គ្រួសារ​លោក នី ណាក់ ប្តឹង​អាជ្ញាធរ​រក​ជន​ដៃ​ដល់​ដែល​ព្រួត​វាយ​លោក​​របួស​ធ្ងន់ធ្ងរ

ដោយ ទីន ហ្សាការីយ៉ា
2023.09.13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គ្រួសារ​លោក នី ណាក់ ប្តឹង​អាជ្ញាធរ​រក​ជន​ដៃ​ដល់​ដែល​ព្រួត​វាយ​លោក​​របួស​ធ្ងន់ធ្ងរ

​លោក នី ណាក់ ដែល​ជា​អ្នក​ជំនាញ​កសិកម្ម និង​ហ៊ាន​រិះគន់​ភាព​អសកម្ម​នៅ​ក្នុង​សង្គម កំពុង​សម្រាក​ព្យាបាលរបួស​នៅ​មន្ទីរពេទ្យ ក្រោយពេលជន​មិន​ស្គាល់​មុខ​ព្រួត​វាយ​ឱ្យ​របួសធ្ងន់ កាល​ពី​ថ្ងៃ​ទី១២ ខែកញ្ញា ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុក iMan-KH


គ្រួសារ​អ្នក​ជំនាញ​កសិកម្ម លោក នី ណាក់ ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​ព្រួត​គ្នា​វាយ​រហូត​រង​របួស​ធ្ងន់​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​អាជ្ញាធរ ដើម្បី​ស្វែងរក​ជន​បង្ក មក​ផ្ដន្ទាទោស​តាម​ច្បាប់។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​គួរ​តែ ស្រាវជ្រាវ​ស្វែងរក​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​បញ្ចប់​វប្បធម៌​និទ្ទណ្ឌភាព និង​វប្បធម៌​ហិង្សា​និយម​លើ​សកម្មជន​សង្គម​នៅ​កម្ពុជា ក្រោម​ការដឹកនាំ​នៃ​រដ្ឋាភិបាល​ថ្មី​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ។

មួយថ្ងៃ​ក្រោយ​ពី​ហេតុការណ៍​វាយ​ប្រហារ​កើត​ឡើង គ្រួសារ​លោក នី ណាក់ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​សមត្ថកិច្ច ដើម្បី​ស្វែងរក​ជន​មិន​ស្គាល់​មុខ​នៅ​ថ្ងៃទី១៣កញ្ញា ក្នុង​ពេល​សមត្ថកិច្ច​មក​សាកសួរ​ពី​រឿងរ៉ាវ​កើត​ឡើង​ដល់​មន្ទីរ​ពេទ្យ ដែល​លោក នី ណាក់ កំពុង​សម្រាក​ព្យាបាល។ 

គ្រួសារ​លោក​នី ណាក់ អះអាង​ថា ស្ថានភាព​របួល​របស់​លោក មិន​គួរ​ឲ្យ​ព្រួយ​បារម្ភ​ឡើយ ក្រោយ​ពី​ស្កេន​ផ្នែក​ក្បាល​រួច​មក លទ្ធផល​បង្ហាញ​ថា មិន​មាន​បញ្ហា​ដល់​លលាដ៍​ក្បាល ឬ​ខួរក្បាល​នោះ​ទេ។ ក៏​ប៉ុន្តែ​លោក​នី ណាក់ នៅ​ពុំ​ទាន់​អាច​បរិភោគ​អ្វី​បាន​នៅ​ឡើយ​ទេ ហើយ​នៅ​តែ​ឈឺ​ចាប់​​របួស​ត្រង់​ក្បាល ភ្នែក ដៃ​ និង​ជើង។

ប្រពន្ធ​លោក នី ណាក់ គឺ​លោក​ស្រី សុខ ស៊ីណែត ប្រាប់​អាស៊ីសេរី​ថា ស្ថានភាព​ប្ដី​លោក​ស្រី​មិន​មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ ហើយ​លោក​ស្រី​វិញ ក៏​រង​របួស​ត្រង់​ជើង ដៃ និង​ស្មា​ផង​ដែរ ដោយសារ​ជន​មិន​ស្គាល់​មុខ​នោះ បាន​ជិះ​ម៉ូតូ​បុក​លោក​ស្រី និង​ស្វាមី បណ្ដាល​ឲ្យ​ដួល។ លោកស្រី​បន្ថែម​ថា ក្រោយ​ពី​ម៉ូតូ​ដួល ​ជន​មិន​ស្គាល់​មុខ​ទាំង​នោះ ក៏​បាន​វាយ​ទៅ​លើ​លោកស្រី​ផង​ដែរ ពេល​លោកស្រី​ចូល​ទៅ​ឃាត់​មិន​ឲ្យ​ជន​ទាំង​នោះ​វាយ​ដំ​ប្ដី​។

លោកស្រី សុខ ស៊ីណែត៖ «និយាយ​ទៅ​ខាង​ប៉ូលិស​គេ​មក​ដល់​កន្លែង​ពេទ្យ​យើង​តែ​ម្ដង។ គេ​មក​ដល់​ហើយ​សរសេរ​ពាក្យ​បណ្ដឹង​ឲ្យ​យើង​តែ​ម្ដង។ គេ​ទាក់ទង​មក​យើង​ថា ហេតុការណ៍​មាន​បែប​ណា គេ​ទាក់ទង​ភាគ​ច្រើន​គឺ ប៉ូលិស​នៅ​សង្កាត់​ព្រែកប្រា​ហ្នឹង»

លោកស្រី ស៊ីណែត ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ផ្ទាល់ ដើម្បី​ធ្វើ​កំណត់​ហេតុ ចំពោះ​ហេតុការណ៍ ដែល​បាន​កើត​ឡើង ក៏​ប៉ុន្តែ​សមត្ថកិច្ច​លើកឡើង​ថា កាមេរ៉ា​សុវត្ថិភាព នៅ​តំបន់​នោះ​ចាំងថ្ងៃ មិន​អាច​សម្គាល់​មុខ​ជន​ដៃ​ដល់​ទាំង​នោះ​បាន​ទេ ។ លោកស្រី​ស្នើ​ដល់​អាជ្ញាធរ ពន្លឿន​ការ​ស្រាវជ្រាវ​ស្វែងរក​ជន​ល្មើស ឲ្យ​ទទួល​ទោស​តាម​ច្បាប់។

លោកស្រី សុខ ស៊ីណែត៖ «ពួក​គាត់​និយាយ​ថា កាមេរ៉ា​ហ្នឹង​ចាំង គេ​និយាយ​អីចឹង​ហា​ណា៎ កាមេរ៉ា​ហ្នឹង​រាង​ចាំង ចាំង​ពន្លឺ​ម៉េច​ទេ​មើល​វា​មិន​សូវ​ច្បាស់​គាត់​និយាយ​អីចឹង។ ចា៎ មិន​ដឹង​ថា ជនល្មើស​មុខ​យ៉ាង​ណា​ទេ ព្រោះ​អី​ជន​ល្មើស​ហ្នឹង​ពាក់​មួក​ការពារ​ទាំងអស់​អីចឹង​ហា​បង ។ ប៉ុន្តែ​គេ​មើល​ដឹង​ថា មាន​គ្នា​ប៉ុន្មាន​នាក់ ជិះ​ម៉ូតូ​ប៉ុន្មាន​គ្រឿង ហើយ​ពេល​វា​ព្រួត​គ្នា​វាយ​ប្ដី​ខ្ញុំ​ហើយ​ហ្នឹង​វា​ត្រឡប់​ទៅ​ខាង​ណា​វិញ​អីចឹង​ហាណា គេ​ដឹង​ថា គោលដៅ​វា​ទៅ​ខាង​ណា​វិញ គេ​និយាយ​ថា គេ​នឹង​ធ្វើ​តាម​នីតិវិធី​របស់​គេ គេ​នឹង​ឆែក​កាមេរ៉ា​តាមផ្លូវ ដែល​ជនល្មើស ដែល​ជនសង្ស័យ​ត្រឡប់​ទៅ​វិញ»

វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក​សាន សុខសីហា ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៣ កញ្ញា ។

ជុំវិញ​ហេតុការណ៍​ព្រួត​វាយ លោក​នី ណាក់ ដែល​ជា​អ្នក​ជំនាញ​កសិកម្ម និង​ហ៊ាន​រិះគន់​ភាព​អសកម្ម​នៅ​ក្នុង​សង្គម កាលពីថ្ងៃទី១២ កញ្ញា​ ត្រូវ​បាន​មហាជន នៅ​ក្នុង​បណ្ដាញ​សង្គម​សម្ដែង​ការ​សោកស្ដាយ ដែល​មាន​ជន​មិន​ស្គាល់​មុខ​បង្កើត​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​ចុះ​ព្រួត​គ្នា​វាយ​សកម្មជន​សង្គម​ទាំង​កណ្ដាល​ថ្ងៃ ស្រប​ពេល​ដែល​រដ្ឋាភិបាល តែងតែ​អួត​សរសើរ​ការ​ដឹកនាំ និង​សរសេរ​ពាក្យ​ថា «អរគុណ​សន្តិភាព» គ្រប់​ទី​កន្លែង។

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​បញ្ចេញ​មតិ​នៅ​លើ​ការ​បង្ហោះ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក នី ណាក់ ឈ្មោះ ​IMAN-KH ថា នៅ​មាន​មនុស្ស​សាហាវ​យ៉ាង​ហ្នឹង! សុំ​នគរបាល​យើង​រក​ចាប់​ជន​ទាំង​នោះ​ឲ្យ​បាន​ជា​បន្ទាន់។

ក្រៅពីនោះ មហាជន​ភាគ​ច្រើន បាន​ប្រើ​រូប​សម្រក់​ទឹក​ភ្នែក បង្ហាញ​ការ​ចូលរួម​សោកស្ដាយ​ចំពោះ​ករណី​នេះ និង​បាន​ជូន​ពរ​ឲ្យ​លោក​នី ណាក់​ឆាប់​ជា​សះស្បើយ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាហុក(ADHOC)លោក នី សុខា មានប្រសាសន៍ថា ករណីនេះ មិនមែនជាលើកទី១នោះទេ ដែល​ជន​មិន​ស្គាល់​មុខ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​សកម្មជន​សង្គម សកម្មជន​នយោបាយ​ជាដើម​ ហើយ​អាជ្ញាធរ ក៏​នៅ​ពុំ​ទាន់​រក​ឃើញ​​ជន​បង្ក​ទាំង​នោះ​ ឲ្យ​មក​ទទួលទោស​តាម​ច្បាប់​បាន​នៅ​ឡើយ។

លោក នី សុខា៖ «ជា​ការ​ពិត​វប្បធម៌​និទ្ទណ្ឌភាព និទ្ទណ្ឌភាព​មានន័យ​ថា ជន​ដែល​ប្រព្រឹត្ត​មិន​ត្រូវ​បាន​យក​មក​ផ្ដន្ទាទោស។ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ​យើង​នៅ​តែ​គិត​ថា បញ្ហា​នេះ សមត្ថកិច្ច​នៅ​តែ​បន្ត​ការងារ​ដើម្បី​រុករក​ចាប់​ជន​ប្រព្រឹត្ត​អីចឹង។ ប៉ុន្តែ​គ្រាន់​តែ​ថា យើង​មើល​ឃើញ​រឿង​ករណី​ខ្លះ​មាន​រយៈពេល​យូរ​ហើយ ហើយ​ដែល​អត់​មាន​ពន្លឺ​នៃ​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ឃើញ​ជន​ប្រព្រឹត្ត​ណាមួយ​ដើម្បី​មក​ផ្ដន្ទាទោស​ទេ ។ អញ្ចឹង​ចង់​មិន​ចង់​វា​ធ្វើ​ឲ្យ នេះ​ជា​សញ្ញាណ​មួយ ដែល​បង្ក​ឲ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព​នៅ​ប្រទេស​យើង»

ប្រតិកម្ម​ទៅ​នឹង​អំពើ​ឃោរឃៅ​នេះ នៅថ្ងៃទី១៣ កញ្ញា អង្គការ-សមាគម​សង្គម​ស៊ីវិល និង​ចលនា​សង្គម ចំនួន​៤រួម​មាន​សមាគម​និស្សិត​បញ្ញាវន្ត​ខ្មែរ (KSILA) សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) និង​ចលនា​មាតា​ធម្មជាតិ (MNC) ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ ចំពោះ​អំពើ​ហិង្សា​ពី​សំណាក់​ជន​ដៃ​ដល់​លើ​សកម្មជន​នយោបាយ និង​សង្គម ដែល​អំពើ​នេះ​ជា​អំពើ​អមនុស្សធម៌ និង​រំលោភ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន ក្នុង​សង្គម​ប្រជាធិបតេយ្យ។ ពួក​គេ​អំពាវនាវ​ដល់​រដ្ឋាភិបាល ឱ្យ​គោរព​កាតព្វកិច្ច​របស់​ខ្លួន​ ក្នុង​ការ​ស្វែងរក​ជន​ដៃ​ដល់​ ដើម្បី​យក​មក​អនុវត្ត​តាម​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment