លោក ហ៊ុន ម៉ាណែត អួតអាង​ថា​ លោក​ប្រឹង​ដើរ​ទាក់​ម៉ួយ​ឱ្យ​មក​រកស៊ី​នៅ​កម្ពុជា​តែ​​មិន​និយាយ​ពី​ការ​ចង់​បានប្រព័ន្ធអនុគ្រោះ​ពន្ធ EBA និង GSP

ដោយ ទីន ហ្សាការីយ៉ា
2023.09.19
RFA

លោក ហ៊ុន ម៉ាណែត អួតអាង​ថា​ លោក​ប្រឹង​ដើរ​ទាក់​ម៉ួយ​ឱ្យ​មក​រកស៊ី​នៅ​កម្ពុជា​តែ​​មិន​និយាយ​ពី​ការ​ចង់​បានប្រព័ន្ធអនុគ្រោះ​ពន្ធ EBAនិងGSP

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​ពិធី​ជួបជាមួយ​កម្មករ​រោងចក្រ​ជិត ២ម៉ឺន​នាក់ នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃ​ទី១៩ ខែកញ្ញា​ ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត


លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អួតអាង​ថា លោក​ប្រឹង​ដើរ​ទាក់​ម៉ូយ​ឱ្យ​អ្នក​វិនិយោគ​មកបណ្ដាក់​ទុន ឬមក​រកស៊ី​នៅ​ស្រុក​ខ្មែរ ប៉ុន្តែ​លោក ហ៊ុន ម៉ាណែត មិន​រំលឹកប្រាប់កម្មករ​ពី​ការ​ចង់​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង GSP មក​វិញ​ទេ ខណៈ​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប​ជា​ទីផ្សារ​ធំ​របស់​កម្ពុជា។ មន្ត្រី​សហជីព លើក​ឡើង​ថា ប្រសិនបើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចង់​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពេញលេញ និង GSP ត្រឡប់​មក​វិញ គឺ​ស្រួល​ជាង​ការ​ដើរ​ទាក់​ម៉ូយ​ដែល​លោក​កំពុង​ធ្វើ​នៅ​ពេល​នេះ​ទៀត​ផង។

បើទោះ​ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​នៅ​ចំពោះ​មុខ​កម្មករ​រោងចក្រ​ជិត ២ម៉ឺន​នាក់ ថាលោកខ្វល់ខ្វាយពីទុក្ខលំបាករបស់កម្មករក្ដី​ ប៉ុន្តែ មេដឹកនាំ​រូប​នេះ មិនបាន​បង្ហាញ​ដំណោះស្រាយ​ល្អ​ដែល​កម្មករ​ត្រូវ​ការ​នោះ​ទេ​។ លោក​ត្រឹម​និយាយ​ថា លោក​ប្រឹងប្រែង​ដើរ​ទាក់ម៉ូយ​ឱ្យ​គេ​មក​រកស៊ី​នៅ​កម្ពុជា ប៉ុន្តែ​ បញ្ហា​កម្ពុជា​បាត់បង់​ប្រព័ន្ធអនុគ្រោះពន្ធ GSP ទាំង​ស្រុង និង​បាត់បង់ EBA អស់ ២០ភាគ​រយ រាប់​ឆ្នាំ​មក​នេះ​ លោក​​មិន​បាន​រំលឹក​ប្រាប់​កម្មករ​សូម្បី​តែ​មួយ​ម៉ាត់។

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ យល់​ថា ការ​ថ្លែង​របស់​លោក ហ៊ុន​ ម៉ាណែត ស្មើ​នឹង​មេដឹកនាំ​រដ្ឋាភិបាល​រូប​នេះ​ បាន​យល់​ពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ។ ទោះយ៉ាណា​ក្ដី អ្នកស្រី​ថា ប្រសិនបើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេះ​គិតគូរ​សុខ​ទុក្ខ​កម្មករ​រោងចក្រ​ លោក ហ៊ុន ម៉ាណែត គួរ​ដោះស្រាយ​បញ្ហា​ប្រឈម​ធំៗ ពីរ​របស់​កម្មករ ទី១ គឺ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​ឱ្យ​បាន​យ៉ាង​តិច​បំផុត ត្រឹម ២០១៣ដុល្លារ​ក្នុង​មួយ​ខែ ​សម្រាប់​ឆ្នាំ២០២៤។ ទី២ គឺរដ្ឋាភិបាល ត្រូវ​គិតគូរ​ឡើង​វិញ​ ដោយធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា ទទួល​បាន​មក​វិញ​នូវ​ប្រព័ន្ធ​អនុគ្រោះពន្ធ EB​Aទាំង​ស្រុង និង ​GSP ​មក​​វិញ។ មេដឹកនាំ​សហជីព​រូប​នេះ ​បន្ត​ទៀត​ថា ការ​ចង់​បាន​ប្រព័ន្ធ​ទាំង​ពីរនេះ ​ហាក់​ងាយ​ស្រួល​ជាង​នាយករដ្ឋមន្ត្រី ដើរ​ទាក់​ម៉ូយ​​ឱ្យ​អ្នក​វិនិយោគ​មក​រកស៊ី​នៅ​កម្ពុជាទៅទៀត ​។

អ្នកស្រី យ៉ាង សោភ័ណ្ឌ៖ «ចង់​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​គោរព​សិទ្ធិ​របស់​កម្មករ គោរព​សេរីភាព​របស់​សហជីព គោរព​សិទ្ធិមនុស្ស​អី​ហ្នឹង​ជាមួយ​ដើម​អ៊ីចឹង​ខ្ញុំ​គិត​ថា អត់​មាន​ជា​រឿង​អី​ធ្ងន់ធ្ងរ​ទេ ហើយ​បើ​យើង​ស្រមើស្រមៃ​ថា យើង​ទៅ​ទាក់ទាញ​វិនិយោគ​និង​ទៅ​និយាយ​ដើម្បី​បញ្ចុះបញ្ចូល​​ដើម្បី​ឱ្យ​គេ​វិនិយោគ​ ខ្ញុំ​គិត​ថា រឿង​ហ្នឹង​ជា​រឿង​យ៉ាប់​ជាង​ យ៉ាប់​ជាង​រឿង​​GSP​ហើយ​រឿង​EBA ខ្លាំង​ណាស់»។

មេដឹកនាំ​សហជីព​លើកឡើង​ដូច្នេះ ​ក្រោយ​ពេល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អួតអាង​ថា លោក​ប្រឹង​ដើរ​ទាក់​ម៉ូយ​ឱ្យ​អ្នក​វិនិយោគ​មក​ដាក់​ទុន​រកស៊ី​នៅ​ស្រុក​ខ្មែរ។ លោក ហ៊ុន ម៉ាណែត អះអាងទៀត​ថា រដ្ឋាភិបាល​លោក​កំពុង​រៀបចំ​ក្រុម​ចំពោះកិច្ច​ ឱ្យ​ដើរ​ទាក់ទាញ​អ្នក​វិនិយោគ​នៅក្រៅប្រទេស​ឱ្យ​រកស៊ីនៅ​កម្ពុជា និង​ក៏​បាន​ណែនាំ​​​​ទៅ​អភិបាល​រាជធានី​ខេត្ត រៀបចំ​​គោលការណ៍​សម្របសម្រួល​​ឱ្យ​អ្នក​វិនិយោគ​ផងដែរ។

លោក​ហ៊ុនម៉ាណែត៖ «​បងប្អូន​ទាក់​ម៉ូយ​នេះ​គឺ​ទាក់​ម៉ូយ​ដើម្បី​បាន​ផល​ប្រយោជន៍​ទាំង​អស់​គ្នា​ទាក់​ម៉ូយ​ថ្នាក់​ជាតិ​ទី១​រៀប​ផ្ទះ​ខ្លួន​ឯង​ឱ្យ​ស្អាត​សម្របសម្រួល​បរិស្ថាន​ក្នុង​គ្រួសារ​មួយៗ​ ក្នុង​វិស័យ​មួយៗ​ឱ្យ​បាន​ល្អ​វិស័យ​ការងារ​ត្រូវ​ឱ្យ​មាន​សុខដុមរមនា​អ៊ីចឹង កូនចៅ​កាន់តែ​មាន​សុខភាព​កាន់តែ​មាន​សមត្ថភាព​ កម្លាំង​ពលកម្ម​កាន់តែ​ទំនើប​ បន្តិចទៀត ទៅ​ហៅ​គេ​វិនិយោគ​ខាង​បច្ចេកវិទ្យា​ខាង​អាយធី (IT) មក​បង្កើត​ខាង​អី​ផ្សេងៗ កូនចៅ​យើង​ទាល់តែ​ត្រៀមតែ​ត្រៀម​លក្ខណៈ​អ៊ីចឹង​រៀន​សូត្រ»

លោក ហ៊ុន ម៉ាណែត ថ្លែង​ដូច្នេះ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ជិត ២ម៉ឺន​នាក់​ ក្នុង​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា។ លោក​ក៏​អះអាងដែរ​ថា លោក​បាន​ព្យាយាម​អូសទាញ​អ្នក​វិនិយោគ​ចិន​ឱ្យ​មក​រកស៊ី​នៅ​កម្ពុជា កាល​ពី​លោក​ទៅ​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​ចិន​កាល​ពី​ពេល​ថ្មីៗ​នេះ។ ទោះ​បែប​នេះ លោក ហ៊ុន ម៉ាណែត មិន​បាន​បង្ហាញ​ផែនការ​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ទាក់ទាញ​ឬ​ដើរ​ទាក់​ម៉ូយ​អ្នក​វិនិយោគ​នៃ​ក្រុម​ប្រទេស​លោក​សេរី​នោះ​ទេ។

ទាក់ទង​រឿង​នេះ​ដែរ ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា លើក​ទឹក​ចិត្ត ចំពោះការការ​ប្រឹងប្រែង​នេះ របស់​​លោក ហ៊ុន ម៉ាណែត ប៉ុន្តែ​លោក​ថា ដើម្បី​អាច​ផ្ដល់​ការងារ​ឱ្យ​ពលរដ្ឋ​បាន​គ្រប់គ្រាន់ រដ្ឋាភិបាល​ត្រូវ​ប្រឹង​ជជែក​រក​ដំណោះស្រាយ​ជាមួយ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ដើម្បី​អាច​ឱ្យ​កម្ពុជា​ទទួល​បាន EBAទាំង​ស្រុង និង GSP មក​វិញ។

លោក រស់ សុដ្ឋា៖ «ខ្ញុំ​គិត​ថា ការ​ប្រឹងប្រែង​នេះ​ជា​​រឿង​ល្អ​ហើយ ក៏​ប៉ុន្តែ មិន​អាច​ផ្ដល់​ការងារ​បាន​គ្រប់គ្រាន់​ដូច​ក្នុង​ករណី​យើង​មាន GSPនិង EBA ព្រោះ​ការងារ​ហ្នឹង​មាន​ទម្រង់​ទ្រង់ទ្រាយ​ធំ​ណាស់​ដែល​អ្នក​វិនិយោគ​បរទេស​ហ្នឹង គឺ​ចាប់​អារម្មណ៍​មិន​ចាប់​អារម្មណ៍​លើ​ស្រុក​ខ្មែរ​អាស្រ័យ​ទៅ​លើ​គេ​ហៅ​ថា ឱកាស​ ឱកាស​ទីផ្សារ ឱកាស​ច្បាប់​ទម្លាប់​ពន្ធដារ​អី​ទាំង​អស់​ហ្នឹង»

មន្ត្រី​សហជីព និង​មន្ត្រី​សិទ្ធិមនុស្ស ​លើកឡើង​ស្រដៀង​គ្នា​ថា បើសិនជា​កម្ពុជា ចង់​បាន EBAទាំង​ស្រុង និង GSP មក​វិញ​មិនមែន​ជា​រឿង​ពិបាក​ទេ ដោយគ្រាន់តែ​រដ្ឋាភិបាល​ងាក​មក​គោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ​ឡើង​វិញ​ និង​ដោះលែង​អ្នកទោស​នយោបាយ​ជាដើម។ ឪពុក​របស់​លោក ហ៊ុន ម៉ាណែត គឺ​លោក ហ៊ុន សែន បាន​ធ្វើ​ឱ្យ​កម្ពុជា បាត់បង់ EBA២០ភាគ​រយ និង​GSP ក្រោយ​របប​លោក ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ឆ្នាំ២០១៧។ បញ្ហា​នេះ​ក៏ធ្វើ​ឱ្យ​អ្នក​វិនិយោគ​មួយ​ចំនួន​បិទ​រោងចក្រ​នៅ​កម្ពុជា របាយការណ៍​ក្រសួង​ការងារ​បង្ហាញ​ថា នៅ​ចុងឆ្នាំ២០២២ រោងចក្រ​ជាង ៤៩០រោងចក្រ បិទទ្វារ​ប៉ះពាល់​កម្មករ​ជាង ៥ម៉ឺន​នាក់។ ចំណែក​នៅ​ដើមខែ​មីនា ឆ្នាំ​២០២៣ រោងចក្រ​៧១​ បន្ថែម​ទៀត​បាន​បិទទ្វារ ប៉ះពាល់​កម្មករ​ជាង ៣ម៉ឺន ២ពាន់​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles