ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​បន្ត​ឃុំ​ខ្លួន​សកម្មជន​បក្ស​ភ្លើង​ទៀន ៦នាក់ រឿង​ផ្ដិត​មេដៃ​បង្កើត​បក្ស​ថ្មី

ដោយ នៅ វណ្ណារិន
2023.09.11
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​បន្ត​ឃុំ​ខ្លួន​សកម្មជន​បក្ស​ភ្លើង​ទៀន ៦នាក់ រឿង​ផ្ដិត​មេដៃ​បង្កើត​បក្ស​ថ្មី

(រូបឯកសារ) លោក ស៊ិន វត្ថា (កណ្ដាល) ប្រធានប្រតិបត្តិ ខេត្តបន្ទាយមានជ័យ ក្នុង​កិច្ចប្រជុំថ្នាក់ដឹកនាំឃុំ ក្នុងស្រុកភ្នំស្រុក កាល​ពីថ្ងៃ​ទី២២ ខែតុលា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀនខេត្តបន្ទាយមានជ័យ


ប៉ូលិស​ខេត្ត​បន្ទាយ​មានជ័យ បន្ត​ឃុំ​ខ្លួន​សកម្មជន​បក្ស​ភ្លើង​ទៀន​ចំនួន ៦នាក់ និង​ដោះ​លែង​១៧​នាក់​ ពាក់ព័ន្ធ​នឹង​ការ​ដើរ​​ប្រមូល​ស្នាម​មេដៃ​ប្រជា​ពលរដ្ឋ​ដើម្បី​បង្កើត​គណបក្ស​នយោបាយ​ថ្មី។ មន្ត្រី​សង្គម​ស៊ីវិល​ លើក​ឡើង​ថា រឿង​នេះ​ជា​ការ​រឹតត្បិត​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ដោយ​ខុស​ច្បាប់ ដើម្បី​រាំង​ខ្ទប់​មិន​ឱ្យ​ចូល​រួម​ជីវភាព​នយោបាយ។

សកម្មជន​គណបក្ស​ភ្លើង​ទៀន​លើក​ឡើង​ថា ការ​ដោះលែង​នេះ​ដោយសារ​ពួក​គេ​ពុំ​មាន​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​គណបក្ស​ថ្មី​ដូច​ការ​ចោទ​ប្រកាន់​របស់​ប៉ូលិស​នោះ​ឡើយ។

អតីត​លេខាធិការ​គណបក្ស​ភ្លើង​ទៀន​ខេត្ត​បន្ទាយមានជ័យ លោក សួន ខេមរិន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១១ កញ្ញា​ថា មន្ត្រី​ប៉ូលិស​​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ដោះលែង​លោក និង​សកម្មជន​បក្ស​ទៀន​ចំនួន ១៦នាក់​ទៀត កាល​ពី​រសៀល​ថ្ងៃ​ទី១០ កញ្ញា បន្ទាប់​ពី​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជាង ៣០ម៉ោង។ លោក​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​នេះ​ដោយ​ប៉ូលិស​ចោទ​ប្រកាន់​ថា ពួក​លោក​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ដើម្បី​បង្កើត​គណបក្ស​ថ្មី។

លោក សួន ខេមរិន៖ «គេ​សួរ​ថា តើ​គណបក្ស​ថ្មី ដែល​បង្កើត​នឹង​អ្នក​ណា​នៅ​ពី​ក្រោយ ខ្ញុំ​បាន​បញ្ជាក់​ប្រាប់​គាត់​ថា​ខ្ញុំ​អត់​បាន​ដឹង​រឿង​នេះ​ទេ។ខ្ញុំ​គ្រាន់​តែ​ឃើញ​លិខិត​ស្នាម​មួយ​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​គណបក្ស​នេះ​គឺ គេ​ជម្រាប​មក​លោក អ៊ឹម សុងឹត ឱ្យ​បង្កើត​គណបក្ស​ថ្មី​មួយ​ឈ្មោះ​ថា បញ្ញា​ទំនើប ហើយ​តម្រូវ​ឱ្យ​លោក អ៊ឹម សូនិត ប្រមូល​ស្នាម​មេដៃ​ឱ្យ​គ្រប់ ដើម្បី​តាម​លក្ខន្តិកៈ​របស់​គណបក្ស​នយោបាយ។ ម្សិល​មិញ​គាត់​បាន​ឱ្យ​ខ្ញុំ​ធ្វើ​កិច្ច​សន្យា​ហើយ​ ខ្ញុំ​អត់​ហ៊ាន​និយាយ​អី​ច្រើន​ទេ​ គាត់​ថា ​ពេល​ដែល​ត្រឡប់​មក​វិញ​គឺ​អត់​ខ្ញុំ​ធ្វើ​អ្វី​ដែល​អាជ្ញាធរ​បាន​ហាមឃាត់ និង​ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ»

លោក​បន្ត​ថា សកម្មជន​បក្ស​ភ្លើង​ទៀន​ចំនួន ៦នាក់​ទៀត ត្រូវ​បាន​ប៉ូលិស​ឃុំ​ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ ដើម្បី​សាកសួរ​បន្ត។ អ្នក​ទាំង​នោះ​​ជា​ថ្នាក់​ដឹក​នាំ​បក្ស​ភ្លើង​ទៀន​ខេត្ត​នេះ​រួម​មាន លោក ស៊ិន វត្ថា លោក ទេព សម្បត្តិ វឌ្ឍនោ លោក ឡុង ឡាវី លោក ទួត វាសនា លោក ឈុំ ស៊ីណាត និង​លោក វ៉ាន់ ស៊ីអ៊ីវ។ ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី៨ និង​ទី៩ ខែ​កញ្ញា ដោយ​ពុំ​បាន​បង្ហាញ​ដីកា​ពី​តុលាការ​ឡើយ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​លោក សិទ្ធិ ឡោះ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​ការ​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១១ កញ្ញា។

ទោះ​ជា​យ៉ាង​ណា​ក្ដី អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​អនុញ្ញាត​ឱ្យ​បង្កើត​គណបក្ស​បញ្ញា​ទំនើប តប​តាម​ការ​ស្នើ​សុំ​របស់​តំណាង​ស្ថាបនិក​គណបក្ស​នេះ​គឺ លោក អ៊ឹម សូនិត។ លិខិត​របស់​ក្រសួង​មហាផ្ទៃ​​​ចុះ​ថ្ងៃ​ទី១៨ ខែសីហា ឆ្នាំ២០២៣ ថា ដូច្នេះ ដើម្បី​ទទួល​បាន​សុពលភាព និង​អាច​ធ្វើ​សកម្មភាព​ដោយ​ស្របច្បាប់ ក្នុង​ឋានៈ​ជា​នីតិបុគ្គល ក្នុង​រយៈ​ពេល ១៨០ថ្ងៃ បន្ទាប់​ពី​បាន​បង្កើត​រួច​ហើយ។ គណបក្ស​បញ្ញា​ទំនើប​ត្រូវ​រៀបចំ និង​បំពេញ​លក្ខខណ្ឌ​ស្នើសុំ​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ស្រប​តាម​កថាខណ្ឌ​ទី២ មាត្រា៩ មាត្រា១៨ ថ្មី មាត្រា១៩ ថ្មី និង​មាត្រា២០ នៃ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា មាន​ប្រសាសន៍​ថា ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ជា​សកម្មភាព​នយោបាយ​សមស្រប​តាម​ច្បាប់​ ដូច្នេះ​អាជ្ញាធរ​គួរតែ​សម្រួល​ដល់​ប្រជាពលរដ្ឋ ដើម្បី​បង្កើត​គណបក្ស​​ថ្មី​នេះ។ លោក​ចាត់​ទុក​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ភ្លើង​ទៀន​នេះ​ថា ជា​ការ​រឹតត្បិត​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ដោយ​ខុស​ច្បាប់។

លោក ស៊ឹង សែនករុណា៖ «ធ្វើ​បែប​នេះ​យើង​ឃើញ​ហើយ​នៅ​ក្នុង​តែ​ជួរ​គណបក្ស និង​សកម្មជន​នយោបាយ​គណបក្ស​ប្រឆាំង​បែប​នេះ វា​ចង់​មិន​ចង់​ច្បាស់​ជា​រង​ការ​រិះគន់​អំពី​ចំណាត់​ការ​ហ្នឹង​ហើយ​ ហើយ​អាច​ចោទ​ប្រកាន់​ថា ជា​ករណី​នយោបាយ​ជាង​នៃ​ការ​អនុវត្ត​ច្បាប់។ អ៊ីចឹង​ការ​មើល​ឃើញ​កន្លង​មក​គឺ​បែប​នឹង​ឯង ដោយសារ​តែ​មធ្យោបាយ នៃ​ការ​ចោទ​ប្រកាន់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ច្បាប់​ហ្នឹង ដែល​គេ​មើល​ឃើញ​ថា វា​ជា​ការ​ធ្វើ​ឡើង ហាក់​មិន​ទាន់​មាន​ភាព​ល្អ​ត្រឹមត្រូវ​ទៅ​តាម​នីតិវិធី​ផ្លូវ​ច្បាប់​នោះ​ទេ»

ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​មាត្រា៩ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​តិច ៨០នាក់ ដែល​មាន​អាយុ​ចាប់​ពី ១៨ឆ្នាំ​ឡើង​ទៅ និង​មាន​ទីលំនៅ​អចិន្ត្រៃយ៍​នៅ​កម្ពុជា​មាន​សិទ្ធ​បង្កើត​គណបក្ស​នយោបាយ​មួយ​បាន​ដោយ​គ្រាន់​តែ​ជូន​ដំណឹង​ជា​លាយលក្ខណ៍​អក្សរ​ទៅ​ក្រសួង​មហាផ្ទៃ។ ក្រសួង​មហាផ្ទៃ​ត្រូវ​ឆ្លើយ​តប​ជា​លាយលក្ខណ៍​អក្សរ​ថា បាន​ទទួល​សេចក្ដី​ជូន​ដំណឹង​នេះ​យ៉ាង​យូរ ១៥ថ្ងៃ។ បើ​ហួស​រយៈ​ពេល ១៥ថ្ងៃ ត្រូវ​ចាត់​ទុក​ថា បាន​ទទួល​សេចក្ដី​ជូន​ដំណឹង​នេះ។

ចំណែក​មាត្រា១៩ នៃ​ច្បាប់​ដដែល​នេះ ចែង​ថា ដើម្បី​ទទួល​បាន​សុពលភាព គណបក្ស​នយោបាយ​ត្រូវ​សុំ​ចុះ​បញ្ជី​គណបក្ស​នយោបាយ ដោយ​ត្រូវ​មាន​សមាជិក​យ៉ាង​តិច ៤ពាន់​នាក់ (៤.០០០) មក​ពី​តាម​បណ្ដា​ខេត្ត​ក្រុង​មួយ​ចំនួន។ មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា ដូច្នេះ អ្នក​នយោបាយ​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ ដើម្បី​បង្កើត​គណបក្ស​គឺ​ជា​រឿង​ត្រឹមត្រូវ​តាម​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles