ដោយ យន់ សាមៀន
2023.09.17
RFA

រូបភាពកម្មកររោងចក្រនៅភ្នំពេញ។ ថតនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ក្រុមកម្មកររោងចក្រវាយនភណ្ឌ និងសហជីពឯករាជ្យ នៅតែបន្តទាមទារថៅកែដំឡើងប្រាក់ឈ្នួលអប្បបរមា ២១៥ដុល្លារ ក្នុងឆ្នាំ២០២៤ ដើម្បីទប់ទល់ជីវភាពក្នុងវិបត្តិសេដ្ឋកិច្ច ខណៈភាគីនិយោជកនៅតែរក្សាតម្លៃលេខក្នុងរង្វង់ជាង ១ដុល្លារអាមេរិកដដែល។ មន្ត្រីសហជីពថា ផ្អែកទៅលើស្ថានភាពនៃការផលិត និងពន្ធនាំចេញ ភាគីនិយោជកអាចឡើងបានច្រើនជាងនេះ ប៉ុន្តែថៅកែរោងចក្រតែងយកល្បិចថា គ្មានការបញ្ជាទិញមកប្រើក្នុងពេលចរចាក្នុងពេលដំឡើងប្រាក់ខែកម្មករ។
លទ្ធផលបឋមនៃការចរចាដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មកររោងចក្រវាយនភណ្ឌ សម្រាប់ឆ្នាំ ២០២៤ មកទល់ពេលនេះនៅតែមិនទាន់មានសញ្ញាវិជ្ជមានសម្រាប់ភាគីកម្មករនៅឡើយ ដោយភាគីនិយោជកអាចឡើងឱ្យបានត្រឹមតែ ៥០សេន ឬស្នើនឹង២ពាន់រៀលបន្ថែមលើតួលេខចាស់១ដុល្លារ។
កម្មការិនីនៅរោងចក្រនីអាន់ឃីដ (NYAN KIDS) ក្នុងសង្កាត់ទឹកថ្លា លោកស្រី ទោ សម្ផស្ស ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៦ កញ្ញាថា ការដំឡើងប្រាក់ខែតែជាង ១ដុល្លារនេះ មិនអាចធ្វើឱ្យជីវភាពលំបាកលំបិនរបស់លោកស្រីល្អប្រសើរនោះឡើយ។ លោកស្រីចង់បានប្រាក់ឈ្នួលអប្បបរមា ២១៥ដុល្លារ ព្រោះបច្ចុប្បន្នលោកស្រីគ្មានប្រាក់ចំណូលពីការថែមម៉ោងដូចមុន ហើយថែមទាំងត្រូវជាប់ភារកិច្ចបង់ប្រាក់សោធនប្រចាំខែចំនួន ៥ដុល្លារ ខណៈកាលឆ្នាំ ២០២៣ រោងចក្រដំឡើងប្រាក់ខែបានត្រឹមតែ ៦ដុល្លារតែប៉ុណ្ណោះ។
លោកស្រី ទោ សម្ផស្ស៖ «បើកាត់ពីពួកខ្ញុំ ៥ដុល្លារទៅវិញហើយ មានប្រាក់ខែងាប់(គោល) ឯណា២០០ដុល្លារ។ អត់រំពឹងទេ បាន ៦ដុល្លារ កាត់ ៥ដុល្លារ ចុះបើបាន ១ដុល្លារ ៥០សេន មិនកាត់ទៅថែម ៥០សេនទៀតទៅ។ ខ្ញុំមិនដែលរំពឹងប្រាក់ខែគេដំឡើងឱ្យទេ ខ្ញុំរំពឹងតែរឿងថៅកែគេឱ្យថែមម៉ោងទេ។ បើរំពឹងគេឡើងឱ្យពួកខ្ញុំអត់មានសង្ឃឹមទេ។ កាន់តែឡើងប្រាក់ខែម្ហូបកាន់តែថ្លៃ ថ្លៃផ្ទះកាន់តែឡើង»។
ចំណែក កម្មករធ្វើការនៅរោងចក្រផលិតកាបូប ឌីឡាក់ (D-LAXE) នៅរាជធានីភ្នំពេញ លោក សួន រតនា លើកឡើងថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាត្រឹមតែជាង ១ដុល្លារ គឺជាតួលេខដ៏អាក្រក់មួយ ដែលកម្មករមិនអាចទទួលយកបាននោះទេ។ លោកលើកឡើងថា បច្ចុប្បន្នកម្មករនៅតាមរោងចក្រភាគច្រើន រស់នៅពឹងផ្អែកទៅលើប្រាក់ខែគោលតែប៉ុណ្ណោះ ព្រោះមិនសូវមានការងារថែមម៉ោងដូចមុនឡើយ ដូច្នេះការដំឡើងប្រាក់ឈ្នួលអប្បបរមាតែជាង ១ដុល្លារបែបនេះ នឹងធ្វើឱ្យការរស់នៅរបស់កម្មករកាន់តែលំបាក ដោយកម្មករត្រូវកាត់បន្ថយរបបអាហារ និងការចំណាយក្នុងគ្រួសារ។
លោក សួន រតនា៖ «ហ៊ឹម! រាល់ថ្ងៃខ្ញុំដើរក្នុងរោងចក្រ ឬថាគេដំឡើងឱ្យមួយដុល្លារកន្លះ មិនមាននរណាសប្បាយចិត្តទេ។ ហើយគេថា មិនដឹងដំឡើងមកធ្វើអី មួយដុល្លារកន្លះហ្នឹង»។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងរដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ និងអគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាលោក ខេន លូ ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៦ កញ្ញា។
ទាក់ទិនរឿងនេះ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ឱ្យដឹងថា ការប្រជុំចរចានឹងត្រូវធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ខាងមុខម្ដងទៀត ដោយភាគីសហជីព អាចបែកចេញជាពីរ គឺម្ខាងរក្សាតម្លៃលេខ ២១៥ដុល្លារ ដដែល និងម្ខាងទៀតអាចបន្ថយតម្លៃលេខ ដើម្បីប្ដូរយកលក្ខខណ្ឌដែលនិយោជកព្រមដំឡើង ១ដុល្លារ ៥០សេន។ លោកថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាជាង ១ដុល្លារ គឺមិនសមស្របទៅនឹងផលចំណេញដែលរោងចក្រទទួលបានពីការអនុគ្រោះពន្ធរបស់កម្ពុជា ខណៈលោកមើលឃើញថា ភាគីនិយោជកតែងប្រើលេសថា គ្មានការបញ្ជាទិញមកប្រើក្នុងពេលចរចាដំឡើងប្រាក់ឈ្នួលឱ្យកម្មករ។
លោក អាត់ ធន់៖ «អ៊ីចឹងជារួម ការដែលមិនមានការងារធ្វើដោយសារគ្មានអ្នកបញ្ជាទិញវាជារឿងមួយ ប៉ុន្តែរឿងល្បិចអាក្រក់របស់និយោជកហ្នឹង វាជារឿងមួយទៀតដែលធ្វើឱ្យកម្មករបាត់បង់ការងារដែរ។ ជាយុទ្ធសាស្ត្ររបស់និយោជក គឺគាត់និយាយថា គាត់មិនអាចទៅរួច ធ្វើអាជីវកម្មមិនកើត ធ្វើឱ្យការតវ៉ាទាមទារឡើងប្រាក់ឈ្នួលឡើងមិនរួចអីជាដើម។ ប៉ុន្តែព័ត៌មានហ្នឹងយើងទទួលបានជិត ២០ឆ្នាំមកហើយ ឆ្នាំណាក៏យើងឮតែនិយាយបែបហ្នឹងដែរ ដូចជាមិនមានអីថ្មីមិនមានអីប្លែកទេ»។
កាលពីថ្ងៃទី១៣ កញ្ញា សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ភាគីកម្មករនិយោជិត បានដាក់លិខិតទៅក្រសួងការងារ ស្នើសុំដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ឆ្នាំ ២០២៤ ចំនួន ២១៥ដុល្លារ និងដំណោះស្រាយចំនួន ១១ចំណុចបន្ថែម មានដូចជា បញ្ចុះតម្លៃទឹកភ្លើង ស្នើសុំក្រុមហ៊ុនផ្ដល់រថយន្តដឹកកម្មករ ដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងស្នើសុំនិយោជកផ្ដល់អាហារថ្ងៃត្រង់ ឬប្រាក់ ១ដុល្លារក្នុងមួយថ្ងៃដល់កម្មករជាដើម។
កម្មករធ្វើការនៅក្នុងវិស័យវាយនភណ្ឌ លើកឡើងថា ប្រសិនបើភាគីនិយោជក និងក្រសួងការងារ មិនដំឡើងប្រាក់ឈ្នួលអប្បបរមា តាមការស្នើសុំរបស់កម្មករទេនោះ ពួកគាត់នឹងធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ជាជាងទ្រាំធ្វើការនៅក្នុងស្រុកដោយជីវភាពលំបាក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។