កម្ពុជា
19/09/2023 – 08:30
ដោយ៖ អ៊ឹង ប៊ុនថន
RFI
ក្រសួងកសិកម្មបានចេញលិខិតទៅកាន់និពន្ធនាយកសារព័ត៌មាន ខាមបូចា ដោយស្នើឲ្យដកឈ្មោះ លោក ឌិត ទីណា រដ្ឋមន្ត្រី កសិកម្ម ចេញពីអត្ថបទព័ត៌មានទាក់ទងនឹងករណីវាយដំលើ លោក នី ណាក់ អ្នកជំនាញកសិកម្ម។ ខាមបូចា បានចុះផ្សាយអត្ថបទមួយ ទាំងភាសាខ្មែរ និងអង់គ្លេស នៅថ្ងៃទី១៥កញ្ញា ក្រោមចំណងជើងថា «ក្រុមគ្រួសាររបស់សកម្មជនសង្គមដែលរងការវាយដំយ៉ាងធ្ងន់ធ្ងរទាមទាររកយុត្តិធម៌»។ នេះគឺជារឿងរ៉ាវរបស់ លោក នី ណាក់ ដែលត្រូវបានគេវាយដំឲ្យរងរបួស ធ្ងន់កាលពីដើមសប្តាហ៍មុន។

លោក នី ណាក់ នៅលើគ្រែពេទ្យក្រោយរងការវាយដំ © ខាមបូចា
ក្នុងអត្ថបទនេះ ខាមបូចា បានកត់សំគាល់ថា «នៅប៉ុន្មានម៉ោងមុនពេលលោកនី ណាក់ត្រូវបានគេវាយដំកាលពីថ្ងៃអង្គារនោះ លោក នីណាក់ បានរិះគន់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មចំៗលើទំព័រហ្វេសប៊ុករបស់លោក»។ តែសារព័ត៌មានក្នុងស្រុកនេះមិនអាចទាក់ទងលោក ឌិត ទីណា បានទេ ខណៈកញ្ញា អ៊ឹម រចនា ជាអ្នកនាំពាក្យក្រសួងកសិកម្ម មិនធ្វើអត្ថាធិប្បាយលើការប៉ាន់ស្មាននោះទេ។
តាមរយៈលិខិតចុះថ្ងៃទី១៥កញ្ញា ទៅកាន់និពន្ធនាយកសារព័ត៌មាន ខាមបូចា ក្រសួងកសិកម្ម បានគូសបញ្ជាក់ថា គ្រួសារជនរងគ្រោះមិនបានភ្ជាប់ករណីវាយដំលោក នី ណាក់ ទៅនឹងបុគ្គលណាមួយទេ តែថាអ្នកសារព័ត៌មានជាអ្នកកត់សំគាល់ខ្លួនឯង។
បើតាមក្រសួងកសិកម្ម គឺស្នើឲ្យដកឈ្មោះ លោក ឌិត ទីណា ចេញពីអត្ថបទព័ត៌មានមួយនេះ។ ដោយអះអាងថា ក្រសួងកសិកម្មតែងតែគោរពនូវសេរីភាពសារព័ត៌មាន ក្រសួងកសិកម្មលើកទឹកចិត្តឲ្យសារព័ត៌មានខាមបូចា មានចំណាត់ការដោយជាក់ស្តែងដោយខ្លួនឯង លើអត្ថបទនេះពោលក្រសួងមិនចង់មានចំណាត់ការផ្លូវច្បាប់ណាមួយដែលជាលទ្ធផលដូចករណីសារព័ត៌មានវីអូឌីនោះឡើយ។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌កម្ពុជា (ខាមបូចា) ប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា ខាមបូចា បានកែសម្រួលបច្ចេកទេសក្នុងសរសេរអត្ថបទនេះឡើងវិញ និងសម្រេចដកឈ្មោះលោក ឌិត ទីណា ចេញពីអត្ថបទដែលបានផ្សាយនោះហើយ។ មូលហេតុដោយពិនិត្យឃើញថា លោក នី ណាក់ មិនបានបញ្ជាក់ឲ្យចំឈ្មោះ លោក ឌិត ទីណា នៅពេលធ្វើការរិះគន់តាមហ្វេសប៊ុករបស់លោកនោះទេ ដោយគ្រាន់តែបង្ហាញរូបភាពប៉ុណ្ណោះ៕