តើ​ប្រព័ន្ធ​តុលាការ​អាច​នឹង​ត្រូវ​ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ ដូច​សម័យ​លោក ហ៊ុន សែន ដែរ​ឬ​យ៉ាងណា?

ដោយ ជីវិតា
2023.09.10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តើ​ប្រព័ន្ធ​តុលាការ​អាច​នឹង​ត្រូវ​ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ ដូច​សម័យ​លោក ហ៊ុន សែន ដែរ​ឬ​យ៉ាងណា ?

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ តេឡេក្រាមលោក ហ៊ុន ម៉ាណែត


កេរដំណែល​ដ៏​អាក្រក់​មួយ​ដែល​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន បាន​បន្សល់ទុក ក្រោយ​ពេល​លោក​គ្រប់គ្រង​កម្ពុជា​ជិត ៤​ទសវត្សរ៍​មក គឺ​តុលាការ​មិន​ឯករាជ និង​ពុករលួយ​ផ្នែក​នយោបាយ ដែល​បង្ក​ឱ្យ​មាន​ភាព​អយុត្តិធម៌​សង្គម និង​ការ​បែកបាក់​ឯកភាព​ជាតិ។

តើ​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន នោះ មាន​ឆន្ទៈ នឹង​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ឱ្យ​ល្អ​ប្រសើរ​ជាង​ឪពុក​របស់​លោក​ឬទេ? តើ​ក្នុង​១០០​ថ្ងៃ​ដំបូង​នៃ​ការ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែ​ត គួរ​ធ្វើ​អ្វីខ្លះ?

គិត​ត្រឹម​ឆ្នាំ​១៩៩៣ មក​ដល់​ឆ្នាំ​២០២៣ អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ដឹកនាំ​កម្ពុជា​ពី​របប​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ទៅជា​របប​ដឹកនាំ​រដ្ឋ​បែប​ឯក​បក្ស ដែល​គណបក្ស​កាន់​អំណាច​របស់​លោក​មាន​ឥទ្ធិពល​ខ្លាំង​ឡើងៗ​លើ​ស្ថាប័ន​តុលាការ។

មន្ត្រី​តុលាការ​ចាប់ពី​ក្រឡា​បញ្ជី​រហូត​ដល់​ប្រធាន​គ្រប់​ជាន់ថ្នាក់​ត្រូវ​បង្ខំ​ឱ្យ​ចូល​ជា​សមាជិក​បក្ស​កាន់អំណាច ដែល​ធ្វើ​ឱ្យ​ពួកគេ​មិនអាច​បំពេញការងារ​ប្រកបដោយ​ឯករាជ អព្យាក្រឹត្យ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ ជាក់ស្ដែង អតីត​ប្រធាន​តុលាការ​កំពូល លោក ឌិត មន្ទីរ ដែល​បាន​ដឹកនាំ​សវនាការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ កាលពី​ឆ្នាំ​២០១៧​នោះ គឺជា​សមាជិក​ជាន់ខ្ពស់​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។

«តុលា​ការដែល​មិនអាច​ផ្ដល់​យុត្តិធម៌​ជូន​ជន​ក្រីក្រ»

អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៥ លោក សុរិយា ស៊ូប៊េឌី (Surya Subedi) វាយតម្លៃ​ថា តុលាការ​កម្ពុជា​មិន​អាច​ផ្ដល់​យុត្តិធម៌​គ្រប់គ្រាន់​ដល់​ជន​ក្រីក្រ​បាន​ឡើយ។ លោក​បញ្ជាក់​ថា ចៅក្រម​កម្ពុជា​ជា​ច្រើន​រូប​មានការ​ប្ដេជ្ញាចិត្ត​ល្មម​សម​បង្គួរ​ដែរ​ក្នុង​ការ​ចេញ​សេចក្ដីសម្រេច​ប្រកបដោយ​ភាព​ត្រឹមត្រូវ​តាមច្បាប់​។​

​ប៉ុន្តែ​លោក​ថា កិច្ចការ​របស់​ពួក​ចៅក្រម​ទាំងនោះ ត្រូវ​បាន​ជ្រៀតជ្រែក​ដោយ​កត្តា​ពី​ខាងក្រៅ ធ្វើ​ឱ្យ​ការ​តាំង​ចិត្ត​ផ្ដល់​យុត្តិធម៌​របស់​ពួកគេ​រាំងស្ទះ និង​រលាយ​សាបសូន្យ។

លោក សុរិយា ស៊ូប៊េឌី ថា ម្ដង​ហើយ​ម្ដងទៀត តុលាការ​កម្ពុជា​ត្រូវ​បាន​ប្រើប្រាស់​ជា​ឧបករណ៍​របស់​ស្ថាប័ន​នីតិប្រតិបត្តិ ឬ​រដ្ឋាភិបាល​។ លោក​ថា សកម្មជន​ការពារ​ដីធ្លី និង​សកម្មជន​បក្ស​ប្រឆាំង​ត្រូវ​បាន​ចាប់ខ្លួន និង​កាត់ទោស​ភ្លាមៗ​ទាំង​ក្រុមៗ ដាក់​ពន្ធនាគារ​ដោយ​គ្មាន​ឆ្លង​កាត់​នីតិវិធី​ត្រឹមត្រូវ។

subedi.jpg
អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត នា​មុខ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ​២០១៣។ RFA/Leng Maly

លោក សុរិយា ស៊ូប៊េឌី៖ «នៅ​កម្ពុជា ប្រសិនបើ​អ្នកជា​ជន​ក្រីក្រ អ្នកជា​ជន​ទន់ខ្សោយ ហើយ​អ្នក​ត្រូវ​គេ​បណ្ដេញ​ចេញពី​ដីធ្លី​របស់​អ្នក ពេល​នោះ​អ្នក​ហាក់​មាន​ឱកាស​តិចតួច​ណាស់ ដើម្បី​ទទួល​បាន​សំណង​ទូទាត់ តាមរយៈ​យន្តការ​រដ្ឋបាល​គ្រប់គ្រង​ដីធ្លី ឬ​តាម​តុលាការ។ ការ​ខ្វះ​ភាព​ឯករាជ​នៃ​ប្រព័ន្ធ​តុលាការ គឺជា​ឧបសគ្គ​ចម្បង​សម្រាប់​ឱ្យ​មាន​យុត្តិធម៌ និង​បរិយាបន្ន​សង្គម ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ប៉ងប្រាថ្នា»។

លោក ស៊ូប៊េឌី បន្ត​ថា ជា​ញឹកញាប់ លោក​បាន​ស្នើ​សុំ​ឱ្យ​មាន​ការ​ធ្វើ​កំណែទម្រង់ ប្រព័ន្ធ​តុលាការ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើម្បី​ឱ្យ​មាន​យុត្តិធម៌​សង្គម ប៉ុន្តែ​វិបត្តិ​តុលាការ​មិន​ឯករាជ​នៅតែ​កើតមាន​ដដែល។

ទោះជា​យ៉ាងណា សម័យ​លោក ហ៊ុន សែន បាន​កន្លង​ផុត​ហើយ រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បាន​បន្ត​ពី​ឪពុក​របស់​លោក។ សហគមន៍​ជាតិ​និង​អ្នក​អន្តរជាតិ កំពុង​សម្លឹង​មើល​ថា តើ​លោក ហ៊ុន ម៉ាណែត ហ៊ាន​បំបែក​ឯកត្តកម្ម ស្រាយ​ចំណង​តុលាការ ឱ្យ​ស្ថាប័ន​កំពូល​ដែល​សម្រាប់​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​មួយ​នេះ រួច​ផុត​ពី​ក្រញាំ​នយោបាយ ដែល​ឪពុក​របស់​លោក​បាន​ចង​នោះ​ឬទេ?

អ្នក​តាមដាន​កិច្ចការ​តុលាការ​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​យន្តការ​តុលាការ ត្រូវ​បាន​ប្រើប្រាស់​ជា​អាវុធ​យ៉ាង​មាន​ប្រសិទ្ធភាព ដើម្បី​បង្ក្រាប​លើ​ពលរដ្ឋ​ទន់ខ្សោយ និង​អ្នកនយោបាយ​បក្ស​ប្រឆាំង។

មន្ត្រី​ទទួលបន្ទុក​សិទ្ធិមនុស្ស និង​ធុរកិច្ច​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វ៉ាន់ សុផាត បារម្ភ​ពី​ប្រព័ន្ធ​យុត្តិធម៌​នៅ​ថ្ងៃមុខ ថា តើ​នាយករដ្ឋមន្ត្រី​ថ្មី លោក ហ៊ុន ម៉ាណែត នឹង​នៅ​តែ​បន្ត​ប្រើប្រាស់​តុលាការ​ជា​អាវុធ ដូច​ឪពុក​របស់​លោក ដើម្បី​បង្ក្រាប​សម្លេង​ប្រឆាំង និង​បំបិទមាត់​អ្នក​ការពារ​ដីធ្លី និង​បរិស្ថាន​ឬទេ។

លោក វ៉ាន់ សុផាត៖ «យើង​ក៏​មិនអាច​ទស្សន៍ទាយ​ត្រូវ​ផង​ដែរ​ថា តើ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​នឹង​ត្រូវ​បន្ត​ការ​ប្រើប្រាស់​បំបាក់ស្មារតី​របស់​ប្រជាពលរដ្ឋ​បន្ត​ទៀត ឬ​មាន​ភាព​ប្រសើរ​ឡើង ឬមួយ​ក៏​ធ្ងន់ធ្ងរ​ជាង​នេះ​តទៅទៀត អាហ្នឹង​ក៏​យើង​មិនទាន់​អាច​សន្និដ្ឋាន ថា​យ៉ាងម៉េច​ដែរ​។ ប៉ុន្តែ​គ្រាន់​ថា ឥឡូវនេះ​មាន​យន្តការ​តែមួយ​នេះ​គត់ គឺ​ប្រព័ន្ធ​តុលាការ​ហ្នឹង​ដែល​ជា​យន្តការ​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​បំបាក់ស្មារតី​ប្រជាពលរដ្ឋ និង​សកម្មជន​ដីធ្លី ក៏​ជា​ដូច​សកម្មជន​បរិស្ថាន​ដែរ ក្នុង​ការ​បន្សាប មិន​ឱ្យ​ពួកគាត់​បន្តសកម្មភាព​ក្នុង​ការ​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ ឬក៏​ឱ្យ​មានការ​កំណែ​ទម្រង់​ឱ្យ​មាន​ជីវភាព​ប្រសើរ​ឡើង​ពី​បញ្ហា​ដីធ្លី និង​ធនធាន​ធម្មជាតិ។ ក៏ប៉ុន្តែ​យើង​មាន​ក្ដី​សង្ឃឹម​ថា អ្នក​ដែល​គ្រប់គ្រង​រដ្ឋ​បន្តវេន​នេះ ដែល​សុទ្ធតែ​មាន​ចំណេះដឹង​ជា​ថ្នាក់​បណ្ឌិត សុទ្ធតែ​មកពី​ប្រទេស​មាន​លទ្ធិប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស នឹង​យក​ចំណេះដឹង​ហ្នឹង ដើម្បី​ធ្វើ​កំណែ​ទម្រង់ ជា​ពិសេស កំណែទម្រង់​ប្រព័ន្ធ​តុលាការ សុំ​ឱ្យ​មាន​យុត្តិធម៌​ជូន​ដល់​ពលរដ្ឋ»។

រៀន​នៅ​ប្រទេស​ប្រជាធិបតេយ្យ​ក៏​អាច​ក្លាយជា​ជន​ផ្ដាច់ការ​ដែរ

ទោះជា​យ៉ាងណា មិន​ប្រាកដ​ថា បញ្ញវន្ត​ដែល​បាន​រៀនសូត្រ​នៅ​ប្រទេស​រីក​ចំរើន​ខាង​ប្រជាធិបតេយ្យ អាច​ជា​មេដឹកនាំ​ល្អ ប្រកបដោយ​គុណធម៌ ដូច​ក្ដី​សង្ឃឹម​របស់​លោក វ៉ាន់ សុផាត នោះ​ទេ​។ ជាក់ស្ដែង អតីត​មេដឹកនាំ​ជាន់ខ្ពស់​ក្រហម រួមមាន ប៉ុល ពត អៀង សារី ប្រពន្ធ អៀង សារី អ្នកស្រី អៀង ធាឬទ្ធិ ខៀវ សំផន និង ជួន មុំ ជាដើម សុទ្ធ​សឹង​ជា​និស្សិត​ពី​ប្រទេស​បារាំង។

សម្រាប់​កំរិត​អន្តរជាតិ​វិញ មេដឹកនាំ​ផ្ដាច់ការ​កូរ៉េ​ខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) និង​មេដឹកនាំ​ផ្ដាច់ការ​ប្រទេស​ស៊ីរី លោក បាស្សា អាសាដ (Bashar al-Assad) ក៏​សុទ្ធតែ​បាន​បញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​ប្រជាធិបតេយ្យ​សេរី ផង​ដែរ។

ទោះជា​យ៉ាងណា ក៏​មាន​អ្នក​ទៅ​រៀន​នៅ​ប្រទេស​លោក​សេរី ដូចជា សហរដ្ឋអាមេរិក ច្រើន​រាប់មិនអស់ ពេល​ត្រឡប់​មកវិញ ពួកគេ​ក៏បាន​យក​បទពិសោធន៍​និង​ចំណេះដឹង​ផ្នែក​ប្រជាធិបតេយ្យ​-​នីតិរដ្ឋ ដែល​បាន​រៀនសូត្រ​មក​អនុវត្ត និង​ព្យាយាម​កែទម្រង់ ឬ​កែ​លម្អ​របៀប​ដឹកនាំ​នៅក្នុង​ប្រទេស​របស់​ខ្លួន​ផង​ដែរ ដូចជា មេដឹកនាំ​វ័យក្មេង​នៃ​គណបក្ស​កាវក្លៃ ឬ​គណបក្ស​ឆ្ពោះ​ទៅ​មុខ​នៅ​ប្រទេស​ថៃ លោក ភិថា លិមចារើនរ៉ាត់ន៍ (Pita Limjareounrat) ជា​ឧទាហរណ៍។

pita.jpg
មេដឹកនាំ​គណបក្ស​កាវក្លៃ ឬ​គណបក្ស​ឆ្ពោះ​ទៅ​មុខ​នៅ​ប្រទេស​ថៃ លោក ភិថា លិមចារើនរ៉ាត់ន៍ (Pita Limjareounrat)។ AFP

ងាក​មក​មើល​នាយករដ្ឋមន្ត្រី​ថ្មី វ័យក្មេង​នៅ​កម្ពុជា លោក ហ៊ុន ម៉ាណែត វិញ ការ​រៀនសូត្រ​របស់​លោក​នៅ​បរទេស​ក៏​ខ្លាំង​ណាស់​ដែរ។ លោក​រៀន​ចប់​សាលា​បណ្ឌិត​យោធា West Point និង​អនុបណ្ឌិត​សេដ្ឋកិច្ច​ពី​សាកលវិទ្យាល័យ​ញូវយ៉ក (New York University) នៅ​សហរដ្ឋអាមេរិក និង​ចប់​ថ្នាក់បណ្ឌិត​សេដ្ឋកិច្ច​ពី​សាកលវិទ្យាល័យ​ប្រ៊ីសស្តូល (Bristol) នៃ​ចក្រភព​អង់គ្លេស (United Kingdom) ដែល​ធ្វើ​ឱ្យ​មនុស្ស​ជាច្រើន​សង្ឃឹម​ថា លោក ហ៊ុន ម៉ាណែត អាច​ជា​អ្នកធ្វើ​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​កម្ពុជា​ឱ្យ​ល្អ​ប្រសើរ។

ប៉ុន្តែ​មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​រូប​ដែល​ឃ្លាំមើល​នយោបាយ​កម្ពុជា​អស់​ជាច្រើន​ឆ្នាំ ច្រានចោល​សុទិដ្ឋិនិយម ដែល​លោក​ហៅថា ជា​ក្ដី​សង្ឃឹម​ខុស​នេះ។ លោក ហ្វ៊ីល រ៉ូប៊ឺតសុន (Phil Robertson) នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រាប់​អាស៊ីសេរី​ថា លោក ហ៊ុន ម៉ាណែត ប្រៀប​ដូចជា​ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់ ពីព្រោះ​លោក​មិនដែល​ធ្វើ​អ្វីមួយ​ដែល​បញ្ជាក់​ថា លោក​អាច​ជា​អ្នកធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នោះ​ទេ។

លោក ហ្វ៊ីល រ៉ូប៊ឺតសុន៖ «អ្នកដឹង​ទេ មាន​អ្នក​ការទូត​ខ្លះ និង​មនុស្ស​ជាច្រើន​ផ្សេងទៀត បញ្ចេញមតិ​បែប​ខ្ជិល​ខ្ជីខ្ជា មិន​ចង់​គិត​វែងឆ្ងាយ ថា​លោក ហ៊ុន ម៉ាណែត នឹង​ក្លាយជា​អ្នកធ្វើ​កំណែ​ទម្រង់ ព្រោះ​គាត់​បាន​ទៅ​រៀន​សាកលវិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​។ ប៉ុន្តែ​ចូរ​មើល​ប្រវត្តិ​ការងារ​របស់​គាត់ យើង​មើល​មិន​ឃើញ​សោះ​ថា លោក ហ៊ុន ម៉ាណែត ជា​អ្នកធ្វើ​កំណែទម្រង់ ព្រោះ​យើង​មិនដែល​ឃើញ​លោក​ធ្វើ​អ្វីមួយ​ដែល​ជា​សញ្ញា​នៃ​ការផ្លាស់ប្ដូរ​ចេញពី​របៀប​គ្រប់គ្រង​បែប​បង្ក្រាប និង​គាបសង្កត់​របស់​ឪពុក​គាត់​នោះ​ឡើយ»។

គណបក្សកាន់អំណាច​ប្រើ​ឥទ្ធិពល​លើ​ប្រព័ន្ធ​យុត្តិធម៌

មេធាវី​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណប័ណ្ណ​យល់​ឃើញ​ថា បើ​លោក ហ៊ុន ម៉ាណែត ចង់​ធ្វើ​កំណែ​ទម្រង់​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា​ឱ្យ​ល្អ​ប្រសើរ លោក​ត្រូវ​មាន​សេចក្ដីក្លាហាន ព្រោះ​មនុស្ស​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួល​បាន​ផលប្រយោជន៍​នយោបាយ និង​សេដ្ឋកិច្ច​ពី​តុលាការ​មិន​ឯករាជ មិន​ចង់​ធ្វើ​ផ្លាស់ប្ដូរ​អ្វី​ដែល​កំពុង​មាន​ឡើយ។

លោក​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​អ្នក​សម្រេច​គោល​នយោបាយ និង​កិច្ចការ​ធំ​របស់​បក្ស។ សមាជិក​របស់​គណៈកម្មាធិការ​ក្បាលម៉ាស៊ីន​របស់​បក្ស​នេះ​សុទ្ធ​សឹង​ជា​អ្នក​នយោបាយ​ចាស់វស្សា​របស់​គណបក្ស តែ​ក៏​មាន​លោក ហ៊ុន ម៉ាណែត ដែល​ទើប​ត្រូវ​បញ្ចូល​ឈ្មោះ​ចុងក្រោយ​គេ នៅ​លេខ​រៀង​ទី​៣៦។

ទោះជា​យ៉ាងណា​ក៏​ដោយ​ចុះ លោក ហ្វ៊ីល រ៉ូប៊ឺតសុន អះអាង​ថា លោក ហ៊ុន ម៉ាណែត មិនមែន​ជា​មនុស្ស​ចង់​លើ​កំពស់​សេរីភាព​សារព័ត៌មាន ហើយ​បំបាត់​របប​ផ្ដាច់ការ ដែល​ជា​កេរដំណែល​របស់​ឪពុក​គាត់​ចោល​នោះ​ទេ។ លោក​លើក​ករណី​បិទ​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ​វីអូឌី (VOD) កាលពី​ខែ​កុម្ភៈ ដែល​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ជាមួយ​លោក ហ៊ុន ម៉ាណែត ជា​ឧទាហរណ៍។ លោក​ថា លោក ហ៊ុន សែន បាន​ចេញ​មុខការ​ពារ លោក ហ៊ុន ម៉ាណែត ជ្រុល​ហួស​មិន​សម​ទំនង រហូត​ដល់​បិទ​វិទ្យុ​វីអូឌី ដែល​គ្មាន​កំហុស​បន្ទាប់ពី​វិទ្យុ​នេះ​ផ្សាយ​សម្រង់​សម្ដី​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន រឿង​លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខា​ផ្តល់​ជំនួយ​ថវិកា​ទៅ​ឱ្យ​ប្រទេស​តួកគី។ លោក ហ្វ៊ីល រ៉ូប៊ឺតសុន ថា ពេលនោះ​លោក ហ៊ុន ម៉ា​ណែ​ត គួរ​ចេញមុខ​ឃាត់​លោក ហ៊ុន សែន កុំឱ្យ​វិទ្យុ​បិទ​វីអូឌី។

robertson.jpg
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ផ្ដល់បទសម្ភាសន៍ដល់វិទ្យុ​អាស៊ីសេរី នៅថ្ងៃទី២០ កក្កដា ២០២៣។ RFA

លោក ហ្វ៊ីល រ៉ូប៊ឺតសុន៖ «ពេលនោះ​គាត់​គួរតែ​និយាយ​ទៅ​កាន់​ឪពុក​គាត់​ថា​៖ ពុក ៗ​មិន​ចាំបាច់​បិទ​វិទ្យុ​វីអូឌី​ទេ ពុក​គួរតែ​ទទួលយក​ការ​សុំ​ទោស​របស់​ពួកគេ​ទៅ។ ការ​និយាយ​ប៉ុណ្ណឹង​វា​ជា​រឿង​ងាយស្រួល​ណាស់​សម្រាប់​លោក ហ៊ុន ម៉ាណែត ប៉ុន្តែ​គាត់​មិន​បាន​ធ្វើ​ដូច្នោះ​ទេ។ បញ្ហា​នេះ​ទាក់ទង​នឹង​អត្ថបទ​មួយ​របស់​វីអូឌី​ចេញផ្សាយ​អំពី​តួនាទី​របស់​លោក ហ៊ុន ម៉ាណែត រឿង​ផ្ដល់​ជំនួយ​បន្ទាន់​មួយ​ដល់​ប្រទេស​ទួរគី ដែល​មាន​គ្រោះ​រញ្ជួយ​ដី។ អត្ថបទ​នោះ​បាន​ស្រង់​សំដី​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល យក​មក​ចុះផ្សាយ ហើយ​មន្ត្រី​នាំពាក្យ​រូប​នោះ​មិន​បាន​បដិសេធ​ទេ ដែល​គាត់​និយាយ​ថា លោក ហ៊ុន ម៉ាណែត បាន​ចុះហត្ថលេខា​លើ​លិខិត​ផ្ដល់​ជំនួយ​នោះ។ លើស​ពី​នេះ តំណាង​វិទ្យុ​វីអូឌី ក៏​បាន​សុំទោស​លោក ហ៊ុន សែន ក្រោយ​ពី​ដឹង​ថា លោក ហ៊ុន សែន ផ្ទុះ​កំហឹង។ ប៉ុន្តែ​លោក ហ៊ុន ម៉ាណែត នៅ​ស្ងៀម មិន​ឃាត់​ឪពុក​គាត់​ឱ្យ​បិទ​វីអូឌី​ទេ។ ដូច្នេះ​គាត់​មិនមែន​ជា​អ្នកធ្វើ​កំណែ​ទម្រង់​ទេ​។ ខ្ញុំ​ពិតជា​ចង់​ឃើញ​លោក ហ៊ុន ម៉ាណែត ធ្វើ​ឱ្យ​គេឯង​ភ្ញាក់ផ្អើល​ដោយ​លោក​ដោះលែង​អ្នក​ទោស​នយោបាយ ឱ្យ​វិទ្យុ​វីអូឌី​ដំណើរការ​ឡើងវិញ ជាដើម​។ ប៉ុន្តែ​ខ្ញុំ​គិតថា គាត់​នឹង​មិន​ធ្វើ​ដូច្នេះ​ទេ»។

កត្តា​មួយទៀត​ដែល​ធ្វើ​ឱ្យ​លោក ហ្វ៊ីល រ៉ូប៊ឺតសុន កាន់តែ​គ្មាន​សង្ឃឹម ថា លោក ហ៊ុន ម៉ាណែត អាច​ក្លាយជា​អ្នក​កែលម្អ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​នោះ គឺ​ឪពុក​របស់​លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​រួច​ហើយ​ថា គាត់​អត់​ទៅណា​ឆ្ងាយ​ពី​កូន​គាត់​ទេ ពោល​គឺ​នៅចាំ​បង្គាប់​បញ្ជា​ពី​ក្រោយ​ខ្នង​លោក ហ៊ុន ម៉ាណែត។

លោក ហ្វ៊ីល រ៉ូប៊ឺតសុន៖ «សូម​កុំ​ភ្លេច​ថា លោក ហ៊ុន សែន អត់​ទៅណា​ទេ គាត់​នៅ​ឈរ​មើល​កូន​គាត់​គ្រប់​ជំហាន ពីក្រោយ​ខ្នង​។ លើស​ពី​នេះ គាត់​នៅ​កាន់​មុខងារ​ច្រើន​ទៀត ដូចជា​ប្រធាន​បក្ស​ប្រជាជន​កម្ពុជា ជា​ប្រធាន​ព្រឹទ្ធសភា ជា​ដើម​…​។ នៅ​ពេល​ណា​គាត់​ឃើញ​អ្វី​ទាស់ចិត្ត ខុស​ពី​គំនិត​គាត់ ប្រាកដ​ណាស់​ប្រហែលជា​គាត់​នឹង​លូកដៃ​ចូល​ហើយ»។

ជន​គំរូ​របស់​លោក ហ៊ុន ម៉ាណែត

អតីតមន្ត្រី​ជាន់ខ្ពស់​ផ្នែក​ច្បាប់​នៃ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក ប្រ៊េដ អាដាមស៍ (Brad Adams) ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ដែល​អាច​កាន់អំណាច​បាន​ជាង ៣៨​ឆ្នាំ​នោះ គឺ​ដោយសារ​លោក​ដៃ​ឆៅ និង​ពុករលួយ។ លោក​ថា លោក ហ៊ុន សែន មិនមែន​ជា​ជន​គំរូ​ទេ។

លោក ប្រ៊េដ អាដាមស៍៖ «លោក ហ៊ុន សែន ជា​មនុស្ស​ចូលចិត្ត​និយាយ​ពាក្យអសុរស ជេរប្រទេច គ្មាន​សីលធម៌ និង​ជា​មេដឹកនាំ​ឆាប់​ខឹងច្រឡោត។ លោក​តែង​បង្ហាញ​អត្តចរិត​បែប​នេះ​ជា​សាធារណៈ​។ លោក​បាន​សម្លាប់​សត្រូវ​នយោបាយ​របស់​លោក​រាប់​រយ​នាក់ បើ​មិន​រាប់ពាន់​នាក់​ទេ​នោះ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ។ លោក​បាន​ប្រើ​អំពើ​ហិង្សា និង​ការ​គំរាមកំហែង ប្រព្រឹត្ត​អំពើពុករលួយ និង​ក្ដោប​ក្ដាប់​តុលាការ​ដើម្បី​ផាត់​ចោល​អ្នកនយោបាយ​បក្ស​ប្រឆាំង សារព័ត៌មាន​ឯករាជ និង​សង្គម​ស៊ីវិល និយាយ​ឱ្យ​ចំ​ទៅ​គឺ​ទាញ​កម្ពុជា​ឱ្យ​ត្រឡប់​ថយក្រោយ​ទៅ​រក​ស្ថានភាព​ដើម​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​វិញ នោះ​គឺ​រដ្ឋ​ឯក​បក្ស ដែល​គ្រប់គ្រង​ដោយ​បក្ស​នយោបាយ​តែមួយ»។

ទោះជា​យ៉ាងណា ឈាម​ពិតជា​ខាប់​ជាង​ទឹក អាក្រក់​ល្អ​យ៉ាងណា ក៏​នៅតែ​ជា​ឪពុក។ លោក ហ៊ុន ម៉ាណែត ធ្លាប់​ប្រាប់​អ្នកសារព័ត៌មាន​ថា ជន​គំរូ​របស់​លោក គឺ​លោក ហ៊ុន សែន។

Pm.jpg
លោក​ ហ៊ុន សែន (ស្ដាំ) និង​កូនប្រុសច្បងគឺលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន។ រូប៖ តេឡេក្រាមលោក ហ៊ុន សែន

លោក ហ៊ុន ម៉ាណែត៖ «កាល​មុន​ខ្ញុំ​ទៅ​អាមេរិក វីអូអេ​សួរ​ខ្ញុំ គេ​សួរ​ខ្ញុំ​ថា អ្នកណា​ជា​រ៉ូលម៉ូដែល (Role Model) របស់​អ្នកឯង ខ្ញុំ​ប្រាប់​ថា ឪ​ខ្ញុំ​។ មិនមែន​ដោយសារ​គាត់​ជា​នាយករដ្ឋមន្ត្រី​ទេ ប៉ុន្តែ​ដោយសារ​គាត់​តស៊ូ​គ្រប់​ពេល​ដែល​គាត់​ធ្វើ តាំងពី​គាត់​ធ្វើជា​សិស្ស​វត្ត ក៏​គាត់​ប្រឹង គាត់​ធ្វើជា​កូនទាហាន​គេ​ក៏​គាត់​ខំប្រឹង ហើយ​គាត់​ធ្វើ​ពេលនោះ​មិនមែន​គាត់​រំពឹង​ថា បាន​ធ្វើជា​នាយករដ្ឋមន្ត្រី​ទេ គឺ​ធ្វើ​ឱ្យ​បាន​ជោគជ័យ​នូវ​អ្វី​ដែល​គាត់​ធ្វើ មិនមែន​ខ្ញុំ​ថា ហ្អឺ Role Model របស់ខ្ញុំ​ដល់​អ្នកធំ អត់​អ៊ីចឹង​ទេ»។

អ្នកវិទ្យាសាស្ត្រ​នយោបាយ សាស្ត្រាចារ្យ អៀ សុផល នៃ​សាកលវិទ្យាល័យ​រដ្ឋ​អារីហ្សូណា (Arizona State University) សហរដ្ឋអាមេរិក ប្រាប់​វិទ្យុ​អាស៊ីសេរី (​តាម​សារ​អេឡិកត្រូនិច) ថា លោក​ក៏​មិន​សង្ឃឹម​ថា លោក ហ៊ុន ម៉ាណែត អាច​ធ្វើ​ឱ្យ​តុលាការ​ឯករាជ​ដែរ។ ទោះជា​យ៉ាងណា លោក​ថា ប្រសិនបើ​លោក ហ៊ុន ម៉ាណែត ពិតជា​ចង់​បង្វែរ​ទិស​ប្រទេស​កម្ពុជា​ឱ្យ​វិល​មក​ដើរ​លើ​ផ្លូវ​ត្រូវ​វិញ​មែន ក្នុង​រយៈពេល​១០០​ថ្ងៃ​ដំបូង នៃ​ការ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក លោក​គួរ​ធ្វើ​រឿង​បី​យ៉ាង ដើម្បី​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​និង​ការ​ពង្រឹង​ភាព​ស្របច្បាប់​របស់​លោក។

earsophal.jpg
អ្នកវិទ្យាសាស្ត្រ​នយោបាយ សាស្ត្រាចារ្យ អៀ សុផល នៃ​សាកលវិទ្យាល័យ​រដ្ឋ​អារីហ្សូណា (Arizona State University) សហរដ្ឋអាមេរិក។ Sophal Ear via Oslo Freedom Forum

លោក អៀ សុផល៖ «ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់ រួម​ទាំង​លោក កឹម សុខា កញ្ញា សេង ធារី និង​អនុញ្ញាត​អ្នក​នយោបាយ​នៅ​ក្រៅ​ប្រទេស​ទាំងអស់​ត្រឡប់​ចូល​ស្រុក​វិញ​បាន ព្រមទាំង​បើក​ឱ្យ​គណបក្ស​សង្គ្រោះជាតិ និង​បក្ស​ភ្លើងទៀន​ដំណើរការ​ឡើងវិញ»។

ទី​២. អ្នកនយោបាយ និង​ប្តី​ឬ​ប្រពន្ធ​របស់​ពួកគេ​ត្រូវ​លាឈប់​ពី​តំណែង​នាយក​គ្រប់គ្រង​សាជីវកម្ម ហើយ​ទ្រព្យសម្បត្តិ​ពី​សាជីវកម្ម​របស់​ពួកគេ​ត្រូវ​ដាក់​ក្នុង​មូលនិធិ​ឯករាជ​មួយ

ទី​៣ លោកហ៊ុន ម៉ាណែត គួរ​ដឹង​ថា លោក​ទៅ​ចូលរួម​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ នៅ​បុរី​ញូវយ៉ក (NY) នៅ​ខែកញ្ញា​ខាងមុខនេះ មិនមែន​គ្រាន់តែ​ទៅ​ថ្លែង​សុន្ទរកថា បង្ហាញ​ពី​ជីវិត​របស់​លោក​ជា​ភាសា​អង់គ្លេស​ប៉ុណ្ណោះ​ទេ ព្រោះ​គេ​ដឹង​ហើយ ថា​លោក​ចេះ​ស្ទាត់​ជា​ភាសា​អង់គ្លេស​នោះ ប៉ុន្តែ​អ្វី​ដែល​លោក​គួរ​ធ្វើ​នោះ គឺ​លោក​ត្រូវ​កំណត់​របៀបវារៈ​មួយ​ដែល​បង្ហាញ​ថា កម្ពុជា​ពិតជា​ឯករាជ និង​អព្យាក្រឹត្យ និង​មិនមែន​ជា​កន្លែង​ពង្រីក​ទឹកដី​របស់​ចិន​នោះ​ទេ។

កម្ពុជា​ពិន្ទុ​នីតិរដ្ឋ​នៅ​បាត​តារាង

អង្គការ​គំរោង​យុត្តិធម៌​ពិភពលោក World Justice Project (WJP) កាល​ឆ្នាំ​២០២២ បាន​ដាក់​ពិន្ទុ​កម្ពុជា​ផ្នែក​គោរព​នីតិរដ្ឋ​ក្នុង​ចំណាត់ថ្នាក់​លេខ​១៣៩​ក្នុងចំណោម​ប្រទេស​ចំនួន​១៤០ ជា​ពិន្ទុ​បាត​តារាង អាក្រក់​ជាងគេ គឺ​លើ​តែ​ប្រទេស វេណេហ្ស៊ុយអេឡា​(Venezuela) មួយ​ប៉ុណ្ណោះ​។ ប្រទេស​ដែល​បាន​ពិន្ទុ​ល្អ ខ្ពស់​ជាងគេ គឺ​ប្រទេស​ដាណឺម៉ាក (Denmark) ន័រវែស (Norway) និង​ហ្វាំងឡង់ (Finland)។ ដូច​ឆ្នាំមុនៗ​ដែរ រដ្ឋាភិបាល​កម្ពុជា​តែង​ច្រានចោល​ការ​រក​ឃើញ​នេះ។

wjp.jpg
សន្ទស្សន៍របស់អង្គការ​គំរោង​យុត្តិធម៌​ពិភពលោក ស្ដីពីកម្ពុជា កាល​ឆ្នាំ​២០២២។ Screenshot


លទ្ធផល​នៃ​ការ​ដាក់​ពិន្ទុ​នីតិរដ្ឋ​របស់​ប្រទេស​ទាំង​១៤០​នោះ គឺ​អង្គការ​គំរោង​យុត្តិធម៌​ពិភពលោក បាន​មក​ពី​ការសិក្សា​ទៅលើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​ប្រទេស​ទាំងនោះ ដោយ​ពិនិត្យ​មើល​កំរិត​ឯករាជ​របស់​តុលាការ របៀប​អនុវត្ដ​ច្បាប់ ការគោរព​សិទ្ធិមនុស្ស កំរិត​អំពើពុករលួយ កំរិត​ឯករាជ​ពី​គ្នា​នៃ​ស្ថាប័នរដ្ឋ​កំពូល​ទាំង​បី គឺ​រដ្ឋសភា រដ្ឋាភិបាល និង​តុលាការ ព្រមទាំង​ពិនិត្យមើល​ពី​របៀប​អនុវត្ដ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នីមួយៗ​នោះ។

សម្រាប់​កម្ពុជា ពិន្ទុ​ស្ដីពី​នីតិរដ្ឋ ឬ​វិស័យ​យុត្តិធម៌ បាន​ធ្លាក់​ដាំ​ក្បាល​ចុះ ជា​លំដាប់​ចាប់តាំងពី​២០១៥ មក។ ទោះជា​យ៉ាងណា​ក៏​ដោយ​ចុះ ពិភពលោក​កំពុង​រង់ចាំ​មើល​ថា នាយករដ្ឋមន្ត្រី​ថ្មី លោក ហ៊ុន ម៉ាណែត ដែល​បាន​ទៅ​សិក្សា​នៅ​ប្រទេស​លោក​ប្រជាធិបតេយ្យ​សេរី មាន​សេចក្ដី​ក្លាហាន​កំរិត​ណា​ដើម្បី​ធ្វើ​ឱ្យ​តុលាការ​ឯករាជ មិន​ចំណុះ​ក្រោម​ឥទ្ធិពល​នយោបាយ ដើម្បី​ស្ដារ​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា ដែល​ឪពុក​របស់​លោក​មិន​អាច​ធ្វើ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles