លោក ហ៊ុន ម៉ាណែត ជួបប្រធានាធិបតីចិន បញ្ជាក់ពីការពង្រឹងចំណងទាក់ទងកាន់តែរឹងមាំថែមទៀត

១៥ កញ្ញា ២០២៣
ស៊ុន ណារិន
វីអូអេខ្មែរ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ចាប់ដៃជាមួយប្រធានាធិបតីចិនលោក Xi Jinping ក្នុងអំឡុងជំនួបមួយ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣។ (Cambodia's Prime Minister Telegram via AP)
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ចាប់ដៃជាមួយប្រធានាធិបតីចិនលោក Xi Jinping ក្នុងអំឡុងជំនួបមួយ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣។ (Cambodia’s Prime Minister Telegram via AP)

ភ្នំពេញ — លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​សុក្រ​នេះ បាន​ជួប​ជាមួយ​លោក Xi Jinping ប្រធានា​ធិបតី​ចិន​នៅ​ទីក្រុង​ប៉េកាំង ដោយ​ភាគី​ទាំង​ពីរ​បានបញ្ជាក់​ពី​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​សន្យា​បន្ត​កិច្ច​សហប្រតិបត្តិ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យកាន់​តែ​រឹងមាំ​ថែម​ទៀត។

លោក ហ៊ុន ម៉ាណែត កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅប្រទេស​ចិន ក្រោយ​លោក​បានឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្រ្តី​របស់​កម្ពុជា កាលពីថ្ងៃទី ២៣ ខែសីហាកន្លងទៅ។

លោក Xi ត្រូវ​បាន​ដក​ស្រង់​សម្តី​ដោយសារព័ត៌មាន​រដ្ឋចិន​ថា​ បើ​ទោះ​មានការ​ផ្លាស់​ប្តូរ​ស្ថាន​ភាព​តំបន់​និង​អន្តរ​ជាតិ ចិន​ជានិច្ច​កាល​នៅ​តែ​ជា «​មិត្ត​ដ៏​ទុក​ចិត្ត​បំផុត​របស់​កម្ពុជា» និង​ «អ្នកគាំទ្រ​ដែល​មិន​ផ្លាស់​ប្តូរ»។ លោក​ថ្លែងបន្ថែម​ថា ​ចិន​ត្រៀម​ខ្លួន​រួច​រាល់ ដើម្បី​ធ្វើ​ការ​ជាមួយ​កម្ពុជា ដើម្បី​ការពារ​តាម​គោល​ការណ៍​យុត្តិធម៌​អន្តរ​ជាតិ សិទ្ធិ​ស្រប​ច្បាប់ និង​ប្រយោជន៍​នៃ​ការ​អភិវឌ្ឍ​ប្រទេស។ ប្រធានាធិបតី​ចិន​ក៏​បាន​សន្យា​ថា​នឹង​ជួយ​កម្ពុជា​ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ រួម​ទាំង​វិស័យ​ឧស្សាហកម្ម និង​កសិកម្ម។

បើ​តាម​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ហ៊ុន ម៉ាណែត នៅ​ក្នុង​ជំនួប​នោះ ប្រធានាធិបតី​ចិន​បាន​ប្រាប់​ភាគី​កម្ពុជា​ថា ​ចិន​បន្ត​គាំទ្រ និង​សហការ​ជាមួយ​កម្ពុជា​លើ​គ្រប់​វិស័យ ដោយ​មិន​មាន​ការ​ប្រែ​ប្រួល​ឡើយ។

លោក Xi បាន​គូសបញ្ជាក់​ថា​ ចំណង​ទាក់ទង​រវាង​កម្ពុជា និង​ចិន ប្រៀបដូច​ជា​ដើម​ឈើ​មួយ​ដើម​ដែលធំ​ ហើយ​បាន​ចាក់​ឬស​យ៉ាង​ជ្រៅនិង​រឹងមាំ។

លោក ហ៊ុន ម៉ាណែត បាន​សន្យា​ថា​នឹង​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​កិច្ច​សហការ​ផ្នែក​សន្តិ​សុខ ដើម្បី​បង្រ្កាប​ការ​បោក​បញ្ឆោត​តាម​អនឡាញ ដែល​តែង​តែ​ពាក់​ព័ន្ធ​នឹង​ជនជាតិ​ចិន។ មេដឹកនាំ​កម្ពុជា​បន្ត​ថា ​កម្ពុជា​នឹង​បន្ត​អនុវត្ត​គោល​នយោបាយ​ប្រកប​ដោយ​មេត្រី​ភាព​ជាមួយ​ប្រទេស​ចិន។ លោក ហ៊ុន ម៉ាណែត ក៏​បាន​បញ្ជាក់​អំពី​ការ​បន្ត​ប្រកាន់​ខ្ជាប់​ខ្ជួន​គោល​នយោបាយ​ចិន​មួយ​ផង​ដែរ។

នាយករដ្ឋមន្រ្តី​ខ្មែរ​ក៏​ជំរុញ​ឲ្យ​ចិន​បន្ត​អភិវឌ្ឍ​លើ​វិស័យ​ថាមពល សន្តិសុខ​ស្បៀង និង​ជំរុញ​ការ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា។

ជាមួយ​គ្នា​នោះ លោក ហ៊ុន ម៉ាណែត ក៏​ស្នើ​ភាគី​ចិន​បន្ត​ធានា​សន្តិសុខ​ថាមពល និង​សន្តិសុ​ខ​ស្បៀង​របស់​កម្ពុជា ក្នុង​នោះ​មាន​ការ​នាំចូល​អង្ករ​និង​ផលិត​ផល​កសិកម្ម​ផ្សេង​ទៀត​របស់​កម្ពុជា។ នេះ​បើ​តាម​ការ​ផ្សាយ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ហ៊ុន ម៉ាណែត។

គួរ​បញ្ជាក់​ថា​ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន លោក ហ៊ុន ម៉ាណែត ក៏បាន​ជួប​នាយករដ្ឋមន្រ្តី​ចិន លោក Li Qiang ហើយ​បាន​ចុះ​ហត្ថលេខាលើ​ឯកសារ​កិច្ច​សហប្រតិបត្តិ​ការ​មួយ​ចំនួន​ផង​ដែរ៕

What Next?

Recent Articles

Leave a Reply

Submit Comment