អ្នក​ជំនាញ​កសិកម្ម ដែល​ធ្លាប់​ជាប់​ទោស​រឿង​ត្រៀម​ទិញ​ម៉ាស់​ពាក់​ឱ្យ​កូន​មាន់ ត្រូវ​ជន​មិន​ស្គាល់​មុខ​ព្រួត​វាយ​ឱ្យ​របួស​ធ្ងន់

ដោយ សុជីវី
2023.09.12
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​ជំនាញ​កសិកម្ម ដែល​ធ្លាប់​ជាប់​ទោស​រឿង​ត្រៀម​ទិញ​ម៉ាស់​ពាក់​ឱ្យ​កូន​មាន់ ត្រូវ​ជន​មិន​ស្គាល់​មុខ​ព្រួត​វាយ​ឱ្យ​របួស​ធ្ងន់

(រូបឯកសារ) រូប​លោក នី ណាក់ នៅ​​លើ​ហ្វេសប៊ុក ឈ្មោះ អាយមែន-ខេអេច្ឆ (Iman-KH) កាល​ពីថ្ងៃ​ទី៧ ខែធ្នូ ឆ្នាំ២០២០ ដែល​សរសេរ​សារ​ថា លោក​សង្ឃឹម​ថា «កូន​មាន់​នឹង​ចេះ​ពាក់​ម៉ាស់​គ្រប់​គ្នា ហើយ​ដេក​នៅ​ក្នុង​ទ្រុង កុំ​ចេញ​ក្រៅ​ឱ្យ​សោះ បើ​គ្មាន​ការ​ចាំបាច់»។ រូបពីហ្វេសប៊ុករបស់លោក នី ណាក់


អតីត​អ្នក​ទោស​មនសិការ និង​ជា​អ្នក​ជំនាញ​កសិកម្ម លោក នី ណាក់ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​រឿង​ទិញ​ម៉ាស់​ពាក់​ឱ្យ​កូន​មាន់ ត្រូវ​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ព្រួត​វាយ​ឱ្យ​របួស​ក្បាល​ធ្ងន់ នៅ​រសៀល​ថ្ងៃ​ទី១២ ខែកញ្ញា​នេះ។

ប្រពន្ធ​លោក នី ណាក់ អះអាង​ថា រឿង​នេះ​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ដោយសារ​តែ​លោក​ហ៊ាន​រិះគន់ ហ៊ាន​និយាយ​ការ​ពិត​ពី​បញ្ហា​ក្នុង​សង្គម ពិសេស​រឿងរ៉ាវ​ទាក់ទង​នឹង​វិស័យ​កសិកម្ម។

អ្នកការពារ​សិទ្ធិមនុស្ស​ទទូច​ដល់​អាជ្ញាធរ​រដ្ឋាភិបាល​ឱ្យ​ស៊ើប​អង្កេត​រក​អ្នក​ប្រព្រឹត្ត​មក​ផ្តន្ទាទោស និង​បិទ​បញ្ចប់​សំណុំរឿង​លប​វាយ​ធ្វើ​បាប​អ្នក​សកម្ម​ការងារ​សង្គម​នេះ កុំ​ឱ្យ​កើត​មាន​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​ត​ទៅ​ទៀត។

ករណី​វាយ លោក នី ណាក់ ឱ្យ​របួស​ធ្ងន់​នេះ​ជា​ករណី​ទី១ នៃ​ការ​វាយ​ប្រហារ​ទៅ​លើ​អ្នក​សកម្ម​រិះគន់​បញ្ហា​សង្គម​នៅ​ក្នុង​ស្រុក នៅ​ក្រោម​រដ្ឋាភិបាល​អាណត្តិ​ថ្មី ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត។

លោក នី ណាក់ របួស​ក្បាល​ធ្ងន់ធ្ងរ នៅ​ក្រោយ​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​បាន​ព្រួត​វាយ​លោក នៅ​វេលា​ម៉ោង​ជាង​មួយ​រសៀល​នៅ​តំបន់​ព្រែក​ប្រា ខណ្ឌច្បារអំពៅ។

ប្រពន្ធ​លោក នី ណាក់ លោកស្រី សុខ ស៊ីណែត ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​មុន​ការផ្សាយ​នេះ​បន្តិច​ថា ពេល​នេះ​ប្ដី​លោកស្រី​បាន​ឆ្លង​ផុត​គ្រោះថ្នាក់​មួយ​ដំណាក់​កាល​ហើយ តែ​ត្រូវ​រង់​ចាំ​ថត​ស្កេន​ខួរក្បាល​ដើម្បី​បញ្ជាក់​ថា​ខួរក្បាល​របស់​លោក​មិន​មាន​របួស។ លោកស្រី ស៊ីណែត សង្ស័យ​ថា ការ​វាយ​ធ្វើ​បាប​ប៉ុនប៉ង​សម្លាប់ លោក នីណាក់ នៅ​ពេល​នេះ​ពាក់​ព័ន្ធ​នឹង​លោក​បន្ត​និយាយ​ពី​បញ្ហា​សង្គម​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ព្រោះ​គ្រួសារ​របស់​លោកស្រី​ពុំ​មាន​ទំនាស់ ឬ​គំនុំ​ជាមួយ​នរណា​ឡើយ។

លោកស្រី សុខ ស៊ីណែត៖ «ខ្ញុំ​គិត​ថា​ប្រហែល​ជាមួយ​រយៈ​នេះ​ប្ដី​ខ្ញុំ​គាត់​និយាយ​ទាក់ទង​នឹង​រឿង​សង្គម​ច្រើន​អាច​មាន​គេ​អត់​ពេញ​ចិត្ត។ តាម​ខ្ញុំ​គិត​គឺ​អ៊ីចឹង បើ​ថា​រឿង​ផ្ទាល់​ខ្លួន​ឯង​ទៅ​ឈ្លោះ​ជាមួយ​គេ​ ដោយសារតែ​គាត់​ធ្វើ​ឱ្យ​គេ​មក​ធ្វើ​បាប​គាត់​គឺ​អត់​មាន​ គឺ​អត់​ទាក់ទង។ គាត់​និយាយ​តែ​ការពិត មិន​បាន​និយាយ​អី​ថា​ឱ្យ​នរណា​ទេ។ និយាយ​ទៅ​គេ​គំរាម​កំហែង​ដល់​អាយុជីវិត​ប្ដី គឺ​អាណិត​គាត់​ ស្រណោះ​គាត់ សង្គម​ដែល​ថា គាត់​ត្រូវ​គេ​ធ្វើ​បាប​តែ​គ្មាន​អ្នកជួយ»

លោកស្រី សុខ ស៊ីណែត រម្លឹក​ថា​នៅ​រសៀល​នៅ​ថ្ងៃ​ទី១២ ខែកញ្ញា មាន​ជន​មិន​ស្គាល់​មុខ​បាន​ជិះ​ម៉ូតូ​បុក​ម៉ូតូ​ប្តី​លោកស្រី​ពី​ក្រោយ​នៅ​ពេល​លោកស្រី និង​ប្ដី​ធ្វើ​ដំណើរ​ចេញ​ពី​ម្ដុំ​វត្ត​ចំពុះ​ក្អែក​សំដៅ​ទៅ​ផ្ទះ។ ក្រោយ​ម៉ូតូ​ដួល​មនុស្ស​ប្រុស​មួយ​ក្រុម ស្លៀកពាក់​ខ្មៅ មាន​ពាក់​មួក​ឃ្លុប​បិទ​មុខ​ជិត ដៃ​កាន់​ដំបង​ដែក​សម្រុក​វាយ​សន្ធាប់​លើ​ក្បាល លោក នី ណាក់ ឱ្យ​បែក​ក្បាល​ជា​ច្រើន​កន្លែង​ឈាម​ស្រោច​ខ្លួន និង​សន្លប់​នៅ​នឹង​កន្លែង។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ប៉ូលិស​នៅ​ក្នុង​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ភ្លាមៗ ដោយ​បាន​ធ្វើ​កំណត់​ហេតុ និង​ពិនិត្យ​កាមេរ៉ា​សុវត្ថិភាព ព្រម​ទាំង​សន្យា​ថា​ជួយ​ស្រាវជ្រាវ​រក​ជន​ប្រព្រឹត្ត។

បើ​ទោះ​ជា​យ៉ាង​ណា​ក្ដី លោក សុខ ស៊ីណែត មិន​សង្ឃឹម​ថា​អាជ្ញាធរ​នឹង​រក​យុត្តិធម៌​ឱ្យ​ប្ដី​លោក​ស្រី​បាន​ទេ ព្រោះ​កន្លង​ទៅ​ករណី​បែបនេះ​អាជ្ញាធរ​មិន​ដែល​ចាប់​ជន​ល្មើស​បាន​ទេ។

លោក នី ណាក់ ជា​អ្នក​ជំនាញ​ផ្នែក​កសិកម្ម ធ្លាប់​ជាប់​ពន្ធនាគារ ដោយ​តុលាការ​កាត់​ឱ្យ​លោក​ជាប់​ទោស ១៨ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២លាន​រៀល ដោយសារ​បាន​សរសេរ​ឌឺដង «ទិញ​ម៉ាស់​ពាក់​ឲ្យ​កូន​មាន់» និង​ត្រៀម​ដាក់​ទ្រុង​មាន់​ក្នុង​គ្រា​មាន​អាសន្ន ខណៈ​កម្ពុជា និង​ពិភពលោក ផ្ទុះ​ជំងឺ​កូវីដ១៩ កាល​ពី​ចុង​ឆ្នាំ២០១៩។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក នី ណាក់ ក៏​ធ្លាប់​សរសេរ​សំបុត្រ សុំទោស លោក ហ៊ុន សែន និង​បាន​ជួប​ថត​រូប​ជាមួយ​លោក ហ៊ុន សែន នៅ​ក្រោយ​លោក​បាន​ចេញ​ពី​ពន្ធនាគារ។

យ៉ាង​នេះ​ក្ដី​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់ លោក នី ណាក់ ឈ្មោះ​ថា IMAN-KH នៅ​តែ​បន្ត​បង្ហោះ​សារ​រិះ​គន់​បញ្ហា​អសកម្ម​នៅ​ក្នុង​សង្គម​ជា​ញឹកញាប់។ នៅ​ប៉ុន្មាន​ម៉ោង​មុន​ពេល​លោក​រង​របួស ដោយ​ក្រុម​មនុស្ស​មិន​ស្គាល់​មុខ​វាយ​ធ្វើ​បាប​នេះ លោក នី ណាក់ បាន​បង្ហោះ​សារ​រិះគន់ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ឌិត ទីណា ទាក់ទង​នឹង​កំណត់​ហេតុ​តម្លៃ​ស្រូវ​នៅ​ពេល​ថ្មីៗ នេះ​ថា៖ «ធ្វើ​ដល់​រដ្ឋមន្ត្រី ពី​លើ​រដ្ឋលេខាធិការ​ច្រើន​ជាង ៦០នាក់ ប្រើ​សុទ្ធ​តែ​ដ្រូន​សម្រាប់​ស៊ើបការណ៍ ប៉ុន្តែ​រក​លេខា​ម្នាក់​មក​ធ្វើ​ឯកសារ​ផ្លូវការ​មិនបាន។ កំណត់​ហេតុ​សរសេរ​ដោយ​ដៃ​បែប​នេះ តើ​នរណា​ដឹង​ថា ជា​អ្នកណា​សរសេរ? ជា​រោងម៉ាស៊ីន​មួយ​ណា? ក្រុមហ៊ុន​ណា? អត់​មាន។ អ៊ីចឹង​ធ្វើការ​យក​តែ​មុខ​សម្រាប់​ផុស​ហ្វេសប៊ុក​តែ​ប៉ុណ្ណោះ»

នៅ​លើ​ហ្វេសប៊ុក​របស់​លោក នី ណាក់ ដដែល​នេះ កាល​ពី​ថ្ងៃ​ទី១១ ខែកញ្ញា លោក​បាន​បង្ហោះ​សារ​មួយ​ឆ្លើយ​តប​នឹង​ក្រុម​យុវជន ដែល​បាន​ទៅ​ចុះចូល​ជាមួយ​លោក ហ៊ុន សែន ថា ឱ្យ​ឈប់​ទាក់ទង​ទៅ​លោក​ទៀត ព្រោះ​លោក​ជា​អ្នក​រកស៊ី​មិន​ជាប់​ពាក់ព័ន្ធ​បក្ស​កាន់​អំណាច មិន​ជាប់​ពាក់ព័ន្ធ​បក្ស​ប្រឆាំង​ឡើយ។

ទាក់ទង​នឹង​ករណី​អំពើ​ហិង្សា​លើ​សកម្មជន​សង្គម​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ទទូច​ដល់​អាជ្ញាធរ​រដ្ឋាភិបាល​ឱ្យ​ស៊ើបអង្កេត​រក​អ្នក​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស និង​បិទ​បញ្ចប់​សំណុំ​រឿង​លប​វាយ​ធ្វើ​បាប​អ្នក​សកម្ម​ការងារ​សង្គម​នេះ​កុំ​ឱ្យ​កើត​មាន​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​ត​ទៅ​ទៀត។ លោក​ថា ប្រសិនបើ​ករណី​នេះ​នៅ​តែ​បន្ត​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ពិបាក​នឹង​គេច​ផុត​ពី​ការរិះគន់​ថា ជា​រដ្ឋាភិបាល​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ពលរដ្ឋ និង​រើសអើង​នយោបាយ។

លោក អំ សំអាត៖ «កន្លង​មក​យើង​ឃើញ​សកម្មជន​គណបក្ស​នយោបាយ ​ជាច្រើន​មាន​ការ​លួច​វាយ​ហ្នឹង​ មិនអាច​រក​ជន​ដែល​ប្រព្រឹត្ត​ហ្នឹង​ដាក់​ទោស​តាម​ច្បាប់​នៅ​ឡើយ​ទេ។ ដូច្នេះ​ករណី​នេះ​ ដើម្បី​ចៀសវាង​ការរិះគន់​ទៅ​លើ ការរិះគន់​ផ្សេងៗ ដូចជា គេ​អាច​រិះ​គន់​បាន​ថា​ទាក់ទង​នឹង​ការ​បញ្ចេញ​មតិ​របស់​គាត់ ឬ​គេ​ចោទ​ថា​ជា​រឿង​នយោបាយ អាជ្ញាធរ​ត្រូវ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ទៅ​រក​ជន​ល្មើស​មក​អនុវត្ត​តាម​ផ្លូវ​ច្បាប់»

គិត​មក​ដល់​ពេល​នេះ​មាន​សកម្មជន​សង្គម និង​នយោបាយ​មិន​តិច​ជាង ៥០នាក់​ទេ ដែល​រង​ការ​លួច​វាយប្រហារ ដែល​ភាគច្រើន​ជា​ការ​ប៉ុងប៉ង​វាយ​សម្លាប់ ដោយ​វាយ​សន្ធាប់​ទៅ​លើ​ក្បាល​ជន​រងគ្រោះ ដោយ​ប្រើ​ដំបង​ដែក នៅ​ក្រោម​របប​គ្រប់​គ្រង​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន។ នៅ​ក្រោយ​រដ្ឋាភិបាល​ថ្មី​បង្កើត​ឡើង គឺ​នៅ​ក្រោយ លោក ហ៊ុន ម៉ាណែត ត្រូវ​ចាត់តាំង​ឱ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​មក​ទើប​កើត​មាន​ករណី​លប​វាយ​សកម្មជន​សង្គម​ក្នុង​ស្រុក​មួយ​ករណី ដែល​កើត​លើ​លោក នី ណាក់ នេះ។ ចំណែក​កាល​ពី​ថ្ងៃ​ទី២២ ខែសីហា គឺ​នៅ​ថ្ងៃ​ប្រកាស​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី មាន​ករណី​ព្រួត​វាយ​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ថៃ គឺ​លោក លោក ផន ផាន់ណា។ រឿង​នោះ​កើត​ឡើង​ក្រោយ​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក ហេង សួរ ហៅ​ឱ្យ​លោក​ទៅ​ជួប​ជា​ច្រើន​សារ​ដើម្បី​បញ្ចុះបញ្ចូល​ឱ្យ​លោក ចូល​ទៅ​បម្រើ​បក្ស​កាន់​អំណាច ប៉ុន្តែ​លោក​បដិសេធ​មិន​ជួប។

អ្នក​ដែល​សកម្ម​រិះគន់​ភាព​អសកម្ម​ក្នុង​សង្គម​នៅ​តែ​មិន​រំពឹង​ថា​ពួកគេ​បាន​ទទួល​យុត្តិធម៌​ទេ ដោយ​គេ​សង្កេត​ឃើញ​ថា​មន្ត្រី​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​ជា​មន្ត្រី​ដៃឆៅ រំលោភ​សិទ្ធិ​មនុស្ស និង​ជា​អ្នក​មាន​បាតដៃ​កខ្វក់​ក្នុង​ការ​ប្រើ​ហិង្សា​លើ​សកម្មជន ដែល​មាន​និន្នាការ​មិន​ស្រប​នឹង​ក្រុម​អ្នកកាន់អំណាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment