ដោយ យ៉ង ចាន់តារា
2023.09.10
RFA

លោក ស ថេត អគ្គស្នងការនគរបាលជាតិ។ រូប៖ ហ្វេសប៊ុកលោក ស ថេត
រដ្ឋាភិបាលអាណត្តិទី៧ នេះ មានការផ្លាស់ប្ដូរសមាសភាពដឹកនាំច្រើន ក្នុងនោះក៏រួមទាំងអគ្គស្នងការនគរបាលជាតិដែរ។ មេប៉ូលិសជាតិថ្មី គឺលោក ស ថេត អតីតស្នងការនគរបាលរាជធានីភ្នំពេញ។ តើលោក ស ថេត មានប្រវត្តិបែបណា?
លោក ស ថេត ឡើងតំណែងជាអគ្គស្នងការនគរបាលជាតិដ៏គួរឱ្យភ្ញាក់ផ្អើល ជំនួសលោក នេត សាវឿន ដែលទៅកាន់តំណែងជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ។
លោក ស ថេត មានប្រសាសន៍ថា លោកឡើងតំណែងដល់កម្រិតកំពូលនេះ ពីព្រោះការទុកចិត្តពីសំណាក់ប្រមុខរដ្ឋាភិបាល ហើយលោកប្ដេជ្ញាចិត្តថា នឹងបម្រើពលរដ្ឋឱ្យអស់លទ្ធភាព។
លោក ស ថេត៖ «ខ្ញុំឡើងមកនេះ គឺតាមការទុកចិត្តពីប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំដទៃទៀត។ សំខាន់យើងមកនេះ តាំងចិត្តបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព ដើម្បីឱ្យប្រជាពលរដ្ឋបានសប្បាយចិត្ត ស្រណុកកាយ ក្នុងការប្រកបមុខរបរទទួលទានរបស់លោក»។
លោក ស ថេត កើតនៅឆ្នាំ១៩៧២ នៅស្រុកកំចាយមារ ខេត្តព្រៃវែង។ លោកគឺជាប្អូនជីដូនមួយរបស់លោក ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោក ស ថេត បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងនៅសាកលវិទ្យាល័យកាសេតសាត (Kasetsart University) នៃប្រទេសថៃ។
លោក ស ថេត បានចូលបម្រើការងារជាមន្ត្រីនគរបាលអស់រយៈពេលជិត ៣០ ឆ្នាំមកហើយ។ លោកបានឡើងតួនាទី និងឋានន្តរសក្ដិជាបន្តបន្ទាប់ មានជាអាទិ៍ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ស្នងការនគរបាលខេត្តបាត់ដំបង ស្នងការនគរបាលរាជធានីភ្នំពេញ អគ្គស្នងការរងនគរបាលជាតិ រហូតក្លាយជាអគ្គស្នងការនគរបាលជាតិនៅពេលនេះ។
លោក ស ថេត ជានាយឧត្តមសេនីយ៍មួយរូប ដែលមិនបានបង្ហាញភាពហ៊ឺហា និងជីវិតឯកជនជាសាធារណៈនោះទេ។ ទំព័រហ្វេសប៊ុករបស់លោកមានតែរូបភាពដឹកនាំបញ្ជាកងកម្លាំង សកម្មភាពក្រៅម៉ោងការងារ និងសកម្មភាពឃោសនានយោបាយឱ្យគណបក្សប្រជាជនកម្ពុជា។
ខុសពីមេប៉ូលិសពីររូបមុន គឺលោក ហុក ឡង់ឌី និងលោក នេត សាវឿន ដែលមានប្រវត្តិរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងនៅពីក្រោយអំពើទុច្ចរិតច្រើនរាប់មិនអស់ដើម្បីទ្រទ្រង់អំណាចផ្ដាច់ការលោក ហ៊ុន សែន លោក ស ថេត មិនមានឈ្មោះក្នុងកំណត់ត្រាអាក្រក់ទាំងនេះទេ។ ប៉ុន្តែនេះមិនមែនមានន័យថា លោកដឹកនាំកងកម្លាំងដោយយកសិទ្ធិមនុស្សជាគោល និងបើកលំហសេរីភាពជូនពលរដ្ឋឡើយ។
ក្នុងពេលលោកកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ អាជ្ញាធរបន្តរឹតត្បិតសិទ្ធិប្រមូលផ្ដុំ និងជួបប្រជុំដោយសន្តិវិធីរបស់ពលរដ្ឋ។ ជាងនេះទៅទៀត អាជ្ញាធរបានបណ្ដោយឱ្យមានអំពើហិង្សារាប់សិបករណីលើសកម្មជន និងអ្នកគាំទ្រគណបក្សប្រឆាំង ដោយអាជ្ញាធរមិនបានអើពើវែកមុខចាប់ជនដៃដល់យកមកដាក់ទោសតាមច្បាប់ឡើយ។ រីឯការចាប់ចងសកម្មជននយោបាយ សកម្មជនសង្គម និងពលរដ្ឋវិញ ករណីជាច្រើនសមត្ថកិច្ចនគរបាលធ្វើឡើងដោយបំពាននីតិវិធី ដូចជា ការចាប់ខ្លួនដោយមិនមានដីកា ឬមិនបានពន្យល់ប្រាប់ជនសង្ស័យពីសិទ្ធិរបស់ពួកគេ និងការឃុំខ្លួនជនសង្ស័យលើសថេរវេលាកំណត់ដោយច្បាប់ ជាដើម។ ម្យ៉ាងវិញទៀត ពេលលោកកាន់តំណែងជាស្នងការនគរបាលខេត្តបាត់ដំបង ពលរដ្ឋ និងមន្ត្រីរាជការមួយចំនួនបានរិះគន់លោកថា បានបង្កើតប្រព័ន្ធបក្ខពួកនិយមនៅក្នុងជួរនគរបាលក្នុងខេត្តនេះ។
ក្រុមអ្នកសង្កេតការណ៍វាយតម្លៃថា ការតែងតាំងលោក ស ថេត ជាអគ្គស្នងការនគរបាលជាតិនៅពេលនេះមិនមែនរឿងសមត្ថភាពដឹកនាំជាចម្បងនោះទេ តែជារឿងបែងចែកកូតាដឹកនាំក្នុងជួរគណបក្សប្រជាជនកម្ពុជា។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់ថា លោក ស ថេត ត្រូវបានតែងតាំងជាមេប៉ូលិស ដើម្បីជួយជ្រោមជ្រែងលោក ស សុខា ក្នុងការពង្រឹងអំណាចដឹកនាំក្រសួងមហាផ្ទៃ។
លោក អ៊ុំ សំអាន៖ «លោក ស ថេត ជាប្អូនជីដូនមួយរបស់លោក ស ខេង អ៊ីចឹងនៅពេលលោក ស សុខា ឡើងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវយកខ្សែរបស់គាត់យកមកដាក់។ ដូច្នេះត្រូវយកលោក ស ថេត មកដាក់ជាមេប៉ូលិសជាតិហ្នឹង ដើម្បីឱ្យគាត់ទុកចិត្តថា ជាសែស្រឡាយរបស់គាត់ ជាគ្នារបស់គាត់ ដើម្បីគាត់ពង្រឹងអំណាចក្នុងក្រសួងមហាផ្ទៃ»។
កូតារបស់លោក ស ខេង បានចាក់គ្រឹះយ៉ាងមាំក្នុងក្រសួងមហាផ្ទៃ ក្រោយលោកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមួយនេះ អស់រយៈពេលប្រមាណ ៣០ឆ្នាំ។ ក្នុងពេលដែលកូនប្រុសរបស់លោក គឺលោក ស សុខា ឡើងតំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបន្តពីលោកនោះ កូនប្រុសម្នាក់ទៀតរបស់លោក ស ខេង គឺលោក ស រដ្ឋា ត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ។
លោក ស ថេត ដែលជាអគ្គស្នងការថ្មីនៃនគរបាលជាតិនេះ ក៏ជាសមាជិកជាន់ខ្ពស់មួយរូបនៃគណបក្សប្រជាជនកម្ពុជាដែរ។ លោកជាសមាជិកគណៈកម្មាធិការកណ្ដាល និងមិនដែលលាក់លៀមនោះទេ ក្នុងការបង្ហាញជំហរ និងសកម្មភាពនយោបាយរបស់លោកជាសាធារណៈ។
លោក ស ថេត បានដាក់អាទិភាពដោះស្រាយបញ្ហារ៉ាំរ៉ៃមួយចំនួនដែលបន្សល់ទុកពីអ្នកដឹកនាំមុនៗ មានជាអាទិ៍ បញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ ការជួញដូរមនុស្ស និងបញ្ហាអសន្តិសុខសង្គម ខណៈបញ្ហាសិទ្ធិសេរីភាពរបស់ពលរដ្ឋវិញមិនមែនជាអាទិភាពរបស់លោកឡើយ។ ផ្ទុយទៅវិញ លោកបានព្រមានទុកជាមុនរួចហើយថា នឹងទប់ស្កាត់ឱ្យបាននូវអ្វីមួយដែលរដ្ឋាភិបាលនិយមហៅថាជា «បដិវត្តន៍ពណ៌» នោះថែមទៀតផង។
លោក ស ថេត៖ «នរណាក៏ដោយដែលប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលចេញពីឆន្ទៈរាស្ត្រ អាហ្នឹងវាខុសច្បាប់ ដូច្នេះយើងជាកងកម្លាំង ជាឧបករណ៍របស់រដ្ឋ យើងត្រូវតែការពារ»។
គេមិនទាន់ដឹងថា តើក្រោមការដឹកនាំរបស់លោក ស ថេត ស្ថានភាពសិទ្ធិសេរីភាពរបស់ពលរដ្ឋនឹងទៅជាយ៉ាងណានោះទេ ដោយសារលោកទើបតែចូលកាន់តំណែងថ្មីៗនេះ។ ប៉ុន្តែអ្នកសង្កេតការណ៍មួយចំនួនវាយតម្លៃថា លោក ស ថេត ទំនងជាមិនអាចកែប្រែស្ថានភាពរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋបាននោះទេ ព្រោះលោកគឺជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវតែស្ដាប់បង្គាប់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត។ ចំណែកបញ្ហាអាទិភាពដូចជា គ្រឿងញៀន និងការជួញដូរមនុស្សនោះវិញ ទាំងនេះជាវិញ្ញាសាដ៏លំបាកសម្រាប់លោក ស ថេត ព្រោះបញ្ហាទាំងនេះសុទ្ធសឹងតែជាប់ពាក់ពន្ធនឹងអំពើពុករលួយ ដែលទ្រទ្រង់ដោយរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយ អ្នកឃ្លាំមើលនយោបាយកម្ពុជា លើកឡើងថា រាល់មន្ត្រីរាជការ គួរប្រើតួនាទី និងមនសិការរបស់ខ្លួនប្រកបដោយសេចក្ដីក្លាហាន ដើម្បីប្រយោជន៍រួមនៃប្រជាជាតិរបស់ខ្លួនស្របតាមការសន្យា បើមិនដូច្នោះទេ ពួកគេគួរតែលាឈប់ ឬកុំទទួលយកមុខតំណែងតាំងតែពីដំបូងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។