កុមារ​ភាគច្រើន​នៅ​កំពង់ធំ​បោះបង់​ការ​សិក្សា​ដោយសារតែ​ពុំ​មាន​សាលារៀន​ត្រឹមត្រូវ គ្រូ​មិន​មក​បង្រៀន​ទៀងទាត់

ដោយ តារា រាជសែន
2023.09.17
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កុមារ​ភាគច្រើន​នៅ​កំពង់ធំ​បោះបង់​ការ​សិក្សា​ដោយសារតែ​ពុំ​មាន​សាលារៀន​ត្រឹមត្រូវ គ្រូ​មិន​មក​បង្រៀន​ទៀងទាត់

សកម្មភាព​រៀនរបស់កុមារកម្ពុជា នៅសាលារដ្ឋ។ Unicef Cambodia


កុមារ​ភាគច្រើន​នៅ​ភូមិ​រំចេក និង​ភូមិ​អូរក្រញូង ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ បន្ត​បោះបង់​ការសិក្សា​ដោយសារតែ​ពុំ​មាន​សាលារៀន​ត្រឹមត្រូវ ហើយ​ខ្វះ​គ្រូ​មក​បង្រៀន​បាន​ទៀងទាត់។ អាណាព្យាបាល​សិស្ស​ថា អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ស្រុក​នេះ ពុំ​ខ្វល់ខ្វាយ​ដោះស្រាយ​លើ​បញ្ហា​នេះ​ទេ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ទោះបីជា​ពួកគេ​បាន​ស្នើ​សុំ​ជាច្រើនលើក​ក៏ដោយ។

សាលាបឋមសិក្សា​មួយ​កន្លែង​នៅ​ភូមិ​រំចេក ឃុំ​សុចិត្រ ស្រុក​សណ្ដាន់ នៅ​តំបន់​ដាច់ស្រយាល​ជនបទ​ពុំ​សូវ​មាន​អ្នក​ខ្វល់ខ្វាយ​ធ្វើ​ឱ្យ​ប៉ះពាល់​ការ​សិក្សា​របស់​កុមារ។ នៅ​ក្រោយ​សាលា​ពោរពេញ​ដោយ​ព្រៃឈើ និង​ចម្ការ​របស់​អ្នកភូមិ​។ ចំណែក​នៅក្នុង​បរិវេណ​សាលា​វិញ ពុំ​សូវ​ឃើញ​សិស្ស​មក​រៀន​បាន​ទៀង​ទៀត​ទេ ខណៈ​ដែល​អគារសិក្សា​ធ្វើ​ពី​ឈើ​ដ៏​ចាស់​ទ្រុឌទ្រោម​ចំនួន​ពីរ​ខ្នង ក្លាយ​ជា​កន្លែង​អ្នកភូមិ​ចង​គោ ហើយ​យូរៗ​ទើប​ឃើញ​សិស្ស​មក​រៀន​ម្ដង។

សាលាបឋមសិក្សា​នេះ​ត្រូវ​បាន​សាងសង់​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ដោយ​គំនិត​ផ្ដួចផ្ដើម​របស់​អ្នកភូមិ ចំនួន​ពីរ​ភូមិ គឺ​ភូមិ​រំចេក និង​ភូមិ អូរ​ក្រញូង ឃុំ​សុចិត្រ បាន​នាំគ្នា​រៃអង្គាស​លុយ​បន្តិច​បន្តូច និង​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​មក​ធ្វើ​ដោយ​ខ្លួនឯង ដោយ​ពុំ​មាន​ជំនួយ​ពី​រដ្ឋាភិបាល​ឡើយ។ ចំណែក​កុមារ​ដែល​រៀនសូត្រ​នៅ​ទីនោះ សល់​ត្រឹម​តែ ៥០​នាក់​ប៉ុណ្ណោះ ទោះបីជា​ភូមិ​នេះ​មាន​ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ​ក៏ដោយ។

ប្រជាពលរដ្ឋ​ម្នាក់​ដែល​រស់នៅ​ជាប់​នឹង​សាលាបឋមសិក្សា​ភូមិ​រំចេក ឃុំ​សុចិត្រ លោកស្រី ហ៊ុន យៀន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោកស្រី​បារម្ភ​ពី​អនាគត​កូន ខ្លាច​មិន​ចេះ​ដឹង​ដោយសារតែ​កូនលោក​ស្រី​ខកខាន​រៀនសូត្រ​ដិត​ដល់​ជាង​៣​ឆ្នាំ​មក​ហើយ ចាប់​តាំង​ពី​សាលារៀន​នេះ​កាន់តែ​ទ្រុឌទ្រោម ហើយ​គ្មាន​គ្រូ​មក​បង្រៀន​បាន​ទៀងទាត់។ លោកស្រី​ថា ១​ខែ ទៅ​២ ខែ​ទើប​ឃើញ​គ្រូ​មក​បង្រៀន​ម្ដង។

លោកស្រី​បន្ត​ថា កាលពី​បង្កើត​សាលារៀន​នេះ​ដំបូងៗ​មាន​សិស្ស​មក​រៀន​ជាង ១០០​នាក់ ហើយ​កុមារ​ទាំងនោះ អាច​រៀន​ចាប់ពី​ថ្នាក់​ទី​១ រហូតដល់​ថ្នាក់​ទី​៦ ក៏ប៉ុន្តែ​បច្ចុប្បន្ន​ពុំ​មាន​គ្រូបង្រៀន​ទៀងទាត់ ធ្វើ​ឱ្យ​សិស្ស​ឈប់​រៀន​ស្ទើរ​៥០​ភាគរយ។ លោកស្រី​ថា ខណៈ​ដែល​រដូវវស្សា​បែបនេះ​ទៀត សិស្ស​ពុំដែល​បាន​រៀន​នោះ​ទេ ព្រោះ​សាលា​ទ្រុឌទ្រោម​ខ្លាំង ហើយ​ពេល​ភ្លៀង​ម្ដងៗ គឺ​ទឹក​ហូរ​ចូល​សាលា​រំខាន​ដល់​ការសិក្សា​របស់​សិស្ស។

លោកស្រី ហ៊ុន យៀន៖ «កូន​ខ្ញុំ​វា​រៀនៗ គ្រូ​ឈប់ៗ​រហូត​អ៊ីចឹង​ទៅ វា​លែង​ចង់ទៅ​រៀន​។ បើ​ជូន​ទៅ​ឆ្ងាយ​ខ្ញុំ​វា​អត់​មាន​ពេល​ខ្ញុំ​រវល់​រកស៊ី​ខ្ញុំ​ដែរ បើ​ខែ​មុន​រៀន​បាន​១០​ថ្ងៃ​អ៊ីចឹង​ទៅ ១៥​ថ្ងៃ​អ៊ីចឹង​ទៅ បាត់​គ្រូ​បាត់​ទៅ»។

ចំណែក​ពលរដ្ឋ​ម្នាក់ទៀត លោក ប្រាក់ រូន ដែល​នៅ​ជិត​នឹង​សាលាបឋមសិក្សា​រំចេក​ដែរ​នោះ​លើកឡើង​ថា បច្ចុប្បន្ន​នេះ ដោយសារតែ​សាលា​ទ្រុឌទ្រោម ហើយ​ពុំ​សូវ​ឃើញ​គ្រួ​មក​បង្រៀន សិស្ស​មួយចំនួន​ដែល​គ្រួសារ​មាន​ជីវភាព​សមរម្យ ពួកគេ​បាន​បញ្ជូន​កូន​ទៅ​រៀន​នៅ​ភូមិ​ផ្សេងទៀត ស្ថិត​ក្នុង​ឃុំ​សុចិត្រ ព្រោះ​នៅ​ទីនោះ​មាន​សាលាបឋមសិក្សា រហូតដល់​អនុវិទ្យាល័យ ហើយ​មាន​គ្រូបង្រៀន​ទៀងទាត់។

ទោះ​យ៉ាងណា លោក​ថា នៅ​ទីនោះ​ឆ្ងាយ​ពី​ភូមិ​រំចេក ដល់​ជាង ១២​គីឡូ ហើយ​ជុំវិញ​ផ្លូវ​ពោរពេញ​ដោយ​ចម្ការ​ស្វាយចន្ទី និង​ព្រៃឈើ ដែល​ធ្វើ​ឱ្យ​គ្រួសារ​ខ្លះ​ពុំ​មាន​លទ្ធភាព​បញ្ជូន​កូន​ទៅ​រៀន​បាន​ទេ ហើយ​អាណាព្យាបាល​ភាគច្រើន សម្រេច​ឱ្យ​កូន​ឈប់​រៀន​ទាំង​វ័យក្មេង​។ លោក ប្រាក់ រូន អះអាង​ថា ទោះបីជា​ករណីនេះ ប្រជា​ពលរដ្ឋ​តែងតែ​ទូច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​សាងសង់​សាលា​ថ្មី និង​រក​គ្រូ​មក​បង្រៀន​ឱ្យ​បាន​ទៀងទាត់​ក៏ដោយ តែ​អាជ្ញាធរ​ពុំ​អើពើ​ឡើយ។

លោក ប្រាក់ រូន៖ «បើ​ចុះ​ជួយ​ដូចជា​សាលា​ថ្ម​អ៊ី​ទៅ អាច​មាន​គ្រូបង្រៀន​ដិត​ដល់ ហើយ​ក្មេងៗ​អាច​ចូលរៀន​វិញ​។ នេះ​វា​ខុស​គ្រូ​ជួនកាល​រៀន​១​ថ្ងៃ បាត់​កន្លះ​ខែ​ទាំង​កូន​ខ្ញុំ​កូន​អ៊ី រាល់ថ្ងៃ​ឈប់​រៀន​នៅ​នេះ​អស់​ទៅ​រៀន​នៅ​ខាង​៩០​។ ខ្ញុំ​សូម​សំណូមពរ​ឱ្យ​ខាង​មេភូមិ ខាង​ឃុំ​ជួយ​ដាស់តឿន​គ្រូ​ឱ្យ​បាន​បង្រៀន​ទៀងទាត់​ឱ្យ​សិស្ស​បាន​គ្រប់ពេល»។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​រំចេក និង​ភូមិ​អូរក្រញូង ស្រុក​សណ្ដាន់ ជាង​២០០​គ្រួសារ ភាគច្រើន​ជា​អ្នកធ្វើ​ស្រែចម្ការ​ដាំ​ឡូង និង​ស្វាយចន្ទី លក់​យក​ប្រាក់​ដើម្បី​ចិញ្ចឹម​ជីវិត។ ពួកគាត់​លើកឡើង​ថា ជា​រៀងរាល់​ឆ្នាំ ភូមិ​២​នេះ ពុំ​ដែល​មាន​កុមារ ឬ​យុវជន​អាច​បន្ត​ការសិក្សា​បាន​ថ្នាក់ខ្ពស់ រហូត​ដល់​ថ្នាក់​វិទ្យាល័យ​នោះ​ទេ ភាគច្រើន​ក្មេងៗ​ទាំងនោះ រៀន​បាន​ត្រឹម​តែ​ថ្នាក់​បឋមសិក្សា ដោយសារតែ​គ្រួសារ​មាន​ជីវភាព​ខ្វះខាត ហើយ​កង្វះ​សាលារៀន និង​គ្រូបង្រៀន​មិន​បាន​ដិតដល់។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​នាយក​សាលាបឋមសិក្សា​រំចេក និង​អភិបាលស្រុក​សណ្ដាន់ លោក អ៊ុក វណ្ណារ៉ា បាន​ទេ នៅ​ថ្ងៃទី​១៤ ខែកញ្ញា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល។

ចំណែក​អនុ​ភូមិ​រំចេក​ស្រុក​សណ្ដាន់ លោក ពោត យ៉ា លើកឡើង​ថា បញ្ហា​កង្វះ​អគារ​សាលាបឋមសិក្សា និង​ខ្វះ​គ្រូបង្រៀន​នេះ លោក​បាន​ស្នើ​អាជ្ញាធរ​ឃុំ​ជា​ច្រើន​លើក​ហើយ ប៉ុន្តែ មិន​មាន​ដំណោះស្រាយ​នោះ​ទេ ដោយសារតែ​អាជ្ញាធរ​គ្មាន​លុយ​សម្រាប់​សាងសង់​សាលា​ថ្មី និង​គ្មាន​លទ្ធភាព​អាច​រក​គ្រូ​ថ្មី​មក​បង្រៀន​បាន។

លោក​បន្ត​ថា ថ្មីៗ​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​កំពុងតែ​ផ្ដោត​លើ​ការសាងសង់​ផ្លូវ ជា​អាទិភាព ចំណែក សាលាបឋមសិក្សា​ភូមិ​រំចេក​នេះ​នឹង​ចាប់ផ្ដើម​សាងសង់​ថ្មី​នៅ​ឆ្នាំ​២០២៥ ដែល​ជា​គម្រោង​របស់​អាជ្ញាធរ​ថ្នាក់​ខេត្ត​។ ទោះ​យ៉ាងណា លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ទាន់​មាន​ផែនការ​ដើម្បី​ជួសជុល​សាលា​ចាស់​នេះ និង​ស្វែងរក​គ្រូ​ថ្មី​មក​បង្រៀន នៅឡើយ​ទេ។

លោក ពោត យ៉ា៖ «បើ​យោងទៅតាម​ខ្ញុំ​ប្រជុំ​នៅ​សាលាឃុំ អភិវឌ្ឍន៍​តែ​គម្រោង​ផ្លូវ​ដូច្នេះហើយ​សំណើ​យក​ជា​សាលា​វិញ​។ សាលា​ហ្នឹង​២០២៥ បាន បាន [​សាងសង់​មួយ​ខ្នង តែ​វា​សិស្ស​វា​តិច​ពេក មួយ​ខ្នង​ហ្នឹង​បានតែ​៣​បន្ទប់»។

ជុំវិញ​រឿង​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង លើកឡើង​ថា ករណី​កុមារ​ពុំ​សូវ​ទទួល​បាន​ការ​សិក្សា​ពេញលេញ ដោយសារតែ​កង្វះ​សាលារៀន ឬ​គ្រូបង្រៀន​នេះ គឺជា​កិច្ចការ​ទទួលខុសត្រូវ​ខ្ពស់​របស់​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន។ លោក​បន្ត​ថា បើសិន​បញ្ហា​នេះ​អាជ្ញាធរ​មិន​អើពើ​ដោះស្រាយ​ជាបន្ទាន់​ទេ គឺជា​ការរំលោភ​សិទ្ធិពល​រដ្ឋ​ធ្ងន់ធ្ងរ ស្ដីពី​សិទ្ធិ​ទទួល​បាន​ការអប់រំ​ដោយ​ស្មើភាព​គ្នា។

លោក យង់ គិមអេង៖ «ជា​ដំណោះស្រាយ​ក្រសួង​អប់រំ​និង​កីឡា​លោក​គួរតែ​ទៅ​ពិនិត្យមើល​ជាក់ស្ដែង​ថា តើ​បញ្ហា​នេះ​កើត​មាន​ពិតប្រាកដ​ដូច​ការ​លើកឡើង​ទេ បើសិន​ជា​មាន​ពិតប្រាកដ​ដូច​ការ​លើកឡើង ត្រូវតែ​មាន​ការ​ដោះស្រាយ​ឱ្យ​បាន​ទាន់​ពេលវេលា ហើយ​ធានា​ដល់​ការអប់រំ​របស់​កុមារ កុំ​ឱ្យ​កុមារ​បន្ត​បោះបង់​ការ​សិក្សា ហើយ​អាច​ធ្វើ​ឱ្យ​ពួកគាត់​នឹង​ប្រថុយប្រថាន​ធ្វើ​ចំណាកស្រុក​ផ្សេងៗ»។

អង្គការ​យូនីសេហ្វ (unicef) ដែល​ធ្វើការ​លើកកម្ពស់​ការអប់រំ​កុមារ​នៅ​កម្ពុជា​ឱ្យ​ដឹង​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ កុមារ​នៅ​តាម​ជនបទ នៅតែ​ពុំ​ទាន់​រៀន​ទាន់​ស្តង់ដារ​នៃ​ការរៀនសូត្រ​ស្រប​ទៅ​តាម​អាយុ​របស់​ពួកគេ​នៅ​ទ្បើយ។ អង្គការ​នេះ​ថា នៅ​កម្រិត​បឋមសិក្សា មាន​កុមារ​រៀន​ថ្នាក់​ទី​៣ ជិត ២៥ ភាគរយ​ពុំ​ចេះ​សរសេរ​សូម្បីតែ​ពាក្យ​មួយ​ម៉ាត់​នៅក្នុង​ការ​សរសេរ​តាម​អាន។ កុមារ​អាយុ​ពី ៣ ទៅ ៥​ឆ្នាំ ត្រឹមតែ ២៧​ភាគរយ​ប៉ុណ្ណោះ ដែល​មាន​ការ​អភិវឌ្ឍ​ចំណេះដឹង​អក្សរ និង​លេខ​ស្រប​ទៅ​តាម​អាយុ​របស់​ពួកគេ ហើយ​មាន​ក្មេង​ជំទង់ ៥៥​ភាគរយ​បោះបង់​ចោល​ការ​សិក្សា មុន​ពេល​ពួកគេ​មាន​អាយុ ១៧​ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles