពេលមិនអាចចូលរួមការបោះឆ្នោត៕
Registration certificate, why is it so difficult to get the required document to participate in the election? We all live by the law and order, just comply with it and all things will go smoothly as we do in our society, that is the reason we have the law and order. And you have the option also, if you don’t like the law and order, you can always take the case to court and that avenue is available for any citizen to exercise their rights.
Learn the lesson, and comply with it in the next election time, if there is the next time of the party exists.