បុគ្គលិក​ក្រុមហ៊ុន Giant Ibis ស្នើ​លោក ហ៊ុន ម៉ាណែត​ ដោះ​ស្រាយ​វិវាទ​ការងារ

ដោយ យ៉ង ចាន់តារា
2023.09.17
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

បុគ្គលិក​ក្រុមហ៊ុន Giant Ibis  ស្នើ​លោក ហ៊ុន ម៉ាណែត​ ដោះ​ស្រាយ​វិវាទ​ការងារ

កូដករ​ក្រុមហ៊ុនដឹក​ជញ្ជូន ចាយ​អ៊ិន អាយប៊ីស ត្រេនស្ព័ត (Giant Ibis Transport) ប្រមាណ​​១០នាក់ លើកបដាទាមទារដំណោះស្រាយពីក្រុមហ៊ុន កាលពីថ្ងៃទី១៦ កញ្ញា ២០២៣។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ



កូដករ​ក្រុមហ៊ុនដឹក​ជញ្ជូន ចាយ​អ៊ិន អាយប៊ីស ត្រេនស្ព័ត (Giant Ibis Transport) ប្រមាណ​​១០នាក់ ទាមទារ​ឱ្យ​ថៅកែ​ដោះ​ស្រាយ​វិវាទ​ការងារ​ដែល​អូស​បន្លាយ​ជាង​៣ឆ្នាំ។ សហភាព​ការងារ​កម្ពុជា​ថា វិវាទ​ការងារ​នេះ​បង្ហាញ​ពី​ភាព​កម្សោយ​របស់​ក្រសួង​ការងារ ដែល​មិន​អាច​បង្ខំ​ឱ្យ​ភាគី​ក្រុមហ៊ុន​មក​គោរព​ច្បាប់​ការងារ។

កូដករ​ក្រុម​ហ៊ុន​ចាយអ៊ិន អាយប៊ីស ត្រេនស្ព័ត (Giant Ibis Transport)​ ឈរ​នៅ​កណ្ដាល​ថ្ងៃ​ត្រង់​ លើក​បដា​ និង​ស្រែក​តវ៉ា​ជា​ច្រើន​ថ្ងៃ​មក​ហើយ​​​ ដើម្បី​ទាមទារ​ឱ្យ​ក្រុម​ហ៊ុន​នេះ​ទូទាត់​​សំណង​ដល់​ពួកគាត់។

ក្រុម​កូដករ​​ស្នើ​ឱ្យ​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​ទៅ​ភាគី​ក្រុម​ហ៊ុន​​ឱ្យ​ផ្ដល់​សំណង​តាម​ច្បាប់​ការងារ​ និង​សំណង​ជំងឺ​ចិត្ត​​ដល់​ពួកគាត់​​ ដោយ​សារ​តែ​​ក្រុម​កូដករ​ពុំ​អាច​​ស្វែង​រក​ដំណោះ​ស្រាយ​ពី​​ក្រុម​ហ៊ុន​ និង​ក្រសួង។

ប្រធាន​សហជីព​មូលដ្ឋាន​នៃ​ក្រុមហ៊ុន​ដឹកជញ្ជូន ចាយអ៊ិន អាយប៊ីស លោក សៀម ម៉ូរ៉ាឌី លើក​ឡើង​ថា បុគ្គលិក​ដែល​បាន​បាត់បង់​ការងារ​ដោយ​សារ​តែ​បង្កើត​ក្រុម​សហជីព​ដើម្បី​ការពារ​សិទ្ធិ​របស់​បុគ្គលិក​ត្រូវ​បាន​ក្រុម​ហ៊ុន​បញ្ឈប់​ពី​ការងារ​​​​​អស់​រយៈ​ជាង​បី​ឆ្នាំ​មក។ លោក​ថា មូលហេតុ​ដែល​កូដករ​បន្ត​ទាមទារ​ប្រមូល​ផ្ដុំ​តវ៉ា គឺ​ដើម្បី​ឱ្យ​ក្រុម​ហ៊ុន​គោរព​ច្បាប់​ការងារ​ដោយ​​ឱ្យ​បុគ្គលិក​ដែល​ជា​សហជីព​ចូល​ធ្វើ​ការ​វិញ បញ្ឈប់​ការ​រើសអើង​​សហជីព​​ និង​ផ្ដល់​​សំណង​​ប្រាក់​អតីតភាព​ការងារ​ដល់​បុគ្គលិក។ ​​​​​​​​​

លោក សៀម ម៉ូរ៉ាឌី ឱ្យ​ដឹង​ទៀត​ថា មូល​ហេតុ​​ដែល​កម្មករ​មិន​អាច​ទទួល​បាន​ដំណោះ​ស្រាយ​ ដោយ​សារ​តែ​ភាគហ៊ុន​ខ្លះ​នៃ​ក្រុមហ៊ុន​ដឹក​ជញ្ជូន ចាយអ៊ិន អាយប៊ីស គឺ​ជា​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប (Royal Group) ដែល​មាន លោក គិត ម៉េង ជា​ប្រធាន​ក្រុមហ៊ុន។

លោក សៀម ម៉ូរ៉ាឌី៖ «ការ​ប្រឈម​មុខ​យើង​ឃើញ​ហើយ​ មាន​ការ​រារាំង​ពី​អាជ្ញាធរ​ហើយ​ហាម​មិន​ឱ្យ​យើង​លើក​ទេ​ តែ​យើង​លើក​នេះ​​អត់​មាន​អ្វី​ដែល​ខុស​ច្បាប់​ទេ​ គឺ​យើង​ធ្វើ​ទៅ​តាម​នីតិវិធី​ គឺ​យើង​តស៊ូ​មតិ​នៅ​កន្លែង​ គឺ​យើង​មិន​បាន​ទៅ​ធ្វើ​ឱ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​សាធារណៈ​ ឬ​ក្រុម​ហ៊ុន​នោះ​ទេ​ នេះ​គឺ​ជា​ជម្រើស​ចុង​ក្រោយ​របស់​យើង​ហើយ​ ពួក​យើង​បាន​ទៅ​រក​ហើយ​ក្រសួង​ការងារ​ ទៅ​រក​ទាំង​អាជ្ញាធរ​មក​ដោះ​ស្រាយ​ ឃើញ​ថា​មិន​ដោះ​ស្រាយ​ឱ្យ​ពួក​យើង​ទេ»

ក្រុមហ៊ុន​ដឹកជញ្ជូន ចាយអ៊ិន អាយប៊ីស មាន​បុគ្គលិក​សរុប​ជាង១០០នាក់ ហើយ​ថៅកែ​ក្រុមហ៊ុន​បាន​ព្យួរ​ការងារ​ពួកគេ​ទាំងអស់​គ្នា កាល​ពី​ខែ​មេសា ឆ្នាំ ២០២០ រហូត​មក​ដល់​បច្ចុប្បន្ន​មាន​បុគ្គលិក​មួយ​ចំនួន​ចូល​ធ្វើ​ការងារ​វិញ ប៉ុន្តែ​បុគ្គលិក​ជាង ៥០​នាក់​ទៀត​ត្រូវ​បាន​គេ​ព្យួរ​ការងារ​បន្ត ដោយសារ​ពួកគេ​ភាគ​ច្រើន​ជា​សមាជិក​សហជីព។

អតីត​អ្នក​សម្រប​សម្រួល​បុគ្គលិក​​ក្រុមហ៊ុន​ដឹកជញ្ជូន ចាយអ៊ិន អាយប៊ីស​ លោក​ រ៉ាន់ ប្រសើរ​ បាន​ឱ្យ​ដឹង​ថា រយៈ​ពេល​ជាង​៣ឆ្នាំ​មក​ហើយ ដែល​លោក​បាត់​បង់​ការងារ​​ និង​មិន​មាន​លទ្ធភាព​ផ្គត់ផ្គង់​កូន​ៗ​របស់​លោក​ដូច​ពី​មុន​ទៀត​ទេ។ លោក រ៉ាន់ ប្រសើរ​ ទទូច​ដល់​រដ្ឋាភិបាល​ថ្មី​ដែល​ដឹក​នាំ​ដោយ​លោក​ ហ៊ុន ម៉ាណែត ជួយ​ដោះ​ស្រាយ​ដល់​វិវាទ​ការងារ​រ៉ាំរ៉ៃ​មួយ​នេះ​ដល់​ពួកគាត់​ផង។

លោក រ៉ាន់ ប្រសើរ៖«ជា​ថ្មី​ម្ដង​ទៀត​សុំ​ឱ្យ​តំណាង​ក្រុម​ហ៊ុន​ចូល​ខ្លួន​មក​ចរចា​ដោះស្រាយ​ ដើម្បី​បញ្ចប់​ជម្លោះ​ មួយ​ទៀត​ខ្ញុំ​ស្នើ​សុំ​ដល់​រដ្ឋាភិបាល​ ដែល​មាន​រដ្ឋាភិបាល​ថ្មី​​ដែល​មាន​ឯកឧត្ដម​ ហ៊ុន​ ម៉ាណែត ដែល​ថ្មីៗនេះ​លោក​បាន​ជាប់​ឆ្នោត​ សូម​លោក​ជួយ​មើល​កម្មករ​ទូទាំង​ប្រទេស​ដែល​​រង​ទុក្ខ​លំបាក ដោយ​សារ​ក្រុមហ៊ុន​រំលោភ​បំពាន​ទៅ​លើ​កម្មករ​និយោជិក​ផង​ដែរ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​ថៅកែ​ក្រុមហ៊ុន ចាយអ៊ិន អាយប៊ីស លោក ឡាយ សុធារិទ្ធ និង​ អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម​នៃ​ក្រសួង​ការងារ លោក ទេស រុក្ខាផល ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៦ ខែ​កញ្ញា។

ជុំវិញ​រឿង​នេះ​ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC) លោក អាត់ ធន់ លើក​ឡើង​ថា ក្រុមហ៊ុន​​ដឹកជញ្ជូន ចាយអ៊ិន អាយប៊ីស មាន​ភាគ​ហ៊ុន​ធំ​ជា​របស់​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប (Royal Group) ដែល​​​មាន លោក គិត ម៉េង ជា​ប្រធាន​ក្រុមហ៊ុន ទើប​ក្រសួង​ការងារ​គ្មាន​យន្តការ​ច្បាប់​ណា​មួយ​អាច​បង្ខំ​ឱ្យ​ក្រុម​ហ៊ុន​គោរព​ច្បាប់។

​​​​​​​​​​​លោក អាត់ ធន់៖ «យើង​គិត​មើល​ទៅ​ដូច​ជា​អត់​មាន​យន្តការ​អី​ដោះ​ស្រាយ​ ដើម្បី​ជំរុញ​ឱ្យ​ក្រុម​ហ៊ុន​មក​ទទួល​ខុស​ត្រូវ​ ឬ​ដោះស្រាយ​ឱ្យ​កម្មករ​បាន​ល្អ​ទេ​ នេះ​អាច​ជា​ភាព​កម្សោយ​របស់​ខាង​ក្រសួង​ការងារ​ដែរ​ បើ​ទោះ​បី​ជា​ក្រុម​ហ៊ុន​រំលោភ​ច្បាប់​ ក្រុម​ហ៊ុន​មិន​បង់​លុយ​ ក្រុម​ហ៊ុន​ចុះ​កិច្ច​ព្រម​ព្រាង​ហើយ​ក៏​ដោយ​ ក្រុម​ហ៊ុន​ឯក​ភាព​បង់​ក៏​ដោយ​ក៏​នៅ​តែ​សម្រប​សម្រួល​ដូច​គ្មាន​យន្តការ​ដែល​ធ្វើ​ឱ្យ​កម្មករ​ទុក​ចិត្ត​ហើយ​ដោះ​ស្រាយ​ទៅ​មាន​ប្រសិទ្ធិ​ភាព​ទេ»

កន្លង​មក​ក្រុម​កូដករ​អះអាង​ថា ពួកគាត់​ធ្លាប់​ចរចា​ជាមួយ​ភាគី​ក្រុមហ៊ុន​នៅ​ក្រសួង​ការងារ ជា​ច្រើន​លើក​ច្រើន​សា ប៉ុន្តែ​មិន​ទទួល​បាន​ដំណោះ​ស្រាយ​ឡើយ។ ពួកគេ​យល់​ឃើញ​ថា ក្រសួង​ការងារ​ធ្វើ​ការ​គ្មាន​តម្លាភាព និង​លំអៀង​ទៅ​រក​​ភាគី​ក្រុម​ហ៊ុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles