ដោយ យ៉ង ចាន់តារា
2023.09.16
RFA

អ្នកសម្របសម្រួលសមាគមអាដហុក ខេត្តមណ្ឌលគិរី លោក ប៊ី វ៉ាន់នី ជួបមន្ត្រីប៉ុស្តិ៍ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៥ កញ្ញា ២០២៣។ Photo Provided
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC) ខេត្តមណ្ឌលគិរីថា ការរារាំងរបស់អាជ្ញាធរ ដែលមិនឲ្យបើកវគ្គបណ្ដុះបណ្ដាលពលរដ្ឋនៅតាមមូលដ្ឋាន ជាការរំលោភលើសិទ្ធិទទួលបានព័ត៌មានរបស់ពលរដ្ឋ និងបង្កការលំបាកដល់ការអនុវត្តគម្រោងផ្សេងៗ របស់អង្គការសង្គមស៊ីវិល។ ការលើកឡើងនេះ ក្រោយពីមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចុងផ្លាស់ ស្រុកកែវសីមា រារាំងមិនឲ្យមន្ត្រីសមាគមអាដហុក បើកវគ្គផ្សព្វផ្សាយស្តីពីការការពារ និងការទប់ស្កាត់ការរៀបការវ័យក្មេង ។
អ្នកសម្របសម្រួលសមាគមអាដហុក ខេត្តមណ្ឌលគិរី លោក ប៊ី វ៉ាន់នី មានប្រសាសន៍ថា មុនចុះបើកវគ្គផ្សព្វផ្សាយស្តីពីការការពារ និងការទប់ស្កាត់ការរៀបការវ័យក្មេងនៅភូមិអូរកាប៉ាយ ឃុំចុងផ្លាស់ ស្រុកកែវសីមា លោកបានទាក់ទងទៅជំទប់ទីមួយឃុំចុងផ្លាស់ រួចស្រេចទៅហើយ ។ក៏ប៉ុន្តែប្រជាការពារភូមិនៅតែរារាំងលោក និងសហការីមិនឲ្យអនុវត្តគម្រោងនេះ ដោយលើកឡើងថា មិនឱ្យប្រជាពលរដ្ឋចូលរួមជាមួយអង្គការអាដហុកទេ ព្រោះអង្គការអាដហុកជាអង្គការខុសច្បាប់ និងមិនមានការអនុញ្ញាតពីមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចុងផ្លាស់។
លោក ប៊ី វ៉ាន់នី៖ «ចង់និយាយថា អ្វីដែលយើងបានជូនដំណឹងទៅខាងជំទប់ទី១ អ្នកទទួលខុសត្រូវជំនួសមេឃុំហ្នឹង មេប៉ុស្តិ៍ប្រាប់ថា គាត់អត់បានប្រាប់ គាត់ប្រាប់មេប៉ុស្តិ៍អីចឹងទៅ។ ហើយអ៊ីចឹងហើយបានយើងឃើញ អត់មានទី១ យើងធ្វើការងារស្របទៅតាមច្បាប់ និងសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ នៅពេលអាជ្ញាធរមូលដ្ឋាន គាត់បែរជាធ្វើការងារទៅតាមបទបញ្ជាទៅវិញ គាត់អត់ធ្វើការងារគោរពទៅតាមច្បាប់ទេ»។
លោក ប៊ី វ៉ាន់នី បន្ថែម នៅពេលអាជ្ញាធររារាំងបែបនេះ គឺបណ្ដាលប៉ះពាល់ដល់ពេលវេលា ថវិកា និងលទ្ធផល នៃការអនុវត្តគម្រោងរបស់អង្គការសង្គមស៊ីវិល ដែលបានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃ ជាពិសេសប៉ះពាល់ដល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។
លោក ប៊ី វ៉ាន់នី៖ «អ៊ីចឹងកាលណាគាត់ធ្វើបែបហ្នឹងគឺ ជាការរារាំង ឬក៏ការបង្អាក់ដំណើរក្នុងការអនុវត្តគម្រោងរបស់អង្គការ អ៊ិន ជី អូ (NGOសង្គមស៊ីវិល) ក៏ដូចជា អង្គការអាដហុកដែរ ហើយវាបានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិប្រជា ពលរដ្ឋក្នុងការចូលរួម សិទ្ធិជួបជុំ សិទ្ធិទទួលបានព័ត៌មានជាដើមហ្នឹងឯង។ អ៊ីចឹងការធ្វើបែបហ្នឹង គឺការគំរាមកំហែងទៅលើប្រជាពលរដ្ឋ»។
ការលើកឡើងនេះ ក្រោយពីប្រជាការពារភូមិអូរកាប៉ាយលោក យល់ នឿន កាលពីថ្ងៃទី១៥ កញ្ញា បានរារាំងពលរដ្ឋ មិនឲ្យចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីការការពារ និងការទប់ស្កាត់ការរៀបការវ័យក្មេង ដែលរៀបចំដោយសមាគមអាដហុក។ ការរារាំងនេះ ដោយអាជ្ញាធរចោទប្រកាន់ថា អង្គការអាដហុក ជាអង្គការខុសច្បាប់ ហើយមិនមានការអនុញ្ញាត និងមានការបញ្ជាពីមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចុងផ្លាស់។ លុះដល់រសៀលថ្ងៃដដែលនោះ អ្នកសម្របសម្រួលសមាគមអាដហុក លោក ប៊ី វ៉ាន់នី បានទៅជួបមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចុងផ្លាស់ លោក ចាន់ សុផារី ហើយបានបង្ហាញលិខិតទទួលស្គាល់សមាគមអាដហុក និងគម្រោង ដែលត្រូវបង្រៀនដល់ពលរដ្ឋ។ បន្ទាប់មក មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចុងផ្លាស់ ក៏បានឯកភាព និងប្រាប់ទៅពលរដ្ឋឲ្យពលរដ្ឋចូលរួមជាមួយសមាគមអាដហុកវិញ ដោយមេប៉ុស្តិ៍រូបនោះលើកឡើងថា មូលហេតុដែលរារាំងបែបនោះ គឺដើម្បីការពារសុវត្ថិភាពក្នុងមូលដ្ឋាន ហើយគាត់ក៏មិនបានទទួលព័ត៌មាននៃការអនុវត្តគម្រោងនេះ ពីមេឃុំចុងផ្លាស់។
វិទ្យុអាស៊ីសេរីនៅពុំទាន់អាចទាក់ទងមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចុងផ្លាស់លោក ចាន់ សុផារី ដើម្បីសុំការបកស្រាយបន្ថែមជុំវិញបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី១៦ កញ្ញា។
បើទោះបីជាបែបនេះក្ដី អ្នកសម្របសម្រួលសមាគមអាដហុក លោក ប៊ី វ៉ាន់នី អះអាងថា អាជ្ញាធរនៅតែថតរូបលោក និងសហការីដដែល មុនពេលឲ្យពលរដ្ឋចូលរួមវគ្គបណ្ដុះបណ្ដាល។
មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ ទទូចឲ្យអាជ្ញាធររដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា ណែនាំដល់មន្ត្រីថ្នាក់ក្រោមជាតិ ឲ្យអនុវត្តតាមគោលការណ៍ច្បាប់ ដើម្បីឲ្យមន្ត្រីអង្គការសង្គមស៊ីវិល អនុវត្តគ្រោងរបស់ខ្លួនដោយគ្មានការរារាំង និងគ្មានការហាមឃាត់ពីអាជ្ញាធរមូលដ្ឋាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។