១២ កញ្ញា ២០២៣
មាស ដា
វីអូអេខ្មែរ
ភ្នំពេញ — គិតចាប់តាំងពីសប្តាហ៍មុន អាជ្ញាធមានសមត្ថកិច្ចបានចាប់ខ្លួនសកម្មជនគណបក្សជំទាស់ជាបន្តបន្ទាប់ ហើយគិតត្រឹមថ្ងៃអង្គារនេះ មានសកម្មជនយ៉ាងហោចណាស់២៣នាក់ត្រូវបានចាប់ តែក្នុងនោះមាន១៧នាក់ត្រូវបានដោះលែង និង៦នាក់ទៀតកំពុងស្ថិតក្រោមសាកសួរ។ នេះបើតាមអនុប្រធានគណបក្សភ្លើងទៀនលោក រ៉ុង ឈុន។
សកម្មជនដែលត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់នោះ គឺភាគច្រើនជាសមាជិករបស់គណបក្សភ្លើងទៀនក្នុងខេត្តបន្ទាយមានជ័យ ទីដែលគណបក្សជំទាស់នៅទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋ។ នេះបើតាមអ្នកឃ្លាំមើលសិទ្ធិមនុស្ស។
អនុប្រធានគណបក្សភ្លើងទៀនលោក រ៉ុង ឈុន ប្រាប់វីអូអេថា កាលពីសប្តាហ៍មុនអាជ្ញាធរខេត្តបន្ទាយមានជ័យបានចាប់ខ្លួនមន្រ្តីថ្នាក់ដឹកនាំខេត្ត និងសកម្មជនគណបក្សភ្លើងទៀនជាបន្តបន្ទាប់ចំនួន២៣នាក់។
ប៉ុន្តែលោកថា មកដល់ពេលនេះមន្ត្រី និងសកម្មជន១៧នាក់ត្រូវបានអាជ្ញាធរដោះលែង ហើយ៦នាក់ទៀតកំពុងតែរង់ចាំការសាកសួរបន្ថែមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រោមការចោទប្រកាន់ថាបានធ្វើសកម្មភាពញុះញង់។
លោកបន្ថែមថា៖ «ការចាប់ខ្លួននេះគឺជា សារថ្មីមួយទៀតមានន័យថា ជាការគំរាមកំហែងទៅដល់សកម្មជនក៏ដូចជាថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀនផងដែរ។ យើងគិតថា មិនត្រូវគួរឱ្យកើតមានសម្រាប់សង្គមកម្ពុជាយើង បន្តទៅទៀតទេដោយការចាប់ខ្លួន ពុំមានកំហុសឆ្គងពុំមានហេតុផលជាក់លាក់ ហើយយកការចាប់ខ្លួនយកមកធ្វើជាវិធីដោះស្រាយ មិនមែនជារឿងត្រឹមត្រូវមិនស្របទៅតាមគោលការណ៍ប្រជាធិបតេយ្យផងដែរ»។
អនុប្រធានគណបក្សជំទាស់រូបនេះ មិនទាន់អាចបញ្ជាក់ពី មូលហេតុនៅពីក្រោយការចាប់ខ្លួនសកម្មជន និងថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ២៣នាក់នោះ នៅឡើយទេ តែលោកសង្ស័យថា ការចាប់ខ្លួននោះមានជាប់ពាក់ព័ន្ធនឹងការប្រមូលស្នាមមេដៃបង្កើតគណបក្សថ្មីមួយ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកខៀវ សុភ័គ បញ្ជាក់វីអូអេឱ្យដឹងថា អាជ្ញាធរមានហេតុផលក្នុងការចាប់ខ្លួនសកម្មជននិងថ្នាក់ដឹកនាំគណបក្សភ្លើងទៀនមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ ពោលគឺដោយសារតែពួកគេបានធ្វើសកម្មភាពបំផុសបំផុលឱ្យប្រជាពលរដ្ឋផ្តល់ការគាំទ្រដើម្បីបង្កើតគណបក្សនយោបាយថ្មីមួយ។
ចំណែក អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន ថ្លែងតាមប្រព័ន្ធតេឡេក្រាមថា បើតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តបន្ទាយមានជ័យ ការឃាត់ខ្លួននោះ ធ្វើឡើងដោយសារសកម្មជនបក្សជំទាស់ធ្វើសកម្មភាព សុំស្នាមមេដៃពីប្រជាពលរដ្ឋក្នុងការបង្កើតគណបក្សថ្មីមួយ ដោយក្លែងបន្លំយកឈ្មោះថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សកាន់អំណាចគឺលោកទៀ បាញ់ និងលោកស ខេងមកបញ្ចុះបញ្ចូលប្រជាពលរដ្ឋនៅទីនោះ។
លោកថ្លែងថា៖ «ការឃាត់ខ្លួននេះដោយសារពួកគាត់ក្លែងយកឈ្មោះសម្តេចពិជ័យសេនាទៀ បាញ់ និងសម្តេចក្រឡាហោមស ខេង ដើម្បីយកទៅឆបោកប្រជាពលរដ្ឋសុំស្នាមមេដៃដើម្បីបង្កើតគណបក្សថ្មីមួយ។ នេះពូមានតែប៉ុណ្ណឹង សូមជម្រាបជូនតែប៉ុណ្ណឹង»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា យល់ថា បើសិនជាការចាប់ខ្លួននេះមានដីកាកោះហៅត្រឹមត្រូវទៅតាមគោលការណ៍នីតិវិធីច្បាប់ វាជារឿងត្រឹមត្រូវ។ ប៉ុន្តែ បើសកម្មជនទាំងនោះ មិនបានធ្វើខុសទៅនឹងច្បាប់ណាមួយទេ តែបែរជាប្រឈមមុខនឹងការចាប់ខ្លួននោះ វាជាការរំលោភបំពានសិទ្ធិសេរីភាពរបស់ពលរដ្ឋ។
លោកលើកឡើងថា៖ «បើសិនជាការរំលោភបំពានការចាប់ខ្លួនដោយគ្រាន់តែធ្វើសកម្មភាពផ្នែកនយោបាយ ដោយសន្តិវិធីសមស្របទៅតាមផ្លូវច្បាប់ជាតិ និង អន្តរជាតិ ហើយមានការចាប់ខ្លួនចោទប្រកាន់គំរាមកំហែងអីផ្សេងៗទាំងអស់នេះខ្ញុំយល់ថា វាការរំលោភបំពានទៅដល់សិទ្ធិសេរីភាពផ្នែកនយោបាយរបស់ប្រជាពលរដ្ឋកម្ពុជាក៏ដូចជា សកម្មជននយោបាយដែលកំពុងធ្វើសកម្មភាពសមស្របតាមសិទ្ធិនយោបាយដែលពួកគេមាន»។
យ៉ាងណាក៏ដោយ ការចាប់ខ្លួនសកម្មជនគណបក្សជំទាស់ជាបន្តបន្ទាប់នាពេលនេះ កើតមានឡើង នៅពេលថ្នាក់ដឹកនាំគណបក្សនេះ ដាក់សំណើសុំជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាបញ្ហានៃការចុះបញ្ជីគណបក្សភ្លើងទៀននៅក្រសួងមហាផ្ទៃ ដើម្បីបើកផ្លូវឱ្យគណបក្សនេះបានចូលរួមការបោះឆ្នោតនៅពេលខាងមុខ។
អនុប្រធានគណបក្សភ្លើងទៀនលោក រ៉ុង ឈុន ឱ្យដឹងទៀតថា មកទល់ពេលនេះគណបក្សភ្លើងទៀនពុំទាន់ទទួលបានដំណឹងពីខាងក្រសួងមហាផ្ទៃនៅឡើយ៕