Amnesty៖ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក មិនត្រូវព្រងើយកន្តើយចំពោះ “ការបណ្តេញចេញដោយបង្ខំ” ជុំវិញអង្គរវត្ត

កម្ពុជា
11/09/2023 – 06:42
ដោយ៖ អ៊ឹង ប៊ុនថន
RFI

គណៈ​កម្មា​ធិការ​បេតិ​ក​ភណ្ឌ​ពិភព​លោក​ត្រូវ​តែ​ពិភា​ក្សា​អំពី​ស្ថាន​ភាព​នៃ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​នៅ​ជុំ​វិញ​តំបន់​បេតិក​ភណ្ឌ​ពិភព​លោក​នៃ​ប្រាសាទ​អង្គរ​នៅ​ពេល​ប្រជុំ​ក្នុង​ខែ​កញ្ញា​នេះ។​ នេះ​ជា​ការ​លើក​ឡើង​នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​របស់​អង្គ​ការ​លើក​លែង​ទោស​អន្តរ​ជាតិ​ នៅ​ថ្ងៃ​ទី​១០​កញ្ញា ​បន្ទាប់ពី​បាន​បញ្ជូន​លទ្ធ​ផល​ស្រាវ​ជ្រាវ​បឋម​ទៅ​អង្គការ​យូណេស្កូ​មុន​សម័យ​ប្រជុំ​នៅទី​ក្រុង​រីយ៉ាដ ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ ពី​ថ្ងៃ​ទី ​១០​ ដល់​ ២៥​ ខែ​កញ្ញា​។​

លំនៅឋានពលរដ្ឋដែលផ្លាស់ចេញពីតំបន់អង្គរ © Amnesty


លោក Montse ត្រូវ​បាន​ដក​ស្រង់​សំដី​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​នេះ​ថា ​“គណៈ​កម្មាធិការ​បេតិក​ភណ្ឌ​ពិភព​លោក ​ក្នុង​នាម​ជា​អ្នក​អភិរក្ស ​មិន​ត្រូវ​ព្រងើយ​កន្តើយ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ដែល​បើតាម​របាយការណ៍​កំពុង​បន្ត​ដេញ​ពលរដ្ឋ​ ១០​ពាន់​គ្រួសារ​ ពី​ជុំវិញ​ប្រាសាទ​អង្គរ​វត្ត​ ដែល​ស្មើនឹង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​បែប​នេះ​ឡើយ»​។

ប៉ុន្តែ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នេះ​ក៏​បាន​លើក​យក​​អំណះ​អំណាង​​របស់​រដ្ឋាភិ​បាល​​កម្ពុជា​ ដែល​​បាន​​អះ​អាង​​ថា​ ការ​​បណ្ដេញ​​ចេញ​​នេះ​​គឺ​ចំពោះតែ​​អ្នក​​ស្រុក​​ខុស​​ច្បាប់​​តែ​​ប៉ុណ្ណោះ ​ដែល​​ផ្ទុយ​​ពី​​អ្នក​​ដែល​​មាន​​ការ​​តាំងទី​លំ​នៅ​ជា​​​ប្រពៃ​ណី។

ទោះ​ជាយ៉ាង​ណាក៏​ដោយ ​ការ​ស្រាវ​ជ្រាវ​របស់​​អង្គ​ការ​លើក​លែង​ទោស​អន្តរ​ជាតិ បង្ហាញថា​ «រដ្ឋ​មិន​បាន​ផ្តល់​ភាព​ច្បាស់​លាស់​ថា​អ្នក​ណា​មាន​សិទ្ធិ​ស្នាក់​នៅ​ស្រប​ច្បាប់​ឡើយ​។ មនុស្ស​​ជា​ច្រើន​​ដែល​​ត្រូវ​​បង្ខំ​​ចិត្ត​​ចាក​ចេញ​​បាន​​និយាយ​​ថា​ គ្រួសារ​​របស់​​ពួកគេ​​បាន​​រស់​នៅ​​អង្គរ​​ជា​ច្រើន​​ជំនាន់​​មក​ហើយ​​នូវ​​អ្វី​​ដែល​​ពួក​គេ​​ជឿថា​​ជា​​ភូមិ​​ប្រពៃណី​​»​។​​

បើ​តាម​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ “គេក៏បានចងក្រងឯកសារអំពីស្ថានភាពក្រីក្រនៃកន្លែងតាំងលំនៅថ្មីដែលមិនមានលំនៅឋាន ឬបង្គន់នៅឡើយ ហើយគ្រួសារដែលត្រូវបានបណ្តេញចេញ តម្រូវឱ្យសាងសង់ផ្ទះផ្ទាល់ខ្លួន។​នេះផ្ទុយនឹងស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ ដែលចែងថា ទីតាំងថ្មីត្រូវតែរួមបញ្ចូលការផ្គត់ផ្គង់ទឹកស្អាត លំនៅដ្ឋាន និងអនាម័យ មុនពេលមនុស្សត្រូវផ្លាស់ទីលំនៅ»

បើតាមអង្គការដដែលនេះ អ្វីដែល​ខ្លួន​បានរក​ឃើញ គឺផ្អែកទៅបទសម្ភាសន៍ដោយផ្ទាល់ជាមួយមនុស្សជាង ១០០ នាក់ដែលត្រូវបានបណ្តេញចេញ ឬប្រឈមមុខនឹងការបណ្តេញចេញ។ ការរកឃើញបឋមនៃការស្រាវជ្រាវនេះត្រូវបានបញ្ជូនទៅអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) និងមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក មុនពេលកិច្ចប្រជុំលើកទី ៤៥ របស់គណៈកម្មាធិការនៅទីក្រុងរីយ៉ាដ ជាកន្លែងដែលគេរំពឹងថាប្រាសាទអង្គរវត្តនឹងត្រូវបានពិភាក្សា។

អង្គការនេះព្រមានថា ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​នេះ គឺ​ជា​ការ​ហែក​គ្រួសារ​ដែល​រស់​នៅ​ប្រាសាទ​អង្គរវត្ត​អស់​មួយ​ជំនាន់​មក​ហើយឲ្យ​​នៅ​ឆ្ងាយ​ពី​ផ្ទះ​សម្បែង និង​ជីវភាព។ ពួកគេ​ក៏​កំពុង​ឈាន​ទៅ​រក​ការ​កើន​ឡើង​នៃ​បំណុល និង​ភាពក្រីក្រ​សម្រាប់​មនុស្ស​ជា​ច្រើន​៕

What Next?

Recent Articles