គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​បារម្ភ​ពី​បញ្ហា​សុខភាព​ប្ដី​ដែល​កំពុង​ជាប់ឃុំ

ដោយ យ៉ង ចាន់តារា
2023.09.18
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​បារម្ភ​ពី​បញ្ហា​សុខភាព​ប្ដី​ដែល​កំពុង​ជាប់ឃុំ

ក្រុមស្ដ្ត្រីថ្ងៃសុក្រលើកបដា​ទាមទារដោះលែងសមាជិកគ្រួសារ ជាអ្នកទោសនយោបាយ នៃគណបក្សប្រឆាំង កាលពីថ្ងៃទី១០ មីនា ២០២៣។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


ប្រពន្ធ​សកម្មជន​គណបក្ស​ប្រឆាំង​លើកឡើង​ថា ប្ដី​របស់​ពួក​គាត់​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ដែល​ប្រឈម​ដល់​អាយុ​ជីវិត​ប្រសិន​បើ​ព្យាបាល​មិន​ទាន់​ពេល​វេលា។ ពួកគាត់​ទទូច​ឱ្យ​មន្ត្រី​ពន្ធនាគារ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខភាព​អ្នក​ជាប់ឃុំ​នយោបាយ និង​ពិនិត្យ​ព្យាបាល​អ្នក​ជំងឺ​ឱ្យ​បាន​ដិតដល់។

ក្រុម​គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​មន្ត្រី​ពន្ធនាគារ​នៅ​តែ​មិន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​ជំងឺ​អ្នក​មនសិការ​ទាំង​នោះ​ទេ ពួកគេ​អាច​ប្រឈម​គ្រោះ​ថ្នាក់​ដល់​ជីវិត​នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន។

ប្រពន្ធ លោក វឿង សំណាង គឺ​លោកស្រី ទៀង ចិន្តា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៧ កញ្ញា ថា លោកស្រី​បាន​ទៅ​សួរសុខទុក្ខ​ប្ដី​នៅ​ពន្ធនាគារ ហើយ​ថ្មីៗនេះ​អាការៈ​ជំងឺ​ក្បាល​របស់​គាត់​ចាប់​ផ្ដើម​ឈឺ​កាន់​តែ​ខ្លាំង ដែល​ធ្វើ​ឱ្យ​ប្ដី​លោកស្រី វិលមុខ ក្អួត ហូប​បាយ​មិន​បាន​បណ្ដាល​ឱ្យ​ស្រក​ទម្ងន់​ខ្លាំង។ លោកស្រី​បារម្ភ​ខ្លាច​ប្ដី​មិន​អាច​ទ្រាំ​នឹង​ការ​ឈឺ​ចុក​ចាប់​នេះ​បាន អាច​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត។

លោក វឿង សំណាង៖ «បញ្ហា​សុខភាព​គាត់​កន្លែង​ក្បាល​ហ្នឹង​ឈឺ​រហូត​គ្រាន់តែ​ថា គាត់​នៅ​ខាង​ក្រៅ​គាត់​មាន​ថ្នាំ​ហូប​ជា​ប្រចាំ​ហើយ​ទៅ​ឱ្យ​ពេទ្យ​ពិនិត្យ ដល់​ពេល​គាត់​ទៅ​ហ្នឹង​មិន​ឱ្យ​ពេទ្យ​ពិនិត្យ​ទេ ឱ្យ​ស្ថានភាព​គាត់​នៅ​ក្នុង​ហ្នឹង​វា​អត់​ដូច​យើង​នៅ​ក្រៅ​វា​ស្មុគ​វា​អី​អ៊ីចឹង ទៅ​វា​រឹត​តែ​បង្ក​ឱ្យ​ជំងឺ​របស់​គាត់​រឹត​តែ​ធ្វើ​ទុក​ឡើង»

កាលពី​ឆ្នាំ​២០១៣ លោក វឿង សំណាង ដែល​ជា​ព្រះសង្ឃ បាន​ចូលរួម​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ ពេលនេះ​លោក វឿង សំណាង រួម​ទាំង​កម្មករ​ផ្សេង​ទៀត ត្រូវ​កងទ័ព​ឆត្រ​យោង​វាយ​បង្ក្រាប​ស្ទើរ​ស្លាប់​បាត់​បង់ជីវិត​នោះ បាន​បន្សល់​ស្នាម​របួស និង​ការ​ឈឺចាប់​រហូត​មក​ដល់​សព្វថ្ងៃ។

ស្រដៀង​គ្នា​នេះ​ដែរ​ប្រពន្ធ​លោក កាក់ កុម្ភារ គឺ​លោកស្រី ព្រំ ចាន់ថា ថ្លែង​ថា កាល​ពី​ប្ដី​លោកស្រី​មិន​ទាន់​ជាប់​ឃុំ​សុខភាព​មាំ​មួន គឺ​មិន​អាក្រក់​ដូច​ពេល​បច្ចុប្បន្ន​នេះ​ទេ ។ លោកស្រី​បន្ត​ថា មូល​ហេតុ​ដែល​ស្ថានភាព​ជំងឺ​ប្ដី​លោកស្រី​ចេះ​តែ​ដុន​ដាប​ទៅ​ដោយសារ​បរិយាកាស​នៅ​ក្នុង​ពន្ធនាគារ​ចង្អៀត​ណែន និង​ហូប​ចំណី​អាហារ​គ្មាន​ជីវជាតិ​ធ្វើ​ឱ្យ​ជំងឺ​កៀប​ឆ្អឹង​ប្ដី​លោកស្រី​កាន់​តែ​ធ្ងន់ធ្ងរ។

លោក កាក់ កុម្ភារ៖ «មាន​តែ​ការ​សោកស្ដាយ​មាន​តែ​ការ​ខកចិត្ត​ដោយសារ​រដ្ឋាភិបាល​គាត់​ធ្វើ​មក​លើ​ប្រជាពលរដ្ឋ​ខ្លួនឯង​ជាពិសេស​សម្ដេច​គាត់​ធ្វើ​អ៊ីចឹង ដាក់​ប្រជាពលរដ្ឋ​ខ្លួនឯង​ហ្នឹង​អ៊ីចឹង​វា​អត់​កើត​ទេ ព្រោះ​ពួកគាត់​អត់​មាន​កំហុស​សោះ ទី២​ទៀត​គាត់​សុទ្ធតែ​ជា​មន្ត្រី​នយោបាយ ដែល​ល្អ​មាន​ឆន្ទៈ​អ៊ីចឹង​គាត់​គួរតែ​យក​ធនធាន​បែប​គ្រួសារ​ពួក​ខ្ញុំ​ហ្នឹង​ដើម្បី​ធ្វើ​ការ​បំពេញ​កាតព្វកិច្ច​មើលថែ​ប្រជាពលរដ្ឋ​គាត់​គួរតែ​គិត​បែប​ហ្នឹង​មិនមែន​យក​គ្រួសារ​ពួក​ខ្ញុំ​ដែល​គ្មាន​កំហុស​សោះ​ដាក់​ពន្ធនាគារ​ទេ»

ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​អះអាង​ដូចៗ​គ្នា​ថា មន្ត្រី​ពន្ធនាគារ​គួរតែ​ពិចារណា​ដោះលែង​ប្ដី​ពួកគាត់​ឱ្យ​មាន​សេរីភាព ពីព្រោះ​ប្ដី​ពួកគាត់​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​នោះ​ទេ។ បើ​ទោះ​ជា​សកម្មជន​បក្ស​ប្រឆាំង​នៅ​ក្នុង​ពន្ធនាគារ​ជួប​ទុក្ខ​លំបាក​បែប​ណា​ក្ដី ក៏​ពួកគាត់​នៅ​តែ​ប្រកាន់​គោល​ជំហរ​មិន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ដើម្បី​ថ្នូរ​ដូរ​យក​សិទ្ធិ​សេរីភាព​ឡើយ។

ឆ្លើយតប​បញ្ហា​នេះ​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សវនា លើក​ឡើង​ថា លោក​ទទួល​ស្គាល់​នៅ​ក្នុង​ពន្ធនាគារ​ពិត​ជា​ខ្វះខាត​ថ្នាំ​សង្កូវ​ពិត​មែន ប៉ុន្តែ​បញ្ហា​សុខភាព​តែង​កើត​មាន​ជា​រឿង​ធម្មតា​ដោយសារ​តែ​នៅ​ក្នុង​ពន្ធនាគារ​មាន​អ្នក​ទោស​ច្រើន។

លោក នុត សវនា៖«អ្នក​ណា​ក៏​មាន​បញ្ហា​ដែល​ចេះ​ចុះ​រហូត ប៉ុន្តែ យើង​មិន​អាច​ឱ្យ​តែ​លើកឡើង​យើង​ចេះ​តែ​ជូន​ទៅ​តាម​ការ​លើកឡើង​ហ្នឹង​ក៏​វា​ពិបាក​ដល់​មន្ត្រី​ខ្ញុំ​ដែរ ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ​យើង​ចែករំលែក​ហើយ​ហ្នឹង​ខិតខំ​ព្យាយាម​តាម​អ្វី​ដែល​យើង​អាច​ផ្គត់ផ្គង់​បាន ប៉ុន្តែ​មិន​ឱ្យ​ស្ថិត​ក្រោម​បទដ្ឋាន​អប្បបរិមាណ​ទេ»

ទោះជា​យ៉ាងណា​ពាក់ព័ន្ធ​នឹង​ស្នើសុំ​បញ្ជូន​អ្នក​ជាប់ឃុំ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាង​ក្រៅ​ពន្ធនាគារ​នេះ អាជ្ញាធរ​តែង​រង​ការ​រិះគន់​ពី​ពលរដ្ឋ និង​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស ថា អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពី ទៅ​លើ​អ្នក​ជាប់ឃុំ​ដោយសារ​មូលហេតុ​នយោបាយ។ ផ្ទុយ​ពី​ឧក្រិដ្ឋជន​មួយ​ចំនួន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ធំៗ ពួកគេ​ទទួល​បាន​ការ​អនុគ្រោះ​ពី​មន្ត្រី​ពន្ធនាគារ​ឱ្យ​នៅ​ក្រៅ​ឃុំ​ព្យាបាល​ជំងឺ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា មាន​ប្រសាសន៍​ថា ជន​ជាប់​ឃុំ​ពួកគាត់​បាត់បង់​តែ​សិទ្ធិ​សេរីភាព​មួយ​ផ្នែក​ប៉ុណ្ណោះ ប៉ុន្តែ​ចំពោះ​បញ្ហា​សុខភាព​គឺ​ពួកគាត់​មាន​សិទ្ធិ​ទទួល​បាន​ការ​ថែទាំ។ លោក​បន្ត​ថា​អាជ្ញាធរ​គួរតែ​ពិចារណា​ឱ្យ​ជន​ជាប់​ឃុំ​ទាំង​អស់​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ។

លោក រស់ សុដ្ឋា៖ «អាជ្ញាធរ​ដែល​ទទួល​បន្ទុក​គ្រប់គ្រង​ពន្ធនាគារ​គួរតែ​ពិនិត្យ​ដែល​អនុញ្ញាត​ឱ្យ​ពេទ្យ​អ្នក​ឯកទេស​សុខភាព​របស់​អង្គការ ដូចជា​ខាង​រដ្ឋ​ចូល​ពិនិត្យ​សុខភាព​ត្រូវ​យក​គាត់​ទៅ​ពិនិត្យ​នៅ​កន្លែង​ដែល​មាន​ម៉ាស៊ីន​ដែល​អាច​ទុកចិត្ត​បាន​ដើម្បី​ឱ្យ​ដឹង​ថា​តើ​សុខភាព​គាត់​យ៉ាង​ដូចម្ដេច​ហើយ​ត្រូវ​ចាត់​វិធានការ​ផ្តល់នូវ​សេវា​សុខភាព​ឱ្យ​បាន​សមស្រប»

បច្ចុប្បន្ន​សកម្មជន​គណបក្ស​ប្រឆាំង សកម្មជន​សង្គម និង​អ្នក​រិះគន់​រដ្ឋាភិបាល ប្រមាណ ៧០ នាក់​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ។ តុលាការ​ចោទប្រកាន់​ពួកគេ​ភាគច្រើន ពី​បទ​ញុះញង់ និង​រួម​គំនិត​ក្បត់។

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ថា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles