ដោយ ថា ថៃ
2023.09.11
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) ជួបលោក លីវ ជានឆាវ (LIU Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន កាលពីទី០៣ កញ្ញា ២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
អ្នកឃ្លាំមើលលើកឡើងថា រយៈពេល ១០ឆ្នាំនៃការបង្កើតគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន (BRI) កម្ពុជាពុំទទួលបានប្រយោជន៍ជាដុំកំភួននោះទេ ប៉ុន្តែកម្ពុជាហាក់កំពុងធ្លាក់ចូលក្នុងអន្ទាក់បំណុលចិនបន្តិចម្ដងៗ តាមរយៈការស្នើសុំកម្ចីយកសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ ពួកគេរិះគន់ថា ប្រាក់កម្ចីដែលកម្ពុជាទទួលបានពីចិនពុំមានភ្ជាប់លក្ខខណ្ឌប្រជាធិបតេយ្យ និងប្រើប្រាស់ក្នុងគោលដៅអភិវឌ្ឍជាតិគ្មានតម្លាភាព ខណៈកម្ពុជាមានមន្ត្រីជាន់ខ្ពស់គ្រាក់ៗប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ។
អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជាលើកឡើងថា គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិនរយៈពេល ១០ឆ្នាំមកនេះកម្ពុជាទទួលបានផលប្រយោជន៍តិចតួច បើធៀបនឹងផលអាក្រក់ដែលកម្ពុជាទទួលបានពីគម្រោងមួយនេះ។
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលោក ស្រ៊ុន ស្រ៊ន លើកឡើងថា តាមរយៈគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិនជាង ១០ឆ្នាំកន្លងមកនេះ កម្ពុជាចាប់ផ្ដើមងាកចេញអំពីការដឹកនាំស្របតាមប្រជាធិបតេយ្យ និងពុំបានរក្សាជំហរអព្យាក្រឹត្យរបស់ខ្លួនដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះទេ។ លើសពីនេះ លោកមើលឃើញថា វិបត្តិនយោបាយនៅកម្ពុជាកំពុងជាប់គាំងសព្វថ្ងៃ និងវិបត្តិសេដ្ឋកិច្ចដែលកម្ពុជាធ្លាប់រកស៊ីជាមួយបណ្ដាប្រទេសលោកសេរីកន្លងមក ក៏ជាផ្នែកមួយដែលកម្ពុជាប្រកាសគាំទ្រពេញទំហឹងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ខណៈឆ្នាំ២០១៧ រដ្ឋាភិបាលបានរម្លាយគណបក្សប្រឆាំង និងរត់ទៅពឹងផ្អែកសេដ្ឋកិច្ចចិនទាំងស្រុង។
លោក ស្រ៊ុន ស្រ៊ន៖ «នេះគឺមានការរំលោភសិទ្ធិមនុស្សខ្មែរធ្ងន់ធ្ងរមែនទែន ការរំលោភសិទ្ធិមនុស្ស កើតអំពើនិទ្ទណ្ឌភាព អំពើពុករលួយជាប្រព័ន្ធ អំពើអយុត្តិធម៌កើតឡើង វិបត្តិដីធ្លីកើតឡើង ការបាត់បង់ចំណេះជំនាញ ពលរដ្ឋខ្មែររត់ចេញពីភូមិ ឃុំ ស្រុកកំណើត ហើយជំពាក់បំណុលឥណទានវ័ណ្ឌក គឺកើតចេញចំណែកដ៏ធំមួយគឺការលង់លក់ជាមួយនឹងរឿង (BRI) នេះ។ (BRI) គឺជាចំណែកដ៏ធំដែលបានរួមចំណែកធ្វើឱ្យខ្មែរបាត់បង់ភាពជាម្ចាស់ទៅលើសេដ្ឋកិច្ចរបស់ខ្មែរ ដែលធ្វើឱ្យកើតទំនាស់ដីធ្លីយ៉ាងធ្ងន់ធ្ងរ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងតំណាងស្ថានទូតចិនប្រចាំកម្ពុជា ដើម្បីសុំប្រតិកម្មឆ្លើយតបនឹងការលើកឡើងនេះបានទេ នៅថ្ងៃទី៩ ខែកញ្ញា។
