សកម្ម​ជន​បក្ស​ប្រឆាំង​បារម្ភ​អំពី​សុវត្ថិ​ភាព ខណៈ​មាន​ការ​​ឃ្លាំ​មើល​ជា​បន្ត​បន្ទាប់

១៥ កញ្ញា ២០២៣
លាស់ លីបលីប
វីអូអេខ្មែរ

លោក មាជ សុវណ្ណារ៉ា សកម្មជនបក្សជំទាស់ ចូលរួមកម្មវិធីរំឭកខួប៧០ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលធ្វើឡើងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
លោក មាជ សុវណ្ណារ៉ា សកម្មជនបក្សជំទាស់ ចូលរួមកម្មវិធីរំឭកខួប៧០ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលធ្វើឡើងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)


ភ្នំពេញ​ — សកម្ម​ជន​នយោបាយ​គណ​បក្ស​ប្រឆាំង​មួយ​ចំនួន​ ព្រួយ​បារម្ភ​អំពី​សុវត្ថិ​ភាព​ផ្ទាល់​ខ្លួន​និង​ក្រុម​គ្រួសារ​របស់​ពួក​គេ ខណៈបច្ចុប្បន្នមាន​ក្រុម​តាម​ឃ្លាំ​មើល​សកម្ម​ភាព និង​ថត​រូប​ពួក​គេ​។

លោក មាជ សុវណ្ណារ៉ា ដែល​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ ​លើក​ឡើង​ថា​បច្ចុប្បន្ននេះ​ លោក​និង​ម្តាយ​របស់​លោក ​ត្រូវអាជ្ញាធរមូល​ដ្ឋាន​តាម​ឃ្លាំ​មើល និង​ថត​រូប ដោយ​លោក​បាន​ប្រៀប​ធៀប​ដូច​ទៅ​នឹងរបប​ខ្មែរ​ក្រហម​។ ​លោក​ស្នើ​ឱ្យ​រដ្ឋា​ភិបាល​អាណត្តិ​ទី៧ ​ណែ​នាំ​ឱ្យ​អាជ្ញាធរ​បំពេញ​តួនាទី​ឱ្យ​បាន​ត្រឹម​ត្រូវ​។

លោក​ថ្លែង​តាម​រយៈ​វីដេអូ​មួយ​ដែល​បង្ហោះ​លើ​ហ្វេស​ប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ «​សម័យ​នេះ​ហើយ​នៅ​តែ​មាន​របៀប​[ដែល]​សមត្ថ​កិច្ច​ឃ្លាំ​មើល ដូច​ឈ្លប​ក្នុង​របប​អតីត​កាល​ខ្មែរ​ក្រហម​គឺ​ថា ​ខ្ញុំ​អត់​យល់​ៗ​។ ​រាជ​រដ្ឋា​ភិបាល ​អាណត្តិ​ថ្មី ត្រូវ​តែ​រក្សា​សន្តិ​សុខ​ សុវត្ថិ​ភាព​ឱ្យ​ប្រជា​ពល​រដ្ឋ ឱ្យ​ប្រជា​ពល​រដ្ឋ​ចូល​រួមអ្វីជា​ស្ថេរ​ភាព ចូល​រួម​ជា​សណ្តាប់​ធ្នាប់ ចូល​រួម​គោ​រព​ច្បាប់​ ចូល​រួម​បង្ហាញនូវទស្សនៈ​មតិ ដើម្បី​ជា​ការ​រិះគន់​ស្ថាបនា​ ឬក៏​ធ្វើ​ឱ្យ​រីក​ចម្រើន​នូវ​សង្គម​ជាតិ​ ​រវាង​បក្ស​កាន់​អំណាច ទៅនិង​បក្ស​ក្រៅ​រដ្ឋា​ភិបាល និង​អង្គការ​សង្គម​ស៊ីវិល»

លោក​ មាជ សុវណ្ណារ៉ា បន្ត​ថា​ប្រសិន​បើ​លោក​ប្រព្រឹត្ត​កំហុស​អ្វី​មួយ ​គួរ​តែ​ប្រាប់​ ឬប្រើ​នីតិ​វីធី​ច្បាប់​ ដោយ​មិន​មែន​ប្រើប្រាស់​រូប​ភាព​គំរាម​កំហែង​បែប​នេះ ដែល​វា​មិន​បង្ហាញ​សង្គម​ប្រជា​ធិប​តេយ្យ​នោះ​ទេ។

លោក​ថ្លែងថា៖​ «​នៅក្នុង​រដ្ឋ​ធម្ម​នុញ្ញ​ ធានា​និង​ការពារ​សិទ្ធិ​ពល​រដ្ឋ​ ជំពូក​ទី៣ ​មាត្រា​៣១ ដល់​៥០​ ហើយ​បើ​យើង​នៅតែ​យក​ការ​គំរាម​កំហែង ​បំភិត​បំភ័យ​ ប្រើ​សមត្ថ​កិច្ច​ទាំង​ស្លៀក​ពាក់​ស៊ីវិល ​ទាំង​កម្លាំង​ប្រដាប់​អាវុធ​ទៅ​គំរាម​កំ​ហែង ​បំភិត​បំភ័យ​ប្រជា​ពលរដ្ឋ​ អ៊ីចឹ​ង​វាសម​ទេ​? ទាំង​ផ្ទះ​ខ្ញុំ​នៅ​បាត់​ដំបង​ ចម្ការ​សំរោង​ហ្នឹង​ ​ម៉ូតូ​ជិះ​ឆ្វេច​ឆ្វាច​ ថត​ព្រោង​ព្រាត​។ មក​ផ្ទះ​ម្តាយ ​មក​មើល​ម្តាយ​ឈឺ​មិន​ដឹង​ស្លាប់​អង្កាល់​ ទៅ​បំភ័យ ​ទៅ​ថត​ពីមុខ​ផ្ទះ ​[តាម​]ថ្នល់ដើរ​ឆ្វេតឆ្វាត​ ទាំង​ស៊ីវិល ​និង​ទាហាន។ ខ្ញុំ​មាន​ទោស​ឧក្រិដ្ឋ​អី ឬ​ខុស​អី ​យើង​ប្រាប់​គ្នា​ទៅ»

លោក​បន្ថែម​ថា៖ «​ហើយ​យើង​ថា​ផ្សះ​ផ្សារ​ជាតិ បង្រួប​បង្រួម​ជាតិ ​បើ​យើង​នៅ​តែ​យក​អំណាចធំ​ជាង​ច្បាប់​ ជាន់​លើ​ច្បាប់ ​អ៊ីចឹង​យើងឱ្យ​ប្រទេស​ជាតិ​មាន​ប្រជា​ធិប​តេយ្យ​យ៉ាង​ម៉េច​ ឱ្យ​ប្រជា​ពល​រដ្ឋ​ គោរព​យើង​ជា​អ្នក​ដឹ​កនាំ​យ៉ាង​ម៉េច​?​»

ចំណែកសកម្ម​ជន​នយោ​បាយ​មួយ​រូប​ទៀត លោក ​គង់ ​រ៉ៃ​យ៉ា ​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ​ប្រាប់​វីអូអេ​ថាលោក​ក៏​ធ្លាប់​មានអ្នក​តាម​ដាន​ជា​ប្រចាំផង​ដែរ ​នៅ​ពេលលោក​ចូល​រួម​សកម្ម​ភាព​នយោ​បាយ​ជាមួយ​គណ​បក្ស​ជំទាស់​ក្នុង​ប្រទេស​កម្ពុជា​។

លោក​ថ្លែង​ថា៖ ​«ថ្មី​ៗ ​មុន​ពេល​ខ្ញុំ​ចាក​ចេញពី​ប្រទេស​កម្ពុជា ក៏​មាន​ក្រុម​ហ្នឹង​ដដែល តែង​តែ​ជិះ​ឆ្វែល​នៅ​ផ្ទះ​របស់​ខ្ញុំ​ ប៉ុន្តែ​ដោយ​សារ​ខ្ញុំ​ធ្លាប់​ត្រូវ​គេ​វាយ​ ទើប​ខ្ញុំ​តែង​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជានិច្ច នៅ​ពេល​ខ្ញុំធ្វើ​ដំណើរ​តាម​ម៉ូតូ​ចេញ​ពីផ្ទះ ​ទៅ​កន្លែង​ផ្សេង​ៗ​ទៀត​ក្នុង​ទីក្រុង​ភ្នំពេញ​»​

សកម្ម​ជន​ដែលកំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​រូប​នេះ ​ឱ្យ​ដឹង​ថាដោយ​សារ​តែ​ការ​យាយី​ និង​បំភិត​បំភ័យ​គ្រប់​រូប​ភាព​ ទើប​លោក​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ប្រទេស​ ដើម្បី​ស្វែង​រក​កន្លែង​មាន​សុវត្ថិ​ភាព​នៅ​ក្រៅ​ប្រទេស​។

បើ​តាម​លោក គង់ រៃយ៉ា ​ប្រសិន​បើ​ប្រទេស​កម្ពុជា​ មាន​សន្តិ​ភាព​ពិត​ប្រាកដ ​និង​ធានានូវសេរី​ភាព​បញ្ចេញ​មតិ​របស់​ពល​រដ្ឋពេល​លេញ​ដែល​ស្រប​តាម​រដ្ឋ​ធម្ម​នុញ្ញ នោះ​លោក​ក៏​មិន​ចាក​ចេញ​ពី​ប្រទេស​កំណើត​ឡើយ។

​លោក​ថ្លែង​ថា៖ «បើ​សិន​ខ្ញុំ​នៅ​ប្រទេស​កម្ពុជា​ មាន​តែ​២​ជម្រើស​ទេ ដែល​ខ្ញុំ​អាច​ជួប​ប្រទះ ទីមួយ ​ត្រូ​វ​គេ​វាយ ​នៅ​តាម​ផ្លូវ​សា​ធារណៈ​ជា​ថ្មី​ម្តង​ទៀត​ ទីពីរ ​គឺ​នឹង​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ ដោយ​សារ​តែខ្ញុំ​មិន​ព្រម​បម្រើ​ឱ្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​»

លោក គង់ រ៉ៃយ៉ា ​កត់សម្គាល់​ថា​សកម្ម​ជន​សង្គម ​សកម្ម​ជន​នយោ​បាយ​ និង​អ្នក​ដែល​ហ៊ាន​រិះ​គន់​ភាព​អវិជ្ជ​មាន​រដ្ឋា​ភិបាល​ គឺជា​គោល​ដៅ ឬ​មុខ​សញ្ញា ដែលនឹងត្រូវ​រង​កា​រ​យាយី ​និង​បំភិត​បំភ័យដូចជា​រូប​លោក។ លោក​ថា​រូប​ភាព​បំភិត​បំភ័យ​ទាំង​នោះ គឺ​ជា​ចេតនា​របស់​រដ្ឋា​ភិបាល ដើម្បី​បំបាក់​ស្មារតី សកម្ម​ជន​នយោ​បាយ សកម្ម​ជន​សង្គម និង​សកម្ម​ជនផ្សេង​ទៀត ​ដែល​ហ៊ាន​រិះ​គន់​ភាព​អសកម្ម​នៃ​ការ​ដឹក​នាំរ​ដ្ឋា​ភិបាល។

រូបឯកសារ៖ លោក រ៉ុង ឈុន អនុប្រធានម្នាក់នៃគណបក្សភ្លើងទៀន ថ្លែងនៅក្នុងបទសម្ភាសន៍មួយនៅទីស្នាក់ការបក្ស នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៣។
រូបឯកសារ៖ លោក រ៉ុង ឈុន អនុប្រធានម្នាក់នៃគណបក្សភ្លើងទៀន ថ្លែងនៅក្នុងបទសម្ភាសន៍មួយនៅទីស្នាក់ការបក្ស នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៣។

​លោក រ៉ុង ឈុន អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន ថ្លែង​ថា​ បច្ចុប្បន្ន​នេះ ​កម្ពុជា​មាន​ប៉ូល​២​ ដោយ​ក្រុមគាំទ្រ​និន្នា​ការ​គណ​បក្ស​កាន់​អំណាច ​អា​ច​ប្រើ​ប្រាស់​សេរីភាព​ពេញ​លេញ ​ខណៈ​ក្រុម​ដែល​មាន​និន្នាការ​ផ្ទុយ​ទៅ​នឹងគណ​បក្ស​កាន់​អំណាច តែង​តែរ​ង​ការ​រឹត​ត្បិត​ និង​ការ​តាម​ដាន​ពី​សំណាក់​អាជ្ញាធរ​។

លោក​ថ្លែង​ថា៖ «វា​នៅ​តែ​មាន​ការ​ប្រឈម​ ដូច​ជា​ពេល​ថ្មី​ៗ ​ដូច​ករណី​នេះ​ [នៅ​ខេត្ត​]​បន្ទាយ​មានជ័​យក្តី ដែល​ចាប់​[សកម្មជន​គណបក្ស​ភ្លើង​ទៀន​]យ៉ាង​គំហុក​ជាង​២០​នាក់ ប៉ុន្តែ​ត្រូវ​បាន​ដោះ​លែង​១៧​នាក់ ហើយ​នៅ៦​នាក់​ទៀត​[ជាប់​ឃុំ​]។ រូប​ភាព​ហ្នឹង ​យើង​ឃើញ​ថា​ជា​ការ​គំរាម​កំហែង​ធ្ងន់​ធ្ងរ​ អាហ្នឹង​គ្រាន់​តែ​នៅ​ក្នុង​ពេល​ថ្មី​ៗ​។ ​ហើយ​កន្លង​មកយើង​ឃើញ​មាន​ការ​ចាប់​បន្ត​បន្ទាប់​ [ហើយ​]មួយ​ចំនួន​ក៏​ត្រូវ​ភៀស​ខ្លួន​រក​កន្លែង​សុវត្ថិ​ភាព​អ៊ីចឹង​ទៅ​»

លោក ​រ៉ុង ឈុន ​ស្នើ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សេរី​ភាព​នយោបាយ​ឱ្យ​បាន​ពេញ​លេញ និង​បញ្ឈប់​រូប​ភាព​គំរាម​កំហែង​ និង​ហិង្សា​លើ​សកម្ម​ជន​នយោ​បាយ និ​ង​សកម្ម​ជន​សង្គម ​ដូច​ករណីលោក នី ណាក់ ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខវាយ​ដំ​យ៉ាង​ដំណំ​កាល​ពី​ថ្ងៃ​អង្គារ​។

​លោក ប៉ែន បូណា អ្នក​នាំពាក្យ​រដ្ឋាភិ​បាល ​ថ្លែង​ថា​ ពល​រដ្ឋ​ទាំង​អស់​មាន​សិទ្ធិ​សេរី​ភាព​ពេល​លេញ ​ដោយ​មិន​មាន​ការ​បំភិត​បំភ័យ​អ្វី​នោះ​ទេ​។

​លោក​ប្រាប់​វីអូអេថា៖ «សូម​បញ្ជាក់​ជូន​ថា​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទាំង​អស់​នៅ​ក្នុង​ព្រះ​រាជាណា​ចក្រកម្ពុជា​យើង​ មាន​សិទ្ធិ​សេរី​ភាព​ពេញ​លេញ ធានា​ដោយ​ច្បាប់​របស់​រដ្ឋ​ ដូច្នេះ​អ​ត់​មានបុគ្គល​ណា​មួយ​ត្រូវ​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ ​បិទ​សិទ្ធិ​សេរី​ភាព​អី​ទេ​។ ​នៅ​ក្នុង​កិច្ច​ការ​អនុ​វត្ត​សិទ្ធិ​សេរី​ភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេលើក​លែង​តែ​ពួក​គេ​អនុ​វត្ត​ខុស​ច្បាប់​ណា​មួយ​»​។

អ្នកស្រី​ ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​លើក​ឡើង​ថា​នៅសង្គម​ប្រជា​ធិប​តេយ្យ គឺ​ពល​រដ្ឋគ្រ​ប់រូបត្រូវ​តែរួច​ផុតនូវ​ការភ័យ​ខ្លាច ​ដូច្នេះ​សកម្ម​ភាព​បំភិត​បំភ័យ​ ឬ​ឃ្លាំ​មើល​នានា ​ទាំង​ទៅ​លើ​សកម្ម​ជន​នយោ​បាយ ​សកម្ម​ជន​សង្គម និង​អង្គការ​សង្គម​ស៊ីវិល​គួរ​តែ​បញ្ឈប់​ ដើម្បី​ធានា​ថា​ពល​រដ្ឋ​មាន​សិទ្ធិ​សេរីភាព​ស្រប​តាម​រដ្ឋ​ធម្ម​នុញ្ញ​។

អ្នកស្រី​ចក់ សុភាព​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅមុខ​ក្រសួង​យុត្តិធម៌​ ក្នុង​ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២។ ​(ហ៊ុល រស្មី/វីអូអេ)
អ្នកស្រី​ចក់ សុភាព​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅមុខ​ក្រសួង​យុត្តិធម៌​ ក្នុង​ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២។ ​(ហ៊ុល រស្មី/វីអូអេ)

អ្នក​ស្រី​ថា៖ ​«យើង​ឃើញ​ថា​ជា​ទូទៅ អាជ្ញាធរ​មាន​ភាព​រហ័ស​រហួន​ណាស់​នៅពេល​ដែល​មាន​ការ​ចូល​មក​រំខាន ​ទៅដល់សកម្ម​ភាព​របស់​តួ​អង្គសង្គម​ស៊ីវិល ប៉ុន្តែ​បើ​សិនជា​មាន​ព្រឹត្តិការណ៍​ក្នុង​ការ​វាយ​ប្រហារ​ទៅ​លើ​សកម្ម​ជន [ដែល​]យើង​ឃើញ​ហើយ​ថ្មីៗ​នេះ មាន​ការ​វាយប្រហារ​លើ​សកម្មជន​លោក នី ណាក់ ​ជាដើម ​យើង​ឃើញ​ថា​ជា​ទូទៅ ភាព​ខ្នះ​ខ្នែង​របស់​អាជ្ញាធរមិន​បាន​បង្ហាញ​នោះ​ទេ ​ការ​ស៊ើប​អង្កេត ​ឬ​ការ​ធានា​ទៅ​ដល់​សុវត្ថិភាព​សកម្ម​ជន​ទាំង​អស់​នោះ ឱ្យ​រួច​ផុត​អំពី​ការ​វាយ​ប្រហារ​ឬ​ការ​ឃ្លាំ​មើល​អីហ្នឹង គឺ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​នោះ​ទេ។ ហើយ​នេះ​វា​បង្ហាញ​អំពី​ការ​រើស​អើង​ផង​ដែរ​»​។

សកម្ម​ជន​ម្នាក់​ទៀត​ដែល​តែង​តែ​និយាយ​អំពី​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​២៣ តុលា ​១៩​៩១ ​លោក ​ស៊្រុន ស្រ៊ន ​បញ្ជាក់​ថា​លោក​ក៏​ធ្លាប់​រង​ការ​គំរាម​កំហែង​សម្លាប់​ និង​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ឃាត់​ខ្លួន ​ដើម្បីសាក​សួរចំនួន​២​លើ​ក​ផង​ដែរ ​ដែល​ទាក់​ទង​នឹង​សកម្ម​ភាព​លោក​ផ្សព្វ​ផ្សាយ​អំពី​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​។ លោក​យល់​ថា​សកម្ម​ជន​សង្គម​ផ្សេង​ៗ​ទៀត​ ក៏​រង​ការ​បំភិត​បំភ័យ​ក្រោម​រូប​ភាព​ផ្សេង​ៗគ្នា​ ដែល​វា​បង្ហាញ​ថានីតិ​រដ្ឋ​កម្ពុជាផុយ​ស្រួយ​ខ្លាំង​។

​លោក​ថ្លែង​ថា៖ ​«​ខ្ញុំ​យល់​ថា​ការ​គំរាម​កំហែង​ទាំង​ឡាយ​នេះ គឺ​ធ្វើឡើង​ដោយ​សារ​ប្រទេស​កម្ពុជា​បាន​បង្ហាញនៅ​លើ​ឆាក​អន្តរ​ជាតិក្តី នៅ​ក្នុង​សង្គម​ជា​តិ​ក្តី នៅ​ក្នុង​សង្គម​ជាតិ​ខ្មែរ ឱ្យ​ពលរដ្ឋ​បាន​ដឹង​ថា​ប្រទេស​នេះ​អត់​មាន​នីតិរដ្ឋទេ ​ឬ​ក៏​នីតិរដ្ឋ​កម្ពុជា​មាន​មែន ប៉ុន្តែ​វា​ផុយ​ស្រួយ​ណាស់​ គឺ​នីតិរដ្ឋ​មានសម្រាប់​តែ​បក្ស​ពួក​ទាំង​ឡាយ​ណា ដែល​មាន​សែ​ស្រឡាយ​គ្នា​ខ្នង​»

បើ​តា​ម​លោក ​ស៊្រុន ស្រ៊ន​ ប្រសិន​បើ​រដ្ឋា​ភិបាល​អាណត្តិ​ទី៧​ចង់​ធានា​ថា​ ខ្លួន​ពិតដឹក​នាំ​ប្រទេស​ ដោយ​ប្រកាន់​ខ្ជាប់​តាមលទ្ធិ​ប្រជាធិប​តេយ្យ សេរី ពហុបក្ស ​និង​ស្របតាម​រដ្ឋ​ធម្ម​នុញ្ញ ​គឺ​គណៈរ​ដ្ឋ​មន្ត្រី​ក្តី​ រដ្ឋ​សភា​ក្តី​ តុលាការ​ក្តី ​ត្រូវ​បែង​ចែក​ឱ្យ​ដាច់​ពី​គ្នា ​និង​ត្រូវ​បង្ហាញ​តម្លា​ភាព​ គណ​នេយ្យ​ភាព​របស់​ខ្លួន​។

ក្រៅ​ពី​នេះ លោក​ថា​រដ្ឋា​ភិបាល និង​តុលាការ ត្រូវ​បង្រៀន​ប្រជា​ពល​រដ្ឋ​ឱ្យ​យល់​ដឹង​ពី​ច្បាប់ និង​ការ​ដាក់​ពាក្យ​បណ្តឹង​នៅ​តុលាការ និង​រដ្ឋ​សភា​ ហើយ​ត្រូវបណ្តុះ​បណ្តាល​ពលរដ្ឋ​ឱ្យ​យល់​ដឹង​ និង​ស្គាល់​អំពី​កាតព្វ​កិច្ច​របស់​មន្ត្រី​ភូមិ ឃុំ​ ​ស្រុក ​ខេត្ត ​និង​តួនាទី​របស់​គណៈ​រដ្ឋមន្ត្រី និង​មន្ត្រី​រាជការ​ផ្សេង​ទៀត ដែល​ជា​អ្នក​បម្រើ​ផល​ប្រយោ​ជន៍​ប្រជា​ជន ​និង​ជាតិ​៕​

What Next?

Recent Articles