សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​បន្ត​ចាប់​ខ្លួន​សកម្មជន​បក្ស​ភ្លើង​ទៀន​កើន​ឡើង​ចំនួន​១០នាក់

ដោយ មាន ឫទ្ធិ
2023.09.10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​បន្ត​ចាប់​ខ្លួន​សកម្មជន​បក្ស​ភ្លើង​ទៀន​កើន​ឡើង​ចំនួន​១០នាក់

ជំនួបរវាងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងសកម្មជនគណបក្សនៅខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃទី២៧ សីហា ២០២៣។ រូប៖ គណបក្សភ្លើងទៀន


អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បន្ត​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ភ្លើង​ទៀន​កើន​ឡើង​ចំនួន ១០​នាក់​ទាំង​គ្មាន​ដីកា និង​គ្មាន​មូលហេតុ​ច្បាស់លាស់​យក​ទៅ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​សួរ​នាំ។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការ​ឃាត់​ខ្លួន​សកម្មជន​បក្ស​ភ្លើង​ទៀន​ជាបន្តបន្ទាប់​ទាំង​គ្មាន​ដីកា​បែប​នេះ​គឺជា​ការ​គំរាមកំហែង និង​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

សមាជិក​គណបក្ស​ប្រឆាំង ខេត្ត​បន្ទាយមានជ័យ​ចំនួន១០នាក់​រួមមាន ផាន់ ស៊ីណាស្យ៉ា លោក វ៉ាន់ ស៊ុយអ៊ីវ និង​លោក មាស សុភី ជាដើម ត្រូវ​បាន​ប៉ូលិស ​នៃ​ស្នងការ​នគរបាល​ខេត្ត​នេះ​ឃាត់​ខ្លួន​នៅ​ថ្ងៃទី១០ ខែ​កញ្ញា។

ប្រពន្ធជំទប់ទី២ មក​ពី​គណបក្ស​ភ្លើង​ទៀន ឃុំ​គយម៉ែង ស្រុក​មង្គលបុរី លោក វ៉ាន់ ស៊ុយអ៊ីវ គឺ​លោកស្រី ផែន ភុំ ប្រាប់​វិទ្យុអាស៊ីសេរី​នៅថ្ងៃទី១០ កញ្ញា ថា មក​ទល់​ពេល​នេះ​លោកស្រី​នៅ​មិន​ទាន់​ទទួល​ដំណឹង​ថា អាជ្ញាធរ​បញ្ជូន​ប្ដី​លោកស្រី​ទៅ​ណា​នៅ​ឡើយ​ទេ ដោយសារ​តែ​អាជ្ញាធរ​មិន​ឱ្យ​លោកស្រី​ចូល​ជួប​ប្ដី។ លោកស្រី​ព្រួយបារម្ភ​ពី​សុខភាព​ប្ដី​លោកស្រី ដោយសារតែ​គាត់​មាន​ជំងឺ​លើស​ឈាម និង​ជំងឺ​សើស្បែក ហើយ​ត្រូវ​លេប​ថ្នាំ​ជា​ប្រចាំ។

លោកស្រី ផែន ភុំ៖ «សុំ​គាត់​ថា​ឱ្យ​ជួយ​ដោះលែង​ប្ដី​ខ្ញុំ​ឆាប់ៗ​មក​ព្រោះ​ប្ដី​ខ្ញុំ​គ្មាន​ពាក់ព័ន្ធ​រឿង​អី​ទេ​សូម​ឱ្យ​គាត់​ជួយ​ដោះលែង​ប្ដី​ខ្ញុំ​ឆាប់ៗ​មក ពីព្រោះ​អី​ប្ដី​ខ្ញុំ​គាត់​មាន​ជំងឺ​ប្រចាំ​កាយ​ផង​ហើយ​ខ្ញុំ​នៅ​ឯ​ផ្ទះ​ក៏​មាន​ជំងឺ​ទឹក​នោម​ផ្អែម ដែល​នៅ​មើល​ចៅ​ពីរ បី​នាក់​ខ្ញុំ​ក៏​មិន​សូវ​ជា ងងឹត​ភ្នែក​ផង​គ្រាន់តែ​ទៅ​មើល​ប្ដី​ពី​ម្សិលមិញ​ដួល​ឡើង​២ដង ហួស​ចិត្ត​ថា គាត់​ចាស់​ហើយ​មិន​ដឹង​ចាប់​គាត់​យក​ទៅ​ធ្វើ​អី​សូម្បី​តែ​ខោអាវ​ក៏​មិន​ឱ្យ​គាត់​ស្លៀក»។

លោកស្រី ផែន ភុំ ចាត់​ទុក​ការ​ឃាត់​ខ្លួន​ប្ដី​លោកស្រី​ទាំង​កណ្ដាល​យប់ គឺជា​រឿង​អយុត្តិធម៌ និង​មិន​អាច​ទទួល​យក​បាន​ឡើយ។ លោកស្រី​អះអាង​ថា នៅ​មុន​ពេល​បោះឆ្នោត​មាន​មន្ត្រី​បក្ស​កាន់​អំណាច​មក​បញ្ចុះបញ្ចូល​ប្ដី​លោកស្រី​ជា​ច្រើន​ដង ឱ្យ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច ប៉ុន្តែ​ប្ដី​លោកស្រី​មិន​ព្រម។

គិត​មក​ទល់​នេះ សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ភ្លើង​ទៀន​ចំនួន ១០នាក់ រួមមាន អនុ​ប្រធានប្រតិបត្តិ​ស្រុក​មង្គលបូរី លោក ឈុំ ស៊ីណាត

សមាជិក​ឃុំ​គយម៉ែង ស្រុក​មង្គលបុរី លោក មាស សុភី និង​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ិន វុត្ថា ជាដើម។ កាលពីថ្ងៃទី៩ កញ្ញា អាជ្ញាធរ​ខេត្ត​នេះ​ក៏​ចាប់​ខ្លួន​សមាជិក​បក្ស​ភ្លើង​ទៀន​ចំនួន​៥នាក់​រួច​មក​ហើយ ដោយ​មិន​បាន​បញ្ជាក់​មូលហេតុ​ឱ្យ​បាន​ច្បាស់លាស់​ដែល​ធ្វើ​ឱ្យ​មាន​មតិ​រិះគន់​ថា​គឺជា​នយោបាយ។

ទាក់ទិន​បញ្ហា​នេះ​គណបក្សភ្លើងទៀន សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ភ្លើង​ទៀន​ជា​បន្ត​បន្ទាប់។ គណបក្ស​នេះ​យល់​ឃើញ​ថា បើ​ទោះ​ជា​បក្ស​ភ្លើង​ទៀន​មិន​បាន​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ កាលពី​ខែកក្កដា កន្លង​ទៅ​ក្ដី ក៏​សកម្មជន និង​ថ្នាក់​ដឹក​នាំ​បក្ស​ភ្លើង​ទៀន​ជា​ច្រើន​នាក់​រង​នូវ​ការ​គាបសង្កត់ ការ​គំរាមកំហែង​ក្នុង​ការ​ធ្វើ​សកម្មភាព​របស់​ខ្លួន​ស្រប​តាម​រដ្ឋធម្មនុញ្ញ។ គណបក្ស​ភ្លើង​ទៀន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ដោះលែង​សកម្មជន​ភ្លើង​ទៀន​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ដើម្បី​អាច​ឱ្យ​ពួកគាត់​ជួប​ជុំ​គ្រួសារ និង​បន្ត​ធ្វើ​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​នេះ​តទៅ​ទៀត។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ លោក សិទ្ធិ ឡោះ និង​អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​បន្ទាយ​មានជ័យ លោក រឿន លីណា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី១០ កញ្ញា។

ជុំវិញ​បញ្ហា​នេះ​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា កត់​សំគាល់​ថា ភាគ​ច្រើន​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​ទាំងអស់​នោះ គឺជា​សមាជិក​គណបក្ស​ភ្លើងទៀន ដែល​បញ្ហា​នេះ​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​ពី​ពលរដ្ឋ​ថា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ។ លោក​បន្ត​ថា ការ​បន្ត​ចាប់​ខ្លួន​សកម្មជន​បក្ស​ភ្លើង​ទៀន​បែប​នេះ នឹង​ធ្វើ​ឱ្យ​បរិយាកាស​នយោបាយ​កាន់​តែ​តាន​តឹង​ពោល​គឺ ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​ដើរ​ថយក្រោយ។

លោក ស៊ឹង សែនករុណា៖ «យើង​ដឹង​ទាំង​អស់​គ្នា​ហើយ​តាំង​ពី​អាណត្តិ​ចាស់​មក គឺ​រង​ការ​រិះគន់​ពី​សហគមន៍​ជាតិ​និង​អន្តរជាតិ ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ទៅ​លើ​សកម្មជន​នយោបាយ ដូច្នេះ​បាន​ជា​ទទូច​ឱ្យ​មាន​ការ​បើក​លំហ​លទ្ធិប្រជាធិបតេយ្យ​ទាំង​បញ្ហា​សិទ្ធិ​មនុស្ស ទាំង​ករណី​នយោបាយ​ផ្សេងៗ​ទាំងអស់​ហ្នឹង គឺ​ចង់​ឱ្យ​មាន​ការ​បើក​នូវ​លំហ​ទាំងអស់​ហ្នឹង​ឡើងវិញ​ហើយ​ប្រសិនបើ​ចំណាត់​ការ​បែប​នេះ​នៅ​ក្នុង​រដ្ឋាភិបាល​ថ្មី​គេ​អាច​នឹង​រិះគន់»។

គិត​ត្រឹម​រយៈពេល ៤ខែ​ចុងក្រោយ​នេះ យ៉ាង​ហោច​ណាស់​មាន​សកម្មជន​បក្ស​ភ្លើង​ ប្រមាណ១៥ នាក់​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា។ បើ​ទោះ​ជា​ពួកគេ​រត់​ភៀស​ខ្លួន​ទៅ​ដល់​ប្រទេស​ថៃ​ហើយ​ក្ដី ពួកគេ​ក៏​តែង​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ រង​នូវ​ការ​វាយ​ដំ​ពី​ជន​មិន​ស្គាល់​មុខ​ប្រើ​ហិង្សា​ឱ្យ​រង​របួស និង​ខ្លះ​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​គេ​ចាប់​ខ្លួន។ បញ្ហា​នេះ​ធ្វើ​ឱ្យ​សាធារណជន​រិះគន់​ថា រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ ហ៊ុន ម៉ាណែត ក៏​មិន​ខុស​ពី​ឪពុក​របស់​គឺ លោក ហ៊ុន សែន ដែរ​ពោល​គឺ យក​ប្រព័ន្ធ​តុលាការ ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​ដើម្បី​គំរាម​កំហែង​ឱ្យ​សកម្មជន​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles