អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ស្នើ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ អ.ស.ប. ឱ្យសម្រេច​​សេចក្ដី​ជាក់​លាក់​លើ​វិបត្តិ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

ដោយ ជី វិតា
2023.09.13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ស្នើ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ អ.ស.ប. ឱ្យសម្រេច​​សេចក្ដី​ជាក់​លាក់​លើ​វិបត្តិ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

(រូបឯកសារ) ទិដ្ឋភាព​នៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី១០ ខែមករា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុក


អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​​បាន​ស្នើ​​ទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​ នៃ​អង្គការ​សហប្រជាជាតិ​​អនុម័ត​ដំណោះ​ស្រាយ​សំខាន់​ៗ ដើម្បី​ឱ្យ​​រដ្ឋាភិបាល​កម្ពុជា​ដោះ​ស្រាយ​វិបត្តិ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​មួយ​នេះ។ ការ​ស្នើ​បែប​នេះ​ដោយសារ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ពិនិត្យ​ឃើញ​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​លើ​លំហ​សេរីភាព​ពលរដ្ឋ​ និង​នយោបាយ​ក្នុង​រយៈ​ពីរ​ឆ្នាំ​មុន​ការ​បោះ​ឆ្នោត។ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ងាក​មក​ស្ដារ​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ឡើង​វិញ​ដើម្បី​បញ្ចៀស​ពី​ការ​ដាក់​ទណ្ឌកម្ម​ពី​បណ្ដា​ប្រទេស​លោកសេរី។

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​យូមែន រ៉ៃត៍ វ៉ច្ឆ (HRW) អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) និង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ផ្សេង​ទៀត​ នៅ​ថ្ងៃ​ទី៨ ខែ​កញ្ញា​ បាន ​ដាក់លិខិត​ ទៅ​កាន់​តំណាង​អចិន្ត្រៃយ៍​នៃ​សមាជិក​ និង​អ្នក​សង្កេតការណ៍​​ នៃ​ក្រុម​ប្រឹក្សា​សិទ្ធ​មនុស្ស​អង្គការ​សហប្រជាជាតិ​ដើម្បី​​រក​​ដំណោះ​ស្រាយ​ជាក់​លាក់​លើ​វិបត្តិ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធ​មនុស្ស​លើក​ទី​៥៤ ដែល​កំពុង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១១ កញ្ញា ដល់​ថ្ងៃ​ទី១៣ ខែតុលា នៅ​ទីក្រុង ហ្សឺណែវ (Geneva) ប្រទេស​ស្វីស។

លិខិត​រួម​របស់​អង្គការ​សិទ្ធិ​មនុស្ស​ទាំង​នោះ​​បញ្ជាក់​ថា​​វិបត្តិ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កាន់​តែ​អាក្រក់​ទៅៗ ដែល​ត្រូវ​ការ​គាំទ្រ និង​រក​ដំណោះ​ស្រាយ​​​​ពី​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​ នៃ​អង្គការ​សហប្រជាជាតិ។ លិខិត​ដដែល​ចាត់​ទុក​ថា វិបត្តិ​សិទ្ធិ​មនុស្ស​នេះ​ជា​ការ​បរាជ័យ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ធ្លាប់​ដាក់​ចេញ​នូវ​គោលការណ៍​ចំនួន ២០ ទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​កាល​ពី​ឆ្នាំ២០២២ ថា​នឹង​លើក​កម្ពស់​ការ​អនុវត្ត​សិទ្ធិ​មនុស្ស។

លិខិត​​បាន​គូស​បញ្ជាក់​ការ​លើក​ឡើង​របស់​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​លោក​វ៉កខើ ទួក (Volker Türk) ថា រដ្ឋាភិបាល​បាន​បង្ខិត​បង្ខំ និង​ដាក់​គំនាប់​លើ​ពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន​គ្រប់​ទិដ្ឋភាព​នៃ​ដំណើរ​ការ​បោះ​ឆ្នោត។

លិខិត​សង្កត់​ធ្ងន់​​ថា​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប) មិន​ឯករាជ្យ​ និង​លម្អៀង​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​ដក​សិទ្ធិ​គណបក្ស​ប្រឆាំង​ចំនួន​ពីរ​ រួម​ទាំង​គណបក្ស​ភ្លើង​ទៀន​មិន​ឱ្យ​ចូល​រួម​បោះ​ឆ្នោត​ ហើយ​ថា ប៉ុន្មាន​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត រដ្ឋាភិបាល​បាន​បញ្ជា​ឱ្យ​អ្នក​ផ្ដល់​សេវា​អ៊ីនធឺណិត​បិទ​ការ​ចូល​ទៅ​កាន់​គេហទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​រួម​មាន​គេហទំព័រ​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) វិទ្យុ​អាស៊ី​សេរី និង​មូលដ្ឋាន​ទិន្នន័យ​សាធារណៈ​កំណត់​ត្រា (Kamnotra)។

លិខិត​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​បង្ក្រាប​លើ​អ្នក​តវ៉ា ដូចជា ការ​ផ្ដន្ទាទោស​ប្រធាន​សហជីព និង​បុគ្គលិក​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍ (NagaWorld) កញ្ញា​ ឈឹម ស៊ីថរ ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ២ឆ្នាំ រួម​ទាំង​សកម្មជន​ការងារ ៨នាក់​ទៀត។ តុលាការ​ក៏បាន​ការ​កាត់​ទោស​អ្នកការពារ​សិទ្ធិ​ដី​ធ្លី ១០នាក់ នៅ​ខេត្ត​កោះកុង ការ​ផ្ដន្ទាទោស​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង គឺ​លោក កឹម សុខា ដោយ​ដាក់​ពន្ធនាគារ ២៧ឆ្នាំ និង​ផ្ដន្ទាទោស​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង​ជា​ច្រើន​នាក់​ផ្សេង​ទៀត។

ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ទាំង​នោះ​ទទូច​ដល់​កិច្ច​ប្រជុំ​លើក​ទី៥៤ នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​អង្គការ​សហប្រជាជាតិ ឱ្យ​ផ្ញើ​សារ​ច្បាស់​លាស់ ទៅ​កាន់​រដ្ឋាភិបាល​ទើប​កាន់​តំណែង​ថ្មី គឺ​លោក​ ហ៊ុន ម៉ាណែត ឱ្យ​បញ្ឈប់​ការ​រឹត​បន្តឹង​លំហ​សេរីភាព​ពលរដ្ឋ និង​នយោបាយ​របស់​ពលរដ្ឋ​កម្ពុជា​ និង​បញ្ឈប់​ការ​កៀប​សង្កត់​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក​ ជិន ម៉ាលីន និង​ប្រធាន​អង្គភាព​​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ លោក ប៉ែន បូណា បាន​ទេ​ នៅ​ថ្ងៃ​ទី១៣ កញ្ញា។

ចំណែក​នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត លើក​ឡើង​ថា ទាំង​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ លើក​ឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស ដែល​កំពុង​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​ទៅ​កាន់​រដ្ឋាភិបាល​ដែរ។ លោក​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ងាក​មក​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ​ដែល​ជា​កាតព្វកិច្ច​របស់​ខ្លួន​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ដើម្បី​បញ្ចៀស​ពី​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ​មក​លើ​កម្ពុជា។

លោក អំ សំអាត៖ «កន្លង​មក​បញ្ហា​ចម្រូង​ចម្រាស​រវាង​សហគមន៍​អឺរ៉ុប រវាង​សហរដ្ឋអាមេរិក​ជា​មួយ​និង​កម្ពុជា គឺ​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស បើ​មាន​ការ​កែ​លំអ​កម្ពុជា​នឹង​ទទួល​ផល​ចំណេញ​ច្រើន​ ប្រសិន​ជា​គេ​មើល​មក​ស្ថានភាព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​មិន​ត្រូវ​បាន​កែ​លំអ​ទេ​អា​ហ្នឹង​​​មាន​ផល​ប៉ះពាល់​សម្រាប់​កម្ពុជា​យើង​ដែរ​ដូច​ជា​បញ្ហា EBA និង GSP របស់​សហរដ្ឋ​អាមេរិក​ជា​ដើម​នោះ»

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ក៏​បាន​លើក​ឡើង​ក្នុង​លិខិត​របស់​ខ្លួន​ទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ដោយ​ជំរុញ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​នឹង​ចូល​ក្នុង​សម័យ​ប្រជុំ​លើក​ទី៥៤ នៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នា​ពេល​ខាង​មុខ​នេះ ត្រូវ​ឆ្លើយ​តប​ដោយ​ម៉ឺងម៉ាត់ និង​ច្បាស់​លាស់ ដើម្បី​ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment