សម រង្សុី
19/09/2023 – 11:03
ដោយ៖ អ៊ឹង ប៊ុនថន
RFI
លោក សម រង្ស៊ី នៅថ្ងៃទី១៨កញ្ញា បានដាក់ការមន្ទិលសង្ស័យ អំពីសញ្ញាបត្រ «បណ្ឌិត» ដែលលោក ហ៊ុន ម៉ាណែត បានទទួល កាលពីឆ្នាំ ២០០៩ ពីសាកលវិទ្យាល័យមួយនៅប្រទេសអង់គ្លេស។ លោក សម រង្ស៊ី ចោទថា ប្រហែលជា លោក ហ៊ុន ម៉ាណែត បានជួលជនបរទេស ឲ្យសរសេរនិក្ខេបបទ (thesis) មួយដែលគ្មានពាក់ព័ន្ធអ្វី នឹងប្រទេសកម្ពុជា។ ការបន្តរិះគន់សញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត ពីសំណាក់មេដឹកនាំអតីតបក្សប្រឆាំងរូបនេះ គឺយោងលើអត្ថបទសារព័ត៌មានមួយរបស់ជនជាតិអង់គ្លេស ចុះថ្ងៃទី១១កញ្ញា២០២៣។
ក្នុងអត្ថបទដ៍វែងរបស់ The Diphomat បានអះអាងថា និក្ខេបបទថ្នាក់បណ្ឌិតរបស់ លោក ហ៊ុន ម៉ាណែត ដែលឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាកាលពីខែមុន គឺពិបាកទទួលបានជាងអ្វីដែលបានគិតទៅទៀត។ លោក ហ៊ុន ម៉ាណែត បានទទួលសញ្ញាបត្របណ្ឌិតពីសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេសក្នុងឆ្នាំ ២០០៩។
អ្នកគ្រប់គ្រងនិក្ខេបបទ Jonathan Temple ដែលបានចាកចេញពីសាកលវិទ្យាល័យតាំងពីពេលនោះមក បានប្រាប់អ្នកសរសេរអត្ថបទរបស់ The Diphomat ថា ប្រធានបទនៃនិក្ខេបបទរបស់លោក ហ៊ុន ម៉ាណែត គឺជាការសិក្សាផ្នែកសេដ្ឋកិច្ចនៃការបែងចែកទំហំក្រុមហ៊ុន ដែលវាស់ពីសារៈសំខាន់ទាក់ទងនឹងក្រុមហ៊ុនខ្នាតតូច និងមធ្យមនៅទូទាំងប្រទេសផ្សេងៗគ្នា ពោល មិនមែនទាក់ទងនឹងប្រទេសកម្ពុជាឡើយ។
បើតាមសារព័ត៌មានដដែលនេះ ខាងបណ្ណាល័យ របស់សាកលវិទ្យាល័យBristol មិនអនុញ្ញាតឱ្យយកនិក្ខេបបទនេះទៅពិភាក្សាជាសាធារណៈទេ ហើយក៏មិនអនុញ្ញាតឱ្យថតចម្លងទាំងស្រុងដែលមាន២៣២ទំព័រនោះឡើយ។
ប៉ុន្តែទស្សនាវដ្តីនយោបាយនេះ បានចោទសួរថា ហេតុអ្វីបានជាបណ្ឌិតសេដ្ឋកិច្ច ដែលតាំងពីបានក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសអភិវឌ្ឍន៍តិចតួចមក មិនចង់ធ្វើឱ្យគេបើកចំហពីការសិក្សារបស់គាត់។
អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីកម្ពុជា គឺលោក មាស សោភ័ណ្ឌ ចាត់ទុកការលើកឡើងរបស់លោក សម រង្ស៊ី គឺជាការ ចោទប្រកាន់ គ្មានមូលដ្ឋាន និង មិនសមហេតុផល ដូចការចោទប្រកាន់រឿងចូលរៀននៅសាលា West Point កាលពីពេលមុនដែរ។
បើតាមអ្នកនាំពាក្យដដែល មុននឹងសាកលវិទ្យាល័យBristol ផ្តល់សញ្ញាបត្រ បញ្ចប់ ការសិក្សា ថ្នាក់ បណ្ឌិត គឺត្រូវ ធ្វើ ការ ស្រាវជ្រាវ ៣-៤ឆ្នាំ នៃការ សិក្សា ពេញម៉ោង។ ការសរសេរ និក្ខេបទ ដែលបញ្ចូលលទ្ធផល នៃការ ស្រាវជ្រាវ និង ត្រូវ ការពារ និក្ខេបទ បទផ្ទាល់ ជាដើម។
យ៉ាងណាក៏ដោយ លោក Davit Whitehouse ជាអ្នកនិពន្ធអត្ថបទនេះ អះអាងថា លោកបានស្នើទៅសាកលវិទ្យាល័យ Bristol ក្រោមច្បាប់សេរីភាពព័ត៌មានរបស់អង់គ្លេស ដើម្បីសុំយកនិក្ខេបបទនេះមកចេញផ្សាយ និងសុំការអនុញ្ញាតសម្រាប់ការថតចម្លងដែលត្រូវធ្វើ មិនថានៅក្នុង Bristol ឬនៅបណ្ណាល័យអង់គ្លេស។ ហើយថា បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការលាក់បាំងព័ត៌មាននេះ ត្រូវបានធ្វើឡើងរួចហើយ ទៅកាន់ស្នងការព័ត៌មានរបស់រដ្ឋាភិបាលអង់គ្លេស៕