លោក ហ៊ុន ម៉ាណែត បាន​ធ្វើ​ដំណើរ​ដល់​ប្រទេស​ចិន ខណៈ​អ្នក​ឃ្លាំមើល​រិះគន់​ថា​មេ​ដឹកនាំ​កម្ពុជា​ទៅ​រណប​ចិន

ដោយ ជី វិតា
2023.09.14
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន ម៉ាណែត បាន​ធ្វើ​ដំណើរ​ដល់​ប្រទេស​ចិន ខណៈ​អ្នក​ឃ្លាំមើល​រិះគន់​ថា​មេ​ដឹកនាំ​កម្ពុជា​ទៅ​រណប​ចិន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (កណ្ដាល) អញ្ជើញ​ដាក់កម្រង​ផ្កា​​គោរពវិញ្ញាណក្ខន្ធ​វីរបុរស និង​កងទ័ព​ចិន នៅ​ទីលាន​ធានអានមិន (Tiananmen Square) ពេល​លោកបាន​ទៅ​ដល់​ប្រទេស​នេះ នៅ​រសៀល​ថ្ងៃ​ទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុក STPM


លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ទៅ​ដល់​ប្រទេស​ចិន​ហើយ នៅ​រសៀល​ថ្ងៃ​ទី១៤ ខែកញ្ញា ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​មួយ​របស់​លោក​ទៅ​កាន់​ប្រទេស​មហា​អំណាច​កុម្មុយនិស្ត​មួយ​នេះ ក្នុង​នាម​ជា​ប្រមុខ​ដឹកនាំ​កម្ពុជា។ អ្នកឃ្លាំមើល​រិះគន់​ថា លោក ហ៊ុន ម៉ាណែត ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ចិន ក្នុង​គោលដៅ​រណែបរណប​អែបអប​ចិន ដើម្បី​ការពារ​អំណាច​ផ្ទាល់​ខ្លួន ច្រើន​ជាង​នាំ​ផល​ប្រយោជន៍​ជូន​ជាតិ។

លោក ហ៊ុន ម៉ាណែត ចាប់​ផ្ដើម​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ជា​មួយ​ភរិយា រួម​ទាំង​មន្ត្រី​គណៈប្រតិភូ​កម្ពុជា​ដោយ​មាន​ការ​ទទួល​ស្វាគមន៍​ពី​អនុ​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក ណុង រ៉ុង (Nong Rong)។ ថ្ងៃ​ទី​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ លោក ហ៊ុន ម៉ាណែត បាន​ទៅ​គោរពវិញ្ញាណក្ខន្ធ​វីរបុរស និង​កងទ័ព​ចិន ដែល​ជា​កន្លែង​តំណាង​ឱ្យ​ការ​ពលី​ជីវិត​របស់​កងទ័ព​ចិន​ក្នុង​បុព្វហេតុ​តស៊ូ​រំដោះ​ប្រទេស​ចិន​ពី​ការ​ឈ្លានពាន​នៃ​ជនបរទេស ដែល​ធ្វើ​ឱ្យ​បក្ស​កុម្មុយនិស្ត​ចិន​បាន​ឡើង​កាន់​អំណាច​ឆ្នាំ១៩៤៩។ ក៏​ប៉ុន្តែ មហា​ទី​លាន​ធាន​អាន​មិន (Tiananmen Square) នេះ ក៏​ជា​កន្លែង​ដែល​កងទ័ព​បក្ស​កុម្មុយនិស្ត​ចិន ធ្លាប់​បាន​បង្ក្រាប​យ៉ាង​ចាស់​ដៃ​លើ​ក្រុម​បាតុករ​ប្រជាធិបតេយ្យ​ចិន កាល​ពី​ឆ្នាំ១៩៩៨ ដែល​បាន​បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​តិច​មួយ​ម៉ឺន​នាក់ (១០.០០០) បាត់បង់​ជីវិត។

ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅ​ប្រទេស​ចិន​នេះ ត្រូវ​បាន​ភាគី​ចិន និង​កម្ពុជា​អះអាង​ថា ជា​ការ​បង្ហាញ​ចំណង​មិត្តភាព​ដែកថែប​កាន់តែ​ជិត​ស្និទ្ធ​នៃ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ក្រុងប៉េកាំង (Beijing) បន្ថែម​ទៀត។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​ឱ្យ​ដឹង​ថា លោក ហ៊ុន ម៉ាណែត នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង (Xi Jinping) និង​ក្រុម​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​របស់​ចិន ដើម្បី​ពិភាក្សា​អំពី​ការ​រឹត​បន្តឹង​ទំនាក់ទំនង​ក្នុង​ការ​កសាង​អនាគត​កម្ពុជា​ចិន​រួមគ្នា ដែល​ជា​ទិសដៅ​យុទ្ធសាស្ត្រ​សម្រាប់​ទំនាក់ទំនង​ទ្វេភាគី ជជែក​អំពី​បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ។ ក្រៅ​ពី​នេះ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ ក៏​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ចំនួន​ផង​ដែរ។

វិទ្យុអាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក អាន សុខឿន ដើម្បី​សាកសួរ​ជុំវិញ​ដំណើរ​ទស្សន​កិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅ​ប្រទេស​ចិន​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១៤ ខែកញ្ញា។

ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​ព្រួយ​បារម្ភ និង​វាយ​តម្លៃ​ថា លោក ហ៊ុន ម៉ាណែត កំពុង​បោះ​ជំហាន​តាម​គន្លង​សម័យ​កាល លោក ហ៊ុន សែន ដោយ​មិន​ខ្វល់​ពី​រឿង​ស្ដារ​ប្រជាធិបតេយ្យ ហើយ​បែរ​មក​ចាប់​យក​ចិន​ធ្វើ​ជា​ខ្នង​បង្អែក​កាន់​តែ​ខ្លាំង​ឡើងៗ ។ ពួកគេ​លើកឡើង​ថា ការណ៍​ដែល​កម្ពុជា​ផ្អៀង​ទៅ​ចិន​កាន់​តែ​ជ្រៅ ហើយ​ធ្វើ​មិន​ដឹង​មិន​ឮ​នូវ​ការ​ក្រើន​រំលឹក​របស់​ក្រុម​ប្រទេស​លោកសេរី​ឱ្យ​កម្ពុជា​ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ឡើងវិញ​នេះ នឹង​ធ្វើ​ឱ្យ​ប្រជាជាតិ​កម្ពុជា​ខាតបង់​ច្រើន។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ ថ្លែង​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នឹង​ក្លាយ​ជា​កូន​អុក​របស់​ចិន ដើម្បី​ឱ្យ​ចិន​សម្រេច​គម្រោង​មហិច្ឆតា​នានា របស់​ខ្លួន​ទាំង​នៅ​កម្ពុជា និង​ក្នុង​តំបន់។ លោក​មើល​ឃើញ​ថា លោក ហ៊ុន ម៉ាណែត ទៅ​ប្រទេស​ចិន​ក្នុង​គោលដៅ​ស្នើ​សុំ​ជំនួយ​តាមរយៈ​ប្រាក់​កម្ចី​បន្ថែម ដើម្បី​ទ្រទ្រង់​រដ្ឋាភិបាល​របស់​លោក ច្រើន​ជាង​នាំ​ផល​ប្រយោជន៍​ជូន​ជាតិ។ លោក គឹម សុខ អះអាង​ថា របត់​នយោបាយ​កម្ពុជា​សព្វ​ថ្ងៃ លោក ហ៊ុន ម៉ាណែត គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ពឹង​ពាក់​ចិន​ឡើយ ខណៈ​រដ្ឋាភិបាល​កើត​ឡើង​ខ្វះ​ភាព​ស្រប​ច្បាប់ និង​ប្រាស់​ចាក​ពី​គន្លង​ប្រជាធិបតេយ្យ ដោយសារ​តែ​ការ​បោះឆ្នោត​គ្មាន​បក្ស​ប្រឆាំង​ចូល​រួម​ប្រកួតប្រជែង។

លោក គឹម សុខ៖ «ចំណុច​សំខាន់​របស់ ហ៊ុន ម៉ាណែត ប្រឹងប្រែង​ឱ្យ​មាន​ការ​ជ្រោមជ្រែង​របស់​ចិន ក្នុង​ការ​រក្សា​អំណាច​រដ្ឋាភិបាល​ត្រកូល ហ៊ុន អត់​ជម្រើស​ផ្សេង​ទេ ពីព្រោះ​ទាំង​អាស៊ាន​ទាំង​មូល​ហាក់​ដូច​ជា​មិន​សូវ​ស្វាគមន៍ ហ៊ុន ម៉ាណែត រីឯ បស្ចិម​ប្រទេស​ការ​ពី​ថ្កោល​ទោស និង​ដាក់​ទណ្ឌកម្ម ហើយ​គេ​បម្រុង​នឹង​ដាក់​បន្ត​ទៀត​ហើយ។ ការ​បំពេញ​ទស្សនកិច្ច​របស់​គាត់​លើក​នេះ ជា​ពេលវេលា ឬ​ជា​កាលៈទេសៈ​ឱ្យ​គាត់​ឱន​គំនាប់​ចិន ក្នុង​ការ​បង្ហាញ​ចរិត​នយោបាយ​របស់​គាត់​នៅ​ជាមួយ​ចិន​គ្រប់​យុទ្ធសាស្ត្រ​ទាំង​អស់»

កម្ពុជា​បាន​ចាត់​ទុក​ប្រទេស​ចិន​ជា​ដៃគូ​សេដ្ឋកិច្ច​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​ជាតិ។ ភាគី​ចិន និង​កម្ពុជា​បាន​ប្រកាស​ប្ដេជ្ញា​ប្រកៀក​ស្មា​កសាង​ជោគ​វាសនា​រួមគ្នា​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ត្បូងពេជ្រ និង​តែងតែ​ប្រកាស​គាំទ្រ​នយោបាយ ការទូត និង​សេដ្ឋកិច្ច​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ទាំង​លើ​ឆាក​អន្តរជាតិ និង​ក្នុង​តំបន់។

អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​កម្ពុជា​ប្រកាន់​ជំហរ​នយោបាយ​អព្យាក្រឹត្យ ដើម្បី​រក្សា​ការពារ​អធិបតេយ្យ​បូរណភាព​ទឹក​ដី​ខ្មែរ ខណៈ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយ​ចំនួន​ព្រួយបារម្ភ​ពី​ការ​ពង្រីក​ឥទ្ធិពល​ចិន និង​ការ​ជ្រៀតជ្រែក​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។ ក្រៅ​ពី​នេះ អ្នក​ជំនាញ​មួយ​ចំនួន​លើកឡើង​ថា កម្ពុជា​នឹង​ប្រឈម​សម្ពាធ និង​ទណ្ឌកម្ម​បន្ថែម​ពី​បណ្ដា​ប្រទេស​លោកសេរី ប្រសិន​បើ​កម្ពុជា​នៅ​តែ​អនុវត្ត​នយោបាយ​លម្អៀង​ទៅ​ចិន ស្រប​ពេល​ដែល​កម្ពុជា​កំពុង​អនុញ្ញាត​ឱ្យ​យោធា​ចិន​សាងសង់​មូលដ្ឋានទ័ព​នៅ​កំពង់​ផែ​រាម ដែល​អាមេរិក​ចោទ​ថា បាន​សាងសង់​ជិត​រួចរាល់​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "លោក ហ៊ុន ម៉ាណែត បាន​ធ្វើ​ដំណើរ​ដល់​ប្រទេស​ចិន ខណៈ​អ្នក​ឃ្លាំមើល​រិះគន់​ថា​មេ​ដឹកនាំ​កម្ពុជា​ទៅ​រណប​ចិន"

  1. ម៉ាណែតកំពុងតែដឹកនាំនិងអូសទាញកម្ពុជាឆ្ពោះទៅកាន់របបCommunist ហើយក៏កំពុងតែដើរចេញពីសហគមប្រទេសប្រជាធិតិយដែរ។ ម៉ាណែតកំពុងតែដើរអួតខ្លួនថាវាជានាយករដ្ធមន្ត្រីរបស់កម្ពុជាដែលខ្លួនវាផ្ទាល់មិនទាំងបានគេបោះឆ្នោតឱយបានមួយសន្លឹកផង។ អាមួយនេះមុខក្រាស់ជាងស្បែកជើងដែលឡេគប់ឪវាទៀត! បញ្ហារក្នុងស្រុកគដូចភ្នំមិនគិតដោញស្រាយបែជាខំដើរសំញ៉ែងអួតខ្លួនឯងទៅវិញ។