គ.ជ.ប ព្រមានប្រើច្បាប់បង្ខំរូបរាងកាយលោក សម រង្ស៊ី និងសមាជិកប្រឆាំងជាង៣០នាក់ទៀត

កម្ពុជា
17/09/2023 – 07:13
ដោយ៖ អ៊ឹង ប៊ុនថន
RFI

គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)​ បាន​ចេញ​លិខិត​បង្គាប់​ឲ្យ​លោក​ សម​ រង្ស៊ី ​និង​សមាជិក​បក្ស​ប្រឆាំង​ជាង​៣០​នាក់​ទៀត​ឲ្យ​បង់​ប្រាក់​ពិន័យ​សរុប​ម្នាក់​ៗ​ចន្លោះ​ពី​១០​ទៅ​២០​លាន​រៀល​ ដោយ​​កំ​ហិត​រយៈ​ពេល​៣០​ថ្ងៃ ​គិត​ពី​ថ្ងៃ​ទី​១៣​កញ្ញា​២០២៣​។​ បើតាម​គ.ជ.ប​ ក្នុង​ករណី​មិន​បង់​ប្រាក់​ពិន័យ​​តាម​ការ​ស្ម័​គ្រ​ចិត្ត​ទេ​ នោះ​ គ.ជ.ប​ នឹង​អនុវត្ត​ទៅ​តាម​មាត្រា​១៦៦​ នៃ​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ។ ​អត្ថន័យ​នៃ​មាត្រា​១៦៦នោះ​ គឺ​ជាការ​ប្រើ​ច្បាប់​ព្រហ្ម​ទណ្ឌ​បង្ខំ​លើ​រូប​រាង​កាយ​​ក្នុង​ពេល​សេចក្តី​បង្គាប់​ឲ្យ​បង់​ប្រាក់​ពិន័យ​ចូល​ជា​ស្ថាពរ​។

លោក សម រង្ស៊ី ជាអ្នកនយោបាយរបស់អតីតបក្សប្រឆាំង © សហការី


គួរ​ឲ្យដឹង​ថា ​គ.ជ.ប​ បាន​ចេញ​សេចក្តី​សម្រេច​ផាក​ពិន័យ​លោក ​សម​ រង្ស៊ី ​២០​លាន​រៀល ​និង​លុប​ឈ្មោះចេញ​ពី​បញ្ជី​បោះ​ឆ្នោត​ និង​ដក​សិទ្ធិ​ឈរ​ឈ្មោះឱ្យ​គេ​បោះ​ឆ្នោត​ឲ្យ​រយៈ​ពេល​២៥​ឆ្នាំ។​ ចំណែក​សហ​ការីលោក​ សម​ រង្ស៊ី ​ជាង​៣០​នាក់​ទៀត​ ក៏​ត្រូវ​បាន​រង​ការ​ពិន័យ​ប្រហាក់​ប្រហែល​គ្នានេះ​ដែរ​ ដូច​ជា ​លោក​ស្រី ​មូរ​ សុខហួ ​លោក ​អេង ​ឆៃអ៊ាង ​លោក​ឡុង​ រី​ លោក​ សោ ​ចាន់ដេត​ និង​លោក ​សេង ​ម៉េងប៊ុនរ៉ុង​ ជាដើម​។

ការ​សម្រេច​នេះ ​បាន​ធ្វើ​ឡើង​ តាម​បណ្តឹង​របស់​មេធាវី​ និង​តំណាង​គណបក្សប្រជា​ជន​កម្ពុជា ​ដែលបាន​ប្តឹងលោក​ សម ​រង្ស៊ី ​រួម​ទាំង​បក្ខ​ពួក​ ជាង​៣០នាក់​ ពី​បទ​ដឹក​នាំ ​និង​ធ្វើ​សកម្ម​ភាព​ណែនាំ​ ញុះ​ញង់​ឱ្យអ្នក​បោះឆ្នោត​បំផ្លាញ​ ឬ​ធ្វើ​ឱ្យខូច​សន្លឹក​ឆ្នោត ​កាល​ពី​ថ្ងៃទី​២៣​កក្កដា​។

នៅ​មិន​ទាន់​មាន​ប្រតិកម្ម​យ៉ាង​ណា​ពី​លោក ​សម​ រង្ស៊ី​ នៅ​ឡើយ​។ ​ប៉ុន្តែ​លោក ​សោ ចាន់ដេត​ បាន​ចំពោះ​សេចក្តី​សម្រេច​ចាប់​បង្ខំ​ឲ្យ​បង់​ប្រាក់​ពិន័យ​ដោយ​គ.ជ.ប នេះ​ថា​ «តាម​មើល ​តេជោ ​ខ្វះលុយ​ចូល​ពេទ្យ»​ខណៈ​ លោក​ ឡុង រី​ ប្រតិ​កម្ម​ថា​ ទោះចង់​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​អ្នក​បោះ​ ចង់​ដក​សិទ្ធិ​មិន​ឲ្យ​ឈរ​គេបោះឆ្នោត​ ចង់​បង្គាប់​ឲ្យ​បង់​ប្រាក់​ពិន័យ​គឺ​គេ​អាច​ធ្វើ​បាន​តាម​ចិត្ត​តែ​លោក​មិន​ខ្វល់​ឡើយ​។​

ទោះជា​យ៉ាង​ណាក៏​ដោយ ​ពាក់​ព័ន្ធ​នឹង​យុទ្ធនាការ​គូស​សន្លឹក​ឆ្នោត​ចោល​កន្លង​មក​នោះ ​គឺមាន​ថ្នាក់​ដឹក​នាំគណ​បក្ស​ភ្លើង​ទៀន​ ដែល​នៅ​ក្នុង​ស្រុក​យ៉ាង​តិច​៤នាក់​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ នៅ​ពន្ធនាគារ​ ក្រោម​ការ​ចោទ​ថា​ ការ​ចង់​បំផ្លាញ​ការ​បោះ​ឆ្នោត​។ ​ប៉ុន្តែ​គណ​បក្ស​ភ្លើង​ទៀន ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​បដិសេធ ​និង​សម្តែង​ការ​ភ្ញាក់​ផ្អើល​ ចំពោះ​ការ​ចាប់​ខ្លួន​ថ្នាក់​ដឹក​នាំ​គណ​បក្ស​ជំទាស់​នេះ ទោះ​បីជា គណបក្ស នេះ​មិនត្រូវបាន​អនុញ្ញាត​ឲ្យចូល​រួម​ប្រកួត៕

What Next?

Recent Articles