ដោយ នៅ វណ្ណារិន
2023.09.19
RFA
ប្រជាពលរដ្ឋខេត្តមណ្ឌលគីរី អះអាងថា ក្រុមឈ្មួញសម្រុកកាប់ឈើមានតម្លៃ ដឹកយកទៅលក់នៅប្រទេសវៀតណាម ដោយពុំមានអាជ្ញាធរណាអើពើទប់ស្កាត់ឡើយ។ អ្នកឃ្លាំមើលជំរុញអាជ្ញាធរពាក់ព័ន្ធឱ្យចុះស្រាវជ្រាវ និងទប់ស្កាត់ជាបន្ទាន់។
ប្រជាពលរដ្ឋរស់នៅជាប់ព្រំដែនកម្ពុជា-វៀតណាមស្ថិតនៅស្រុកពេជ្រាដាខេត្តមណ្ឌលគីរីអះអាងថា មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធបានបើដៃឲ្យក្រុមឈ្មួញចូលកាប់ឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃស្រែពកត្រង់ចំណុចឃុំក្រង់តេះ ដឹកយកទៅលក់នៅប្រទេសវៀតណាមតាមច្រកណាំលៀ ឬហៅប៉ុស្តិ៍ ៧ ដែលពលរដ្ឋនៅតំបន់នោះអះអាងថា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្មួយប្រុសអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន គឺលោក ហ៊ុន ជា។ ឈើទាំងនោះមានដូចជា ស្រឡៅ ផ្ចឹក ឈ្លិច និងសុក្រម ដែលដឹកតាមរថយន្តឡង់គ្រីស័រ (Land Cruiser) និង ធន់ត្រា (Tundra) ដោយក្នុងមួយថ្ងៃដឹងជាង ២០គ្រឿងជាដើម។
តំណាងសហគមន៍ជនជាតិដើមភាគតិចព្នងរស់នៅស្រុកពេជ្រាដា ប្រាប់វិទ្យុអាស៊ីសេរី ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ នៅថ្ងៃទី១៨ ខែកញ្ញាថាជារៀងរាល់ថ្ងៃក្រុមឈ្មួញបានចូលកាប់ឈើនៅក្នុងដែនជម្រកសត្វព្រៃស្រែពកនៅពេលថ្ងៃ រួចយប់ឡើងមានរថយន្តជាច្រើនគ្រឿងដឹកជញ្ជូនយកទៅលក់នៅប្រទេសវៀតណាម។ ពលរដ្ឋរូបនេះចាត់ទុកការបណ្ដែតបណ្ដោយឲ្យមានការកាប់និងដឹកជញ្ជូនដោយសេរីបែបនេះ ជាការបើកភ្លើងខៀវពីអ្នកមានអំណាចនៅក្នុងខេត្ត ទើបពួកគេហ៊ានរកស៊ីខុសច្បាប់បែបនេះ។ ទោះជាយ៉ាងណាក្ដី ពលរដ្ឋរូបនេះបន្ថែមថា ពលរដ្ឋនៅតំបន់នោះមិនហ៊ានយកទូរស័ព្ទថត និងផ្សព្វផ្សាយជាសាធារណៈនោះទេ ព្រោះពួកគេតែងតែទទួលបានការគំរាមកំហែងពីអាជ្ញាធរនៅតំបន់នោះ។
«មិនគួររដ្ឋាភិបាលបំផ្លាញប្រទេសជាតិបំផ្លាញធនធានធម្មជាតិរបស់ខ្មែររបស់ប្រទេសជាតិយើងរបស់ជាតិទាំងមូលហេតុអីបានជាពួកកាន់អំណាចរាល់ថ្ងៃអាងមានអំណាច វាបំផ្លាញវាមិនត្រូវជាអ្នកបំផ្លាញទេ វាត្រូវជាអ្នកការពារ ត្រូវជាអ្នកចេញមុខការពារ ហើយពួកយើងសហគមន៍ប្រជាពលរដ្ឋការពារគំរាមកំហែងបំភិតបំភ័យយើង គេថា យើងញុះញង់បង្កចលាចល»។
ចំណែកអ្នកស្រាវជ្រាវ និងឃ្លាំមើលធនធានធម្មជាតិនៅកម្ពុជាដែលកំពុងស្រាវជ្រាវនៅភូមិភាគឦសាន លោក សេង សុខហេង សង្កេតឃើញថាអាជ្ញាធរឈរជើងនៅតាមព្រំដែននៅតែបន្តប្រព្រឹត្តអំពើពុករលួយជាមួយឈ្មួញ ដើម្បីឲ្យមានការរត់ពន្ធឈើឆ្លងដែនជារៀងរាល់ថ្ងៃ។ លោកបន្ថែមថាប្រសិនបើថ្នាក់ដឹកនាំរដ្ឋាភិបាល បន្តឲ្យក្រុមឈ្មួយទាំងនោះរកស៊ីដឹកជញ្ជូនឈើទៅលក់ដោយខុសច្បាប់បែបនេះតទៅទៀត ព្រៃឈើនៅក្នុងប្រទេស និងហិនហោចជាក់ជាមិនខាន។
លោក សេង សុខហេង៖ «គប់គិតគ្នាពីមន្ត្រីអាជ្ញាធរដែនដីមួយចំនួន ដែលនៅជុំវិញតំបន់នោះ ហើយអ្វីដែរយើងបានដឹងគឺមានខ្នងក្រាក់ៗ មួយចំនួន ដែលគាត់ជាប់ពាក់ព័ន្ធទៅនឹងការកាប់បំផ្លាញព្រៃឈើនៅស្រែពក ហើយគេដឹកចេញទៅលក់នៅវៀតណាមទាំងអស់នេះ គឺវាជាប់ពាក់ព័ន្ធការគប់គិតគ្នាដើម្បីទទួលបានផលប្រយោជន៍អំពីការធ្វើអាជីវកម្មឈើខុសច្បាប់»។
ជុំវិញរឿងនេះវិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តមណ្ឌលគីរី លោក ថង សាវុន និងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី លោក ឆៅ ប៊ុនធឿន បានទេ នៅថ្ងៃទី១៨ ខែកញ្ញា ដោយទូរស័ព្ទចូលច្រើនដងគ្មានអ្នកទទួល។ ចំណែកមេប៉ុស្តិ៍វារៈនគរបាលការពារព្រំដែនគោកប្រចាំនៅច្រកណាំលៀលោក សំរឹទ្ធ ណយ សុំមិនធ្វើការអត្ថាធិប្បាយជុំវិញរឿងនេះទេ។
ទាក់ទងនឹងបញ្ហានេះមន្ត្រីស្របស្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តមណ្ឌលគីរី លោក ប៊ី វ៉ាន់នី យល់ឃើញថា ប្រសិនបើមន្ត្រីពាក់ព័ន្ធមិនបាន អនុវត្តច្បាប់ទៅលើជនល្មើសដែលប្រព្រឹត្តខុសច្បាប់នោះទេ អាជ្ញាធរពាក់ព័ន្ធនឹងរងការរិះគន់ពីប្រជាពលរដ្ឋថា ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយរវាងក្រុមឈ្មួញនិងអាជ្ញាធរ។ លោកបន្ថែមថា អាជ្ញាធរនៅតែមិនព្រមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើយកទៅលក់នៅប្រទេសវៀតណាម ទាំងអស់នេះធ្វើពលរដ្ឋដាក់ការសង្ស័យទៅមន្ត្រីជំនាញទាំងនោះទៅជាប់ពាក់ព័ន្ធនឹងជនល្មើស។
លោក ប៊ី វ៉ាន់នី៖ «ច្បាប់ដែលមានហើយមន្ត្រីមិនអនុវត្តកាលណាយើងមិនអនុវត្តច្បាប់មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើធ្វើឲ្យប្រជាពលរដ្ឋសង្ស័យថាមានអំពើពុករលួយហើយ ការសង្ស័យរបស់ប្រជាពលរដ្ឋគឺដោយសារមន្ត្រីរបស់យើងមិនបានអនុវត្តច្បាប់លើជនប្រព្រឹត្តអនុញ្ញាតឲ្យជនប្រព្រឹត្តបទល្មើសព្រៃឈើនៅបន្តកាប់ និងអារឈើនាំចេញនៅក្រៅប្រទេសដោយខុសច្បាប់ ទើបមានការសង្ស័យ និងមិនមានជំនឿលើមន្ត្រីអ្នកអនុវត្តច្បាប់»។
ដែនជម្រកសត្វព្រៃស្រែពកមានផ្ទៃដីសរុប ៣៧២.៩៧១ហិកតារ ដែលជាជម្រកសំបូរទៅដោយប្រភេទសត្វកម្រ និងកំពុងរងគ្រោះជាសកលដូចជាដំរីអាស៊ី ខ្លារខិន ខ្លាពពក ទន្សោង ត្រយងយក្ស ត្រយងចង្កំកស និងក្រពើភ្នំជាដើម។ បន្ថែមលើនេះ ដែនជម្រកសត្វព្រៃស្រែពក ក៏ជាកន្លែងដ៏ទាក់ទាញភ្ញៀវទេសចរដែលចង់ស្វែងយល់ពីជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិចផងដែរ៕