ដោយ ទីន ហ្សាការីយ៉ា
2023.09.18
RFA
លិខិតឆ្លងដែនការទូតខ្មែរ ដែលលោក វ៉ាង យ៉ាវហ៊ុយ (Wang Yaohui) ប្រើប្រាស់តាំងពីឆ្នាំ២០១៥។ Photo supplied by source
ពលរដ្ឋ និងសង្គមស៊ីវិលលើកឡើងថា រដ្ឋាភិបាលគួរតែពិនិត្យមើលប្រវត្តិបុគ្គលបរទេស ដែលស្នើសុំសញ្ជាតិខ្មែរ ជាជាងការផ្ដល់សញ្ជាតិដោយពិនិត្យមើលតែផលប្រយោជន៍ ដែលទទួលបាន ពីព្រោះថា កន្លងមកមានករណី ដែលជនបរទេសប្រើប្រាស់សញ្ជាតិខ្មែរ និងបានប្រព្រឹត្តបទល្មើសបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ និងកេរ្តិ៍ឈ្មោះជាតិ។
ក្ដីបារម្ភរបស់ពលរដ្ឋ និងសង្គមស៊ីវិលលើរដ្ឋាភិបាល ដែលបន្តផ្ដល់សញ្ជាតិទៅជនបទេស ខណៈដែលជនបរទេសមួយចំនួន បានប្រើប្រាស់សញ្ជាតិខ្មែរក្នុងគោលដៅបទល្មើសទាំងនៅដែនដីកម្ពុជា និងក្រៅប្រទេស។
មូលដ្ឋានទិន្នន័យសាធារណៈកំណត់ត្រា (Kamnotra) បានដកស្រង់ពីសៀវភៅរាជកិច្ចថា ចន្លោះថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យផ្ដល់សញ្ជាតិខ្មែរដល់ជនបរទេស ១៩៥នាក់ ដែលមកពី ២០សញ្ជាតិផ្សេងៗ គ្នា និងជនបរទេស ៧០នាក់ មកពី ១៤ប្រទេសទទួលបានសញ្ជាតិខ្មែរ គិតថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។
ទិន្នន័យដដែលដកស្រង់ក្នុងចំណោមជនបរទេស ដែលទទួលបានសញ្ជាតិខ្មែរនោះ មានជនជាតិឥណ្ឌូណេស៊ី (Indonesia) ឈ្មោះ អាន់ដ្រេយ៉ានតូ (Andreyanto) និង ឡៅ ស្វាន ហី សាមយូរអែល (Lauw Swan Hie Samuel) ដែលបានប្ដូរឈ្មោះទៅជា អាន់ឌើរ៍សុន វីល្លាម (Anderson William) និង ស្មីត ប (Smith Boa) គឺជាផ្នែកមួយនៃក្រុមមនុស្ស ដែលមានគ្នាយ៉ាងហោចណាស់ប្រាំបួននាក់ ដែលគេតាមរកចាប់ខ្លួនពីបទឆបោកហើយថា អ្នកទាំងពីរបានគេចចេញពីប្រទេសឥណ្ឌូណេស៊ី។
កាលពីថ្ងៃទី១៦ ខែសីហាកន្លងទៅនេះ នគរបាលសិង្ហបុរី (Singapore) ចាប់ខ្លួនមនុស្ស ១០នាក់ ដោយចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសលាងលុយកង្វក់ និងក្លែងបន្លំក្នុងទំហំទឹកប្រាក់ជិត ១ពាន់លាន (៧៣៦លាន) ដុល្លារអាមេរិក ក្នុងនោះ មានជនជាតិចិន (China) បីនាក់ ដែលទទួលបានសញ្ជាតិខ្មែរ។ ជនជាតិចិន ដែលប្រើប្រាស់សញ្ជាតិខ្មែរនោះ រួមមាន លោក ស៊ូ បោវលីង (Su Baolin) លោក ចិន គីងយ៉ាន (Chen Qingyuan) និងលោក ស៊ូ វិនឈៀង (Su Wengiang) ដែលទទួលបានសញ្ជាតិខ្មែរក្នុងចន្លោះឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩។
អត្ថបទសារព័ត៌មាន (South China Morning Post) ចុះផ្សាយថានៅកម្ពុជា ចំណាយលុយប្រហែលបីសែនដុល្លារអាមេរិក ដើម្បីក្លាយជាពលរដ្ឋខ្មែរ ហើយនេះ គឺជាចំនួនលុយតិចតួចបំផុតសម្រាប់ក្រុមក្មេងទំនើង ដែលបានបោកលុយរាប់ពាន់លានដុល្លារពីវេទិកាហ្គេមអនឡាញ និងមជ្ឈមណ្ឌលបោកប្រាស់។
ចំណែក អត្ថបទស៊ើបអង្កេតវិទ្យុអាស៊ីសេរី ដែលបានចេញផ្សាយនៅឆ្នាំមុនរកឃើញថា បុរសម្នាក់មានឈ្មោះថា វ៉ាង យ៉ាវហ៊ុយ (Wang Yaohui) បានប្រែធាតុរបស់ខ្លួនពីអ្នកជាប់ពន្ធនាគារក្នុងប្រទេសចិន ក្លាយជាមន្ត្រីការទូតកម្ពុជា។ លោក វ៉ាង យ៉ាវហ៊ុយ ទទួលបានសញ្ជាតិខ្មែរ និងប្ដូរទៅជាឈ្មោះខ្មែរថា វណ្ណ សុខា (Wan Sokha) កាលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ ដោយមានលោក ហ៊ុន សែន ជាអ្នកលើកសំណើទៅព្រះមហាក្សត្រ។ លោក វ៉ាង យ៉ាវហ៊ុយ ហៅ វណ្ណ សុខា ត្រូវបានតែងតាំងជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅខែកក្កដា ឆ្នាំ ២០១៥ លោកទទួលបានលិខិតឆ្លងដែនការទូត។
ទាក់ទងនឹងបញ្ហានេះ សកម្មជនចលនាមេតាធម្មជាតិ និងអ្នកតាមដានបញ្ហាសង្គម លោក លី ចាន់ដារ៉ាវុត លើកឡើងថា ប្រទេសកម្ពុជាដូចជាកន្លែងទិញ លក់ សញ្ជាតិទៅឱ្យជនបរទេស ដូចជា ការរត់ការទិញសញ្ជាតិដោយលោកឧកញ៉ា ដួង ឆាយ ជាដើម ហើយករណីទាំងនេះអាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយជាប្រព័ន្ធ។ លោក លី ចាន់ដារ៉ាវុត បន្តថា កន្លងមកការប្រព្រឹត្តបទល្មើសរបស់ជនបរទេស ដែលមកកាន់សញ្ជាតិខ្មែរ គឺបានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះជាតិ ហើយពលរដ្ឋខ្មែរជាអ្នកខាតបង់ផលប្រយោជន៍។
លោក លី ចាន់ដារ៉ាវុត៖ «សញ្ជាតិរបស់ប្រទេសកម្ពុជាហ្នឹង ហាក់បីដូចជាយកមកដាក់លើថាស ដើម្បីយកទៅលក់ឱ្យក្រុមអ្នកមានលុយ ជាពិសេស ឧក្រិដ្ឋជនក្រៅប្រទេសហ្នឹងមកជ្រកក្រោមសញ្ជាតិកម្ពុជា ដើម្បីប្រព្រឹត្តអំពើបទឧក្រិដ្ឋរបស់ខ្លួនក្នុងការរកស៊ីតាមប្រភពកង្វក់ផ្សេងៗ ខ្ញុំយល់ថា បញ្ហានេះនឹងមិនអាចទៅរួចបានទេ ប្រសិនបើគ្មានការជាប់ពាក់ព័ន្ធពីមន្ត្រីធំៗ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងលោក មាស សោភ័ណ្ឌ ដើម្បីសុំសួរអំពីបញ្ហានេះបានទេ។
តែទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ យល់ស្របថា ជនបរទេស ដែលបានប្រើប្រាស់សញ្ជាតិខ្មែរ ដើម្បីប្រព្រឹត្តបទល្មើសពិតជាធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះជាតិមែន ប៉ុន្តែលោកអះអាងថា ការប្រព្រឹត្តបទល្មើស គឺជារឿងបុគ្គល ហើយជនជាតិណាក៏មានជនល្មើសដែរ។
លោក ខៀវ សុភ័គ៖ «ការព្រួយបារម្ភ គឺជាការត្រឹមត្រូវហើយ ការប្ដូរសញ្ជាតិ គឺវាអ៊ីចឹង ហើយការប្រព្រឹត្តបទល្មើសនេះ វាមិនមែនតែជនជាតិចិន ឬជនជាតិណាទេ តែវាខូច វាខូចតែអ៊ីចឹង ហើយខ្វះអីជនជាតិបរទេសគគោក ជនជាតិយើងគគោកប្រព្រឹត្តបទល្មើសដែរ»។
បើទោះជាបែបនេះក្ដី នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត លើកឡើងថា ការផ្ដល់សញ្ជាតិតាមរយៈសញ្ជាតូបនីយកម្មរដ្ឋាភិបាលគួរតែដឹងអំពីប្រវត្តិ នៃបុគ្គលទាំងនោះ ជាជាងពិនិត្យមើលតែផលប្រយោជន៍ដែលទទួលបាន។ លោក អំ សំអាត ថា ប្រសិនបើជនបទេស ដែលទទួលបានសញ្ជាតិខ្មែរទាំងនោះប្រើប្រាស់សញ្ជាតិខ្មែរ ដើម្បីប្រព្រឹត្តបទល្មើស ដែលនឹងធ្វើឱ្យកម្ពុជាខាតបង់ទាំងកេរ្តិ៍ឈ្មោះ និងអាចក្លាយជាទីតាំងប្រព្រឹត្តបទល្មើសទៀតផង។
លោក អំ សំអាត៖ «ហើយប្រសិនជាគាត់បានសញ្ជាតិកម្ពុជា ហើយគាត់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ តាមអីផ្សេងៗ ទៀត វារឹតតែធ្វើឱ្យប៉ះពាល់ទៅទៀត វាធ្វើឱ្យជនដទៃរងគ្រោះផង ហើយវាធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជាយើងទៀត ដោយសារតែគេអាចយកឈ្មោះជនទាំងអស់ហ្នឹង គឺជាសញ្ជាតិកម្ពុជា»។
ច្បាប់សញ្ជាតិខ្មែរ កំណត់អំពីការទទួលសញ្ជាតិខ្មែរតាមវិធី ៣យ៉ាងគឺ តាមរយៈកំណើត តាមរយៈអាពាហ៍ពិពាហ៍ ឬតាមរយៈសញ្ជាតូបនីយកម្ម។ ចំពោះការសុំចូលសញ្ជាតិខ្មែរតាមរយៈសញ្ជាតូបនីយកម្ម គឺជនបរទេស ក៏អាចចូលតាមការដាក់ទុនវិនិយោគធ្វើអាជីវកម្មនៅកម្ពុជា ឬផ្ដល់អំណោយជាទឹកប្រាក់បញ្ចូលទៅក្នុងថវិកាជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។