កម្ពុជា-សង្គម
13/09/2023 – 11:47
ដោយ៖ ជួប នរក្សា
RFI
លោក នី ណាក់ អ្នកជំនាញផ្នែកកសិកម្មមួយរូប បានរងរបួសជាដំណំ ដោយសារការព្រួតវាយដំពីសំណាក់ក្រុមជនមិនស្គាល់មុខ កាលពីថ្ងៃអង្គារម្សិលមិញ។ តាមការបញ្ជាក់របស់ប្រពន្ធជនរងគ្រោះ សភាពរបស់លោក នី ណាក់ ពេលនេះ គឺនៅមានស្មារតីនឹងនរ អាចនិយាយស្តីបានតិចតួច ក៏ប៉ុន្តែក្បាលនៅឈឺចាប់ ដោយសារតែការវាយដំណំចំនួន៥កន្លែង។

លោក នី ណាក់ អ្នកជំនាញផ្នែកកសិកម្មមួយរូប បានរងរបួសជាដំណំ ដោយសារការព្រួតវាយដំពីសំណាក់ក្រុមជនមិនស្គាល់មុខ © Nak Ny
បើតាមអ្នកស្រី សុខ ស៊ីណែត ដែលជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ពីហេតុការណ៍វាយដំលើលោក នី ណាក់ កាលពីថ្ងៃម្សិលមិញ ថា ដំបូងឡើយ លោក នី ណាក់ ត្រូវជាប្តី និងអ្នកស្រី បានធ្វើដំណើរចេញពីឃ្លាំងធ្វើជីមួយកន្លែង នៅម្តុំវត្តចំពុះក្អែក មកដល់ចំណុចឃ្លាំងដែកមួយកន្លែង នៅម្តុំវត្តព្រែកប្រា ប្រហែលជាម៉ោង១រសៀល ក៏បានសកម្មភាពធាក់ម៉ូតូរបស់ប្តីប្រពន្ធលោកស្រី ដួលទៅនឹងថ្នល់។
បន្ទាប់មក ក្រុមជនមិនស្គាល់ ៣ទៅ៤នាក់ សុទ្ធតែបុរស បានដើរសំដៅមករកលោក នី ណាក់ ដោយមានដំបងមួយម្នាក់ជាប់នឹងដៃ វាយដំលើលោក នី ណាក់ ដោយព្យាយាមដោះមួកសុវត្ថិភាព និងវាយតម្រង់រកក្បាលតែម្តង។
បើតាមការរៀបរាប់បន្តរបស់ប្រពន្ធជនរងគ្រោះ គឺលោក នី ណាក់ បានព្យាយាមងើបហើយរត់ចូលទៅក្នុងឃ្លាំងដែក ខណៈដែលក្រុមជនមិនស្គាល់មុខក្នុងសម្លៀកបំពាក់ពណ៌ខ្មៅ បានរត់ដេញតាមវាយដំ រហូតដល់បែកក្បាលជនរងគ្រោះចំនួន៥កន្លែង។ អ្នកស្រី សុខ ស៊ីណែត បន្តទៀតថា ក្រុមជនមិនស្គាល់មុខទាំងនោះ បានបន្តវាយដំ រហូតទាល់តែក្បាលលោក នី ណាក់ ធ្លាក់ឈាមស្រោចពេញខ្លួន ទើបក្រុមជនបង្កហេតុគេចខ្លួនចេញពីទីតាំង។
មកដល់ពេលនេះ លោក នី ណាក់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ដោយមានស្នាមរបួសលើប្រអប់ដៃ បបូរមាត់ ភ្នែក និងក្បាលដែលរងរបួសធ្ងន់ធ្ងរចំនួន៥កន្លែង និងត្រូវដេរជាច្រើនថ្នេរ។ នេះបើតាមការបញ្ជាក់របស់ជនរងគ្រោះ។
តាមអ្នកស្រី សុខ ស៊ីណែត ពេលនេះលោកស្រីបានដាក់ពាក្យបណ្តឹងតាមរយៈកងរាជអាវុធហត្ថព្រែកប្រា រួចរាល់ ហើយក៏សង្ឃឹមថា អាជ្ញាធរនឹងអាចរកមុខជនល្មើសទាំងនោះ ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ប្តីអ្នកស្រី។
មន្ត្រីនៃកងកម្លាំងប្រដាប់អាវុធសង្កាត់ព្រែកប្រា មួយរូប សុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ខ្លួនបានទទួលពាក្យបណ្តឹងពីសំណាក់ប្រពន្ធលោក នី ណាក់ រួចរាល់។ តាមការបញ្ជាក់បន្ថែម គឺកងកម្លាំងបានបែងចែកជាពីរក្រុម ដោយមានមួយក្រុមទៅសាកសួរព័ត៌មានពីប្រពន្ធជនរងគ្រោះ និងមួយក្រុមទៀតចុះទៅកន្លែងកើតហេតុ ដើម្បីរកមើលស្លាកស្នាម។
គួរជម្រាបថា លោក នី ណាក់ គឺជាអ្នកមានជំនាញខាងកសិកម្ម ហើយក៏ធ្លាប់ជាប់ពន្ធនាគារចំនួន១៨ខែ ដោយសារតែការលើកឡើងបែបបញ្ចើចបញ្ចើរ ដោយឲ្យមាន់ពាក់ម៉ាស បង្ការការឆ្លងជំងឺកូវីដ១៩។
ក្រោយមក លោក នី ណាក់ បានប្រកាសពីការគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច នៅចំពោះមុខនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកន្លងទៅនេះ។ បើទោះជាយ៉ាងនេះក្តី ក៏ប៉ុន្តែអ្នកជំនាញផ្នែកកសិកម្ម បានសរសេររិះគន់ជាហូរហែពីសកម្មភាពរបស់មន្ត្រីរដ្ឋាភិបាល តាមរយៈទំព័រហ្វេសប៊ុកផេករបស់ខ្លួន ដែលមានឈ្មោះថា IMan-KH៕