VOD ប្រកាសសម្រេចបើកដំណើរការផ្សាយព័ត៌មានឡើងវិញ

កម្ពុជា-សង្គម
20/09/2023 – 07:34
ដោយ៖ ជួប នរក្សា
RFI

កម្មវិធីផ្សាយព័ត៌មានសំឡេងប្រជាធិបតេយ្យវីអូឌី (VOD) បានប្រកាសពីការសម្រេចបើកដំណើរការផ្សាយព័ត៌មានឡើងវិញ បន្ទាប់ពីស្ថាប័នព័ត៌មានមួយនេះ ត្រូវបានរដ្ឋាភិបាលទីក្រុងភ្នំពេញបិទមិនឲ្យដំណើរការ។ បើតាមសេចក្តីប្រកាសព័ត៌មាន ការចាប់ផ្តើមដំណើរការផ្សាយព័ត៌មានឡើងវិញនេះ សំឡេងប្រជាធិបតេយ្យវីអូឌី (VOD) នឹងផ្សាយចេញពីសហរដ្ឋអាមេរិក ចាប់ពីដើមខែតុលា។

ស្ថាប័នសារព័ត៌មាន VOD ដែលត្រូវបានរដ្ឋាភិបាលប្រកាសបិទចាប់ពីថ្ងៃទី១៣កុម្ភៈឆ្នាំ២០២៣មក AP – Heng Sinith\


កម្មវិធីផ្សាយព័ត៌មានសំឡេងប្រជាធិបតេយ្យវីអូឌី នឹងចាប់ផ្តើមដំណើរការផ្សាយព័ត៌មានឡើងវិញ តាមបណ្តាញសង្គម Facebook, Youtube, និង Tiktok ចាប់ពីថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣ នេះតទៅ ចាប់ពីម៉ោង៥:៣០ ដល់ម៉ោង ៦ល្ងាច ម៉ោងនៅប្រទេសកម្ពុជា ជារៀងរាល់ថ្ងៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សំឡេងប្រជាធិបតេយ្យ VOD ពីទីក្រុងតាកូម៉ា នៅថ្ងៃទី១៩កញ្ញា។

បើតាមសេចក្តីប្រកាស រាល់ប្រតិបត្តិការរបស់ VOD នឹងធ្វើឡើងពីទីស្នាក់ការកណ្តាលរបស់ខ្លួន នៅទីក្រុងតាកូម៉ា រដ្ឋវ៉ាស៊ិនតុន សហរដ្ឋអាមេរិក។

លោក ប៉ា ងួនទៀង ប្រធានសំឡេងប្រជាធិបតេយ្យ VOD បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកនេះថា ​VOD នៅបន្តរក្សាជំហរឯករាជ្យ ដើម្បីបន្តផ្តល់ព័ត៌មានស៊ីជម្រៅជូនប្រជាពលរដ្ឋនៅកម្ពុជា។ តាមលោក ប៉ា ងួនទៀង ដំណើរការផ្សាយពីសហរដ្ឋអាមេរិកនេះ នឹងធ្វើឡើងដូចទៅនឹងការផ្សាយរបស់ VOD ដែលធ្វើឡើងក្នុងប្រទេសកម្ពុជាកន្លងមក គឺដោយមាន ការផ្សាយជាសំឡេង ទាក់ទងនឹងបទវិភាគ បទសម្ភាស និងព័ត៌មានបែបស៊ើបអង្កេតជាដើម។

បើតាមប្រធានសំឡេងប្រជាធិបតេយ្យរូបនេះ ការបើកដំណើរការផ្សាយព័ត៌មានសំឡេងប្រជាធិបតេយ្យ VOD ពីសហរដ្ឋអាមេរិកបែបនេះ គឺដោយសារតែកន្លងមក ស្ថាប័ន VOD បានដើរតួនាទីជាស្ថាប័នផ្តល់ព័ត៌មានបានគ្រប់ជ្រុងជ្រោយជូនដល់ប្រជាពលរដ្ឋ ខណៈពេលដែលរដ្ឋាភិបាលកម្ពុជាបានបង្កើនការរឹតបន្តឹងទៅលើសេរីភាពសារព័ត៌មាន។

គួរបញ្ជាក់ថា ស្ថាប័នសារព័ត៌មាន VOD ត្រូវបានរដ្ឋាភិបាលកម្ពុជាប្រកាសឲ្យបិទការផ្សាយ ចាប់តាំងពីថ្ងៃទី១៣កុម្ភៈកន្លងមក ដោយសារតែការចុះផ្សាយព័ត៌មានមួយ ប៉ះពាល់ដល់កិត្តិយសរដ្ឋាភិបាល។ គ្រានោះ លោក ហ៊ុន សែន ក្នុងតំណែងជានាយករដ្ឋមន្ត្រី បានទុកឱកាសឲ្យស្ថាប័នសារព័ត៌មានមួយនេះ ចេញមកសុំទោស ហើយគ្រាចុងក្រោយ លោកក៏ប្រកាសឲ្យបិទសារព័ត៌មាន VOD ចោល ព្រោះសុំទោសយឺតពេល។

ប្រតិកម្មជាច្រើន បានធ្លាក់មកចំពោះចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាទៅលើស្ថាប័នសារព័ត៌មាន VOD ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០៣មកនោះ។

យ៉ាងណាមិញ ការដំណើរការផ្សាយឡើងវិញរបស់ VOD ពីសហរដ្ឋអាមេរិកពេលនេះ មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM ដែលទទួលខុសត្រូវចំពោះសារព័ត៌មាន VOD នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃពុធនេះ បានចេញនូវសេចក្តីថ្លែងការណ៍ ទាត់ចោលទំនាក់ទំនងរវាងខ្លួន និងសារព័ត៌មាន VOD ដែលដំណើរការពីក្រៅប្រទេស។  

បើតាមសេចក្តីថ្លែងការណ៍របស់ CCIM សារព័ត៌មាន VOD ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន បានបញ្ឈប់សកម្មភាពរបស់ខ្លួនទាំងអស់ ក្រោយពេលក្រសួងព័ត៌មានបានដកអាជ្ញាបណ្ណ កាលពីថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០២៣៕

What Next?

Recent Articles