ទាក់ទងនឹងរឿងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីថ្ងៃទី៦ ខែកញ្ញាថា កម្ពុជាទទួលបានផលប្រយោជន៍ជាច្រើន ក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីករួមមានផ្លូវល្បឿនលឿន ភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដែលសមិទ្ធផលទាំងនេះកើតចេញពីគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិន។
ប្រទេសចិនកុម្មុយនីស្តបានប្រកាសយុទ្ធសាស្ត្រគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវកាលពីឆ្នាំ២០១៣ ក្រោមហេតុផលថា ដើម្បីផ្សារភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសម្រួលការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសនៅទ្វីបអាស៊ី អាហ្វ្រិក និងអឺរ៉ុប ព្រមទាំងប្រទេសផ្សេងៗនៅលើពិភពលោក។ ក៏ប៉ុន្តែ គម្រោងនេះរងការរិះគន់ថា ជាមហិច្ឆតាប្រចាំសតវត្សរបស់ចិន ក្នុងការពង្រីកឥទ្ធិពលសេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ វប្បធម៌របស់ខ្លួន និងស្រូបទាញប្រទេសដែលកំពុងអភិវឌ្ឍឱ្យជាប់អន្ទាក់បំណុលចិនវ័ណ្ឌកតាមរយៈការស្នើសុំកម្ចីពីប្រទេសចិនអភិវឌ្ឍប្រទេសរបស់ពួកគេ។ មកទល់នឹងពេលនេះ មានប្រទេសមួយចំនួនដូចជា ឡាវ (Laos) ស្រីលង្កា (Sri Lanka) និងប្រទេសមួយចំនួនទៀតនៅតំបន់ទ្វីបអាហ្វ្រិកបានអនុញ្ញាតប្រទេសចិនរឹបអូសធនធានធម្មជាតិ និងគ្រប់គ្រងកំពង់ផែរបស់ខ្លួន ដើម្បីជាថ្នូរដោះបំណុលចិន ដែលប្រទេសទាំងនោះបានខ្ចីអភិវឌ្ឍជាតិក្នុងការគាំទ្រគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន។
ក្រោយកម្ពុជាប្រកាសគាំទ្រគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ទំនាក់ទំនងកម្ពុជាចិនឈានកម្រិតកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ក្រៅពីវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ កសិកម្ម សន្តិសុខ ការពារជាតិ និងការទូត ភាគីទាំងពីរក៏បានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ អប់រំ វប្បធម៌ ទេសចរណ៍ សុខាភិបាល និងឈានរហូតដល់កិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋានទៀតផង។
ទោះបីយ៉ាងណា អ្នកឃ្លាំមើលវាយតម្លៃថា ប្រទេសចិនកុម្មុយនីស្តពុំបានធ្វើឱ្យកម្ពុជារីកចម្រើនជាដុំកំភួននោះទេ ខណៈបណ្ដាក្រុមហ៊ុនចិនខ្លះមកវិនិយោគនៅកម្ពុជាបង្កឱ្យកើតមានបញ្ហារំលោភសិទ្ធិមនុស្ស តាមរយៈការបណ្ដេញពលរដ្ឋចេញពីដីធ្លី ជាដើម។
ជុំវិញរឿងនេះ អ្នកវិភាគនយោបាយ លោក គឹម សុខ លើកឡើងថា យុទ្ធសាស្ត្រគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ គឺជាគោលនយោបាយរបស់ចិនដែលចំណេញក្នុងរយៈពេលយូរអង្វែងពីបណ្ដាប្រទេសមានមេដឹកនាំបែបផ្ដាច់ការ និងធ្វើឱ្យកម្ពុជាជាប់អន្ទាក់បំណុលចិនវ័ណ្ឌកដកខ្លួនមិនរួច។ លោកបន្ថែមទៀតថា ការណ៍ដែលកម្ពុជាអនុញ្ញាតឱ្យក្រុមហ៊ុនចិនសាងសង់មូលដ្ឋានទ័ពនៅកំពង់ផែរាម និងអនុញ្ញាតឱ្យជនជាតិចិនភាគច្រើនមករកស៊ីកាន់កាប់អាជីវកម្មភាគច្រើននៅខេត្តព្រះសីហនុនោះ អាចជាការដោះដូរមួយផ្នែកដែលកម្ពុជាបានជំពាក់បំណុលចិន។
លោក គឹម សុខ៖ «កាលណា ហ៊ុន សែន ហ៊ុន ម៉ាណែត ងាកទៅចិនជ្រុលពេកបែបនេះ នឹងប្រឈមទណ្ឌកម្មកាន់តែធ្ងន់ធ្វើឱ្យអំណាចក្រុមគ្រួសារហ៊ុនដួលរលំ។ ទីមួយ ទណ្ឌកម្មផ្ទាល់ដូចជាផ្នែកការទូត មិនត្រឹមតែសហរដ្ឋអាមេរិកមិនផ្ដល់ (GSP) ហើយ (EBA) របស់សភាពអឺរ៉ុបវិញក៏ត្រូវប្រឈមការផ្ដាច់ ១០០ភាគរយទេ គឺរហូតដល់សហរដ្ឋអាមេរិក អឺរ៉ុប និងប្រទេសសម្ពន្ធមិត្តមិនធ្វើពាណិជ្ជកម្មជាមួយរដ្ឋាភិបាលកម្ពុជា»។
រីឯ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា ព្រួយបារម្ភថា រដ្ឋាភិបាលកម្ពុជា និងមន្ត្រីកំពូលគ្រាក់ៗមួយចំនួននៅតែប្រព្រឹត្តអំពើពុករលួយក្នុងការប្រើប្រាស់លុយកម្ចីពីប្រទេសចិន ដើម្បីអភិវឌ្ឍជាតិដែលមិនបម្រើផលប្រយោជន៍ពេញលេញដល់ពលរដ្ឋ។
លោក ឯម សុវណ្ណារ៉ា៖ «បើនិយាយតម្លៃភូមិសាស្ត្រកម្ពុជាជាមួយថៃ វៀតណាម គឺកម្ពុជាមិនសំខាន់ដូចថៃ ដូច វៀតណាមទេ។ ក៏ប៉ុន្តែ បើកម្ពុជាកៀកទៅចិនទៅធ្វើឱ្យអន្តរជាតិចង់ឱ្យកម្ពុជាឈរកណ្ដាល ដែលមិនងាកទៅចិន។ ក៏ប៉ុន្តែ បើកម្ពុជាពុំមានសមត្ថកិច្ចរក្សាតុល្យភាព អព្យាក្រឹត្យ ជាមួយមហាអំណាចចិន និងសហរដ្ឋអាមេរិកទេ កម្ពុជាយើងប្រឈមការខាតបង់ ប្រឈមនឹងសម្ពាធពីលោកខាងលិចដូចសហរដ្ឋអាមេរិក និងអឺរ៉ុបជាដើម»។
គិតត្រឹមដំណាច់ត្រីមាសទីពីរឆ្នាំ២០២២ កម្ពុជាជំពាក់បំណុលបរទេសជិត ១ម៉ឺនលានដុល្លារ (៩.៧៤០,៥៨លានដុល្លារ)។ ក្នុងនោះបំណុលរដ្ឋស្ទើរតែពាក់កណ្តាល គឺកម្ពុជាជំពាក់«មិត្តដែកថែប»ចិន មានចំនួនប្រមាណ ៤ពាន់លានដុល្លារអាមេរិក។ លុយដែលកម្ពុជាខ្ចីចិនភាគច្រើនយកមកអភិវឌ្ឍស្របតាមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន ដែលមានការសាងសង់ហេដ្ឋារចនាសម្ពន្ធ ស្ពាន និងប្រព័ន្ធធារាសាស្ត្រជាដើម។ ក្រុមអ្នកជំនាញបង្ហាញពីក្តីបារម្ភថា បំណុលទាំងនេះភាគច្រើនប្រមូលផ្តុំតែទៅលើតែម្ចាស់បំណុលចិនតែមួយ ដែលអាចនាំឱ្យកម្ពុជាបាត់បង់អធិបតេយ្យទៅឱ្យប្រទេសចិន ក្នុងករណីកម្ពុជាមិនអាចរើខ្លួនសងបំណុលចិនរួច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។