ដោយ សេក បណ្ឌិត
2023.09.14
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (រូបកណ្ដាលបន្ទាប់ពីអ្នកកាន់កម្រងផ្កា) ពេលទៅដល់ប្រទេសចិន នៅថ្ងៃទី១៤ កញ្ញា ២០២៣។ រូប៖ ហ៊េសប៊ុកលោក ហ៊ុន ម៉ាណែត
អ្នកឃ្លាំមើលថា ការកំណត់ថ្ងៃតែមួយគឺថ្ងៃទី១៤ ខែកញ្ញា ជាថ្ងៃនៃការចាប់ផ្ដើមធ្វើសមយុទ្ធយោធារវាងយោធាកម្ពុជាចិន និងជាថ្ងៃលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន គឺជារៀបចំទុកមុន និងជាការបង្ហាញថា រដ្ឋាភិបាលថ្មីនៅស្ថិតក្រោមឥទ្ធិពលចិនដដែល។
ថ្ងៃទី១៤ ខែកញ្ញា ជាប់ទាក់ទងព្រឹត្តិការណ៍សំខាន់ពីរក្នុងថ្ងៃតែមួយដែលបង្ហាញពីទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជាជាមួយប្រទេសចិនកុម្មុយនិស្ត។ ថ្ងៃនេះអាចជាការរៀបចំទុកមុន នៃការធ្វើដំណើរទៅប្រទេសចិន របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងជាថ្ងៃចាប់ផ្ដើមនៃការធ្វើសមយុទ្ធយោធាកម្ពុជា ចិន ដែលមានឈ្មោះថា «ទេវតាសន្តិភាពឆ្នាំ២០២៣»។
អ្នកវិភាគនយោបាយ លោក គឹម សុខ យល់ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និងភាគីចិន នឹងបង្ហាញសាច់ដុំយោធាក្នុងសមយុទ្ធយោធានោះ ដើម្បីបង្អួតក្រុមប្រទេសលោកសេរី។ ។ លោកបន្តទៀតថា ភាគីទាំងពីរយកថ្ងៃធ្វើសមយុទ្ធយោធា ចំថ្ងៃលោក ហ៊ុន ម៉ាណែត ទៅចិនបែបនេះ ជាការបង្ហាញថា កម្ពុជាស្ថិតក្រោមឥទ្ធិពលរបស់ចិនដដែល។
លោក គឹម សុខ៖ «បង្ហាញអំពីឥទ្ធិពលរបស់ចិនមកលើរដ្ឋាភិបាលរបស់ ហ៊ុន ម៉ាណែត បានសេចក្ដីថា រដ្ឋាភិបាល ហ៊ុន ម៉ាណែត ជាកូនអុក ឬឧបករណ៍របស់ចិន ហើយ ហ៊ុន ម៉ាណែត គ្មានចង់បានអីក្រៅពីជំនួយរបស់ចិនក្នុងការជ្រោមជ្រែងការពារអំណាចរដ្ឋាភិបាលគ្រួសារហ៊ុន តែប៉ុណ្ណឹង»។
អ្នកវិភាគនយោបាយលើកឡើងដូច្នេះ ធ្វើឡើងក្រោយពេលកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ប្រកាសចាប់ដៃធ្វើសមយុទ្ធយោធារួមគ្នារយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែកញ្ញា ដល់ថ្ងៃទី២៦ ខែកញ្ញា។ ការចាប់ផ្ដើមនៃការធ្វើសមយុទ្ធយោធានេះ ក៏ចំថ្ងៃជាមួយគ្នាដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅប្រទេសចិនផងដែរ។ លោក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងពិព័រណ៍ចិន-អាស៊ាន លើកទី២០” ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃ១៧ ខែកញ្ញា។
ព្រឹត្តិការណ៍សំខាន់ពីរក្នុងថ្ងៃតែមួយ ត្រូវបានភាគីកម្ពុជាចិន អះអាងដូចគ្នាថា ដើម្បីអបអរសាទរខួបលើកទី៦៥ នៃថ្ងៃបង្កើតចំណងការទូត រវាងប្រទេសចិន ជាមួយប្រទេសកម្ពុជា។
ទាក់ទងការធ្វើទៅបំពេញទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត និងការធ្វើសមយុទ្ធយោធាកម្ពុជាចិននៅពេលនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាត និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ប៉ែន បូណា បានទេ កាលពីថ្ងៃទី១៣ ខែកញ្ញា។
ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់ថា ការធ្វើសមយុទ្ធយោធា ទំនាក់ទំនងការទូតក្ដី រដ្ឋាភិបាលកម្ពុជាគួរផ្ដល់ភាពស្មើគ្នានៃទំនាក់ទំនងអន្តរជាតិមួយនេះជាមួយលោកសេរី។ លោកបន្តថា បើទោះជា កម្ពុជាជាមួយប្រទេសចិនជាដៃគូយុទ្ធសាស្ត្រក្ដី ប៉ុន្តែក្រុមប្រទេសលោកសេរីភាពក៏ជាទីផ្សារធំរបស់កម្ពុជាដែរ។ មន្ត្រីសង្គមស៊ីវិលរូបនេះផ្ដល់យោបល់ថា កម្ពុជា គួរមានភាពឆ្លាតវៃ ក្នុងនយោបាយការទូត ហើយចំពោះការធ្វើសមយុទ្ធយោធាកម្ពុជាក៏គួរបើកឱ្យមានការធ្វើសមយុទ្ធជាមួយសហរដ្ឋអាមេរិក និងជាមួយប្រទេសលោកសេរីផ្សេងទៀតដែរ។
លោក រស់ សុដ្ឋា៖ «យើងមិនត្រូវធ្វើភាពជាដៃគូងាប់ស្ដូកបានទេ យោបល់ខ្ញុំណា យើងទៅមើលទៅចិនទៅចិនជួយយើងលើផ្នែកអី អាចមានប្រយោជន៍លើកម្ពុជាលើផ្នែកអី? ហើយអាមេរិកអាចមានប្រយោជន៍លើកម្ពុជាលើផ្នែកអី? យើងត្រូវយកជាប្រយោជន៍ជាឱកាសរបស់ប្រទេសទាំងអស់ហ្នឹងផ្ដល់មកកម្ពុជាយើងត្រូវស្រូបយក»។
ទាក់ទងរឿងនេះដែរ វិទ្យុមិត្តភាពកម្ពុជា-ចិន បានដកស្រង់សម្ដីរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន មកចុះផ្សាយកាលពីថ្ងៃទី១៣ កញ្ញា ថា ទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់រដ្ឋាភិបាលអាណត្តិថ្មី ស្ដីពីការការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងកម្ពុជា។ ប្រភពដដែលបន្តថា ឆ្នាំនេះជាខួបទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា ហើយតាមរយៈដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នេះ ភាគីទាំងពីរ និងលើកយកផែនការទូទៅអំពីកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា ។ ភាគីទាំងពីរគ្រោងជំរុញឱ្យមានគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការដូចជា «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងត្រី និងអង្ករ» ផងដែរ។ គិតមកដល់ពេលនេះ ត្បិតលោក ហ៊ុន ម៉ាណែត ឡើងធ្វើនាយករដ្ឋមន្ត្រីបានជាង២០ថ្ងៃហើយក្ដី ប៉ុន្តែ មិនទាន់មានប្រទេសលោកសេរី ឬប្រទេសក្បែរខាងកម្ពុជាណាមួយ អញ្ជើញលោកទៅបំពេញទស្សនកិច្ចនៅឡើយទេ ចាប់តាំងពីលោកឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី រហូតមកដល់ពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។