សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​ឃាត់ខ្លួន​សកម្មជន​បក្ស​ភ្លើងទៀន ៤​នាក់​យក​ទៅ​សួរនាំ

ដោយ យន់ សាមៀន
2023.09.10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​ឃាត់ខ្លួន​សកម្មជន​បក្ស​ភ្លើងទៀន ៤​នាក់​យក​ទៅ​សួរនាំ

កិច្ចប្រជុំ​របស់សមាជិកសមាជិកា​គណបក្សភ្លើងទៀន ខេត្ត​បន្ទាយមានជ័យ កាលពីខែធ្នូ ឆ្នាំ​២០២៣។ រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន បន្ទាយមានជ័យ


កម្លាំង​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ ឃាត់ខ្លួន​សកម្មជន​គណបក្ស​ភ្លើងទៀន​ចំនួន ៤​នាក់ យក​ទៅ​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​សួរនាំ។ អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន សំណូម​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​គំរាមកំហែង​សកម្មជន​គណបក្ស​ភ្លើងទៀន និង​ត្រូវ​ដោះលែង​សកម្មជន​គណបក្ស​ភ្លើងទៀន​ជា​បន្ទាន់ ដើម្បី​បង្ហាញ​ពី​ការ​បើក​លំហ​ប្រជាធិបតេយ្យ។

កម្លាំង​សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ បាន​ឃាត់ខ្លួន​សកម្មជន​គណបក្ស​ភ្លើងទៀន​សរុប ៤​នាក់ ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ចុងក្រោយ​នេះ យកទៅ​សួរ​នាំនៅ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ។

ប្រពន្ធ​ជំទប់​ទី​២ មកពី​គណបក្ស​ភ្លើងទៀន ឃុំ​គយម៉ែង ស្រុក​មង្គលបុរី លោក វ៉ាន់ ស៊ុយអ៊ីវ គឺ​លោកស្រី ផែន ភុំ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៩ ខែ​កញ្ញា ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ប្ដី​របស់​លោកស្រី​កាល​ពី​ម៉ោង​១០​យប់ ថ្ងៃទី​៨ ខែ​កញ្ញា ដោយ​មិនមាន​ដីកា​កោះហៅ​នោះ​ឡើយ​។ លោកស្រី​បន្ថែម​ថា លោកស្រី​បាន​ចូល​សួរសុខទុក្ខ​ប្ដី​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែ​កញ្ញា ទោះជា​យ៉ាងណា លោកស្រី​នៅតែ​មិនដឹង​ពី​មូលហេតុ នៃ​ការ​ឃាត់ខ្លួន​ប្ដី​របស់​លោកស្រី​នោះឡើយ។

លោកស្រី ផែន ភុំ៖ «ខ្ញុំ​សូម​សំណូមពរ​គាត់​ដោះលែង ព្រោះ​អី​ប្ដី​ខ្ញុំ​គាត់​មិនដែល​ធ្វើ​អី​ឱ្យ​ខុស​ផង គាត់​មិន​ដែលមាន​រឿង​រ៉ាវ​អី​នឹង​អ្នកណា​ទេ បាន​គាត់​នៅ​ធ្វើការ​ទៅ បាន​ប្រាក់ខែ​បន្តិចបន្តួច​ទៅ​គ្រាន់​ទិញ​អង្ករ ទិញ​ម្ហូប​អី​ហូប​ដែរ តែ​គេ​ចាប់​យើង​មិនដឹង​ខ្លួន​អ៊ីចឹង​ទៀត ខ្ញុំ​វា​ឆ្ងល់ ខ្ញុំ​វា​មិន​អស់ចិត្ត»។

ទោះជា​យ៉ាងណា លោកស្រី ផែន ភុំ អះអាង​ថា កន្លង​មក​ប្ដី​របស់​លោក​ស្រី​បាន​ប្រាប់​ថា គណបក្ស​កាន់អំណាច​បញ្ចុះបញ្ចូល​ឱ្យ​ប្ដី​របស់​លោកស្រី​ធ្វើការ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ ប៉ុន្តែ​ប្ដី​របស់​លោកស្រី​នៅតែ​ប្រកាន់​ជំហរ​រឹងមាំ មិន​ក្បត់​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​ដែល​បោះឆ្នោត​គាំទ្រ​នោះ​ឡើយ។

ដោយឡែក កម្លាំង​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ ក៏​បាន​ឃាត់ខ្លួន​សកម្មជន​គណបក្ស​ភ្លើងទៀន​ជា​បន្តបន្ទាប់ ៣​នាក់​ផ្សេងទៀត នៅ​ថ្ងៃទី​៩ ខែ​កញ្ញា អ្នក​ទាំងនោះ​រួមមាន ប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន ខេត្ត​បន្ទាយមានជ័យ លោក ស៊ិន វុត្ថា អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន ខេត្ត​បន្ទាយមានជ័យ លោក សួន ខេមរិន្ទ និង​ប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន ស្រុក​មង្គលបុរី លោក ទួត វាសនា។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង ស្នងការ​ខេត្ត​បន្ទាយមានជ័យ លោក សិទ្ធិ ឡោះ ដើម្បី​សុំ​ការបកស្រាយ​ជុំវិញ​រឿងនេះ​បានឡើយ នៅ​ថ្ងៃទី​៩ ខែកញ្ញា ដោយ​ទូរស័ព្ទ​ចូល ក៏ប៉ុន្តែ​មិនមាន​អ្នកទទួល។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន លោក គីមសួរ ភីរិទ្ធ សោកស្ដាយ​ចំពោះ​ការ​ឃាត់ខ្លួន​សកម្មជន​គណបក្ស​ភ្លើងទៀន​ទាំង​៤​នាក់ ដោយ​គ្មាន​ដីកា​កោះហៅ លោក​ចាត់ទុក​ការ​ឃាត់ខ្លួន​ទាំងនេះ គឺជា​រូបភាព​គំរាមកំហែង​បន្ថែមទៀត​មក​លើ​សកម្មជន​គណបក្ស​ភ្លើងទៀន​។ លោក​អះអាង​ថា សកម្មជន​គណបក្ស​ភ្លើងទៀន​ទាំង​៤​នាក់ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នោះ​មិនមាន​ទោស​កំហុស​អ្វី​នោះ​ឡើយ ហើយ​លោក​ស្នើឱ្យ​រដ្ឋាភិបាល​ដោះលែង​ពួកគេ​ជាបន្ទាន់ ដើម្បី​បង្ហាញ​ពី​ការ​បើក​លំហ​ប្រជាធិបតេយ្យ និង​ទទួល​បាន​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ។

លោក គីមសួរ ភីរិទ្ធ៖ «អំពាវនាវ​សុំឱ្យ​រក្សា​ភាពស្ងប់ស្ងាត់​ផ្នែក​នយោបាយ ព្រោះ​អីយើ​ង​បាន​បោះឆ្នោត​រួច​ហើយ ហើយ​គណបក្ស​ភ្លើងទៀន​ហ្នឹង​ក៏​មិន​បាន​ចូលរួម ហើយក៏​មិនបាន​ធ្វើ​អ្វីដែល​ខុសច្បាប់​ដែរ សូមឱ្យ​គិតគូរ​ឡើងវិញ​អំពី​ការបើក​លំហ​សេរីភាព​នយោបាយ របស់​អ្នកដឹកនាំ​ខេត្ត​គណបក្ស​ភ្លើងទៀន»។

ការឃាត់ខ្លួន​សកម្មជន​គណបក្ស​ភ្លើងទៀន​ទាំង​៤​នាក់​នេះ គឺ​ផ្ទុយ​ទៅ​នឹង​ការ​ស្នើសុំ​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) ដែល​ស្នើឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បើក​លំហ​ប្រជាធិបតេយ្យ ក្នុង​ពេល​ប្រជុំ​អាស៊ាន (ASEAN) នៅ​ប្រទេស​ឥណ្ឌូណេស៊ី (Indonesia) កាលពីពេល​ថ្មីៗ​នេះ ហើយ​កត្តា​នេះ ក៏​នឹង​ធ្វើឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត អាច​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ជីវភាព​ប្រជាពលរដ្ឋ​បន្ថែម​ទៀត​ផង​ដែរ។

សមត្ថកិច្ច​នៅ​មិនទាន់​ដោះលែង​សកម្មជន​គណបក្ស​ភ្លើងទៀន​ណា​ម្នាក់​នោះ​ឡើយ គិត​មក​ត្រឹម​ម៉ោង​ផ្សាយ​វិទ្យុ​អាស៊ីសេរី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment