ព្រៃ​សហគមន៍​ជាង​១០​នៅ​ខេត្ត​មណ្ឌលគិរី​រង​ការ​កាប់​ទន្ទ្រាន​យក​ដី​ពី​សំណាក់​អ្នក​មាន​អំណាច

ដោយ តារា រាជសែន
2023.09.14
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ព្រៃ​សហគមន៍​ជាង​១០​នៅ​ខេត្ត​មណ្ឌលគិរី​រង​ការ​កាប់​ទន្ទ្រាន​យក​ដី​ពី​សំណាក់​អ្នក​មាន​អំណាច

រូបភាពពីលើបង្ហាញពីការកាប់ទន្ទ្រានដីព្រៃសហគមន៍ និងព្រៃច្រករបៀងអភិរក្សជីវចម្រុះឦសាន ស្ថិតនៅស្រុកកោះញែក ខេត្តមណ្ឌលគីរី កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ។ រូបភាព៖ ផ្ដល់​ដោយសកម្មជនបរិស្ថាន


មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា ដី​ព្រៃ​សហគមន៍​របស់​ជនជាតិ​ដើម​ភាគតិច ជាង​១០​កន្លែង​នៅ​ខេត្ត​មណ្ឌលគិរី កំពុង​រង​ការ​កាប់​ទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ និង​លួច​កាប់​ឈើ​ប្រណិត យក​ទៅ​លក់​តាម​សិប្បកម្ម និង​លក់​ទៅ​ប្រទេស​វៀតណាម ពី​សំណាក់​ក្រុម​ឈ្មួញ​អ្នក​មាន​លុយ​មាន​អំណាច។

មន្ត្រី​សង្គម​ស៊ីវិល ដែល​តែងតែ​ចុះ​ធ្វើ​ការងារ​ជាមួយ​សហគមន៍​មូលដ្ឋាន​និង​ជនជាតិ​ដើម​ភាគតិច នៅ​ខេត្ត​មណ្ឌលគិរី អះអាង​ថា ដី​ព្រៃ​សហគមន៍​ជាង​១០​កន្លែង ស្ថិតនៅ​ស្រុក​ចំនួន​៤ រួមមាន​ស្រុក​កោះញែក ស្រុក​ពេជ្រាដា ស្រុក​កែវសីមា និង​ស្រុក​អូររាំង ត្រូវ​បាន​ក្រុម​ឈ្មួញ​មាន​អំណាច លួងលោម​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​ឲ្យ​ចូល​កាប់​ទន្ទ្រាន​យក​ទៅ​លក់​ឲ្យ​ខ្លួន និង​ខ្លះទៀត​បាន​ចូល​ទៅ​កាប់​ឈូស​ឆាយ​ធ្វើ​ជា​កម្មសិទ្ធិឯកជន។ ក្រៅ​ពី​នោះ ក៏​មាន​ក្រុម​ឈ្មួញ​លួច​ចូល​ទៅ​កាប់​យក​ប្រភេទ​ឈើប្រណិត ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ដែរ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​មណ្ឌលគិរី លោក ប៊ី វ៉ាន់នី បាន​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៣ ខែ​កញ្ញា ថា ដី​ព្រៃ​សហគមន៍​នៅ​ខេត្ត​មណ្ឌលគិរី​ជាង​១០​កន្លែង​ផ្សេងគ្នា នៅតែ​រង​ការ​កាប់​ទន្ទ្រាន​ដី យក​ធ្វើជា​កម្មសិទ្ធិ បើ​ទោះ​បី​សហគមន៍​ខិតខំ​ការពារ​យ៉ាងណាក្ដី។ លោក​ថា បញ្ហា​ទាំងអស់​នេះ កើត​ចេញ​ពី​អាជ្ញាធរ​នៅ​តំបន់​នោះ​ដែល​មិន​យកចិត្តទុក​ដាក់​ការពារ ចំណែកឯ​អាជ្ញាធរ​មូលដ្ឋាន គឺជា​អ្នកចូលរួម​ឲ្យ​មាន​ការ​កាប់​ទន្ទ្រាន​នេះ តាមរយៈ​ចុះ​ហត្ថលេខា​លើ​ឯកសារ​ទិញ លក់​ដី​ព្រៃ​ទាំងនោះ ។ លោក​បន្ថែម​ថា អាជ្ញាធរ​មិន​បាន​អនុវត្ត​ច្បាប់​ទៅលើ​ក្រុម​ជនល្មើស​ទាំងអស់​នេះ​នោះ​ទេ ផ្ទុយទៅវិញ​តែងតែ​ធ្វើទុក្ខបុកម្នេញ​មក​លើ​ប្រជា​សហគមន៍​ដែល​ជា​អ្នក​ខិតខំ​ការពារ។

លោក ប៊ី វ៉ាន់នី៖ «ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ​ទៅ​លើក​ដី​ព្រៃ​ការពារ​ដូចជា​ដី​ព្រៃ​សហគមន៍ ហើយ​ត្រូវ​ចាត់​វិធានការ​​បិទ​សិប្បកម្ម​នៅ​តាម​មូលដ្ឋាន ឬ​នៅ​តាម​ឃុំ​ជាដើម ដើម្បី​បង្ការ​ណាមួយ​កុំ​ឲ្យ​មានការ​កាប់​រុករាន​ដី​ព្រៃ ឬក៏​អារ​ឈើ​ដោយ​ខុសច្បាប់​នៅក្នុង​ព្រៃ​សហគមន៍​ក៏ដូចជា​តំបន់​ការពារ​ផង​ដែរ យើង​ស្នើសុំ​ឲ្យ​មាន​ចាត់វិធានការ​ទៅលើ​ជន​ប្រព្រឹត្ត​គាត់​មាន​ឋានៈ​អ្វី​ក៏ដោយ​ជា​មន្ត្រី​ក៏ដោយ​ឲ្យ​តែ​ប្រព្រឹត្ត​ខុស​ត្រូវតែ​ចាត់វិធានការ»។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ស្ថិតនៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា លោក ស្រាំង សឿន ប្រាប់​ឲ្យ​ដឹង​ថា ព្រៃ​សហគមន៍​របស់​លោក​ដែល​សេសសល់​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង​៧​រយ​ហិកតារ ត្រូវ​ជនល្មើស​លួច​ចូល​ទៅ​កាប់ឆ្ការ និង​កាប់​យក​ឈើប្រណិត​ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ជា​រៀងរាល់ថ្ងៃ។ លោក​បន្ថែម​ថា សហគមន៍ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ប៉ុន្តែ​អាជ្ញាធរ​ទាំងអស់​នោះ​ហាក់​មិន​អើពើ​ចុះ​ជួយ​ទប់ស្កាត់​នោះ​ឡើយ។

លោក ស្រាំង សឿន៖ «អាជ្ញាធរ​តាម​មូលដ្ឋាន​គេ​មិន​អើពើ​ជាមួយ​យើង​ទេ ដា​ក់ពាក្យ​ប្ដឹង​ហើយ​តើ​នៅ​សាលា​ឃុំ យើង​ដាក់ពាក្យ​ប្ដឹង​ត​រហូត​ដល់​ក្រសួង ដល់​តុលាការ​ខេត្ត​ដែរ មិន​ឃើញ​លទ្ធផល​អ្វី​ទេ ហើយ​យើង​នៅ​តាម​សហគមន៍​ធម្មតា​យើង​គ្មាន​លទ្ធភាព គ្មាន​លុយ​គ្មាន​កាក់​អ្វី​ទេ ហើយ​អាជ្ញាធរ​គេ​គំរាមកំហែង​យើង»។

ស្រដៀង​គ្នា​នេះ​តំណាង​ជនជាតិ​ដើម​ភាគតិច​ថ្មូន លោក សុវិន ហួន នៅ​ឃុំ​រយ៉ ស្រុក​កោះញែក បាន​រៀបរាប់​ឲ្យ​ដឹង​ថា ដី​ព្រៃ​សហគមន៍​របស់​លោក ដែល​ទុក​ឲ្យ​ពលរដ្ឋ​នៅក្នុង​សហគមន៍​អាស្រ័យ​អនុផល ត្រូវ​បាន​ក្រុម​ឈ្មួញ​ដែល​មាន​ឯកសណ្ឋាន​ជា​ទាហាន លួច​ចូល​ទៅ​កាប់​ទន្ទ្រាន​ជា​បន្តបន្ទាប់ មិនតែប៉ុណ្ណោះ​ក្រុម​ឈ្មួញ​ទាំងអស់​នោះ​បាន​យក​កាំភ្លើង​បាញ់​គំរាមកំហែង​ដល់​ប្រជា​សហគមន៍​ថែម​ទៀត​ផង។ លោក​បន្ថែម​ទៀត​ថា ក្រុម​ឈ្មួញ​បាន​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​របស់​លោក​អស់​ជាង​២​រយ​ហិកតារ​ហើយ ដោយ​មិនឃើញ​មាន​អាជ្ញាធរ​ចុះ​ជួយ​ទប់ស្កាត់​នោះ​ទេ ទោះបី​ពួកគេ​បាន​ស្នើ​សុំ​ទៅ​អាជ្ញាធរ​យ៉ាងណាក្ដី ។ លោក​ថា​សហគមន៍​ពិបាក​ក្នុង​ការ​ការពារ ដោយសារ​ក្រុម​ឈ្មួញ​ទាំងនោះ​មាន​អាវុធ​នៅក្នុង​ដៃ។

លោក សុវិន ហួន៖ «​អាជ្ញាធរ​ភូមិ​ស្រុក​គាត់​អត់​ដឹង​អត់ ឮ​ផង ដី​នឹង​ដាក់​ពាក្យបណ្ដឹង​ទៅ​ដល់​ខេត្ត​មណ្ឌលគិរី​ហើយ ខេត្ត​មណ្ឌលគិរី​បាន​ហៅ​ខ្ញុំ​ទៅ​ជួប​ម្ដង​ហើយ ហើយ​ជួបនឹង​គេ​អត់​ធ្វើការ​ឲ្យ ពួក​ខ្ញុំ​គិតថា​អយុត្តិធម៌​បាន​ពឹង​បងប្អូន​ឲ្យ​ជួយ​រក​យុត្តិធម៌​ឲ្យ​ពួក​ខ្ញុំ​ផង»។

មន្ត្រី​សង្គម​ស៊ីវិល​និង​ប្រជា​សហគមន៍​ខេត្ត​មណ្ឌលគិរី ទទូច​ទៅ​រដ្ឋាភិបាល​ថ្មី​ធ្វើ​យ៉ាងណា ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ​ចុះ​ជួយ​ទប់ស្កាត់​បទល្មើស​កាប់​ទន្ទ្រាន​ដី​ព្រៃ និង​ការ​កាប់​ឈើប្រណិត​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​ផ្សេង​ទៀត​ឲ្យ​ខាន​តែ​បាន ដើម្បី​ទុក​ព្រៃឈើ​ដែល​សេសសល់​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ។ ក្រៅពីនោះ​ត្រូវ​ស្វែងរក​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​មណ្ឌលគិរី លោក ថង សាវុន និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក ឆៅ ប៊ុនធឿន ដើម្បី​សុំ​ការ​ឆ្លើយ​តប​បានទេ នៅ​ថ្ងៃទី​១៣ ខែ​កញ្ញា ដោយ​ទូរស័ព្ទ​ចូល​ច្រើន​ដង​គ្មាន​អ្នកទទួល។

logging1.jpg
រូបភាពពីលើបង្ហាញពីការកាប់ទន្ទ្រានដីព្រៃសហគមន៍ និងព្រៃច្រករបៀងអភិរក្សជីវចម្រុះឦសាន ស្ថិតនៅស្រុកកោះញែក ខេត្តមណ្ឌលគីរី កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ។  រូបភាព៖ ផ្ដល់​ដោយសកម្មជនបរិស្ថាន 

របាយការណ៍​របស់​អង្គការ​មូលនិធិ​សកល សម្រាប់​អភិរក្ស​ធម្មជាតិ ហៅ​កាត់​(WWF) ចេញផ្សាយ​កាល​ដើម​នៅ​ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា ដី​គម្រប​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌលគិរី​ប្រមាណ​ជិត ២​សែន (១៨៧.៧៧៣)​ហិកតារ ត្រូវ​បាន​បាត់បង់ ដោយ​ដាំ​ជំនួស​មកវិញ​នូវ​ដំណាំ ស្រូវ ដំឡូង ដើម​កៅស៊ូ និង​ស្វាយចន្ទី​ជាដើម ។ ការបាត់បង់​ដី​ព្រៃ​ទាំងអស់​នោះ តាមរយៈ ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការ​កាប់​ទន្ទ្រាន​ដី​យក​ធ្វើ​កសិកម្ម ទាំង​ខ្នាត​ធំ ខ្នាត​មធ្យម និង​តូច ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ដែល​មាន​ចន្លោះ​ចាប់​ពី​១០​ទៅ​២០ ហិកតារ។

ច្បាប់​ស្ដីពី​ព្រៃឈើ និង​ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ កំណត់​ថា ការ​គាស់ រុករាន​ដី​ព្រៃ ឆ្ការ ដុត និង​ឈូស​ឆាយ​ដី​ព្រៃ​ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ គឺជា​បទល្មើស​ឧក្រិដ្ឋ​ដែល​ជន​ប្រព្រឹត្ត​ល្មើស​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥ ដល់ ១០​ឆ្នាំ និង​ទោសពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ទៅ ១៥០លាន​រៀល។ ចំណែក មន្ត្រី​ពាក់ព័ន្ធ​ធ្វេសប្រហែស ឬ​មិន​គោរព​ច្បាប់​នេះ ត្រូវ​ទទួល​វិន័យ​រដ្ឋបាល និង​ត្រូវ​ចោទប្រកាន់​ចំពោះមុខ​តុលាការ ហើយ​បើ​មន្ត្រី​ទាំងនោះ​សមគំនិត ត្រូវ​ផ្ដន្ទាទោស​ដូច​ជន​ប្រព្រឹត្ត​ដែរ។

ខេត្ត​មណ្ឌលគិរី ស្ថិតនៅ​ភូមិ​ភាគឦសាន នៃ​ប្រទេស​កម្ពុជា។ ខេត្ត​នេះ​មាន ស្រុក​ចំនួន ៤ និង​មាន​ផ្ទៃដី​សរុប​ជាង​១​ម៉ឺន​(១៤.២៨៨)​គីឡូម៉ែត្រ​ក្រឡា ផ្ទៃដី​ទាំងនោះ​គ្របដណ្ដប់​ដោយ​ព្រៃឈើ មាន​ភ្នំ​តូច និង​សំបូរ​ដោយ​ជ្រលង​ដងអូរ​ជាច្រើន។ ខេត្ត​មួយ​នេះ មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​វៀតណាម ដែល​មាន​ប្រជាពលរដ្ឋ​សរុប​ជាង​៨​ម៉ឺន​( ៨៤.៦២៤)​នាក់ និង​មាន​ជនជាតិ​ដើម​ភាគតិច​រស់នៅ​ចំនួន​៨​ជនជាតិ ក្នុង​នោះ​មាន​ជនជាតិ ព្នង ក្រោល គ្រឹង ស្ទៀង ទំពួន ចារាយ ថ្មូន និង​កាវ៉ែត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles