កូនៗ​សកម្មជន​ដីធ្លី​ខេត្តកោះកុង​ស្នើ​តុលាការ​ដោះលែង​ម្ដាយ

ដោយ សេក បណ្ឌិត
2023.09.15
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កូនៗ​សកម្មជន​ដីធ្លី​ខេត្តកោះកុង​ស្នើ​តុលាការ​ដោះលែង​ម្ដាយ

ពលរដ្ឋមានទំនាស់​ដីធ្លី​ជិត ១០០នាក់ ភាគ​ច្រើន​ជា​ប្ដី ប្រពន្ធ កូនៗ និង​សាច់ញាតិ សកម្មជន​ដីធ្លី​នៅ​ខេត្តកោះកុង ​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្តកោះកុង ​ទាមទារ​ដោះលែងសកម្មជនដីធ្លី ៩នាក់ ដែលកំពុងជាប់ឃុំ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


កូន​របស់​សកម្មជន​ដីធ្លី​ខេត្ត​កោះកុង ថា ម្ដាយ​ពួកគាត់​កំពុង​ឈឺ​ធ្ងន់​ក្នុង​ពន្ធនាគារ ខណៈ​ដែល​ពួកគេ​ត្រូវការ​ម្ដាយ​ដើម្បី​មើលថែ​ក្រុម​គ្រួសារ។ មន្ត្រី​សង្គម​ស៊ីវិល​ថា​តុលា​ការគួរ​សាលា​ផ្ដល់​សេរីភាព​ដល់​ពួកគាត់ ព្រោះ​សកម្មភាព​កន្លង​មក​របស់​សកម្មជន​ដីធ្លី​គឺជា​ការអនុវត្ត​សិទ្ធិ​ក្នុង​ការ​ទាមទារ​ដីធ្លី​ប៉ុណ្ណោះ។

កូនៗ​សកម្មជន​ដីធ្លី​ខេត្តកោះកុង​ស្នើ​សាលាឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ​ច្រានចោល​សាលក្រម​សាល​ដំបូង​ខេត្តកោះកុង​ដែល​បាន​ចោទប្រកាន់​ម្ដាយ​របស់​ពួកគេ​ពី​បទ​«​បរិហារកេរ្តិ៍»។ កូនៗ​សកម្មជន​ដីធ្លី​ចាត់ទុកថា​ការ​កាត់ក្ដី​របស់​ចៅក្រម​សាលាដំបូង​ខេត្តកោះកុង​កន្លងមក​គឺជា​រឿង​អយុត្តិធម៌ និង​មិនអាច​ទទួល​យក​បាន។

កូនលោក​ស្រី ផាវ ញើង គឺ​លោក ហង្ស វាសនា លើក​ឡើង​ថា ស្ថានភាព​គ្រួសារ​របស់​លោក​កាន់តែ​លំបាក​កាន់តែ​ខ្លាំង និង​មិន​មាន​លទ្ធភាព​ទៅ​តវ៉ា​ដូច​មុន​។ ទោះជា​យ៉ាងណា លោក ហង្ស វាសនា គ្រួសារ​លោក​នឹង​បន្ត​ទាមទារ​តាម​ប្រព័ន្ធ​តុលាការ​តាមរយៈ​ការ​ដាក់​ពាក្យបណ្ដឹង​ទៅកាន់​សាលាឧទ្ធរណ៍​ព្រះសីហនុ​ឱ្យ​ទម្លាក់​ការចោទប្រកាន់​មក​លើ​ម្ដាយ​លោក។

លោក ហង្ស វាសនា ចាត់ទុកថា​ការ​ផ្ដន្ទាទោស​ម្ដាយ​លោក​ពី​បទ​ញុះញង់​នេះ​គឺជា​រឿង​មិន​សម​ហេតុផល និង​មិនអាច​ទទួល​យក​បាន ព្រោះ​សកម្មភាព​ដែល​ម្ដាយ​លោក​ធ្វើ​គឺ​ដើម្បី​ស្វែងរក​យុត្តិធម៌​ក្នុងនាម​អ្នករងគ្រោះ​ដីធ្លី​ប៉ុណ្ណោះ។

លោក ហង្ស វាសនា៖ «ការសម្រេច​ហ្នឹង​គឺ​អយុត្តិធម៌​ខ្លាំង​បំផុត​ពួកគាត់​ជា​អ្នកការពារ​ទៅលើ​ដី​ខ្លួនឯង​ដែល​មាន​បញ្ហា​ដីធ្លី​ហើយ ពួកគាត់​ឃើញ​បញ្ហា​នៅក្នុង​សង្គម នៅក្នុង​ភូមិ​ស្រុក​របស់​គាត់​ថា​មាន​គេ​លួច​ដី​ហើយ​គាត់​មានការ​ទាមទារ​តវ៉ា​បែរជា​មានការ​ចាប់ខ្លួន អ៊ីចឹង​ការ​តវ៉ា​របស់​គាត់​គឺ​ក្រៅពី​ការ​ទាមទារ​នូវ​ដី​របស់​ខ្លួនឯង​គឺ​គាត់​ជួយ​ទៅដល់​សម្បត្តិ​រួម​ដែល​ជា​សម្បត្តិ​របស់​ជាតិ»។

ចំណែក​កូនស្រី​របស់​សកម្មជន​ដីធ្លី លោកស្រី សេង លីន គឺ​លោកស្រី សេង លីណា ឱ្យ​ដឹង​ថា​ម្ដាយ​មាន​វ័យ​៥៦​ឆ្នាំ​កំពុង​មាន​ជំងឺលើសឈាម និង​ជំងឺ​ប្រចាំ​កាយ​ផ្សេងៗ ហើយ​ស្ថានភាព​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ដោយសារ​ស្ថានភាព​រស់នៅ​ពន្ធនាគារ​មិនល្អ​។ លោកស្រី សេង លីណា ស្នើ​ដល់​តុលាការ​ទម្លាក់​ការ​ចោទប្រកាន់ និង​ដោះលែង​ម្ដាយ​លោកស្រី​ឱ្យ​មាន​សេរីភាព​វិញ ព្រោះ​លោកស្រី​ជឿជាក់​ថា ម្ដាយ​លោកស្រី​ពុំបាន​ប្រព្រឹត្ត​ខុស​ដូច​ការចោទប្រកាន់​នោះ​ទេ។

លោកស្រី សេង លីណា៖ «ខ្ញុំ​នឹក​គាត់​ពេល​គាត់​ឈឺ គាត់​អី​មិនដឹង គេ​មើល​គាត់​បាន​ដិតដល់​ឬ​អត់ បើ​នៅផ្ទះ​មានកូន​មើលថែ​គាត់ ហើយ​បាយទឹក បាយ​អី​មិនដឹង​ម៉េច​អី​ម៉េច ព្រោះ​ម៉ាក់​ខ្ញុំ​របស់​ហិរ​គាត់​អត់​ហូប គាត់​មិនសូវ​ហូប​ផ្ដេសផ្ដាស​ដោយសារ​ក្រពះ»។

សាលាឧទ្ធរណ៍​ព្រះសីហនុ​នៅ​ថ្ងៃទី​២៩ សីហា សម្រេច​ឲ្យ​សកម្មជន​ដីធ្លី ខេត្តកោះកុង​ចំនួន​៩​នាក់ ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន លើ​ចោទប្រកាន់​ពី​បទ​«​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​ខេត្តកោះកុង​ចាប់ខ្លួន កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា​ឆ្នាំ​២០២៣។

ប៉ុន្តែ​ក្នុង​នោះ​មនុស្ស​២​នាក់ ត្រូវ​បន្ត​ឃុំខ្លួន ដែល​រួមមាន​សកម្មជន​ដីធ្លី​ដែល​សកម្ម​គឺ​អ្នកស្រី ផាវ ញ៉ើង និង អ្នកស្រី​សេង លីន ដោយសារ​ពួកគេ​ត្រូវ​បាន​សាល​ដំបូង​ខេត្តកោះកុង​បាន​ប្រកាស​សាលក្រម​លើ​បទ​«​បរិហារកេរ្តិ៍​» នៅ​ថ្ងៃទី​០២ ខែសីហា ផ្ដន្ទាទោស​មួយឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​សរុប​៤០​លាន​រៀល ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​វិវាទ​ដីធ្លី​ក្នុង​សហគមន៍​ពី​ពេល​កាលពី​កន្លង​ទៅ។

តែ​ទោះជា​យ៉ាងណា​មេធាវី​ការពារ​សិទ្ធិ​របស់​លោកស្រី សេង លីន និង​លោកស្រី ផាវ ញ៉ើង ដាក់ពាក្យ​បណ្ដឹង​ជំទាស់​នឹង​សាលក្រម​សាល​ដំបូង​ខេត្តកោះកុង ទៅកាន់​សាលាឧទ្ធរណ៍​ព្រះសីហនុ​កាលពី​ថ្ងៃទី​១៥ ខែ​សីហា។

វិទ្យុ​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ព្រះសីហនុ​លោក លឹម ស៊ីណាត និង​អភិបាលខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង ដើម្បី​សុំ​ការ​ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៤ កញ្ញា។

ចំណែក​នាយក ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា សាលាឧទ្ធរណ៍​គួរ​ច្រានចោល​ចំពោះ​ការ​ចោទ​ប្រកាន់​ថា សកម្មជន​ទាំងពីរ​នាក់​នេះ​បាន​ប្រព្រឹត្ត​បទល្មើស។

លោក អំ សំអាត៖ «ករណី​ទាំងអស់​នេះ​វា​ជា​ភាព​អយុត្តិធម៌​សម្រាប់​គាត់ ហើយ​គាត់​ការពារ​ឬ​ទាមទារ​ក៏​ដើម្បី​តែ​ដីធ្លី​របស់​គាត់ សហគមន៍​របស់​គាត់​ដែល​ត្រូវ​បាត់បង់ ផ្ទុយ​ទៅវិញ​គាត់​ត្រូវ​រង​ភាព​អយុត្តិធម៌​ដោយ​ការ​ជាប់​ពន្ធនាគារ បន្ថែម​ទៀត អ៊ីចឹង​សង្ឃឹម​ថា សាលាឧទ្ធរណ៍​ផ្ដល់​យុត្តិធម៌​សម្រាប់​គាត់»។

ពលរដ្ឋ​ចំនួន​១៩៧​គ្រួសារ​មកពី​ឃុំ​ជី​ខលើ និង​ជីខក្រោម ស្រុកស្រែ​អំបិល ខេត្តកោះកុង តែងតែ​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ជា​បន្តបន្ទាប់ ដើម្បី​រក​អន្តរាគមន៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួង​ស្ថាប័នរដ្ឋ​ផ្សេងទៀត ឱ្យ​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួកគាត់ ដោយ​ចោទ​ថា ក្រុមហ៊ុន ហេង ហ៊ុយ បាន​រំលោភ​យក​ដីធ្លី​ពួកគាត់​តាំង​ពី​ឆ្នាំ​២០០៧៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "កូនៗ​សកម្មជន​ដីធ្លី​ខេត្តកោះកុង​ស្នើ​តុលាការ​ដោះលែង​ម្ដាយ"

  1. target says:

    គ្មានសង្ឃឹមទេសម្រាប់ប្រជាពលរដ្ធក្រីក្រស្លូតត្រង់នោះ!បើនៅតែដឹកនាំដោយរបបពុករលួយ!តុលាការពុករលួយ!ពុករលួយគ្រប់ទីកន្លែង អស់សង្ឃឹមហើយខ្មែរបើកភ្នែកកាលណាឃើញតែអំពើរពុករលួយ។