ដោយ ម៉ៅ សុធានី
2023.09.17
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) ជួបលោកប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅរដ្ឋធានីប៉េកាំង កាលពីថ្ងៃទី១៥ កញ្ញា ២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
អ្នកឃ្លាំមើល និងមន្ត្រីសង្គមស៊ីវិល ព្រួយបារម្ភថា រដ្ឋាភិបាលកម្ពុជាអាចបែកបាក់ឯកភាពជាតិកាន់តែខ្លាំងឡើង ប្រសិនបើប្រជាធិបតេយ្យគ្មានការស្ដារឡើងវិញ ប៉ុន្តែបែរជាព្យាយាមបន្តរឹតចំណងមិត្តភាពជាមួយមិត្តដែកថែបចិនកាន់តែស៊ីជម្រៅ។ អ្នកឃ្លាំមើលលើកឡើងថា បើកម្ពុជារៀបចំកំណែទម្រង់ដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យ មានការប្រកួតប្រជែងដោយយុត្តិធម៌ នោះវានឹងប៉ះពាល់ដល់អំណាចក្រុមគ្រួសារត្រកូល ហ៊ុន។
ទំព័រសករាជថ្មីនៃរបត់នយោបាយកម្ពុជាដឹកនាំដោយរដ្ឋាភិបាល ហ៊ុន ម៉ាណែត ត្រូវបានអ្នកដានស្ថានការណ៍នយោបាយវាយតម្លៃថា ជំហរនយោបាយលោក ហ៊ុន ម៉ាណែត មិនខុសពីឪពុកលោកនេះទេ ដោយលោកព្យាយាមរណែបរណបអែបអបចិន ដើម្បីឱ្យជួយគាំទ្ររដ្ឋាភិបាលរបស់លោកស្ទើរគ្រប់វិស័យ។
ប្រធានអង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៦ ខែកញ្ញាថា ចំណងការទូតកម្ពុជាជាមួយបណ្ដាប្រទេសមហាអំណាចគឺពិតជាមានសារសំខាន់តាមរយៈកិច្ចសហប្រតិបត្តិការនានាក្នុងការជួយជំរុញសេដ្ឋកិច្ចជាតិ និងការផ្ដល់ផលប្រយោជន៍ជូនប្រជាជន។ ប៉ុន្តែ លោកថា បើកម្ពុជាពុំមានជំហរនយោបាយអព្យាក្រឹត្យ ហើយរដ្ឋាភិបាលធ្វើនយោបាយការបរទេសមិនឈរលើឧត្ដមប្រយោជន៍ជាតិ គិតពីប្រយោជន៍បក្ខពួកជាធំនោះ កម្ពុជានឹងមិនអាចមានការអភិវឌ្ឍប្រកបដោយតម្លាភាពនោះទេ។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមទៀតថា បើអ្នកនយោបាយកម្ពុជាធ្វើនយោបាយការបរទេសចេះបត់បែនតាមស្ថានការណ៍ និងមានការស្ដារប្រជាធិបតេយ្យគោរពសិទ្ធិមនុស្សឡើងវិញ កម្ពុជានឹងទទួលបានប្រយោជន៍សេដ្ឋកិច្ច ជំនួយការអភិវឌ្ឍជាតិ និងផលប្រយោជន៍តាមរយៈកិច្ចសហប្រតិបត្តិការនានាពីបណ្ដាប្រទេសលោកខាងលិច ហើយកម្ពុជាក៏នៅតែបន្តជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិនក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា។
លោក រស់ សុដ្ឋា៖ «សេដ្ឋកិច្ចនយោបាយកន្លងមក កម្ពុជាពុំអាចអត់ទំនាក់ទំនងការទូតប្រទេសមហាអំណាចលោកសេរីបានទេ។ យើងឃើញថា ចិនក៏មិនទាន់ជួយយើងផ្នែកសេដ្ឋកិច្ចធំដុំទេ ទន្ទឹមនោះក៏មានបញ្ហាការបង្កឱ្យមានអសន្តិសុខមួយចំនួនពីបុគ្គលនៃប្រជាជនចិន ឧក្រិដ្ឋកម្មអ៊ីនធឺណិត បញ្ហាក្រុមហ៊ុនខ្លះក៏រំលោភសិទ្ធិដល់ប្រជាជនខ្មែរ និងមានអាជីវកម្មតាមរបៀបខុសច្បាប់មួយចំនួនដែរ»។
ការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិលបែបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា និងចិន ប្រកាសជាថ្មីទៀតក្នុងការការពារនយោបាយគ្នាទៅវិញទៅមក និងបន្តរឹតចំណងមិត្តភាពលើកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកសាងជោគវាសនាកម្ពុជាចិនរួមគ្នានៅអាណត្តិកម្ពុជាដឹកនាំដោយរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត។
ទំព័រហ្វេកប៊ុក (Facebook Page) របស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលឱ្យដឹងកាលពីថ្ងៃទី១៥ ខែកញ្ញាថា ក្នុងជំនួបទ្វេភាគីរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) ប្រទេសចិនប្រកាសថា ប្ដេជ្ញាការពារកម្ពុជាពីការប៉ុនប៉ងក្នុងផ្លូវអវិជ្ជមានណាមួយ។ រដ្ឋាភិបាលក្រុងប៉េកាំងក៏លើកឡើងអំពីមិត្តភាពកម្ពុជាចិនថា នៅតែមានភាពរឹងមាំក្នុងកិច្ចសហប្រតិបត្តិការសម្រាប់ពេលអនាគតនៃប្រទេសទាំងពីរ។ ចំណែក កម្ពុជាវិញលោក ហ៊ុន ម៉ាណែត បានស្នើឱ្យភាគីចិនបន្តជួយធានាផ្នែកសន្តិសុខ ថាមពល និងសន្តិសុខស្បៀងកម្ពុជាតាមរយៈការនាំចូលអង្ករ និងផលិតផលកសិកម្មផ្សេងៗទៀតពីកម្ពុជាយកមកលក់នៅប្រទេសចិន។ លោក ហ៊ុន ម៉ាណែត ក៏ប្រកាសប្រាប់មេដឹកនាំចិនដែរថា កម្ពុជានឹងគ្មានការប្រែប្រួលឡើយក្នុងការគាំទ្រគោលនយោបាយចិនតែមួយ។
លោក ហ៊ុន ម៉ាណែត កំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន និងចូលរួមពិព័រណ៍ អាស៊ាន-ចិន លើកទី២០។ ក្នុងជំនួបទ្វេភាគីជាមួយលេខាធិការបក្សនៅតំបន់ស្វ័យជនជាតិជាំងក្វាងស៊ី លោក លាវ នីង (Liu Ning) នៅថ្ងៃទី១៦ ខែកញ្ញា លោក ហ៊ុន ម៉ាណែត ក៏បានស្នើដល់ភាគីចិន ឱ្យជួយពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រផលិតផលកសិកម្មកម្ពុជា វិស័យពាណិជ្ជកម្ម ការវិនិយោគ វិស័យផ្នែកសុខាភិបាល ទេសចរណ៍ និងពង្រីកការបណ្ដុះបណ្ដាល ការអប់រំ ជាដើម។
អ្នកវិភាគនយោបាយ លោក គឹម សុខ មើលឃើញថា ដំណើរទស្សនកិច្ចលោក ហ៊ុន ម៉ាណែត ទៅប្រទេសចិនពុំបាននាំផលប្រយោជន៍ជូនជាតិជាដុំកំភួននោះទេ ក្រៅពីពង្រឹងទំនាក់ទំនងជាមួយចិន ដើម្បីឱ្យការពារអំណាច។ លោកអះអាងថា កម្ពុជាមានការរៀបចំនយោបាយដឹកនាំតាមបែបប្រជាធិបតេយ្យពិតប្រាកដ អំណាចត្រកូល ហ៊ុន នឹងប្រឈមបាត់បង់ដោយសារខ្លាចនឹងការប្រកួតប្រជែងដោយយុត្តិធម៌។
លោក គឹម សុខ៖ «រដ្ឋាភិបាលគ្រួសារ ហ៊ុន នេះផ្លូវណាក៏លំបាកដែរប្រសិនបើងាកចេញពីចិនត្រូវកសាងនយោបាយប្រជាធិបតេយ្យ មានសញ្ញាប្រជាធិបតេយ្យជារឿងដែលក្រុមគ្រួសារ ហ៊ុន មានការបារម្ភខ្លាចចាញ់ក្នុងការប្រកួតប្រជែង ឧទាហរណ៍ចុងក្រោយគណបក្សភ្លើងទៀនមិនហ៊ានឱ្យចូលរួមប្រកួតផងហ្នឹង មិនចាំបាច់ដល់គណបក្សសង្គ្រោះជាតិផង។ ឧទាហរណ៍ចុងក្រោយមួយទៀត សូម្បីតែជាបុគ្គលអ្នកណាក៏ដោយហ៊ាន ក្រោកឡើងនិយាយអំពីយុត្តិធម៌សង្គមហ្នឹងក៏អត់បានផងម្នាក់ពីរនាក់តាមវាយគ្នា។ ហើយនយោបាយរបស់ពួកគាត់មានតែត្រដររស់នៅជាមួយចិន យកចិត្តចិនតែប៉ុណ្ណោះ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំប្រតិកម្មជុំវិញការលើកឡើងនេះបានទេ នៅថ្ងៃទី១៦ ខែកញ្ញា។
ស្របពេលកម្ពុជា និងចិនបង្កើនការរឹតចំណងមិត្តភាពកាន់តែស៊ីជម្រៅ ហើយរដ្ឋាភិបាលកម្ពុជាស្នើឱ្យចិនគាំទ្រស្ទើរគ្រប់វិស័យបែបនេះ អ្នកឃ្លាំមើលវាយតម្លៃថា វិបត្តិនយោបាយនៅកម្ពុជាជាប់គាំងសព្វថ្ងៃ និងបញ្ហាការរំលោភសិទ្ធិមនុស្សកំពុងកើតឡើង ពុំមានសញ្ញាវិជ្ជមានណាមួយដែលរដ្ឋាភិបាលបង្ហាញឆន្ទៈដោះស្រាយនៅឡើយ។ លើសពីនេះ កម្ពុជា និងចិនក៏បានបង្កើនសកម្មភាពធ្វើសមយុទ្ធជាមួយចិន ខណៈបណ្ដាប្រទេសលោកសេរីកំពុងព្រួយបារម្ភអំពីវត្តមានមូលដ្ឋានទ័ពចិននៅកម្ពុជា។ សំខាន់ជាងនេះទៅទៀតនោះ កម្ពុជាក៏កំពុងមានវិបត្តិសង្គមជាច្រើនតាមរយៈក្រុមហ៊ុនចិនមួយចំនួនដែលមកវិនិយោគនៅកម្ពុជា បានបង្កឱ្យមានបទល្មើសជួញដូរមនុស្ស បញ្ហាជួញដូរគ្រឿងញៀន និងបញ្ហារំលោភសិទ្ធិមនុស្សតាមរយៈការបណ្ដេញពលរដ្ឋចេញពីដីធ្លីជាដើម។ ចំណែក ការរកស៊ីវិញ បើទោះបីជាកម្ពុជាខាតបង់ក្នុងការធ្វើពាណិជ្ជកម្មជាមួយចិន ក៏រដ្ឋាភិបាលកម្ពុជាចាត់ទុកប្រទេសចិនជាទីផ្សារដ៏ធំសម្រាប់ជំរុញសេដ្ឋកិច្ចជាតិ និងពុំអើពើស្ដារប្រជាធិបតេយ្យ ដើម្បីទទួលបានប្រយោជន៍សេដ្ឋកិច្ចពីបណ្ដាប្រទេសលោកខាងលិច និងអឺរ៉ុបនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
All those advisers that he hired should give Manet advice not to get too deep in relationships with the Chinese, otherwise Cambodia will be run under Chinese policy. Manet is getting himself in deep conflicts because he only sees China supporting his position. Remember, Manet did not got elected by the people and his current administration is not being see as legitimate or lawfully in eyes of the international community. Manet needs to realize that China is only see Cambodia as theirs’ puppets, just like the Vietnamese using Him Sen. Cambodia will not be better with the help from the West and the European community….