អគ្គនាយកដ្ឋាន​ពន្ធដារ​ព្រមាន​ប្តឹង​ក្រុមហ៊ុន​ជិត​៤០​ទៅ​តុលាការ ក្រោយ​ពេល​បោះឆ្នោត

ដោយ សុជីវី
2023.09.18
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អគ្គនាយកដ្ឋាន​ពន្ធដារ​ព្រមាន​ប្តឹង​ក្រុមហ៊ុន​ជិត​៤០​ទៅ​តុលាការ ក្រោយ​ពេល​បោះឆ្នោត

អគ្គនាយកដ្ឋាន​ពន្ធដារ​លោក គង់ វិបុល។ រូប៖ ហ្វេសប៊ុកអគ្គនាយកដ្ឋាន​ពន្ធដារ​


អគ្គនាយកដ្ឋាន​ពន្ធដារ​ព្រមាន​ប្តឹង​ក្រុមហ៊ុន​ជិត ៤០ ទៅ​តុលាការ ​ពាក់ព័ន្ធ​នឹង​ការ​ខកខាន​បង់ពន្ធ​តាម​ការ​កំណត់។ ការ​ព្រមាន​ប្តឹង​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ការ​ប្រមូល​ពន្ធ​រយៈពេល​៨ខែ​ នៅ​ខ្វះ​២១ភាគរយ នៃ​ផែនការ​ប្រចាំ​ឆ្នាំ​២០២៣។

អគ្គនាយកដ្ឋាន​ពន្ធដារ​ចាត់​ទុក​ក្រុមហ៊ុន​ជិត​៤០​ ដែល​ខកខាន​បង់ពន្ធ​តាម​ការ​កំណត់​ថា​ ជា​បទល្មើស​ហើយ​ប្រឈម​ប្តឹង​ទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់។

នៅ​លើ​ហ្វេសប៊ុក​ផេក​(Facebook Page) របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ ចាប់​ពី​ថ្ងៃទី​២៤ ខែ​កក្កដា​ ដល់​ថ្ងៃ​ទី​១៧ ខែ​កញ្ញា​ បាន​ផ្សព្វផ្សាយ​លិខិត​ក្រើន​រំឭក​ដល់​តំណាង ​ក្រុមហ៊ុន​ជិត៤០​ (៣៨ក្រុមហ៊ុន)​  ឱ្យ​ចូល​ខ្លួន​ទូទាត់​បំណុល​ពន្ធ​។ ​លិខិត​ក្រើន​រំឭក​ទាំងនោះ​បាន​ទុក​ពេល​ឱ្យ​ក្រុមហ៊ុន​នីមួយៗ​ ចូល​ខ្លួន​ទូទាត់​បំណុល​មិន​ឱ្យ​លើស​១៥ថ្ងៃ​ក្រោយ​ទទួល​លិខិត។

នៅ​ផ្នែក​ក្រោម​នៃ​លិខិត​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​បញ្ជាក់​សារ​ដូចគ្នា​ថា​ បើ​តំណាង​ ក្រុមហ៊ុន​ មិន​ចូល​ខ្លួន​តាម​ការ​កំណត់​ទេ ​ខាង​ពន្ធដារ​ចាត់​ទុក​ជា​បទល្មើស​ហើយ​ប្តឹង​ទៅ​តុលាការ​ ដើម្បី​ផ្ដន្ទាទោស តាម​មាត្រា ២២៦​ មាត្រា​២៤២ ​និង​មាត្រា២៤៣ នៃ​ច្បាប់​ស្ដីពី​សារពើពន្ធ។

លិខិត​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ឱ្យ​ដឹង​ថា ​ក្នុង​ចំណោម​ក្រុមហ៊ុន​ជិត ៤០​នោះ​ ភាគ​ច្រើន​បាន​ទទួល​ លិខិត​ក្រើន​រំឭក​លើស​ពី១ដង​ ប៉ុន្តែ​នៅ​មិន​ព្រម​ទូទាត់​ពន្ធ​ដែល​នៅ​ជំពាក់​។​

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បន្ថែម​ជុំវិញ​បញ្ហា​នេះ​ពី​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ទេ នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា។

ទោះ​យ៉ាងណា​នៅ​ថ្ងៃទី​១៥ ខែ​កញ្ញា ក្នុង​កម្មវិធី​ផ្សាយ​ពិសេស​ពី​ពន្ធដារ​ នៅ​លើ​ផេក ហ្វេសប៊ុក​ អគ្គនាយកដ្ឋាន​ពន្ធដារ​លោក គង់ វិបុល លើក​ឡើង​ថា​ លោក​បាន​ដឹង​ពី​ការ​លំបាក​ រក​ចំណូល​របស់​ក្រុមហ៊ុន​ទាំង​នេះ​ក្នុង​ស្ថានភាព​វិបត្តិ​សេដ្ឋកិច្ច​ជាតិ​ និង​អន្តរជាតិ។ ប៉ុន្តែ លោក​ថា​ ជា​គោលការណ៍​ច្បាប់​ក្រុមហ៊ុន​ត្រូវ​ចេញ​មុខ​ ដោះស្រាយ​ ជា​មួយ​មន្ត្រី​ពន្ធដារ។


លោក គង់ វិបុល៖ «យើង​ខ្ញុំ​មាន​វិធានការ​ប្លុក​Account​ដក​អាជ្ញាប័ណ្ណ​នាំ​ចូល ឬ​ក៏​ស្អី​ផ្សេងៗ​ទៀត​តាម​ច្បាប់​មិនមែន​ធ្វើ​តាម​តែ​ចិត្ត​ទេ​។ យើង​ខ្ញុំ​បើ​មិន​ធ្វើ​យើង​ខ្ញុំ​ខុស​ មន្ត្រី​អនុវត្ត​ច្បាប់​មន្ត្រី​នគរបាល​យុត្តិធម៌​មិន​ធ្វើ​ខុស​ហើយ ខ្ញុំ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ក្រសួង​សេដ្ឋកិច្ច និង​រដ្ឋាភិបាល»។

របាយការណ៍​អគ្គនាយកដ្ឋាន​ពន្ធដារ គឺ​ក្នុង​រយៈពេល​៨​ខែ នៃ​ឆ្នាំ​២០២៣ ​ស្ថាប័ន​នេះ​ប្រមូល​ពន្ធ​បាន​ ចំនួន​១ពាន់ ៩រយ​លាន​ដុល្លារ​អាមេរិក។ ចំនួន​នេះ​នៅ​ខ្វះ ២១ភាគរយ នៃ​ផែនការ​ប្រចាំ​ឆ្នាំ។

ច្បាប់​គ្រប់គ្រង​ហិរញ្ញវត្ថុ​សម្រាប់​ឆ្នាំ​ ២០២៣​ បាន​កំណត់​ឱ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ ​ប្រមូល​ចំណូល​ ពន្ធ​ឱ្យ​បាន​ ជាង​៣ពាន់ ៥រយលាន​ដុល្លារ​(៣.៥៧១,៥៤ លាន​ដុល្លារ)។

នៅ​ក្នុង​កម្មវិធី​ផ្សាយ​ពិសេស​ពី​ពន្ធ ​លោក គង់ វិបុល​ ប្ដេជ្ញា​រក​ចំណូល​លើ​ផ្នែក​ផ្សេងៗ​ទៀត​ ឱ្យ​បាន​គ្រប់​តាម​ផែនការ​នៅ​ចុង​ឆ្នាំ​២០២៣។

លោក គង់ វិបុល៖ «ការ​ដែល​ថមថយ​នៅ​ក្នុង​ឆ្នាំ​នេះ​យើង​គិត​ថា វា​ថមថយ​ក្នុង​រង្វង់​២១​ភាគរយ​នៅ​ក្នុង​៨ខែ​នេះ។ ប៉ុន្តែ​២១​ភាគរយ​នៃ​ការ​ថមថយ​នេះ​បើ​គិត​ទៅ​បូក​ទៅ​បូក​មក​រួម​ទាំង​វិធានការ​ផ្សេងៗ​ទៀត​ខ្ញុំ​គិត​ថា ខ្ញុំ​រក​បាន​គ្រប់​ផែនការ​មិន​ឱ្យ​ខ្វះ​ទេ​ខ្ញុំ​ខិតខំ​ព្យាយាម​រក​ឱ្យ​គ្រប់»។

នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​២០២៣ ​អាជ្ញាធរ​ស្រុក​ និង​ឃុំ​មួយ​ចំនួន​ចាប់​ផ្តើម​ចុះ​បញ្ជី​អាជីវកម្ម​តូចតាច​ដូច​ជា​ កន្លែង​កាត់សក់​ លក់​ម្ហូប​អាហារ​ លាង​ឡាន​ម៉ូតូ​ និង​ជួសជុល​គ្រឿង​ម៉ាស៊ីន​ជា​ដើម​ ដើម្បី​តម្រូវ​ឱ្យ​បង់ពន្ធ​។ ប៉ុន្តែ​ក្រោយ​ពី​មាន​ប្រតិកម្ម​ពី​មហាជន​ទូទាំង​ប្រទេស​នៅ​ថ្ងៃទី​១៣​ខែកញ្ញា​ លោក​ នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ចេញ​លិខិត​មួយ​ប្រកាស​ផ្អាក​ការ​យក​ពន្ធ​លើ​របរ​ទាំង​នេះ​វិញ។

អ្នក​សិក្សា​ច្បាប់​លោក វ៉ន ចាន់ឡូត លើក​ឡើង​ថា​ ជា​គោល​ការណ៍​ច្បាប់​គឺ​ ប្រជាពលរដ្ឋ​ទូទៅ​ និង​ក្រុមហ៊ុន​នានា ​មាន​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ។ ​លោក​បន្ត​ថា​ ច្បាប់​កម្ពុជា​និង​ច្បាប់​នៅ​ប្រទេស​ផ្សេងៗ​នៅ​ពេល​ដែល​មាន​ការ​គេចវេស​មិន​បង់ពន្ធ​គឺ​ត្រូវ​ប្រឈម​ការ​ផ្ដន្ទាទោស​ដូចគ្នា។

ប៉ុន្តែ​អ្នក​សិក្សា​ច្បាប់​រូប​នេះ ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​បន្ធូរបន្ថយ ឬ​មិន​យក​ពន្ធ​បន្ថែម​​ផ្សេង​ទៀត​ ខណៈ​ពលរដ្ឋ​កំពុង​ជួប​ការ​លំបាក​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច។

លោក វ៉ន់ ចាន់ឡូត៖ «ស្ថានភាព​សេដ្ឋកិច្ច​ដែល​វា​រង​ផល​ប៉ះពាល់​ពី​សកល​លោក​ផង​អ៊ីចឹង​ខ្ញុំ​គិត​ថា​ការ​សម្រេច​ណាមួយ​ទាក់ទង​ការ​ប្រមូល​ពន្ធ​ឬ​ក៏​ការ​ចេញ​ច្បាប់​យក​ពន្ធ​បន្ថែម​លើ​ផ្នែក​អ្វី​មួយ​ផ្សេង​ខ្ញុំ​យល់​ថា អាជ្ញាធរ​គួរ​ពិចារណា​ឱ្យ​បាន​ម៉ត់ចត់ ព្រោះ​ករណី​នេះ​វា​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​​ករណី​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ»។

សាស្ត្រាចារ្យ និង​ជា​ទីប្រឹក្សា​ផ្នែក​ច្បាប់​លោក​ ស៊ឹម វិបុល ​ពន្យល់​ថា ​ពេល​ក្រុមហ៊ុន​ខកខាន​ បង់​ពន្ធ​អាជ្ញាធរ​មាន​វិធានការ​ជួប​ចរចា​យ៉ាង​តិច​៣ដង​ ដើម្បី​សម្របសម្រួល​ មុន​មាន​វិធានការ​ផ្សេង​ទៀត។ ​លោក​ ស៊ឹម វិបុល បន្ត​ថា ក្នុង​ស្ថានភាព​វិបត្តិ​សេដ្ឋកិច្ច​ នេះ​ រដ្ឋ​មិន​គួរ​រឹត​បន្តឹង​ពន្ធ​ពេក​ទេ​ ផ្ទុយ​ទៅ​វិញ​គួរ​មាន​ការ​បន្ធូរបន្ថយ​ដូច​នៅ​ប្រទេស​ថៃ។

លោក ស៊ឹម វិបុល៖ «ខ្ញុំ​មើល​ឃើញ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​ហ្នឹង ខាង​ពន្ធ​ដារ​អត់​មាន​បន្ធូរ​ដៃ​។​ជា​ពិសេស​គួរ​តែ​លើក​ទឹក​ចិត្ត​ដល់​អាជីវកម្ម​តូចតាច ឬ​ក៏​មធ្យម​អីហ្នឹង​មិន​គួរ​លើកលែង​ទេ ប៉ុន្តែ​គួរ​តែ​បន្ធូរបន្ថយ​អ៊ីចឹង​ទៅ​នៅ​ស្រុក​ថៃ​អី​គេ​មាន​អ៊ីចឹង»។

នៅ​ឆ្នាំ​២០២២ រដ្ឋាភិបាល​ប្រមូល​ពន្ធ​បាន​ជាង ៣ពាន់​៤រយលាន​ដុល្លារ​( ៣.៤៥៥,១១លានដុល្លារ)​។ ចំនួន​នេះ​លើស​ច្បាប់​គ្រប់គ្រង​ថវិកា​ជាតិ​ឆ្នាំ​២០២២ កំណត់ ជាង​២០ភាគរយ (២២,៥៤ភាគរយ)។

លោក វ៉ន ចាន់ឡូត និង​ លោក ​ស៊ឹម វិបុល​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​ថា​ អំពើពុករលួយ​ ក្នុង​ដំណើរ​ការ​ប្រមូល​ពន្ធ​កន្លង​មក​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​ចំណូល​ជាតិ​ និង​អ្នក​បង់ពន្ធ​ ដែល​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី៧ គួរ​មាន​វិធានការ​ច្បាស់លាស់​ដោះស្រាយ​បញ្ហា​នេះ​។

អ្នក​ជំនាញ​សេដ្ឋកិច្ច និង​អ្នក​ឃ្លាំមើល​ពី​ការ​អភិវឌ្ឍ​សង្គម​លើក​ឡើង​ថា បើ​រដ្ឋាភិបាល​នៅ​តែ​បន្ត​បង្ខំ​ទារ​ពន្ធ​ក្នុង​ស្ថានភាព​វិបត្តិ​សេដ្ឋកិច្ច​បែប​នេះ​ ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់​តែ​លំបាក​ខ្លាំង​ហើយ​អាច​ឈាន​ដល់​ការ​តវ៉ា​ពី​មហាជន​ផ្ទុះ​ឡើង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles