ដោយ ឡេង ម៉ាលី
2023.10.07
RFA
រូបផ្សព្វផ្សាយដែលលោក ហ៊ុន សែន បង្ហោះក្នុងតេឡេក្រាម (Telegram) ថា អាមេរិកគាំទ្រកូនប្រុសច្បងលោកគឺលោក ហ៊ុន ម៉ាណែត ពេលមានវត្តមានលើទឹកដីអាមេរិក កាលពីថ្ងៃទី២២ កញ្ញា ២០២៣។ រូប៖ តេឡេក្រាមលោក ហ៊ុន សែន
ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មលើផ្ទាំងប៉ាណូក្នុងតំបន់ថាមស៍ស្វែរ (Time Square) បដិសេធថា ពួកគេមិនដែលផ្សព្វផ្សាយរូបភាពលោក ហ៊ុន ម៉ាណែត នៅលើផ្ទាំងប៉ាណូរបស់ពួកគេនោះឡើយ។ អ្នកវិភាគនយោបាយលើកឡើងថា ការបដិសេធរបស់ក្រុមម្ចាស់ផ្ទាំងប៉ាណូទាំងនេះ ឆ្លុះបញ្ចាំងពីការធ្វើនយោបាយបែបប្រជាភិថុតិ ដោយគ្មានការពិត និងមិនចេះខ្មាសអៀនរបស់ត្រកូលហ៊ុននៅលើឆាកអន្តរជាតិ។
ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មលើផ្ទាំងប៉ាណូនៅតំបន់ថាមស៍ស្វែរ (Time Square) ចំនួន៣ ក្នុងក្រុងញ៉ូវយ៉ក (New York) លើកឡើងស្រដៀងគ្នាថា រូបភាពស្វាគមន៍លោក ហ៊ុន ម៉ាណែត នៅលើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកគេ គឺជារូបភាពក្លែងក្លាយ។
អនុប្រធានក្រុមហ៊ុន អោតហ្វ្រុន មេឌៀ (Outfront Media) ដែលជាម្ចាស់ផ្ទាំងប៉ាណូដ៏មានប្រជាប្រិយភាពស្ថិតនៅលើផ្លូវលេខ1530 ក្នុងតំបន់ថាមស៍ស្វែរ (Time Square) លោក Douglas Cordova ប្រាប់វិទ្យុអាស៊ីសេរីថា ផ្ទាំងប៉ាណូរបស់ក្រុមហ៊ុនលោក មិនបានផ្សព្វផ្សាយរូបភាពលោក ហ៊ុន ម៉ាណែត និងស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជានោះទេ។
ដូចគ្នានេះដែរ សហស្ថាបនិកក្រុមហ៊ុន ហើរីថេច អោតដរ មេឌៀ (Heritage Outdoor Media) ដែលជាម្ចាស់កម្មសិទ្ធិប៉ាណូនៅខាងក្រោមប៉ាណូរបស់ក្រុមហ៊ុន អោតហ្វ្រុន មេឌៀ (Outfront Media) លោក ធើរី ខាម៉ូឌី (Terry Carmody) បានវិទ្យុអាស៊ីសេរីថា ផ្ទាំងប៉ាណូក្រុមហ៊ុនរបស់លោក ក៏មិនដែលផ្សាយពាណិជ្ជកម្មអបអរសាទរលោក ហ៊ុន ម៉ាណែត នោះឡើយ។ លោកបញ្ជាក់ថា រូបភាពនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហាញរូបលោក ហ៊ុន ម៉ាណែត នៅលើផ្ទាំងប៉ាណូរបស់ក្រុមហ៊ុនលោកនោះ គឺជារូបភាពក្លែងក្លាយតែប៉ុណ្ណោះ។
ដោយឡែក តំណាងក្រុមហ៊ុន ស៊ីលវើខាស មេឌៀ (Silvercast Media) ម្ចាស់ផ្ទាំងប៉ាណូធំជាងគេ នៅទល់មុខសណ្ឋាគារលំដាប់ផ្កាយ៤ ញ៉ូយ៉ក ម៉ារៀត ម៉ាគីស (New York Marriott Marquis) ប្រាប់វិទ្យុអាស៊ីសេរីថា វីដេអូដែលលោក ហ៊ុន សែន បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយបានសរសេរថា ផ្ទាំងប៉ាណូនៅចំកណ្ដាលទីក្រុងញូវយ៉ក តំបន់ Times Square ស្វាគមន៍វត្តមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅលើទឹកដីសហរដ្ឋអាមេរិកនោះ គឺជាវីដេអូក្លែងក្លាយនោះទេ។
កន្លងមក ក៏ធ្លាប់មានអ្នកលេងហ្វេសប៊ុកមួយចំនួនអះអាងថា វីដេអូរបស់លោក ហ៊ុន សែន បង្ហោះនោះ គឺជាវីដេអូក្លែងក្លាយដែរ ហើយការផលិតវីដេអូកាត់តបែបនេះ អាចធ្វើបានតាមរយៈគេហទំព័រផលិតមាតិកាទីផ្សារ ហ្វីវើ (Fivver) ដោយគ្រាន់តែចំណាយប្រាក់ត្រឹមតែ១០ដុល្លារអាមេរិកតែប៉ុណ្ណោះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបាននៅឡើយទេ នៅថ្ងៃទី៦ ខែតុលា។
បើទោះបីជាមានការផ្សព្វផ្សាយ និងរិះគន់ពេញបណ្ដាញសង្គមហ្វេសប៊ុកថា រូបភាពស្វាគមន៍លោក ហ៊ុន ម៉ាណែត នៅទីក្រុងញូវយ៉កនោះ ជារូបភាពក្លែងក្លាយក្ដី ប៉ុន្តែលោក ហ៊ុន ម៉ាណែត មិនទាន់លុបសារថ្លែងអំណរគុណដល់លោក សុត ដេវីដ (Soth David) ដែលលោកអះអាងថា បានបញ្ចុះបញ្ចូលចៅហ្វាយនាយឲ្យផ្សព្វផ្សាយរូបភាពស្វាគមន៍លោក ហ៊ុន ម៉ាណែត ដោយឥតគិតថ្លៃនោះឡើយ។ ដូចគ្នានេះដែរ លោក ហ៊ុន សែន ក៏មិនទាន់លុបវីដេអូក្លែងក្លាយដែលបង្ហាញរូបភាពស្វាគមន៍លោក ហ៊ុន ម៉ាណែត នៅទីក្រុងញូវយ៉ក ពីលើទំព័រហ្វេសប៊ុករបស់លោកវិញនៅឡើយដែរ នៅថ្ងៃទី៦ ខែតុលា។
ជុំវិញរឿងនេះ អ្នកវិភាគនយោបាយ លោក គឹម សុខ យល់ឃើញថា លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន ក៏បានដឹងអំពីការផលិតវីដេអូ រូបភាពក្លែងក្លាយនៅលើផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មដែរ ប៉ុន្តែពួកគេនៅតែបន្តផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកទាំងបំភ្លៃការពិត ដើម្បីបោកប្រាស់ប្រជាពលរដ្ឋថា សហគមន៍អន្តរជាតិទទួលស្គាល់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
លោក គឹម សុខ៖ «នេះបង្ហាញច្បាស់ថា លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក្រៅឆាក ហើយរឿងនេះដូចជាគ្រប់គ្រាន់ហើយ ឱ្យលោក ហ៊ុន ម៉ាណែត លាលែងចេញពីតំណែងជានាយករដ្ឋមន្ត្រី បើគាត់នៅមានមនសិការតែបន្តិច ចេះខ្មាសគេឯង ថ្ងៃក្រោយគាត់មិនហ៊ានចាប់ដៃមេដឹកនាំណាទៀតទេ។ វាជារូបភាពបោកច្បាស់ពេក ហើយក៏ជាគំរូបោកមួយ ក្នុងចំណោមគំរូបោករាប់មិនអស់ដែលលោក ហ៊ុន ម៉ាណែត និងឪពុករបស់គាត់បានប្រព្រឹត្តិកន្លងមក»។
នាយកកម្មវិធីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ នៅក្រុមហ៊ុន អោតហ្វ្រុន មេឌឿ (Outfront Media) លោក អាន់ថូនី ហ្វុនថានេឡូ Anthony Fontanello អះអាងថា បើទោះបីជា ការផ្សាយពាណិជ្ជកម្មនៅលើផ្ទាំងប៉ាណូ ត្រូវបានលក់បន្តឱ្យទៅក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងក្ដី ប៉ុន្តែការផ្សព្វផ្សាយទាក់ទងនឹងខ្លឹមសារនយោបាយ នឹងមិនត្រូវបានអនុញ្ញាតឱ្យផ្សាយនោះឡើយ ព្រោះវាផ្ទុយទៅនឹងច្បាប់របស់ម្ចាស់ប៉ាណូ។
អ្នកវិភាគនយោបាយលើកឡើងថា ការបដិសេធរបស់ក្រុមម្ចាស់ផ្ទាំងប៉ាណូទាំងនេះ មិនត្រឹមតែធ្វើឱ្យលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន រងភាពអាម៉ាស់នៅលើឆាកអន្តរជាតិតែប៉ុណ្ណោះទេ ប៉ុន្តែក៏ឆ្លុះបញ្ចាំងពីការធ្វើនយោបាយបែបប្រជាភិថុតិ ដោយគ្មានការពិត និងមិនចេះខ្មាសអៀនរបស់ត្រកូលហ៊ុនផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
នេះមកតែពីគ្នាចង់ល្បីខ្លាំងពេក!