តើ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មាន​អ្វី​ខុសប្លែក​ពី​ឪពុក​លោក?

ដោយ ជួន ជំនាង
2023.09.11
RFA

តើ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មាន​អ្វី​ខុសប្លែក​ពី​ឪពុក​លោក?

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងពេលជួបកម្មកររោងចក្រ កាលពីថ្ងៃទី៩ កញ្ញា ២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត


មិន​ខុសពី​អ្វី​ដែល​អ្នកវិភាគ​ជា​ច្រើន​បាន​លើកឡើង​នោះ​ទេ ការ​ចេញដំណើរ​ដំបូង​នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ហាក់​មិន​ខុសពី​ការដឹកនាំ​របស់​ឪពុក​លោក​នោះ​ឡើយ។

បន្ទាប់ពី​ទទួល​បាន​ការចាត់តាំង​ជា​នាយករដ្ឋមន្ត្រី និង​ការ​ចូល​កាន់​ដំណែង​ជា​ផ្លូវការ​រួចមក លោកនាយ​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ដឹកនាំ​ប្រជុំ​គណៈរដ្ឋមន្ត្រី​លើកដំបូង បាន​ចុះទៅ​ជួប​ជាមួយ​កម្មករ​ចំនួន​បី​លើក និង​ក៏បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​នៃ​ការ​ឡើង​កាន់អំណាច​នេះ លោក ហ៊ុន ម៉ាណែត ហាក់​មិន​បាន​បង្ហាញ​នូវ​គោល​នយោបាយ ឬ​របៀប​ធ្វើការ​អ្វី​ដែល​ខុសប្លែក​ពី​ការដឹកនាំ​របស់​ឪពុក​របស់​លោក គឺ​លោក​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ​ទេ ដោយ​លោក​នៅតែ​បន្ត​កេរ្តិ៍ដំណែល​ជា​អ្នកដឹកនាំ​ចូលចិត្ត​ការ​បញ្ចើចបញ្ចើ​មិន​ចេះ​ឆ្អែតឆ្អន់។

ក្រោយពី​ទទួល​បាន​ការចាត់តាំង​ជា​នាយករដ្ឋមន្ត្រី​ភ្លាម លោក ហ៊ុន ម៉ាណែត បាន​ទទួល​គោរមងារ​ជា​កិត្តិ​ទេសាភិបាល​បណ្ឌិត។ នេះ​ជា​គោរព​ងារ​ខ្ពស់​បំផុត និង​មានតែ​មួយ​គត់​នៅ​កម្ពុជា​។ មហាជន រួម​ទាំង​មន្ត្រី​របស់​លោក​មិន​ទាន់​បាន​ស្គាល់ និង​អាន​រត់មាត់​ផង លោក ហ៊ុន ម៉ាណែត ទទួល​បាន​គោរមងារ​ដ៏​ខ្ពស់​ផុត​លេខ​មួយទៀត។ នោះ​គឺ​សម្តេច​មហាបវរធិបតី ដែល​មាន​ន័យ​ប្រហាក់ប្រហែល​ថា ជា​មេដឹកនាំ​ដ៏​ល្អ​គ្មាន​គូ​ប្រៀប​ប្រកបដោយ​តេជ​ខ្លាំងក្លា។ ការ​ទទួល​គោរមងារ​គួរ​ណាស់​តែ​អ្នក​ដឹកនាំ​បាន​បញ្ចេញ​នូវ​សមត្ថភាព និង​បាន​បង្ហាញ​នូវ​លទ្ធផល​លេចធ្លោ​ដែល​បម្រើ​ដល់​ជាតិ​មាតុភូមិ​របស់​ខ្លួន ប៉ុន្តែ​ការ​ទទួល​បាន​មុន​ការ​ដឹកនាំ​នេះ​វា​ហាក់បីដូច​ជា​ការ​មួយ​គួរ​ឲ្យ​ខ្មាស​គេ​ទៅវិញ​ទេ។

នៅក្នុង​ការដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឯណោះ​វិញ លោក ហ៊ុន ម៉ាណែត ក៏​ទទួល​បាន​នូវ​ការ​លើក​ដំកើង​មិន​តិច​ណាស់​ដែរ ដោយ​មាន​ទាំង​ការ​អបអរ​ដោយ​ចំរៀង​កាយវិការ​រៀបរាប់​ពី​មហា​ជោគជ័យ​នៃ​បេសកកម្ម​ក្រៅប្រទេស និង​ការ​ធ្វើ​ដំណើរ​ដោយ​ជើង​យន្តហោះ​ពិសេស​ជាដើម។

ចម្រៀង៖ អបអរមហា​ជោគជ័យ លោក ហ៊ុន ម៉ាណែត


មិន​ខុសគ្នា​នេះ​ដែរ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​លោក ប៉ែន បូណា ក៏​រំលេច​នូវ​អត្ថបទ​មួយ​ដោយ​គូស​បញ្ជាក់​ថា សម្តេច​ធិបតី ហ៊ុន ម៉ាណែត តារា​រះ​ចិញ្ចាចចិញ្ចែង​លើ​ឆាក​អាស៊ាន និង​កំពុង​ឆក់​ទាញ​បេះដូង​ពលរដ្ឋ​ខ្មែរ ដោយ​លោក អះអាង​ថា លោក ហ៊ុន ម៉ាណែត ជា​អវតារ​សម្តេច ហ៊ុន សែន និង​ជា​តួអង្គ​ល្បី​ក្នុង​ឆាក​នយោបាយ​កម្ពុជា មាន​បុគ្គលិក​លក្ខណៈ​ឆ្នើម និង​សង្ហារ​ជាដើម។ បណ្ដាញ​ផ្សព្វផ្សាយ​ជាច្រើន​បាន​បន្ទរ​នូវ​ការ​លើកឡើង​របស់​លោក ប៉ែន បូណា។ នេះ​ប្រហែលជា​អ្វី​ដែល​នៅ​ពី​ក្រោយ​នៃ​ការ​តែងតាំង​ទីប្រឹក្សា​ជិត ៥០០​នាក់ និង​មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន​ជាច្រើន​នាក់​ក្នុង​តែ​គោលបំណង​ដើម្បី​លើក​សរសើរ​នូវ​គ្រប់​សកម្មភាព​របស់​នាយករដ្ឋមន្ត្រី និង​ដើម្បី​បន្សាប​នូវ​ព័ត៌មាន​ទាំងឡាយ​ណា​ដែល​បង្ហាញ​ការ​ពិត​នៅក្នុង​សង្គម​ក៏​ថា​បាន។

ការ​កត់សំគាល់​មួយទៀត​ដែល​មិន​ខុសគ្នា​ពី​ឪពុក​របស់​លោក​នោះ គឺ​នៅពេល​បាន​កាន់​ក្បាល​មេក្រូ​ម្តងៗ​លោក​អាច​និយាយ​បាន​រាប់​ម៉ោង​ដោយ​ហាក់​មិន​បាន​គិត​ថា តើ​ខ្លឹមសារ​ដែល​លោក​បាន​ថ្លែង​នោះ​ត្រូវ​គ្នា​នឹង​អ្នក​កំពុង​ស្តាប់​ឬ​យ៉ាងណា​នោះ​ទេ​។ ជាក់ស្តែង​នៅក្នុង​ជំនួប​ជាមួយ​កម្មករ​រាប់​ម៉ឺន​នាក់​នៅ​ឯ​ខេត្តកណ្តាល​កាល​ពី​សប្តាហ៍​មុន​ដែល​ជា​ជំនួប​ធំ​ទីពីរ​បន្ទាប់ពី​លោក​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​លោក​បាន​លើក​ឡើង​ពី​ការតែងតាំង​ទីប្រឹក្សា​ជំនួយការ ដល់​ស្ថាប័ន​រដ្ឋ និង​ថ្នាក់ដឹកនាំ​ដែល​ផ្តល់​ឋានៈ​ខ្ពស់​ជាង​តំណែង​រដ្ឋបាល​របស់​ខ្លួន​ដែល​ធ្វើ​ឲ្យ​ការ​ប្រតិបត្តិ​ការងារ​មាន​ការ​លំបាក។

លោក ហ៊ុន ម៉ាណែត៖ «កន្លងមក​ពេលខ្លះ​និយាយ​ត្រង់​ហ្មង យើង​មាន​អភិបាល​រង​ខណ្ឌ​ឋានៈ​ស្មើ​រដ្ឋមន្ត្រី យើង​មាន​អនុ​ការិយាល័យ​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ដល់​ប្រជុំ​ធ្វើ​ម៉េច តាម​គោលការណ៍​យើង​មិន​ឲ្យ​ប៉ះពាល់​ទៅ​លូក​ក្នុង​ស្ថាប័ន ប៉ុន្តែ​ពេល​អនុវត្ត​ជាក់ស្តែង​វា​ប៉ះពាល់​ដល់​អារម្មណ៍ និង​ការ​អនុវត្ត​ក្នុង​ស្ថាប័ន»។

មាន​បញ្ហា​ច្រើនណាស់​ដែល​កម្មករ​អាច​មានការ​ចាប់អារម្មណ៍​ជាង​ប្រសិនបើ​លោក ហ៊ុន ម៉ាណែត លើកឡើង​ពី​ការបង្កើត​ការងារ ការ​ដំឡើង​ប្រាក់​ឈ្នួល ការសម្រួល​លក្ខខណ្ឌ​ការងារ ឬ​ការ​ដោះស្រាយ​ជម្លោះ​ប្រកបដោយ​តម្លាភាព​រវាង​កម្មករ និង​ថៅកែ​រោងចក្រ​ដែល​តែងតែ​កើតមាន​ឡើងជា​ហូរហែ​នោះ។

អ្វី​ដែល​ជា​ការ​កត់សំគាល់​មួយទៀត​នោះ គឺ​ការប្រកាស​ពី​ការអនុវត្ត​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​បន្ត​ពី​ឪពុក​របស់​លោក​ដែល​ជា​យុទ្ធសាស្ត្រ​អនុវត្ត​មិន​ចេះ​ចប់​ក្នុងពេលដែល​ឪពុក​លោក​បាន​កាន់អំណាច​រាប់​ទសវត្ស និង​ទុក​ឲ្យ​កូន​អនុវត្ត​បន្ត​នោះ។

សរុប​មក​បើ​ទោះ​បី​ជា​លោក ហ៊ុន ម៉ាណែត ទទួល​បាន​ការ​បណ្តុះបណ្តាល​ពី​ប្រទេស​លោក​សេរី រហូត​ទទួល​បាន​សញ្ញាប័ត្រ​ខ្ពស់​បំផុត​ក៏ដោយ ក៏​ការ​ដឹកនាំ​របស់​លោក​ក្នុង​ពេល​ចេញ​ដំណើរ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​ហាក់​មិន​ឃ្លាតឆ្ងាយ​ពី​ការដឹកនាំ​ពី​ឪពុក​របស់​លោក​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment