លោក នី ណាក់ ប្រកាស​ចូល​​រដ្ឋាភិបាល ប្រសិនបើលោក ហ៊ុន ម៉ាណែត រក​ឃើញ​ជន​ល្មើស​មក​ផ្ដន្ទាទោស

ដោយ ម៉ៅ សុធានី
2023.09.15
RFA

លោក នី ណាក់ ប្រកាស​ចូល​​រដ្ឋាភិបាល ប្រសិនបើលោក ហ៊ុន ម៉ាណែត រក​ឃើញ​ជន​ល្មើស​មក​ផ្ដន្ទាទោស

លោក នីណាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ មាន​សភាព​ធូរ​ស្បើយ​ច្រើន នៅ​ថ្ងៃ​ទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុក iMan-KH


អ្នក​ជំនាញ​កសិកម្ម លោក នី ណាក់ ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ព្រួត​វាយ​ឱ្យ​របួស​ក្បាល​ធ្ងន់ធ្ងរ ប្រកាស​ចុះចូល​បម្រើ​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ប្រសិន​បើ​សមត្ថកិច្ច​រក​ឃើញ​ជន​ល្មើស​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

លោក នីណាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក ឈ្មោះ (IMan-KH) កាល​ពី​ថ្ងៃ​យប់​អធ្រាត្រ កាល​ពី​ថ្ងៃ​ទី១៥ ខែកញ្ញា ដោយ​មាន​ភ្ជាប់​រូបថត​មួយ​សន្លឹក​របស់​លោក ថត​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា លោក​មាន ក្ដី​សង្ឃឹម​តែ​មួយ​គត់ ចំពោះ​យុត្តិធម៌ នៃ​អំពើ​ហិង្សា គឺ​សូម​លោក ហ៊ុន ម៉ាណែត ជួយ​ពន្លឿន​ដល់​ការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច ដើម្បី​រក​មុខ​អ្នក​ពាក់ព័ន្ធ និង​អ្នក​ដៃដល់​មក​ដាក់​ទោស។ លោក នី ណាក់ បន្ត​ថា បើ​លោក ហ៊ុន ម៉ាណែត ជួយ​បាន លោក នឹង​ប្រកាស​ចុះចូល​បម្រើ​រាជរដ្ឋាភិបាល ក្រោយ​ពេល​យុត្តិធម៌​កើត​មាន។

វិទ្យុអាស៊ីសេរី​ព្យាយាម​ទូរស័ព្ទ​ទៅ​ប្រពន្ធ​លោក នី ណាក់ គឺ​លោកស្រី សុខ ស៊ីណែត ជា​ច្រើន​ដង ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម​ថា តើ​ខាង​សមត្ថកិច្ច​មាន​តម្រុយ​អំពី​ការ​ស្វែងរក​ក្រុម​ជន​ល្មើស ដែល​បាន​ព្រួត​គ្នា​វាយ​លោក​នឹង​ដំបង​ដែក កាល​ពី​ថ្ងៃ​ទី១២ ខែកញ្ញា​កន្លង​មក​នេះ​ដែរ​ឬ​ទេ។ សមត្ថកិច្ច​បាន​ទទួល​បាន​បណ្ដឹង​លោក នី ណាក់ ហើយ ប៉ុន្តែ​បដិសេធ​មិន​ផ្តល់​វីដេអូ អំពី​កាមេរ៉ា​សុវត្ថិភាព ដោយ​លោក​យក​លេស​ថា រូបភាព​កាមេរ៉ា​មិន​ច្បាស់។

ប្រពន្ធ​លោក នី ណាក់ គឺ​លោកស្រី សុខ ស៊ីណែត ក៏​បាន​សរសេរ​សារ​យ៉ាង​ខ្លី​ថា ស្ថានភាព​ប្តី នៅ​ព្រឹក​ថ្ងៃ​ទី១៥ ខែកញ្ញា មាន​សភាព​ល្អ​ប្រសើរ​កាល​ពី​មួយ​ថ្ងៃ​មុន ដែល​នៅ​តែ​ធ្ងន់ធ្ងរ វិលមុខ ក្អួត នៅ​ពេល​ធ្វើការ​ផ្លាស់ប្ដូរ​ឥរិយាបថ បន្តិចបន្តួច។ លោក ស្រី អរគុណ​បងប្អូន និង​ក្រុម​គ្រូពេទ្យ ដែល​បាន​ខ្នះខ្នែង​សង្គ្រោះ​អាយុ​ជីវិត​របស់​លោក នី ណាក់ យ៉ាង​យក​ចិត្ត​ទុក​ដាក់។

លោកស្រី សុខ ស៊ីណែត ធ្លាប់​បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា នៅ​រសៀល​នៅ​ថ្ងៃ​ទី១២ ខែកញ្ញា មាន​ជន​មិន​ស្គាល់​មុខ​បាន​ជិះ​ម៉ូតូ​បុក​ម៉ូតូ​ប្តី​លោកស្រី​ពី​ក្រោយ​នៅ​ពេល​លោកស្រី និង​ប្ដី​ធ្វើ​ដំណើរ​ចេញ​ពី​ម្ដុំ​វត្ត​ចំពុះ​ក្អែក​សំដៅ​ទៅ​ផ្ទះ។ ក្រោយ​ម៉ូតូ​ដួល​មនុស្ស​ប្រុស​មួយ​ក្រុម ស្លៀក​ពាក់​ខ្មៅ មាន​ពាក់​មួក​ឃ្លុប​បិទ​មុខ​ជិត ដៃ​កាន់​ដំបង​ដែក​សម្រុក​វាយ​សន្ធាប់​លើ​ក្បាល លោក នី ណាក់ ឱ្យ​បែក​ក្បាល​ជា​ច្រើន​កន្លែង ឈាម​ស្រោច​ខ្លួន និង​សន្លប់​នៅ​នឹង​កន្លែង។

លោកស្រី​សង្ស័យ​ថា ការ​វាយ​ធ្វើបាប​ប៉ុនប៉ង​សម្លាប់ លោក នីណាក់ នៅ​ពេល​នេះ​ពាក់ព័ន្ធ​នឹង​លោក​បន្ត​និយាយ ពី​បញ្ហា​សង្គម​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ព្រោះ​គ្រួសារ​របស់​លោកស្រី​ពុំ​មាន​ទំនាស់ ឬ​គំនុំ​ជាមួយ​នរណា​ឡើយ។

គិត​មក​ដល់​ពេល​នេះ​មាន​សកម្មជន​សង្គម និង​នយោបាយ មិន​តិច​ជាង ៥០នាក់​ទេ ដែល​រង​ការ​លួច​វាយ​ប្រហារ ភាគ​ច្រើន​ជា​ការ​ប៉ុនប៉ង​វាយ​សម្លាប់ ដោយ​ប្រើ​ដំបង​ដែក​វាយ​សន្ធាប់​ទៅ​លើ​ក្បាល​ជន​រងគ្រោះ នៅ​ក្រោម​ការ​ដឹកនាំ​របស់​អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "លោក នី ណាក់ ប្រកាស​ចូល​​រដ្ឋាភិបាល ប្រសិនបើលោក ហ៊ុន ម៉ាណែត រក​ឃើញ​ជន​ល្មើស​មក​ផ្ដន្ទាទោស"

  1. ពុទ្ធោ! ពុទ្ធោ! says:

    សម្ដី នីណាក់ គួរឲ្យចាប់អារម្មណ៍! នេះគឺជាពាក្យប្រស្នារបស់ខ្មែរពោលថា(អង្គុយខ្ពស់ជាងឈរនរណាមិនរកឆ្កែ)។ រកឲ្យឃើញ ប្អូន ម៉ាណែត កុំឲ្យមហាជនខ្មែរនៅសង្ស័យលើរបបពុករលួយរបស់ប្អូន។

Leave a Reply

Submit Comment