១៣ កញ្ញា ២០២៣
លាស់ លីបលីប
វីអូអេខ្មែរ
ភ្នំពេញ — លោក នី ណាក់ ដែលតែងតែរិះគន់អំពីភាពអវិជ្ជមានសង្គម និងជាសកម្មជនមួយរូប ដែលធ្លាប់ជាប់ពន្ធនាគារ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណមួយក្រុមវាយដំលើរាងកាយ និងក្បាលយ៉ាងដំណំ កាលពីថ្ងៃអង្គារ នៅពេលលោក និងភរិយាធ្វើដំណើរតាមដងផ្លូវ នៅជិតវត្តព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ភរិយារបស់លោក នី ណាក់ ចាត់ទុកថានេះជាសកម្មភាព«ដ៏ឃោរឃៅបំផុត» ខណៈអ្នកស្រីស្នើឱ្យអាជ្ញាធរស៊ើបអង្កេតស្វែងរកជនដៃដល់។
ភរិយារបស់លោកលោក នី ណាក់ គឺអ្នកស្រី សុខ ស៊ីណែត អាយុ៤១ឆ្នាំ ដែលធ្វើដំណើរជាមួយស្វាមី ពេលកើតហេតុ ប្រាប់វីអូអេនាថ្ងៃពុធនេះថា ហេតុការណ៍នេះមិនមែនជាគ្រោះថ្នាក់ចរាចរណ៍នោះទេ ប៉ុន្តែវាជាការប៉ុនប៉ងរបស់ក្រុមណាមួយ ដោយសារ មនុស្សមួយក្រុមនោះបានជិះម៉ូតូមកធាក់ម៉ូតូរបស់អ្នកស្រី និងស្វាមីពីក្រោយ កាលពីម៉ោងប្រមាណ១រសៀលថ្ងៃទី១២ ខែកញ្ញា រួចពួកគេរត់មកវាយលោក នី ណាក់ ដោយសំដៅត្រង់ក្បាល ហើយប្រើដំបងដែក បើទោះបីជាស្វាមីអ្នកស្រីព្យាយាមរត់ចូលទៅកន្លែងលក់និងទិញអេតចាយក៏ដោយ។ អ្នកស្រីក៏រងរបួសដៃជើងផងដែរ។
អ្នកស្រីបញ្ជាក់ថា៖ «តាមកាមេរ៉ា ដែលគេមើលហ្នឹង គឺវាអត់បុកទេ គឺវាធាក់ឱ្យដួល។ ធាក់ឱ្យពួកខ្ញុំដួលម៉ូតូប្រាវអ៊ីចឹងទៅ គឺវាចុះមកវាយហ្មង»។
អ្នកស្រីបន្ថែមថា៖ «ឃើញគេរត់មក ខ្ទង់៣ឬ៤នាក់ហ្នឹង គេរត់មកសម្រុកវាយគាត់ហើយ វាទាញមួកការពារពីក្បាលប្តីខ្ញុំរបើក គឺវាយយកតែក្បាលទេ។ ពេលហ្នឹងគាត់យកដៃគាត់រងអ៊ីចឹង។ ដល់ពេលខ្ញុំស្រែកឱ្យជួយប្តីខ្ញុំផង អ៊ីចឹងវាឃើញខ្ញុំស្រែក វាមកវាយខ្ញុំដែរ។ ដល់ពេលអ៊ីចឹង គាត់ខ្លាចគេវាយខ្ញុំអ៊ីចឹងទៅ គាត់ក៏រត់ចូលក្នុងទៅ ពួកវាក៏តាមគាត់ តាមហ្នឹងគឺវាយសម្រុកយកហ្មង»។
បើតាមអ្នកស្រី សុខ ស៊ីណែត ក្រុមជនបង្កនោះពាក់មួកនិងអាវក្រៅពណ៌ខ្មៅ និងមានដំបងដែក។ អ្នកស្រីចាត់ទុកថានេះ ជាសកម្មភាពដ៏ឃោរឃៅ និងស្នើឱ្យអាជ្ញាធរចាប់ខ្លួនជនបង្កទាំងនោះមកផ្ទន្ទាទោស។
អ្នកស្រីបន្ថែមថា៖ «ឃោរឃៅខ្លាំងមែនទែន មិននឹកស្មានថាសាហាវអ៊ីចឹង ចាត់ទុកយើងដូចសត្វអ៊ីចឹង។ ចុះមកវាយយកៗ អត់មានសតិសម្បជញ្ញៈនៅក្នុងខ្លួនសោះ ចង់និយាយថាក្នុងខ្លួនវា គឺសត្វហ្មងចេញមកគឺសាហាវម្តង»។
អ្នកស្រីបន្តថាទីតាំងកើតហេតុនោះ ក៏មានកាមេរ៉ាសុវត្ថិភាពផងដែរ ហើយអាជ្ញាធរក៏បានចុះមកធ្វើរបាយការណ៍ និងពាក្យបណ្តឹងពាក់ព័ន្ធនឹងករណីនេះ។
អ្នកស្រី សុខ ស៊ីណែត បញ្ជាក់ថា ទាំងអ្នកស្រី និងស្វាមីរបស់អ្នកស្រីមិនបានចាប់អារម្មណ៍ថាមានអ្នកណាតាមដាននោះទេ ព្រោះស្វាមីអ្នកស្រីមិនដែលជំពាក់លុយអ្នកណាទេ ហើយក៏មិនដែលមានជម្លោះជាមួយបុគ្គលណាដែរ។
អ្នកស្រីថ្លែងថា៖ «និយាយរឿងជម្លោះគឺអត់ទេ។ ប្តីខ្ញុំគឺស្លូតត្រង់ណាស់ អត់ដែលឈ្លោះជាមួយគេ។ និយាយទៅអត់មានពេលឈ្លោះហ្មង ហើយជំពាក់លុយគេ ក៏អត់ដែរ»។
លោក នី ណាក់ កំពុងសម្រាកព្យាបាលក្នុងគ្លីនិកព្យាបាលមួយកន្លែងក្នុងរាជធានីភ្នំពេញ ក្នុងសភាពទ្រុឌទ្រោម បែកមាត់ មុខហើម របួសក្បាលធ្ងន់ធ្ងរ និងរបួសដៃជើងទាំងសងខាង។ លោកមិនទាន់អាចនិយាយស្តីបានឡើយ នាពេលនេះ។
លោក នី ណាក់ ធ្លាប់ជាប់ពន្ធនាគារ១៨ខែ និងពិន័យជាប្រាក់ចំនួន២លានរៀល ពីបទ«ជេរប្រមាថជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធការបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ក្នុងលក្ខណៈកំប្លែង រឿងទិញម៉ាស់ពាក់ឱ្យមាន់ អំឡុងពេលមានការឆ្លងរាតត្បាតជំងឺកូវីដ១៩។
នៅថ្ងៃពុធនេះ អ្នកសារព័ត៌មានវីអូអេក៏បានចុះទៅផ្ទាល់ជួបអ្នកស្រី សុខ ស៊ីណែត និងលោក នី ណាក់ ដែលកំពុងរងរបួសធ្ងន់ធ្ងរ ហើយបានសាកសួរពលរដ្ឋដែលឃើញហេតុការណ៍នេះ។ មន្រ្តីកងរាជអាវុធហត្ថមួយចំនួនបានចុះជួបជនរងគ្រោះនៅគ្លីនិចឯកជននោះ និងឃើញអាជ្ញាធរ នគរបាលព្រហ្មទណ្ឌ ចុះជួបពលរដ្ឋដែលឃើញហេតុការណ៍នោះ ដើម្បីស៊ើបអង្កេត។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែមពីអធិការនគរបាលខណ្ឌច្បារអំពៅ លោក ម៉ៅ សឿត បាននៅឡើយទេ។
លោក សុខ យូ អាយុ២១ឆ្នាំ ដែលជាកម្មករទិញអេតចាយ និងបានឃើញហេតុការណ៍នោះ ប្រាប់វីអូអេថាក្រុមជនបង្កជិះម៉ូតូចំនួន៤គ្រឿង ហើយប្រើដំបងដែកវាយលោក នី ណាក់ ដល់ខាងក្នុងឃ្លាំងអេតចាយ។ លោកថាលោកចង់ជួយលើកម៉ូតូ ដោយស្មានតែគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែដោយឃើញក្រុមជនដៃដល់មានគ្នាច្រើន ដូច្នេះលោកម្នាក់ឯង ក៏សម្រេចចិត្តរកកន្លែងសុវត្ថិភាពផ្ទាល់ខ្លួន។
លោកបញ្ជាក់ថា៖ «ដំបូងខ្ញុំឃើញគាត់ដួលម៉ូតូ ខ្ញុំស្មានគាត់ជិះប៉ះអី បានខ្ញុំរកចេញទៅលើក ដល់ពេលឃើញគេ[ជនបង្ក]ចុះមក វាយបាត់ហើយហ្នឹង ខ្ញុំអត់ដឹងរឿងអីខ្ញុំរត់ចូលក្នុងបាត់ទៅ»។
លោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ជំរុញអាជ្ញាធរត្រូវពង្រឹងសុវត្ថិភាពសន្តិសុខ ដើម្បីការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «កន្លងមក អ្នកដែលប្រព្រឹត្តដើរវាយ ដើរវាយ តាមទីសាធារណៈហ្នឹងមិនដែលឃើញសមត្ថកិច្ចចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ទេ។ ចំណុចនេះ ហើយជាអសមត្ថភាពរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរនៅក្នុងប្រទេសកម្ពុជាដែរ»។
គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះ លោក នី ណាក់ អាយុ៤៤ឆ្នាំ ម្ចាស់គណនីសង្គមហ្វេសប៊ុកឈ្មោះ IMan-KH ដែលមានជំនាញក្នុងវិស័យកសិកម្ម នៅតែរិះគន់ចំណុចអវិជ្ជមាននានាក្នុងសង្គម ជាពិសេសពាក់ព័ន្ធវិស័យកសិកម្ម តាមបណ្តាញសង្គមហ្វេសប៊ុករបស់លោក។ ហើយលោក នី ណាក់ ក៏ធ្លាប់ជួបជាមួយអតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ផងដែរ កាលពីកន្លងទៅ៕