ក្រុម​អ្នក​ជំនាញ​កសិកម្ម​បារម្ភ​ពី​ការ​នាំ​ចូល​សាច់​បង្កក​ពី​ក្រៅ​ប្រទេស​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ

2023.09.17
RFA

ក្រុម​អ្នក​ជំនាញ​កសិកម្ម​បារម្ភ​ពី​ការ​នាំ​ចូល​សាច់​បង្កក​ពី​ក្រៅ​ប្រទេស​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ

ជ្រូក​ដែល​កសិករកម្ពុជា​ចិញ្ចឹម​ផ្គត់ផ្គង់ទីផ្សារ។ រូប៖ សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា


អ្នក​ជំនាញ​ផ្នែក​កសិកម្ម និង​សុខភាព ព្រួយបារម្ភ​ពី​ការ​នាំ​សាច់​បង្កក​ចូល​ខុស​ច្បាប់​មក​ពី​ប្រទេស​ជិត​ខាង អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​សុខ​ភាព​ធ្ងន់ធ្ងរ ដល់​ប្រជា​ពលរដ្ឋ​ដែល​បាន​បរិភោគ​សាច់​ទាំង​នោះ។ ការ​ព្រួយបារម្ភ​នេះ​កើត​ឡើង​ក្រោយ​ពី​ឃើញ​សមត្ថកិច្ច​ចុះ​បង្ក្រាប​បាន​សាច់​បង្កក​ដែល​មាន​សារធាតុ​គីមី ជា​បន្ត​បន្ទាប់។

អ្នក​ជំនាញ​កសិកម្ម និង​សុខភាព​លើក​ឡើង​ស្រដៀង​គ្នា​ថា នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ឃើញ​សមត្ថកិច្ច​ជំនាញ​បង្ក្រាប​បាន​សាច់​បង្កក​ជា​ច្រើន​ប្រភេទ ដែល​នាំ​ចូល​ខុស​ច្បាប់​មក​ពី​ប្រទេស​​វៀតណាម​និង​ថៃ។ បញ្ហា​ទាំង​អស់​នេះ​ធ្វើ​ឲ្យ​ក្រុម​អ្នក​ជំនាញ​ព្រួយបារម្ភ​ពី​សុខភាព​របស់​ប្រជា​ពលរដ្ឋ​ដែល​បាន​បរិភោគ​សាច់​ទាំង​នោះ ដោយសារ​សាច់​បង្កក​ទាំង​នោះ​មាន​លាយ​សារធាតុ​គីមី។

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន ប្រាប់​វិទ្យុ​អាស៊ីសេរី​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា​ថា ជា​ការ​កត់​សម្គាល់​របស់​លោក ប្រជា​ពលរដ្ឋ​ខ្មែរ​តែងតែ​ចូល​ចិត្ត​ទិញ​សាច់​បង្កក​ទាំង​អស់​នោះ ជា​ជាង​ទិញ​សាច់​ស្រស់​យក​ទៅ​បរិភោគ ដោយសារ​សាច់​បង្កក​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​សាច់​ស្រស់​។ លោក​បន្ថែម​ថា ឈ្មួញ​ដែល​រក​ស៊ី​សាច់​បង្កក​ចង់​មិន​ចង់ ត្រូវ​តែ​ប្រើ​ប្រាស់​សារធាតុ​គីមី ដើម្បី​រក្សា​សាច់​ទាំង​នោះ​ទុក​បាន​យូរ ណា​មួយ​ងាយ​ស្រួល​ក្នុង​ដឹក​ជញ្ជូន​ឆ្លង​ប្រទេស​ផង​ដែរ។

លោក ថេង សាវឿន៖ «អាច​និយាយ​បាន​ថា​ឈ្មួញ​កណ្ដាល ឬ​ឈ្មួញ​រក​ស៊ី​ធំៗ​ហ្នឹង​គាត់​ទទួល​បាន​ផល​ចំណេញ​ដោយសារ​តែ​បច្ចេកទេស ឬ​ក៏​ការ​វេច​ខ្ចប់​របស់​គេ ឬ​ក៏​សាច់​បង្កក​ហ្នឹង​មាន ការ​លក់​ទៅ​កាន់​ទីផ្សារ​ទាប​ជាង ហើយ​ប្រជា​ពលរដ្ឋ​ច្បាស់​ណាស់​ក៏​គាត់​សម្លឹង​មើល និង​ប្រើប្រាស់ បរិភោគ​សាច់​ណា​ដែល​មាន​តម្លៃ​ទាប​ជាង​ គាត់​មិន​គិត​អំពី​គុណភាព​ទេ»។

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​ក្រុម​ប្រឹក្សា​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា លោក លី ឡាវីល លើក​ឡើង​ដែរ​ថា បញ្ហា​ការ​នាំ​ចូល​សាច់​បង្កក​ពី​ប្រទេស​ជិត​ខាង​ច្រើន​លើស​លុប ទើប​ធ្វើ​ឲ្យ​សាច់​ជ្រូក​និង​សាច់​ផ្សេង​ទៀត នៅ​​ក្នុង​ស្រុក​មិន​អាច​លក់​បាន​ថ្លៃ​ ហើយ​ក៏​ធ្វើ​ឲ្យ​ម្ចាស់​កសិដ្ឋាន​ប្រឈម​មុខ​នឹង​ឈប់​ប្រកប​របរ​មួយ​នេះ។ លោក​បន្ថែម​ថា សមាគម​របស់​លោក​កំពុង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​ពាក់ព័ន្ធ ដើម្បី​ទប់ស្កាត់​ការ​នាំ​សាច់​ជ្រូក​ចូល​ពី​ប្រទេស​ជិត​ខាង​ដោយ​ខុស​ច្បាប់ និង​សាច់​ដែល​ខូច​គុណភាព។ លោក​ជំរុញ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទប់ស្កាត់ បើ​ពុំ​ដូច្នោះ​ទេ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ធ្ងន់ធ្ងរ​ជាក់​ជា​មិន​ខាន់។

លោក លី ឡាវីល៖ «បើ​ខ្ញុំ​គិត​មើល​ទៅ​បញ្ហា​សាច់​បង្កក​នេះ​គឺ​មិន​ងាយ​មាន​អ្នក​មាន​សមត្ថភាព​ដោះស្រាយ​ទេ។ ខ្ញុំ​មើល​ទៅ​ងាក​ទៅ​ណា​ក៏​តឹង​ដែរ តែ​សមាគម​យើង​ចេះ​តែ​ព្យាយាម​រក​ ឥឡូវ​នេះ​យើង​ទៅ​សភា​ពាណិជ្ជកម្ម​សូម​សភា​ពាណិជ្ជកម្ម​ជជែក ទៅ​ក្រសួង​ពាណិជ្ជកម្ម​កំពុង​ស្នើ​សុំ ហើយ​យើង​កំពុង​ស្នើសុំ​ទៅ​ក្រសួងសេដ្ឋកិច្ច​ទៀត»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម កញ្ញា អ៊ឹម រចនា ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា​នេះ។

គិត​ត្រឹម​តែ​​ក្នុង​ខែ​សីហា សមត្ថកិច្ច​កម្ពុជា​បាន​ឃាត់​ចាប់​គ្រឿង​សមុទ្រ និង​សាច់​បង្កក​ខូច​គុណភាព​បាន​ជាង ១១​តោន។ ក្នុង​រយៈ​ពេល ៤​ខែ សមត្ថកិច្ច​កម្ពុជា​បាន​រឹប​អូស​ផលិតផល​សាច់ និង​សាច់​ខូច​គុណភាព ដែល​មាន​ផ្ទុក​សារធាតុ​គីមី ប្រមាណ​ជាង ៣០តោន។

ជុំវិញ​បញ្ហា​សុខភាព​នេះ​ដែរ ម្ចាស់​គ្លីនិក​ហ្វង់តានីល លោក​វេជ្ជបណ្ឌិត នាម លាងឈីម យល់​ឃើញ​ថា ប្រជា​ពលរដ្ឋ​ខ្មែរ នូវ​មាន​ការ​យល់​ដឹង​តិចតួច​ណាស់​ក្នុង​ការ​ថែទាំ​សុខភាព​របស់​ខ្លួន រួម​ទាំង​ការ​ជ្រើសរើស​អាហារ​យក​មក​បរិភោគ​ថែម​ទៀត​។ លោក​បន្ថែម​ថា បញ្ហា​ទាំង​នេះ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ងាយ​​មាន​ជំងឺ​ប្រចាំ​កាយ ស្រប​ពេល​ដែល​សេវាកម្ម​ថែទាំ​សុខភាព​កម្ពុជា នៅ​មាន​កម្រិត​ខ្សោយ​នឹង​ធ្វើ​ឱ្យ​បញ្ហា​សុខភាព​របស់​ពលរដ្ឋ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង។

​វេជ្ជបណ្ឌិត នាម លាងឈីម៖ «ទាក់ទង​នឹង​វិស័យ​សុខាភិបាល​យើង​មិន​ទាន់​គេ​ហៅ​បំពេញ​តម្រូវ​ការ​ប្រជា​ពលរដ្ឋ​បាន​ល្អ​នៅ​ឡើយ​ទេ ទាក់ទង​មណ្ឌល​សុខភាព ឬ​ពេទ្យ​បង្អែក​ហ្នឹង នៅ​មាន​កម្រិត​នៅ​ឡើយ មិន​ទាន់​មាន​សមត្ថភាព ដើម្បី​បម្រើ​ប្រជា​ជន​នៅ​តាម​ជនបទ ឬ​នៅ​តាម​ភូមិ​ឃុំ​គាត់​ឱ្យ​បាន​១រយ​ភាគ​រយ​នៅ​ឡើយ​ទេ នៅ​តែ​មាន​ការ​បញ្ជូន​ជំងឺ​ល្មម​ៗ ឬ​ជំងឺ​ធ្ងន់​មក​ពេទ្យ​ថ្នាក់​ជាតិ»។

របាយ​ការណ៍​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា ឱ្យ​ដឹង​ថា ការ​នាំ​ចូល​សាច់​បង្កក​ពី​ប្រទេស​ជិត​ខាង​ច្រើន​បែបនេះ​គឺ​កើត​មាន ឡើង​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០២២​មក​ម្ល៉េះ ភាគ​ច្រើន​នាំ​ចូល​ពី​វៀតណាម ថៃ និង​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត។ របាយការណ៍​នេះ​បញ្ជាក់​ថា ការ​នាំ​ចូល​សាច់​បង្កក​ទាំង​អស់​នោះ មាន​ការ​នាំចូល ស្របច្បាប់​និង​ខុសច្បាប់​។ ពួកគាត់​លើក​ឡើង​ថា ក្រៅ​ពី​បំផ្លាញ​សុខភាព​ពលរដ្ឋ​ក៏​ធ្វើ​ឱ្យ​កសិករ ចិញ្ចឹម​សត្វ​ភាគ ច្រើន​មាន​ការ​ខាតបង់​ធ្វើ​ឲ្យ​ម្ចាស់​កសិដ្ឋាន​ប្រឈម​មុខ​បោះបង់​ចោល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment