ដោយ វិទ្យុអាស៊ីសេរី
2023.09.17
RFA

តោះ… ប្រកួតប្រជែងគ្នាដាក់ចំណងជើងឱ្យរូបត្លុកនយោបាយមួយនេះ! រូប៖ RFA
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានអះអាងថា ស្ថានភាពទីផ្សារការងារនៅកម្ពុជាមាន «ភាពរឹងម៉ាំ» ដោយរក្សាបាននូវអត្រាមានការងារធ្វើ «ខ្ពស់ប្រមាណជាង៩៩%» នៃកម្លាំងពលកម្មសរុប១០លាន៨សែននាក់។ លោក ហេង សួរ ដែលល្បីឈ្មោះជាមនុស្សចិត្តឆៅហ៊ាន «ជួលក្រុមជើងកាង» ឱ្យវាយធ្វើបាប និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតលើពលករខ្មែរដែលគាំទ្រគណបក្សប្រឆាំង អះអាងបន្តថា លក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករនិយោជិតកំពុងមាន «ភាពប្រសើរឡើង» ជាបន្តបន្ទាប់។
ការអះអាងរបស់លោក ហេង សួរ បែបនេះ រងនូវការរិះគន់ជាច្រើនពីសំណាក់ក្រុមអ្នកជំនាញ និងអ្នកប្រើប្រាស់បណ្តាញសង្គម។ ពួកគេថា ការលើកឡើងដូច្នេះ មិនឆ្លុះបញ្ចាំងពីស្ថានភាពការងារពិតប្រាកដនៅកម្ពុជាឡើយ ក្នុងពេលដែលរដ្ឋាភិបាលកម្ពុជាអសមត្ថភាពក្នុងការបង្កើតការងារធ្វើជូនដល់ពលរដ្ឋក្នុងស្រុក ហើយពួកគេមួយចំនួនត្រូវបង្ខំចិត្តធ្វើចំណាកស្រុកទៅស្វែងរកការងារធ្វើនៅក្រៅប្រទេស។
កម្ពុជាមានអត្រាពលរដ្ឋរស់នៅក្រោមបន្ទាត់ក្រីក្រជាង១៧%។ ពលករចំណាកស្រុកទៅធ្វើការងារនៅក្រៅប្រទេសទាំងស្របច្បាប់ និងខុសច្បាប់មានចំនួនជាង២លាននាក់។ កាន់តែធ្ងន់ធ្ងរជាងនេះ ពលរដ្ឋមិនតិចជាង ១សែន៦ម៉ឺននាក់ទេ បានលក់ដីធ្លីរបស់ពួកគេដើម្បីសងបំណុលធនាគារ ឬកម្ចីឥណទានក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ខណៈចន្លោះពី ២៥% ទៅ ៥០% នៃពលរដ្ឋចំនួនជាង ២លាន៨សែនគ្រួសារ កំពុងជាប់ជំពាក់បំណុលវ័ណ្ឌក។ ក្រៅពីនេះ ការណ៍ដែលលោក ហេង សួរ អះអាងថា លក្ខខណ្ឌការងាររបស់កម្មករនិយោជិតមាន «ភាពប្រសើរឡើង» នោះ ក៏មិនមែនសុទ្ធតែជារឿងពិតនោះដែរ។ ជាក់ស្តែង ករណីវិវាទការងារជាមួយថៅកែក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ (NagaWorld) បានអូសបន្លាយជិត២ឆ្នាំមកហើយដោយគ្មានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។