អង្គការ​យូណេស្កូ​សម្រេច​ដាក់​ប្រាសាទ​កោះកេរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

ដោយ សុជីវី
2023.09.18
RFA

អង្គការ​យូណេស្កូ​សម្រេច​ដាក់​ប្រាសាទ​កោះកេរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

​ប្រាសាទ​កោះកេរ ស្ថិត​ក្នុង​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ។ រូប៖ អាជ្ញាធរ​ព្រះវិហារ


គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក នៃ​អង្គការ ​យូណេស្កូ (UNESCO) ក្នុ​ងសម័យ​ប្រជុំ​លើក​ទី​៤៥ នាទី​ក្រុង​រីយ៉ាដ (Riyadh) ប្រទេស​អារ៉ាប៊ីសាអូឌីត (Kingdom of Saudi Arabia) បាន​សម្រេច​បញ្ចូល​រមណីយដ្ឋាន​បុរាណវិទ្យា​ប្រាសាទ​កោះ​កេរ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី​១៧ ខែ​កញ្ញា។

ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ បាន​កសាង​ទីតាំង​ប្រជុំ​ប្រាសាទ​កោះកេរ ដែល​ជា​អតីត​រាជធានី​លិង្គបុរៈ (អាន​ថា លិង្គ បុ រៈ មាន​ន័យ​ថា បុរី​នៃ​លិង្គ) ឬ ឆោកគគ៌្យរ (​អាន​ថា ឆោកគគីរ) ក្នុង​សតវត្ស​ទី​១០ និង​បាន​ឡើង​សោយរាជ្យ​ជា​ផ្លូវការ​ពី​ឆ្នាំ​៩២៨ ដល់​៩៤១ នៃ​គ្រិស្តសករាជ។

រមណីយដ្ឋាន​បុរាណវិទ្យា​ប្រាសាទ​កោះកេរ មាន​បុរាណដ្ឋាន​ប្រមាណ​១៦៩​ទីតាំង លាតសន្ធឹង​លើ​ផ្ទៃដី​ទំហំ​ប្រមាណ ៨​ពាន់ ៧០០​ហិកតារ (៨,៧០០​ហិកតារ​) ស្ថិត​ក្នុង​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ។

ក្រៅពី​មាន​ប្រាសាទ​កោះកេរ​រាង​ជា​ពីរ៉ាមីត ដែល​មាន​កម្ពស់​ប្រមាណ ៣៥​ម៉ែត្រ ចែក​ជា​៧​ថ្នាក់​ជា​ប្រាសាទ​ធំ​ជាងគេ​ហើយ​នោះ រមណីយដ្ឋាន​បុរាណវិទ្យា​កោះកេរ ក៏​មាន​ប្រាសាទ​ផ្សេងៗ​ទៀត​ចំនួន​៧៥ ប្រព័ន្ធ​ផ្លូវថ្នល់ និង​ប្រព័ន្ធ​ធារាសាស្ត្រ​ផង​ដែរ​។ ក្រៅពី​តំបន់​ប្រជុំ​ប្រាសាទ​កោះ​កេរ​នេះ កន្លង​មក​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក នៃ​អង្គការ​យូណេស្កូ (UNESCO) ក៏បាន​ដាក់​តំបន់​ប្រាសាទអង្គរវត្ត ប្រាសាទ​ព្រះវិហារ និង​តំបន់​ប្រាសាទ​សំបូរព្រៃគុក ជា​ទ្រព្យសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដែល​ត្រូវ​ការពារ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles