លោក នី ណាក់ អំពាវនាវឲ្យនាយករដ្ឋមន្ត្រីជួយរកយុត្តិធម៌ជាថ្នូរនឹងការចុះចូល

កម្ពុជា
16/09/2023 – 08:45
ដោយ៖ អ៊ឹង ប៊ុនថន
RFI

លោក​ នី ​ណាក់ ​អ្នក​ជំនាញ​ផ្នែក​កសិកម្ម ​បាន​ដាក់​ក្តី​សង្ឃឹម​ «តែ​មួយ​គត់​ចំពោះ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​ម៉ាណែត» ​ក្នុង​ផ្តល់​យុត្តិធម៌​សម្រាប់​រូប​លោក​ បន្ទាប់ពី​សកម្ម​ជន​រូប​នេះ ​រង​នូវ​ការ​វាយ​ដំ​យ៉ាង​ធ្ងន់​ធ្ងរ​ កាល​ពី​ដើម​សប្តាហ៍​នេះ​។តាមរយៈសារ​ខ្លី​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេស​ប៊ុក​ឈ្មោះថា​ IMan-KH ​ដែល​ជា​របស់​លោក ​នី ​ណាក់​ នោះ​ បាន​គូស​បញ្ជាក់​ ដោយ​ស្នើ​ឲ្យ​លោក​ ហ៊ុន​ ម៉ាណែត​ ជួយ​ពន្លឿន​ដល់​ការ​ស៊ើប​អង្កេត​របស់​សមត្ថ​កិច្ច​ ដើម្បី​រក​មុខ​អ្នក​ពាក់​ព័ន្ធ​និង​អ្នក​ដៃ​ដល់​មក​ដាក់​ទោស​។

លោក នី ណាក់ និង​លោក ហ៊ុន ម៉ាណែត © Iman-KH


ដោយ​ភ្ជាប់​រូប​ថត​មួយ​សន្លឹក​ដែល​បាន​ថត​ជា​មួយ​លោក ​ហ៊ុន ​ម៉ាណែត ​សកម្ម​ជន​សង្គម​ជំនាញ​កសិកម្ម​រូប​នេះ ​ប្រកាស​ថា​លោក​នឹង​ចុះ​ចូល​បម្រើ​រដ្ឋាភិ​បាល​ ក្រោយ​ពេល​យុត្តិធម៌​កើត​មាន​ចំពោះ​រូប​លោក​។​ ប៉ុន្តែ​កាល​ពី​មុន​ពេល​​បោះ​ឆ្នោត​ គេ​ឃើញ​មាន​រូប​ថត​របស់​លោក​ នី​ ណាក់​ បាន​ឈរ​ថត​ជា​មួយ​លោក ​ហ៊ុន​ សែន​ ខណៈ​ដែល​សកម្មជន​សង្គម​ជា​ច្រើន​ផ្សេង​ទៀត​នាំគ្នា​ទៅ​ជួប​អតីត​នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​ដល់​ផ្ទះ​។

 ទោះ​ជា​យ៉ាង​ណា ​អ្នក​ស្រី ​ឈឿន ​ដារ៉ាវី​ សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ និង​ជា​សកម្មជន​បរិស្ថាន-សង្គម​ ដែល​បាន​ទៅ​ជួប​លោក ​ហ៊ុន ​សែន ​ដោយ​មាន​លោក​ នី​ ណាក់​ ទៅ​ជា​មួយ​ដែរ​នោះ ​បាន​អះ​អាង​ពួកគេ​មិន​បាន​ទៅ​ចុះ​ចូល​ជា​មួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដូច​ការ​ចោទ​ប្រកាន់​ឡើយ​។​ ការ​ដែល​ទៅ​ជួប​ប្រ​មុខ​បក្ស​កាន់ អំណាច​នាពេល​នោះ ​គឺដើ​ម្បី​សុំ​រក​យុត្តិធម៌​លើ​សំណុំ​រឿង​ក្តី​របស់​ពួកគេ ​បន្ទាប់ពី​ពួកគេ​បាន​ជាប់​ពន្ធនា​គារ​មួយ​រយៈ​ដោយ​សារ​តែ​សកម្ម​ភាព​របស់​ខ្លួន​។ ​នេះបើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌​មាន​មួយ​ចំនួន​នា​ពេល​នោះ​។

សូម​បញ្ជាក់​ថា ​លោក ​នី ​ណាក់ ​ធ្លាប់​ត្រូវ​បាន​កាត់​ទោស​ដាក់​ពន្ធនាគារ​មួយ​ឆ្នាំ​កន្លះ ​បន្ទាប់ពី​បាន​ប្រកាស​ពី​ផែន​ការ​ទិញ​ម៉ាស់​មក​ពាក់​ឲ្យសត្វ​មាន់​ក្នុង​អំឡុង​ពេល​នៃ​ការ​ឆ្លង​រាត​ត្បាត​ជំងឺ​កូវីដ​១៩​។

សក​ម្ម​ជន​រូប​នេះ ​ត្រូវ​បាន​ក្រុម​ជន​ល្មើស​ ៣​ទៅ៤​នាក់ ​សុទ្ធ​តែ​បុរស​ បាន​ដើរ​សំដៅ​មក​រក​លោក​ នី​ ណាក់​ ដោយ​មាន​ដំបង​មួយ​ម្នាក់​ជាប់​នឹង​ដៃ​ វាយ​ដំ​លើ​លោក​ នី​ ណាក់​ ដោយ​ព្យាយាម​ដោះ​មួក​សុវត្ថិភាព ​និង​វាយ​តម្រង់​រក​ក្បាល​តែ​ម្តង​ ពេល​ធ្វើ​ដំណើរ ពី​ម្តុំ​វត្ត​ចំពុះ​ក្អែក​ មក​ដល់​ចំណុច​ឃ្លាំង​ដែក​មួយ​កន្លែង​ នៅ​ម្តុំ​វត្ត​ព្រែក​ប្រា ​កាល​ពី​ថ្ងៃ​ទី​១២​កញ្ញា​។​ នេះ​បើ​តាម​ភរិយា​ជន​រង​គ្រោះ​។

លោក​ នី ​ណាក់ ​ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ ​ដោយ​មាន​ស្នាម​របួស​ ជាច្រើន​ថ្នេរ​នៅមិន​ទាន់​បាន​ធូរ​ស្រាល​នៅ​ឡើយ​ទេ​ ដោយ​គ្រាន់​តែ​អាច​ធ្វើ​ចលនា​បាន​ខ្លះៗ​។​ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​សៅរ៍​នេះ​៕​

What Next?

Recent Articles