ដោយ នៅ វណ្ណារិន
2023.09.18
RFA
លោកឧកញ៉ា ទ្រី ភាព អ្នកជំនួញព្រៃឈើយកទៅលក់នៅបរទេស។ Photo: Global Witness
ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន ដែលជារបស់កូនប្រុស លោកឧកញ៉ា ទ្រី ភាព ចង់ច្បាមយករ៉ែដែកមួយកន្លែងទៀតនៅខេត្តស្ទឹងត្រែង ដើម្បីធ្វើអាជីវកម្មរ៉ែ លក់ទៅក្រៅប្រទេស។ មន្ត្រីសង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាលសិក្សាពីផលប៉ះពាល់ដីស្រែចម្ការរបស់ពលរដ្ឋនិងវាយតម្លៃឲ្យបានត្រឹមត្រូវ និងយុត្តិធម៌។
ក្រុមហ៊ុនកូនប្រុស លោកឧកញ៉ា ទ្រី ភាព ដែលល្បីល្បាញខាងរកស៊ីឈើ កំពុងធ្វើអាជីវកម្មលើធនធានធម្មជាតិស្នងពីឪពុករបស់លោក។ ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD របស់លោក ទ្រី ដាលុច បានស្នើសុំអាជ្ញាប័ណ្ណរុករករ៉ែដែកពីក្រសួងរ៉ែ និងថាមពល នៅលើផ្ទៃដី ១១៩,៧០គីឡូម៉ែត្រការ៉េ ដែលស្ថិតនៅឃុំអន្លង់ភេ និងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នេះបើយោងតាមឯកសារផ្លូវការរបស់ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។
ប្រជាពលរដ្ឋរស់នៅឃុំអន្លង់ជ្រៃ លោក ប៊ុន វ៉ាន់នី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៧ ខែកញ្ញា ថា សហគមន៍របស់លោកព្រួយបារម្ភខ្លាចបាត់បង់ដីស្រែចម្ការ ដែលសហគមន៍អាស្រ័យផល។ សហគមន៍ពុំទាន់ដឹងព័ត៌មានច្បាស់លាស់ពីការប៉ះពាល់ដីធ្លីប៉ុន្មានហិកតារនៅឡើយនោះទេ ដោយសារអាជ្ញាធរភូមិឃុំ មិនបានផ្សព្វផ្សាយដំណឹងនេះដល់ពលរដ្ឋ។ ទោះជាយ៉ាងណា លោកទទូចឲ្យរដ្ឋាភិបាលថ្មីឲ្យគិតគូរដល់ប្រជាពលរដ្ឋក្រីក្រ និងសងសំណងឲ្យបានសមរម្យ។
លោក ប៊ុន វ៉ាន់នី៖ «ប្រជាពលរដ្ឋគាត់មិនបានដឹងការចូលវិនិយោគ ពីក្រុមហ៊ុនទ្រីដាលុច យើងគិតមើលទៅពីរទៅបីពាន់ហិកតារផង ប៉ះពាល់ប្រជាពលរដ្ឋ៣០ ទៅ ៤០ភាគរយចុះ១ម៉ឺនហិកតារ សម្រាប់ខ្ញុំស្នើសុំឲ្យបញ្ឈប់កុំឲ្យវិនិយោគក្នុងឃុំនឹងទេ ព្រោះអ្វីផលប៉ះពាល់ចំនួនពីឃុំក្នុងមួយឃុំប៉ុន្មាន ពួកគាត់អាស្រ័យផលនៅកន្លែងនឹងមួយរយភាគហើយ អត់អាចទទួលយក»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា និងអ្នកនាំពាក្យសាលាខេត្ត ស្ទឹងត្រែង លោក ម៉ែន គុង បានទេ នៅថ្ងៃទី១៧ ខែកញ្ញានេះ ដោយទូរស័ព្ទចូលច្រើនដងគ្មានអ្នកទទួល។
ចំណែកមេឃុំអន្លង់ជ្រៃ លោក ជួន វ៉េ សុំមិនអត្ថាធិប្បាយជុំវិញរឿងនេះនោះទេ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត សង្កេតឃើញថា រាល់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច និងការវិនិយោគផ្សេងៗតែងតែប៉ះពាល់ដីស្រែចម្ការរបស់ពលរដ្ឋ ដូច្នេះអាជ្ញាធរពាក់ព័ន្ធសិក្សាពីផលប៉ះពាល់ឲ្យបានត្រឹមត្រូវ។ លោកបន្ថែមថា ក្រុមហ៊ុននេះត្រូវផ្ដល់សំណងដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ឲ្យបានសមរម្យ និងមានតម្លាភាព ដើម្បីជៀសវាងមានអំពើហិង្សាកើតឡើង និងមានការចាប់ដាក់ពន្ធនាគារ នាំឲ្យប៉ះពាល់ដល់ការគោរពសិទ្ធិមនុស្ស។
លោក អំ សំអាត៖ «តាមផ្លូវច្បាប់ភូមិបាលក៏ដូចជាអនុក្រឹត្យស្ដីពីដីសម្បទានសេដ្ឋកិច្ច គឺការផ្ដល់ឲ្យក្រុមហ៊ុនមួយមិនអាចលើសពីមួយម៉ឺនហិកតារបានទេ បើនិយាយពីបទបង្កើតបទសម្ព័ន្ធក្រុមហ៊ុនដើម្បីទទួលដីសម្បទានជាច្រើនហិកតារ ក៏ដោយក៏ខុសពីច្បាប់ដូចគ្នាដែរ ពីព្រោះម្ចាស់ក្រុមហ៊ុនតែមួយ»។
បច្ចុប្បន្នក្រុមហ៊ុនមួយនេះ កំពុងធ្វើអាជីវកម្មរ៉ែដែកនៅខេត្តព្រះវិហារ មានស្រុកចំនួនពីរ គឺស្រុកជ័យសែន និងស្រុករវៀង រួចក៏ដឹកជញ្ជូនតាមរថយន្ត និងសាឡង់យកទៅលក់នៅប្រទេសវៀតណាម។ អាជីវកម្មរ៉ែដែករបស់ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន បានប៉ះពាល់ដីស្រែចម្ការរបស់ជនជាតិដើមភាគតិចកួយចំនួន ៤ ឃុំ លើផ្ទៃដីប្រមាណ៥ ពាន់ហិកតារ។ ឃុំទាំង៤ នោះ រួមមានឃុំរីករាយ ឃុំរុសរាន់ ឃុំរស្មី ស្ថិតនៅស្រុករវៀង និងឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។
លោក ទ្រី ដាលុច ត្រូវបានអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ទូលថ្វាយទៅព្រះមហាក្សត្រឲ្យផ្ដល់គោរមងារ «ឧកញ៉ា» នៅឆ្នាំ២០១៣។ ក្រៅពីទទួលបានគោរមងារ «ឧកញ៉ា» ហើយនោះ លោក ទ្រី ដាលុច ក៏ជាអនុប្រធានយុវជនស្រុកកណ្ដាលស្ទឹង និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៃគណបក្សប្រជាជនកម្ពុជាផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។